ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាមេរិកាំង​បង្ហាញ​វីដេអូ​ពី​ឃាតកម្ម​លោក​កែម ឡី


រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរសព​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។
រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរសព​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។

ចៅក្រម​ ដូនណា​ រីយូ ​(Donna M. Ryu) ​បាន​សម្រេច​កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ​ ផ្តល់​តាម​ការស្នើ​សុំ​របស់​ក្រុមហ៊ុន​មេធាវី​ BraunHagey & Borden ​ក្នុង​ការ​សុំ​ឱ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ Chevron ​ប្រគល់​ឯកសារ​តាម​ការ​ស្នើសុំ។

ការ​ធ្វើ​ឃាត​លោក​បណ្ឌិត​កែម ឡី​ អ្នក​វិភាគ​សង្គម​ដ៏​ល្បី​ឈ្មោះ​បាន​កើតមាន​ឡើង​ទាំង​ព្រឹក​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ ប៉ុន្តែ​អាថ៌កំបាំង​នៃ​ការ​ធ្វើ​ឃាត​នេះ​ និង​អ្នក​ចូលរួម​ពាក់ព័ន្ធ​អាច​នឹង​ត្រូវ​លាត​ត្រដាង​នៅ​តុលាការ​សហរដ្ឋ​អាមេរិក។

ការណ៍​នេះ​ដោយ​សារ​តែ​ការធ្វើ​ឃាត​នោះ​កើត​មាន​ឡើង​នៅ​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់តិច ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​អាមេរិកាំង​ឈ្មោះ​ Chevron។

​លោក​កែម ឡី​ ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​ពលរដ្ឋ​ខ្មែរ​ទាំង​នៅក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ដោយ​សារ​តែ​លោក​ហ៊ាន​និយាយ​រិះគន់​ពី​បញ្ហា​អសកម្ម​នានា​ក្នុង​សង្គម។​ លោកបាន​រិះគន់​បញ្ហា​ជាច្រើន​ ក្នុង​នោះ​មាន​ការកាប់ព្រៃ​ឈើ​ដោយ​ខុសច្បាប់ ​អំពើ​ពុក​រលួយ​ បូរណភាព​ទឹកដី​ និង​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​ជាដើម។ នៅពេល​ចុង​ក្រោយ​មុន​នឹង​ត្រូវ​បាន​សម្លាប់ ​លោក​បាន​បកស្រាយ​របាយការណ៍​របស់​អង្គការ​ Global Witness ​ដែល​រកឃើញ​ពី​ទ្រព្យ​ធន​ដ៏ច្រើន​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

រូបភាព​បង្ហាញ​ពី​ក្រុមគ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ (រូប​ដកស្រង់​ចេញ​ពី​របាយការណ៍​របស់ Global Witness)
រូបភាព​បង្ហាញ​ពី​ក្រុមគ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ (រូប​ដកស្រង់​ចេញ​ពី​របាយការណ៍​របស់ Global Witness)

លោក​កែម ឡី​ ត្រូវ​ឃាតករ​បាញ់​សម្លាប់​ក្នុង​ហាង​កាហ្វេ​ Star Mart ​ក្នុង​ស្ថានីយ៍​ចាក់ប្រេង​កាល់តិច​កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ក្នុងពេល​ដែល​លោក​កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅទីនោះ។ អាជ្ញាធរ​បាន​ចាប់​ជនសង្ស័យ​ម្នាក់​ឈ្មោះ អឿត អាង ​ហៅ​ ជួប​ សម្លាប់ ​ហើយ​ជន​នេះ​អះអាង​ថា​ ការ​សម្លាប់​នោះ​គឺ​ដោយ​សារ​តែ​លោក​កែម ឡី​ ជំពាក់​លុយ​ខ្លួន​ចំនួន​៣០០០ដុល្លារ។

ប៉ុន្តែ​ការណ៍​នេះ​មិន​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ ​និង​អ្នក​នយោបាយ​ខ្លះ​ជឿ​នោះ​ទេ។ ក្នុង​នោះ​រួម​មាន​លោក​សម រង្ស៊ី​ ផង​ដែរ។ លោក​សម រង្ស៊ី​ ដែល​ពេល​នោះ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​ថា ​វា​ជា​«អំពើ​ភេរវកម្ម​រៀបចំ​ដោយ​រដ្ឋ​អំណាច‍»។

នៅ​ខែសីហា ​ឆ្នាំ​២០១៦ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ប្តឹង​លោក​សម រង្ស៊ី ពីបទ​បរិហាកេរ្តិ៍​ដោយ​សារតែ​អត្ថាធិប្បាយ​ដែល​លោក​សម រង្ស៊ី​ បាន​ផ្សាយ​តាម​បណ្តាញ​សង្គម​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ក្នុង​ឃាតកម្ម​របស់​លោក​បណ្ឌិត​កែម ឡី។ ​

ការណ៍​នេះ​នាំ​ឱ្យ​លោក​សម រង្ស៊ី​ មាន​ហេតុផល​គ្រប់​គ្រាន់​ក្នុង​ការ​ប្តឹង​មក​តុលាការ​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​តុលាការ​ដាក់​បង្គាប់​ទៅ​ក្រុមហ៊ុន​ Chevron ​បញ្ចេញ​ឯកសារ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើឃាត​លោក​កែម ឡី​ និង​ចេតនា ​ឬ​សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​បរទេស​ធ្វើ​តាម​បញ្ជា​របស់​ខ្លួន។

បដាក្រុមហ៊ុនអាមេរិកាំង Chevron នៅទីក្រុង Los Angeles រដ្ឋ​កាលីហ្វញ៉ា។
បដាក្រុមហ៊ុនអាមេរិកាំង Chevron នៅទីក្រុង Los Angeles រដ្ឋ​កាលីហ្វញ៉ា។

ការស្នើ​សុំ​នេះ​ផ្អែក​លើ​ច្បាប់​មួយ​ដែល​មាន​ឈ្មោះ​ថា​«ផ្នែក​១៧៨២​ស្តីពី​ការ​ស្វែងរក‍​ឯកសារ»។ ច្បាប់​នេះ​ចែងថា​ ប្រសិនបើ​ក្រុមហ៊ុន​អាមេរិកាំង​ណាមួយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្តី​ក្តាំ​នៅ​ខាង​ក្រៅ​សហរដ្ឋ​អាមេរិក គឺ​អ្នក​ពាក់ព័ន្ធ​ក្នុង​បណ្តឹង​អាច​ដាក់​ពាក្យ​មក​តុលាការ​អាមេរិកាំង​ដើម្បី​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ភស្តុតាង​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​រឿងក្តី​នោះ​នៅ​តុលាការ​ប្រទេស​ក្រៅ​សហរដ្ឋ​អាមេរិក​បាន។

ក្នុង​ករណី​នេះ​គឺ​ក្រុមហ៊ុន​កាលតិច​ក្នុង​ប្រទេស​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ Chevron ​របស់​សហរដ្ឋ​អាមេរិក ​ហើយ​ការ​បាញ់​សម្លាប់​លោកកែម ឡី ​កើត​មាន​ឡើង​នៅក្នុង​ស្ថានីយ៍​ប្រេង​មួយ​កន្លែងរបស់​ក្រុមហ៊ុន​កាលតិច។

បណ្តឹង​ស្នើសុំ​នេះ​ធ្វើ​ឡើង​នៅ​តុលាការ​ដំបូង​របស់​រដ្ឋាភិបាល​សហព័ន្ធ​ប្រចាំ​នៅ​តំបន់​ភាគខាងជើង​នៃ​រដ្ឋ​កាលីហ្វញ៉ា​ ហើយ​ដាក់​ស្នើ​សុំ​ដោយ​ក្រុមហ៊ុន​មេធាវី​សិទ្ធិមនុស្ស​BraunHagey&Borden​ ​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ តំណាង​ឱ្យ​លោក​សម រង្ស៊ី ​និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​កន្លង​មក។

លោក​សម រង្ស៊ី​ បាន​បញ្ជាក់​ថា៖

«ឥឡូវ​នេះ​ការ​ពិត​ត្រូវ​គេ​បិទបាំង​ពីព្រោះ​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​ដែល​សម្លាប់​គេ​ជាពិសេស​គឺ​បិទបាំង​ការពិត។ បើ​លាត​ត្រដាង​ការពិត​ខ្លួន​នឹង​ជាប់​ទោស​។ អីចឹង​ហើយ​បាន​ខ្ញុំ​ត្រូវ​ជួយ​លាត​ត្រដាង​ការពិត ​ហើយ​បើ​តុលាការ​នៅ​ស្រុក​ខ្មែរ ​តុលាការ​ខ្វាក់ភ្នែក​មិន​ចង់​មើល​ការពិត​ មិន​ចង់​ឃើញ​ការ​ពិត​ ចេះ​តែ​បាំង​ការពិត​ ខ្ញុំ​ត្រូវ​តែ​បែរ​ទៅរក​តុលាការ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ដែល​តុលាការ​គេ​ឯករាជ្យ ​ដែល​គេ​ចង់​ស្វែងរក​ការពិត​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ‍»។

រូបឯកសារ៖ លោក សម រង្ស៊ី បាន​លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​រូប​លោក នៅ​មុខ​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក សម រង្ស៊ី បាន​លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​រូប​លោក នៅ​មុខ​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥។

​ឯកសារ​ដែល​ទទួល​បាន​នេះ​ក៏​នឹង​ត្រូវ​គេ​ប្រើ​ប្រាស់​លើស​ពី​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក​កែម ឡី​ គឺ​វា​នឹង​ត្រូវ​ប្រើប្រាស់​ផង​ដែរ​ចំពោះ​សំណុំរឿង​ដែល​ពលរដ្ឋ​រងគ្រោះ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ដាក់​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC)​កាលពី​ខែ​តុលា​ ឆ្នាំ​២០១៤។

ជនរងគ្រោះ​ទាំងនោះ​បាន​ចោទ​ប្រកាន់​ថា ​មាន​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​មក​លើ​ពលរដ្ឋ​កម្ពុជា​ ដោយ​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​ប្រព្រឹត្ត​ដោយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា មន្ត្រី​ជាន់​ខ្ពស់​កម្លាំង​ប្រដាប់​អាវុធ​ និង​ឈ្មួញ​ធំៗ​ដែល​មាន​ជាប់​ខ្សែ​អ្នកធំ។

ចៅក្រម​ ដូនណា​ រីយូ ​(Donna M. Ryu) ​បាន​សម្រេច​កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ​ ផ្តល់​តាម​ការស្នើ​សុំ​របស់​ក្រុមហ៊ុន​មេធាវី​ BraunHagey & Borden ​ក្នុង​ការ​សុំ​ឱ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ Chevron ​ប្រគល់​ឯកសារ​តាម​ការ​ស្នើសុំ។

លោក​ស្រី​ចៅក្រម​ដូនណា​ រីយូ ​បាន​បន្ថែម​ថា​៖ «ការ​ស្នើសុំ​ភស្តុតាង​នេះ​មិន​មែន​ជា​បន្ទុក​អ្វី​ហួស​ពី​ផ្លូវ​ច្បាប់​ទេ​ ហើយ​ហាក់​ដូចជា​សមស្រប​ត្រឹមត្រូវ‍»។

ក្រុមហ៊ុន​ប្រេង​នេះ​មាន​ពេល​រហូត​ដល់​ថ្ងៃទី​២៣ ​ខែកុម្ភៈ​ក្នុងការ​ប្តឹង​ជំទាស់​នឹង​ការ​សម្រេច​នេះ។

អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​ Chevron ​គឺ​លោក​ហ្ការ៉េត ចនស្តុន (Gareth Johnstone) បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ គ្មាន​ប្រយោជន៍​អ្វី​ដែល​ត្រូវ​ប្តឹង​សុំ​រូបភាព​វីដេអូ​នោះ​ទេ​ដោយ​សារតែ​«ម៉ាស៊ីនថត​ និង​រូបវីដេអូ​នៅក្នុង​នោះ​ត្រូវ​បានប៉ូលិស​យក​ចេញ​អស់​តាំងពី​ពេល​កើត​ហេតុ​ភ្លាមៗ​ម្ល៉េះ‍»។

ប៉ុន្តែ​អ្នក​ស្រី​អេវា ស៊ូអឹលឡឺ​ មេធាវី​មួយ​រូប​នៃ​ក្រុមហ៊ុន​ច្បាប់​ BraunHagey & Borden ​មិន​យល់​ស្រប​ទេ។ អ្នក​ស្រី​បាន​បញ្ជាក់​តាម​សារអេឡិកត្រូនិក​ប្រាប់​វីអូអេ​ថា​៖

«យើង​មិន​ដឹង​ច្បាស់​ថា​ តើ​រូបភាព​វីដេអូ​នៅ​ហាងសាំង​កាលតិច​ត្រូវ​បាន​គេ​រក្សា​ទុក​ដោយ​របៀបណា​ទេ​ក្នុង​ពេល​កន្លង​មក។ ប៉ុន្តែ​អ្វី​ដែល​យើង​ដឹង​ គឺថា​មាន​កាមេរ៉ា​ឌីជីថល​ជាច្រើន​ ដែល​ថត​សកម្មភាព​ទាំង​នៅក្នុង​និង​ខាងក្រៅ​ស្ថានីយ៍ប្រេង​ ហើយ​យើង​ស្វែងរក​រូបភាព​វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា​ទាំង​នោះ​ ហើយ​បាន​ថត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​ធ្វើ​ឃាត​ ដូចដែល​យើង​បាន​បញ្ជាក់​នៅក្នុង​ពាក្យ​ស្នើសុំ‍»។

លោកស្រី​បាន​បន្ថែម​ទៀត​ថា៖ «យើង​ក៏​ស្នើ​សុំ​ឯកសារ​ជាច្រើន​ប្រភេទ​ដូចជា​ការ​ទំនាក់​ទំនង​រវាង​បុគ្គលិក​កាលតិច​និង​មន្ត្រី​រដ្ឋាភិបាល​ ឬ​ជាមួយ​បុគ្គលិក​របស់​ក្រុមហ៊ុន​ Chevron ​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​នេះ ​ក៏ដូចជា​ព័ត៌មាន​ពី​បុគ្គលិក ​ឬ​អ្នក​គ្រប់គ្រង​របស់​កាលតិច​ ឬ​ Chevron ​ដែល​ប្រហែល​ជា​បាន​ពិនិត្យ​មើល​រូបភាព​វីដេអូ​នោះ​មុន​ពេល​ប្រគល់​ឱ្យ​ប៉ូលិស។ វា​ហាក់​ដូចជា​មិន​អាច​ទេ ​ដែល​ថា​ឯកសារ​វីដេអូ​សន្តិសុខ​នៅ​ស្ថានីយ៍​នេះ​ មិន​ត្រូវ​បាន​គេ​រក្សា​ទុក​មួយ​ច្បាប់​ទៀត​ ហើយ​ត្រូវគេ​យក​ចេញ​ទាំង​ស្រុង​ពី​កន្លែង​កើត​ហេតុ​ រួម​ទាំង​សម្ភារៈ​ថត​រូបភាព​វីដេអូ‍​នោះ»។

អ្នកស្រី​អេវា ស៊ូអឹលឡឺ ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ ខាង​ភាគី​អ្នកស្រី​បាន​បញ្ជូន​ដីកា​ស្នើ​សុំ​នោះ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ។ ក្រុមហ៊ុន​ប្រេង​នេះ​មាន​រយៈពេល​៣០ថ្ងៃ​ចាប់​ពីថ្ងៃ​ទទួល​បាន​ដីកា​ស្នើ​សុំ​ថា​ត្រូវ​សហការ​ ឬ​បដិសេធ។

នៅក្នុង​ពាក្យ​បណ្តឹង​ដែល​វីអូអេ​ទទួល​បាន​ បញ្ជាក់​ថា ​ឯកសារ​ភស្តុតាង​ដែល​ស្នើ​សុំ​មាន​ចំនួន​៦​ប្រភេទ ​ក្នុង​នោះ​រួមមាន​ដូចជា​វីដេអូ ​តាំងពី​ថ្ងៃ​ទី​១ ខែកក្កដា​ដល់​ថ្ងៃ​១៤​ខែកក្កដា​ ឯកសារ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​អ្នក​គ្រប់គ្រង​ឬ​បុគ្គលិក​ស្ថានីយ៍ប្រេងសាំង​កាលតិច​ចន្លោះ​ពីថ្ងៃ​ទី១​ដល់​១៤​ខែកក្កដា ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​អ្នកគ្រប់គ្រង​ឬ​បុគ្គលិក​ស្ថានីយ៍ប្រេងសាំង​កាលតិច ​ដែល​ត្រូវ​គេ​បញ្ឈប់​ឬ​លាលែង​ចន្លោះ​ពីថ្ងៃ​ដែល​លោក​កែម ឡី​ ត្រូវ​គេ​ធ្វើ​ឃាត​នៅថ្ងៃ​ទី១០ ​ខែកក្កដា​ដល់​ថ្ងៃទី​៣១​ខែកក្កដា។

អ្នក​ច្បាប់​យល់​ថា ​បើ​មាន​ការ​ពាក់ព័ន្ធ​កម្រិត​ខ្ពស់​ដូច​ការ​លើកឡើង​របស់​លោក​សម រង្ស៊ី​ គឺ​គូកន​របស់​ជនល្មើស​ប្រាកដ​ជា​បន្លំ​ខ្លួន​ធ្វើជា​បុគ្គលិក​ក្រុមហ៊ុន​ ហើយ​លាលែង​នៅក្រោយ​ពី​បាន​បញ្ចប់​សកម្មភាព​ ហើយ​លទ្ធភាព​មួយ​ទៀត​ គឺ​បក្ខ​ពួក​ជនល្មើស​ និង​ជន​ល្មើស​ប្រាកដ​ជា​មក​មើល​ទីតាំង​ធ្វើ​ឃាត​នេះ ​មុន​ធ្វើ​សកម្មភាព​ដោយ​សារតែ​វា​ជា​កន្លែង​ដែល​លោក​កែម ឡី ​តែង​តែ​ចូល​មក​ទទួល​ទាន​កាហ្វេ ​និង​ជួប​ជុំ​សកម្មជន​មួយ​ចំនួន។

រូបឯកសារ៖ ប្រជាពលរដ្ឋ​ជុំ​គ្នា​នៅ​ខាង​ក្រៅ​ហាង Star Mart ​នៃ​ស្ថានីយ៍ប្រេងឥន្ធនៈ Caltex កន្លែង​ដែលសាកសព លោក កែម ឡី ដេក​ដួល​នៅខាងក្នុងនោះ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​ជុំ​គ្នា​នៅ​ខាង​ក្រៅ​ហាង Star Mart ​នៃ​ស្ថានីយ៍ប្រេងឥន្ធនៈ Caltex កន្លែង​ដែលសាកសព លោក កែម ឡី ដេក​ដួល​នៅខាងក្នុងនោះ។ (ឡេង ឡែន/VOA)

នៅក្នុង​ពាក្យ​បណ្តឹង​នោះ​ គឺ​ក្រុម​មេធាវី​ក៏​ចង់​បាន​រាល់​ការ​ទាក់ទង​ពី​ខាង​រដ្ឋាភិបាល​កម្ពុជា​មក​ក្រុមហ៊ុន​កាលតិច ​ដើម្បី​បាន​យក​វីដេអូ​នោះ​ក្នុង​ដំណើរ​ការ​ស៊ើបអង្កេត​របស់​ពួកគេ។ នេះ​អាច​មាន​ចំណុច​ខ្លះ​បង្ហាញ​ថា​ រដ្ឋាភិបាល​មាន​ការ​ប្រើ​អំណាច​មក​លើ​ក្រុម​ហ៊ុន​ដើម្បី​បង្ខំ​ឱ្យ​មាន​កិច្ច​សហការ។

​លោក​សម រង្ស៊ី​ ក៏​យល់​ថា​ វីដេអូ​ស្តីពី​ការ​សម្លាប់​នេះ​គឺ​នៅតែ​មាន​នៅ​ឡើយ។

«តាម​ប្រព័ន្ធ​ទំនើប​ឥឡូវនេះ ​យើង​អាច​ជឿថា​អ្វី​ដែល​គេ​បង្ហោះ​ហ្នឹង​មិន​មែន​គ្រាន់តែ​ជា​ខ្សែអាត់​ដែល​យើង​កាន់​ផ្ទាល់​ដៃ​ប៉ុណ្ណឹង​ទេ។ វា​មាន​បញ្ជូន​ឡើង​ទៅ​ដល់​អាកាស​ទៅ​បាត់ ​ហើយ​ទៅចូល​កន្លែង​ដែល​គេផ្ទុក​ទុក។ គេ​ប្រមូល​បាន​ឯកសារ​ហ្នឹង​ហើយ។ ដូច្នេះ​បើសិន​ជា​យើង​មាន​ឆន្ទៈ​ចង់​ទៅ​យក​មក​វិញ​ គឺ​យក​បាន​គ្រប់​ពេល​វេលា​ យក​មក​លាតត្រដាង​ក្នុង​ប្រទេស​កម្ពុជា‍»។​

លោកសម រង្ស៊ី​ ដែល​នៅពេល​នេះ​បាន​លាលែង​ចេញ​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅតែ​រក្សា​ការចោទ​ប្រកាន់​ពី​ការ​ជាប់ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ដដែល។

លោក​បាន​លើក​ឡើង​ថា៖ «ការ​សម្លាប់​លោក​ជា វិជ្ជា ​ការ​សម្លាប់​លោកឈុត វុទ្ធី ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី​ វា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ គឺ​មាន​លក្ខណៈ​ជា​អំពើ​ភេរវកម្ម​រៀបចំ​ដោយ​រដ្ឋ​អំណាច ​ទាល់តែ​រដ្ឋ​អំណាច​ចូលរួម​បាន​អាច​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​បែបហ្នឹង​បាន។ អីចឹង​ហើយ​វា​ធ្ងន់ធ្ងរ​ណាស់​អំពើ​ភេរវកម្ម​សព្វ​ដង​រដ្ឋ​អំណាច​ត្រូវតែ​បង្ក្រាប​អំពើ​ភេរវកម្ម។ នេះ​បើ​រដ្ឋ​អំណាច​ចូលរួម​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ហ្នឹង​ វា​ធ្ងន់ធ្ងរ​មែនទែន។ អីចឹង​ហើយ​បាន​សភាពការណ៍​នៅ​ប្រទេ​ស យើង​វា​អាប់​ឱន​ដុនដាប​ប្រជារាស្ត្រ​ខ្មែរ​ឈឺចាប់​ ដោយសារតែ​រដ្ឋ​អំណាច​គឺ​ចូលរួម​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​មក​លើ​ប្រជារាស្ត្រ​ខ្លួនឯង‍»។

លោករីឆាដ រ៉ូជឺ ​មេធាវី​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​កម្ពុជា​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារ​អេឡិកត្រូនិក​ថា៖​

«យើង​សង្ស័យ​ខ្លាំង​ណាស់​ថា​ ការ​សម្លាប់​លោក​កែម ឡី​ គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​ការ​ធ្វើ​ឃាត​នយោបាយ។ លោកកែម ឡី ​បាន​និយាយ​ការ​ពិត​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​ថ្នាក់​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច។ លោក​គឺ​ជា​វីរជន​សម្រាប់​ជនក្រីក្រ ​និង​គ្មាន​ទ្រព្យធន។ ក្រុម​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច​មាន​ហេតុផល​ជាច្រើន​ដែល​ត្រូវ​បំបិទ​សំឡេង​របស់​គាត់‍»។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​សវនាការ​កាត់ទោស​ជន​ជាប់ចោទ​ឈ្មោះ​អឿត អាង ​ហៅ ​ជួប ​សម្លាប់ ​នៅថ្ងៃ​ទី​១​ ខែមីនា​ខាងមុខ​នេះ។ ប៉ុន្តែ​ ប្អូនប្រុស​របស់​លោក​កែម ឡី​ គឺលោក​កែម រិទ្ធិសិត ​បាន​បញ្ជាក់​ថា​ លោក​នឹង​មិន​ចូលរួម​ទេ។

លោក​បន្ថែម​ថា៖

«ខ្ញុំ​ថា​ខ្ញុំ​មិន​ទៅ​ចូលរួម​ទេ​ បើសិន​ជា​ឃាតករ​នៅតែ​ជា​ ជួប ​សម្លាប់ ​ដដែល​គឺ​បើ​យើង​ដឹង​ហើយ ​យើង​ទៅ​ចូលរួម​ធ្វើ​អ្វី ​ពីព្រោះ​ការកាត់​ក្តី​ វា​គ្មាន​អ្វី​ក្រៅពី​នីតិវិធី​ច្បាប់​របស់​គេ​ថា​ត្រូវ​ជាប់​គុក​ប៉ុន្មាន​ឆ្នាំៗ​អី​អីចឹង​ទៅណា។ វា​មាន​តែ​ចឹង​ដដែល​ តើ​យើង​ទៅ​ជួប​ធ្វើ​អ្វី? បើ​សិន​ជា​មាន​សាក្សី​ច្រើន​ផ្សេង​ ឬ​មួយ​ក៏​ភស្តុតាង​ថា​ គេ​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព​ឱ្យ​យើង​មើល​ជា​សាធារណៈ។ ទោះបី​ជាខ្ញុំ​ទៅ​ចូលរួម ​ហើយ​គេ​បញ្ចេញ​ឱ្យ​ខ្ញុំ​មើល​ហើយ​ទទួល​ស្គាល់​ ក៏ខ្ញុំ​អត់​ទទួល​ស្គាល់​ដែរ​ ពីព្រោះ​យើង​សុំ​ឱ្យ​សាធារណជន​មើល​ទាំងអស់គ្នា ​ពីព្រោះ​ការ​គាំទ្រ​របស់​គាត់ ​និង​ការ​ស្រឡាញ់​ហ្នឹង​ច្រើន​ណាស់​លើស​លប់​ទាំងក្នុង​ស្រុក​ និង​ក្រៅស្រុក»។

ប្រពន្ធ​របស់​លោក​កែម ឡី​ គឺ​អ្នកស្រី​ប៊ូ រចនា ​ក៏​នឹង​មិន​អាច​ចូលរួម​បាន​ដែរ ​ដោយ​សារតែ​បាន​នាំ​កូនៗ​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព៕

XS
SM
MD
LG