ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី​ថា​ លោក​ Trump ​បាន​ទទូច​ឥត​ឈប់ឈរ​ឱ្យ​លោក​ Pence ​បដិសេធ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០​


វីដេអូ​​បង្ហាញ​លោក​អតីត​អនុប្រធានាធិបតី​ Mike Pence ថ្លែង​នៅ​អង្គការ​ The Federalist Society ខណៈ​គណៈកម្មាធិការ​រដ្ឋ​សភា​អាមេរិក​ ដែល​ស៊ើប​អង្កេត​លើ​ករណី​កុបកម្ម​វាយ​ប្រហារ​វិមាន​សភា​អាមេរិក​កាល​ពី​ថ្ងៃទី៦​ ខែ​មករា ​ឆ្នាំ​២០២១ បើក​សវនាការ​កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២។
វីដេអូ​​បង្ហាញ​លោក​អតីត​អនុប្រធានាធិបតី​ Mike Pence ថ្លែង​នៅ​អង្គការ​ The Federalist Society ខណៈ​គណៈកម្មាធិការ​រដ្ឋ​សភា​អាមេរិក​ ដែល​ស៊ើប​អង្កេត​លើ​ករណី​កុបកម្ម​វាយ​ប្រហារ​វិមាន​សភា​អាមេរិក​កាល​ពី​ថ្ងៃទី៦​ ខែ​មករា ​ឆ្នាំ​២០២១ បើក​សវនាការ​កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២។

គណៈ​កម្មាធិការ​រដ្ឋ​សភា​អាមេរិក​ ដែល​ស៊ើប​អង្កេត​លើ​ករណី​កុបកម្ម​វាយ​ប្រហារ​វិមាន​សភា​អាមេរិក​កាល​ពី​ថ្ងៃទី៦​ ខែ​មករា ​ឆ្នាំ​២០២១ ​បាន​ស្តាប់​សក្ខី​កម្មកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដែលបង្ហាញ​ថា ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump ​បាន​ដាក់​សម្ពាធឥត​ឈប់ឈរឱ្យ​អតីត​អនុ​ប្រធានាធិបតី​ លោក​ Mike Pence​ បញ្ឈប់​មិន​ឱ្យ​សភា​អាមេរិក​ផ្តល់​សច្ចាប័ន​ថា បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​គឺ​លោក ​Joe Biden ​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នោះ។ ​

លោក ​Pence ​ពេល​នោះ​កំពុង​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ផ្តល់​សច្ចាប័ន​របស់​សភា​អាមេរិក​ នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ដែល​រដ្ឋ​នីមួយៗ​រាប់​សន្លឹក​ឆ្នោត​របស់​អង្គ​បោះឆ្នោត ​Electoral College ​ដើម្បី​បញ្ជាក់ជ័យ​ជម្នះរបស់​លោក Biden​នៅ​ក្នុង​ការ​បោះឆ្នោត​ ខណៈដែល​អ្នក​គាំទ្រ​របស់​លោក​ Trump ប្រមាណ ​២.០០០​នាក់​ បាន​វាយ​សម្រុក​ចូល​ទៅ​ក្នុង​វិមាន​សភា​អាមេរិក​ ដើម្បី​បង្អាក់​ដំណើរការ​ផ្តល់​សច្ចាប័ន​នោះ។ ​

នៅ​ក្នុង​ការ​ជួប​ជុំ​មួយ​ជា​ឯកជន​និង​ជា​សាធារណៈ​ជាមួយ​អ្នក​គាំទ្រ​របស់​លោក​នៅ​ជិត​សេតវិមាន​ មិន​យូរ​ប៉ុន្មាន​មុន​សភា​បើក​ដំណើរការ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នោះ​ ​លោក​ Trump ​បាន​ស្នើឱ្យលោក​ Pence បដិសេធ​ការ​រាប់​សន្លឹកឆ្នោត​តំណាង​របស់​រដ្ឋ​នីមួយៗ​ ដែល​លោក ​Biden​ នាំមុខ​លោក​ Trump បន្តិច​បន្តួច​ ហើយ​ឱ្យ​បញ្ជូន​លទ្ធផល​នោះ​ត្រឡប់​ទៅ​តាម​រដ្ឋ​នីមួយៗ​វិញ​ ដែល​នៅ​ទី​នោះ​អង្គ​នីតិបញ្ញត្តិ​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ ​អាច​បញ្ជា​ឱ្យ​មាន​ការ​បោះឆ្នោត​សា​ឡើង​វិញ​ ឬ​បញ្ជូន​ឈ្មោះ​អង្គ​បោះឆ្នោត​ថ្មី​របស់​លោក​ Trump ​ទៅ​ជំនួស​អ្នកដែល​បាន​បោះឆ្នោត​គាំទ្រ​លោក ​Biden។​

នៅ​ក្នុង​សវនាការ​ថ្ងៃ​ព្រហស្បតិ៍ ​លោក ​Greg Jacob​ ​ទីប្រឹក្សា​លោក ​Pence ​បាន​ពិពណ៌នា​អំពី​របៀប​ដែល​លោក​ John Eastman ​មេធាវី​អភិរក្ស​និយម​របស់​លោក ​Trump ​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​លោក​ Pence ​ថា​ លោក​អនុ​ប្រធានាធិបតី​មាន​អំណាច​ផ្លូវ​ច្បាប់​ដើម្បី​បដិសេធ​ការ​បោះឆ្នោត​នោះ​ជា​ឯកតោភាគី។ ​ប៉ុន្តែ​លោក ​Jacob​ បាន​និយាយ​ថា ​លោក​ Eastman ​នៅ​ទី​បំផុត​បាន​សារភាព​ថា​ លោក​ Eastman ​គិត​ថា​ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ទំនង​នឹង​បដិសេធទ្រឹស្តី​ច្បាប់​របស់​លោកជា​ឯកច្ឆន្ទ។

លោក ​Eastman​ ក្រោយ​មក​បាន​ព្យាយាម​សុំ​ការ​លើកលែង​ទោស​ពី​លោក ​Trump ​ប៉ុន្តែ​លោក​មិន​បាន​ទទួល​ទេ។​ លោក Eastman ​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរប្រមាណ​១០០ ​នៅ​ពេល​លោក​ផ្តល់​សក្ខីកម្មនៅ​មុខ​គណៈកម្មាធិការ​ស៊ើប​អង្កេត​នោះ​ ​ព្រោះ​ខ្លាច​ចម្លើយ​របស់​លោក​ធ្វើ​ឱ្យ​លោក​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​នានា។​

លោក Pence ​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​អតីត​ប្រធានាធិបតី​ Trump​ អំឡុង​ពេល​អាណត្តិ​៤​ឆ្នាំ​នៅ​សេតវិមាន​នោះ ​បាន​បដិសេធ​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​លោក​ Trump ​ដោយ​លោក​និយាយ​ថា ​រដ្ឋធម្មនុញ្ញ​សហ​រដ្ឋ​អាមេរិក​បាន​កំណត់​តួនាទី​លោក​ជា​អនុប្រធានាធិបតី​បាន​ត្រឹម​តែ​បើក​សំបុត្រ​ដែល​មាន​សន្លឹក​ឆ្នោត​របស់​អង្គ​បោះឆ្នោត​ Electoral College ​ពី​រដ្ឋ​និមួយៗ​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​សវនាការ​ថ្ងៃ​ព្រហស្បតិ៍នោះ​ ​ ទី​ប្រឹក្សា​ផ្នែក​ច្បាប់​របស់​លោក ​Pence ​គឺលោក​ Michael Luttig​ ដែល​ជា​ចៅក្រម​អភិរក្ស​និយម​ដែលចូល​និវត្តន៍​នៃ​សាលា​ឧទ្ធរណ៍​សហព័ន្ធ​ ​បាន​ផ្តល់​សក្ខីកម្ម​ថា ​លោក​បាន​ផ្តល់​ប្រឹក្សា​ដល់​លោក​ Pence ​ថា ​លោក​អនុប្រធានាធិបតី​មិន​មាន​អំណាច​ផ្លូវច្បាប់​ដើម្បីបដិសេធ​លទ្ធផល​ការ​បោះឆ្នោត​ទេ។​

សវនាការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជា​សវនាការ​ទី​៣​នៃ​សវនាការ​បន្តបន្ទាប់​ទៀត​នៅ​ខែ​នេះ​ដែល​លាត​ត្រដាង​ថា ​តើ​កុបកម្ម​បះបោរ​នៅ​ថ្ងៃទី​៦ ​ខែ​មករា ​ឆ្នាំ​២០២១ ​នោះ​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ និង​ពិនិត្យ​មើល​តួនាទី​របស់​លោក ​Trump ​ក្នុង​កុបកម្ម​ ក្នុង​ការ​ហៅ​អ្នក​គាំទ្រ​របស់​លោក​មក​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ឱ្យ​លោក​បន្ត​កាន់​តំណែង។​

ពួកគេប្រមាណ​៨០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ការចោទ​ប្រកាន់ពី​បទ​ឧក្រិដ្ឋ​ផ្សេងៗ​ មាន​តាំងពី​ដើរ​ចូល​កន្លែង​ហាមឃាត់​ រហូត​ដល់​បំផ្លាញ​វិមាន​សភា ​និង​វាយ​ប្រហារ​ប៉ូលិស។ ​មេ​ដឹកនាំ​ក្រុម​ខ្លះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទរួម​គំនិត​ញុះញង់​ប្រឆាំង​រដ្ឋ៕​

ប្រែ​សម្រួល​ដោយ​ សឹង សុផាត

XS
SM
MD
LG