គណៈកម្មាធិការរដ្ឋសភាអាមេរិក ដែលស៊ើបអង្កេតលើករណីកុបកម្មវាយប្រហារវិមានសភាអាមេរិកកាលពីថ្ងៃទី៦ ខែមករាឆ្នាំទៅ មានគម្រោងនឹងបើកសវនាការរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ទៅលើថាតើអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់សម្ពាធយ៉ាងដូចម្តេចខ្លះ ទៅលើអតីតអនុប្រធានាធិបតី លោក Mike Pence ដើម្បីបញ្ឈប់សភាអាមេរិកមិនឱ្យផ្តល់សច្ចាប័នយល់ព្រមទៅលើបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ។
លោក Pence កំពុងធ្វើជាអធិបតីភាពនៅក្នុងពិធីផ្តល់សច្ចាប័នរបស់សភាអាមេរិក នៅក្នុងដំណាក់កាលដំបូងដែលរដ្ឋនីមួយៗរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោត Electoral College ដើម្បីផ្តល់ការបញ្ជាក់ទៅលើជ័យជម្នះនៅក្នុងការបោះឆ្នោតរបស់លោក Biden នៅពេលដែលអ្នកគាំទ្ររបស់លោក Trump ប្រមាណ ២ ពាន់នាក់ បានវាយសម្រុកចូលទៅក្នុងវិមានសភាអាមេរិក ដើម្បីបង្អាក់ដំណើរការផ្តល់សច្ចាប័នយល់ព្រមនោះ។
នៅមុនសភាបើកដំណើរការកិច្ចប្រជុំរបស់ខ្លួនបន្តិច លោក Trump ដែលបានជួបជាមួយអ្នកគាំទ្ររបស់លោកនៅក្នុងការជួបជុំមួយនៅជិតសេតវិមាននោះ បានស្នើឱ្យលោក Pence បដិសេធការរាប់សន្លឹកឆ្នោតតំណាងរបស់រដ្ឋនីមួយៗ ដែលលោក Biden បានឈ្នះយ៉ាងប្រកៀកប្រកិតទៅលើលោកTrump និងបញ្ជូនលទ្ធផលនោះត្រឡប់ទៅតាមរដ្ឋនីមួយៗវិញ ដែលនៅទីនោះអង្គនីតិបញ្ញត្តិដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ អាចបញ្ជាឱ្យមានការបោះឆ្នោតសារឡើងវិញ ឬបញ្ជូនឈ្មោះអង្គបោះឆ្នោតថ្មីរបស់លោកTrump ទៅជំនួសអ្នកចាស់ដែលបានបោះឆ្នោតគាំទ្រលោក Biden។
ប៉ុន្តែលោក Pence ដែលជាអ្នកមានភក្តីភាពជាមួយនឹងលោកTrump ក្នុងរយៈពេល៤ឆ្នាំនៃការកាន់អំណាចនៅសេតវិមាននោះ បានបដិសេធមិនធ្វើតាមលោក Trump ដោយនិយាយថា តួនាទីរបស់លោកត្រូវបានកម្រិតដោយរដ្ឋធម្មនុញ្ញអាមេរិក ដោយគ្រាន់តែជាអ្នកបើកស្រោមសំបុត្ររាប់ចំនួនសន្លឹកឆ្នោតអង្គបោះឆ្នោតមកពីរដ្ឋនីមួយៗតែប៉ុណ្ណោះ។
លោក Pence បាននិយាយថា៖ «ខ្ញុំគ្មានសិទ្ធិក្នុងការបដិសេធការបោះឆ្នោតនោះឡើយ»។ តួនាទីរបស់លោកក៏តម្រូវឱ្យលោកត្រូវតែធ្វើសច្ចាប័នផ្តល់ការយល់ព្រមទៅលើការបរាជ័យរបស់លោកផ្ទាល់ទៅលើគូប្រជែងរបស់លោកដែលជាបេក្ខជនអនុប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ គឺលោកស្រី Kamala Harris ដែរ ដែលនៅពេលនេះ លោកស្រីគឺជាអនុប្រធានាធិបតីអាមេរិក។
នៅពេលដែលលោក Pence បដិសេធមិនព្រមអនុវត្តតាមនូវអ្វីដែលលោក Trump ទាមទារនោះ ក្រុមកុបករដែលកំពុងសម្រុកចូលទៅក្នុងវិមានសភាអាមេរិកនោះ បានស្រែកពាក្យថា «ព្យួរកលោក Pence ទៅ»។ ក្រុមកុបករទាំងនោះបានប៉ះទង្គិចជាមួយប៉ូលិស និងបានចូលរុះរើការិយាល័យធ្វើការនានានៅក្នុងវិមានសភា។ ក្រុមកុបករមួយចំនួនទៀតក៏បានដំឡើងឈើឆ្កាងនៅទីលាន National Mall ដែលអាចមើលឃើញទៅដល់វិមានសភាផងដែរ។
សមាជិកគណៈកម្មាធិការស៊ើបអង្កេតបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុនសវនាការនៅថ្ងៃព្រហស្បតិ៍នេះថា សវនាការផ្តល់សក្ខីកម្មនេះ នឹងផ្តោតទៅលើពីរបៀបដែលយុទ្ធនាការដាក់សម្ពាធរបស់លោក Trump បានធ្វើឱ្យជីវិតរបស់លោក Pence ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នោះ៕