ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​​​ស៊ើបអង្កេត​លើ​កុបកម្ម​ថ្ងៃ​៦មករា​នឹង​ផ្អាក​សវនាការ​ផ្តល់​សក្ខីកម្ម​ជាមួយ​អតីត​មន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក


រូបឯកសារ៖ វីដេអូបង្ហាញអតីតអគ្គមេធាវី លោក William Barr កំពុងនិយាយត្រូវបានដាក់នៅលើអេក្រង់ ខណៈដែលគណៈកម្មាធិការសភាទទួលបន្ទុកស៊ើបអង្កេតការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា លើវិមានរដ្ឋសភា បើកសវនាការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ វីដេអូបង្ហាញអតីតអគ្គមេធាវី លោក William Barr កំពុងនិយាយត្រូវបានដាក់នៅលើអេក្រង់ ខណៈដែលគណៈកម្មាធិការសភាទទួលបន្ទុកស៊ើបអង្កេតការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា លើវិមានរដ្ឋសភា បើកសវនាការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

គណៈកម្មាធិការ​រដ្ឋសភា​អាមេរិក​ ដែលស៊ើបអង្កេត​ទៅ​លើកុបកម្មថ្ងៃ​ទី៦​ ខែ​មករា​ ឆ្នាំ​២០២១លើ​វិមាន​សភា​អាមេរិក​បាន​ផ្អាក​សវនាការផ្តល់​សក្ខីកម្ម​របស់​ខ្លួន​មួយ​ ដែលនឹងចូលរួមផ្តល់ការ​បំភ្លឺ​ដោយ​អតីត​មន្ត្រី​ក្រសួង​យុតិ្តធម៌​អាមេរិក​មួយ​ចំនួន​ ​ដែលធ្លាប់​ទទួល​រង​សម្ពាធ​ពី​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ Donald Trump ​ដើម្បី​អនុវត្ត​នូវ​អំណះអំណាង​ខុស​ពី​ការ​ពិត​ ស្តីពី​ការ​លួចបន្លំ​សន្លឹក​ឆ្នោត។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

សវនាការ​ផ្តល់​សក្ខីកម្ម​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ ប៉ុន្តែ​គណៈកម្មាធិការ​នេះ​បាន​និយាយ​កាល​ពី​ថ្ងៃព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា សវនាការ​នេះត្រូវ​ពន្យារពេល​សិន។ អ្នក​នាំ​ពាក្យ​មួយ​រូបរបស់​គណៈកម្មាធិការ​នេះ​បាន​និយាយ​ថា៖ «ការ​ផ្អាក​នេះដោយ​សារ​តែ​កត្ដាកាល​វិភាគ​ ដែល​រួម​មានទាំង​ពេលវេលា​ដែល​សាក្សី​និង​អ្នកចូលរួមឆ្លើយ​បំភ្លឺមួយ​ចំនួន​អាច​ចូលរួម​បាន»។

លោក Adam Kinzingerសមាជិក​សភា​មួយ​រូប​ពី​គណបក្ស​សាធារណរដ្ឋ និង​ជា​សមាជិក​គណៈកម្មាធិការ​ស៊ើបអង្កេតផង​ដែរ​នោះ បាន​បង្ហោះសារ​លើបណ្តាញ Twitter ថា៖ សវនាការនេះ​ ត្រូវលើក​ពេល​ទៅ​សប្តាហ៍​ក្រោយ​វិញ​ដើម្បី​ទុក​ពេល​ឱ្យ​មានការ​បំភ្លឺ​ជុំវិញ​ការ​បះបោរ នៅ​ពេល​ដែល​ក្រុមអ្នក​គាំទ្រ​លោក Trump បាន​សម្រុក​វាយ​ប្រហារទៅ​លើ​វិមាន​សភា​អាមេរិក​ ដើម្បី​បង្អាក់ដំណើរការ​ផ្តល់​សច្ចាប័ន​យល់ព្រមទៅ​លើជ័យ​ជម្នះ​នៃ​ការ​បោះឆ្នោតរបស់លោក Joe Biden។

គណៈកម្មាធិការ​នេះ​បានធ្វើ​សវនាការ​ផ្តល់​សក្ខីកម្មចំនួន​២​លើក​រួច​មក​ហើយ​ ដែល​ក្នុង​នោះក៏​រួម​មាន​ការផ្សាយ​ក្នុង​ម៉ោង​ពិសេសតាម​ទូរទស្សន៍​កាល​ពី​សប្តាហ៍​មុន​ ដោយ​បង្ហាញ​ពី​វីដេអូ​ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ​កាល​ពីមុន​អំពី​ក្រុម​អ្នក​ជ្រុល​និយមជា​ច្រើន​នាក់​ ដែល​កំពុង​ដឹកនាំ​ការហ៊ុមព័ទ្ធ​ទៅ​លើ​វិមាន​សភារហូត​ដល់​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់។ ការ​ផ្តល់​សក្ខីកម្ម​មួយ​ទៀត​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

សាក្សី​មួយ​ចំនួន​ ដែល​ពួក​គេ​ទាំង​នោះ​បាន​ឈប់​ធ្វើ​ការ​នៅ​ក្រសួង​យុត្តិធម៌​ហើយ​នោះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺអំពី​គំនិត​របស់​លោក Trump ដែល​ចង់​ឱ្យ​ក្រសួង​មួយ​នេះ​ដើរ​តាមឆន្ទៈ​នយោបាយ​របស់​លោក នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​រដ្ឋបាលរបស់​លោក ដោយ​ជំរុញឱ្យ​ក្រុម​មន្ត្រី​ទាំង​នោះ​ប្រកាស​ថាកា​របោះ​ឆ្នោត​នោះ​មាន​ភាព​ពុករលួយ និង​ជួយ​គាំទ្រ​ដល់​ការ​ប្រឹង​ប្រែង​របស់​លោក​ ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត ដែល​បាន​ទទួល​ជ័យជម្នះ​ដោយ​បេក្ខជន​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោកJoe Biden នោះ៕

XS
SM
MD
LG