ខណៈលោក ហ៊ុន សែន ប្តឹងមន្ត្រីការពារសិទ្ធិមនុស្សអាដហុកមួយរូបដោយយកភស្តុតាងជាអត្ថបទសារព័ត៌មានមកដាក់បន្ទុក ក្រុមអ្នកជំនាញផ្នែកច្បាប់ លើកឡើងថា អ្នករងពាក្យបណ្តឹងត្រូវតែមានភស្តុតាងរឹងមាំក្នុងការដោះបន្ទុក ដូចជាបទសម្ភាសន៍ទាំងស្រុង ដើម្បីផ្ទៀងផ្ទាត់និងតតាំងក្តីនៅតុលាការ។ ក្រុមអ្នកជំនាញផ្នែកច្បាប់ទាំងនោះបន្ថែមថា ស្ថាប័នសារព័ត៌មានក៏ត្រូវតែបញ្ជាក់ការពិត ជុំវិញព័ត៌មានដែលខ្លួនបានសរសេរផ្សព្វផ្សាយនោះផងដែរ។
កាលពីថ្ងៃចន្ទ ក្រុមមេធាវីរបស់លោក ហ៊ុន សែន បានដាក់ពាក្យប្តឹងអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ទៅតុលាការ ពាក់ព័ន្ធនឹងអត្ថបទមួយដែលចេញផ្សាយដោយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី ២ ខែកុម្ភៈ ដោយដកស្រង់សម្តីរបស់លោក ស៊ឹង សែនករុណា។
ក្នុងអត្ថបទសារព័ត៌មានThe Cambodia Daily ដែលមានចំណងជើងថា «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង ១លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច» លោក ស៊ឹង សែនករុណា ត្រូវបានដកស្រង់សម្តីមកសរសេរថា៖ «វិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ។ ... គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន។ ... គណបក្សនយោបាយទាំងអស់គួរតែប្រើប្រាស់វិធីចាស់ទុំ ដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរបញ្ឈប់នូវវប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ»។
ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ក្នុងពាក្យបណ្តឹងទៅតុលាការថា ការថ្លែងរបស់លោក ស៊ឹង សែនករុណា នៅក្នុងអត្ថបទនោះ ជាការ«ទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា»។ លោក ហ៊ុន សែន បានទាមទារសំណងជំងឺចិត្តចំនួន ២ ពាន់លានរៀល ឬប្រមាណ ៥០ ម៉ឺនដុល្លារ។
អ្នកជំនាញផ្នែកច្បាប់ម្នាក់ លោក សឺន ជុំជួន ថ្លែងថា ភស្តុតាងសំខាន់ជាងគេ គឺសម្តីដើមដែលជាសំឡេង ឬសំណេរជាអក្សរ ដើម្បីយកមកផ្ទៀងផ្ទាត់ ជាមួយអត្ថបទនោះថាតើលោក ស៊ឹង សែនករុណា ពិតជាបាននិយាយបែបនោះឬយ៉ាងណា។
លោកថ្លែងថា៖ «អ្វីដែលជាសំឡេងរបស់គាត់ពិត សំណេររបស់គាត់ពិតជាដើមហ្នឹង គេឆ្លុះបញ្ចាំងទៅមើលឃើញថាវាមិនមានធាតុផ្សំ ឬក៏រកមិនឃើញមានពិរុទ្ធភាពទេ រកមិនឃើញទេ គឺត្រូវបានទម្លាក់បទចោទវិញ លើកលែងបទចោទ»។
អ្នកជំនាញផ្នែកច្បាប់រូបនេះបន្ថែមថា បើទោះបីជាសារព័ត៌មាន The Cambodia Daily បានលុប និងកែសម្រួលពាក្យពេចន៍ដែលចុះផ្សាយនោះក្តី ក៏ត្រង់ចំណុចនេះ មិនទាន់ជាភស្តុតាងរឹងមាំក្នុងការដោះបន្ទុកនោះទេ ព្រោះសមត្ថកិច្ច និងតុលាការបានរក្សាទុកភស្តុតាងដែលជាអត្ថបទដើម ដើម្បីចោទប្រកាន់។ លោកបន្ថែមថា ស្ថាប័នសារព័ត៌មានគួរតែចេញលិខិតបញ្ជាក់មួយក៏ជាការល្អ ដើម្បីបង្ហាញភាពស្អាតស្អំរបស់លោក ស៊ឹង សែនករុណា ដោយសារលោកអះអាងថាលោកមិនបានប្រើប្រាស់ពាក្យពេចន៍ចំៗលើគណបក្សប្រជាជនកម្ពុជាឡើយ។
លោក សឺន ជុំជួន ថ្លែងថា៖«Cambodia Daily គាត់អាចធ្វើលិខិតជាសាធារណៈមួយក៏ល្អដែរ ដើម្បីបង្ហាញភាពស្អាតស្អំរបស់លោក ស៊ឹង សែនករុណា។ គួរតែធ្វើ បើមិនធ្វើទេវាមិនមានអ្វីមួយសម្រាប់ជាការដោះបន្ទុកសម្រាប់គាត់ទេ ដោយសារ The Cambodia Daily ជាភាគីពាក់ព័ន្ធ មិនអាចគេចវេះបានទេ ដើម្បីដោះបន្ទុកឱ្យភាគីដែលត្រូវបានសង្ស័យឬក៏ត្រូវចោទជាដើម»។
បើតាមលោក សឺន ជុំជួន ការទាមទារសំណងជំងឺចិត្តប្រមាណ ៥០ ម៉ឺនដុល្លារអាមេរិកនោះ បើសិនជាលោក ស៊ឹង សែនករុណា មិនមានលទ្ធភាពបង់សង នោះមន្ត្រីសិទ្ធិមនុស្សរូបនេះអាចរងទណ្ឌកម្មលើរូបកាយ ឬជាប់ពន្ធនាគារ ឬអាចរួចផុតពីទោសទណ្ឌ ប្រសិនបើមន្ត្រីសិទ្ធិមនុស្សរូបនេះមិនមានចេតនាគេចវេសក្នុងការបង់សងសំណងទៅដើមបណ្តឹងពេលសាលក្រម ឬសេចក្តីសម្រេចរបស់តុលាការចូលជាស្ថាពរនោះ។
ចំណែកមេធាវីម្នាក់ទៀត លោក គង់ សំអុន ប្រាប់វីអូអេថា ជុំវិញករណីនេះត្រូវតែរកអ្នកដែលទទួលខុសជាមុនសិន មុនឈានទៅរកភស្តុតាងដោះបន្ទុក ព្រោះលោកថា«ការទម្លាក់កំហុសដោយអសុទ្ធចិត្ត» មានន័យថាជាចេតនាធ្វើឱ្យព័ត៌មានមួយមិនពិត ធ្វើឱ្យគេជឿ ឬថាទម្លាក់កំហុសបង្កាច់បង្ខូច។
លោកថ្លែងថា៖ «អ៊ីចឹងទៅពីរភាគីហ្នឹងត្រូវដោះស្រាយគ្នាសិន បានរកអ្នកទទួលខុសត្រូវឃើញ ព្រោះការទម្លាក់កំហុសដោយអសុទ្ធចិត្ត បានន័យថា វាមានចេតនាធ្វើឱ្យព័ត៌មានមួយដែលវាមិនពិតហ្នឹងឱ្យគេជឿ អ៊ីចឹងមានទស្សនៈមួយគេថាទម្លាក់កំហុសបង្កាច់បង្ខូច»។
លោកពន្យល់បន្តថា៖ «ឥឡូវនេះ ដំណាក់កាលមុននឹងឈានទៅដល់ទម្លាក់កំហុសហ្នឹងត្រូវរកថាអ្នកណាអ្នកធ្វើ។ Cambodia Daily មួយទៀតតួអង្គសំខាន់ថា តើគាត់បានព័ត៌មានហ្នឹងមកពីណា ហើយបើអត់មាន ធ្វើម៉េចមានភស្តុតាងមកដាក់បន្ទុកលើលោក ស៊ឹង សែនករុណា បានព្រោះគាត់បដិសេធ»។
ទាក់ទងនឹងសំណងរដ្ឋប្បវេណី មេធាវី គង់ សំអុន លើកឡើងថា តុលាការក៏គួរតែពិនិត្យមើលទៅលើស្ថានភាពជីវភាពរបស់ជនត្រូវចោទដែរ ព្រោះបើកាលណា តុលាការបង្គាប់ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចការទាមទាររបស់ដើមបណ្តឹង នោះវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់បុគ្គលដែលរងបណ្តឹងនោះ។
លោក ស៊ឹង សែនករុណា បដិសេធមិនអត្ថាធិប្បាយនាពេលនេះ ដោយចង់រក្សាភាពស្ងៀមស្ងាត់។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក តាំង សារ៉ាដា ប្រធានសារព័ត៌មាន The Cambodia Daily បាននៅឡើយទេ។ ប៉ុន្តែសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃពុធ បានចេញសេចក្តីជូនដំណឹងមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្លួនបានកែសម្រួលសម្តីដកស្រង់របស់លោក ស៊ឹង សែនករុណា មួយចំនួន ដែលក្នុងនោះលុបចោលនូវសម្តីចម្រូងចម្រាស ដូចជា«គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន»។
វីអូអេបានទាក់ទងសុំការបញ្ជាក់ពីក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ប៉ុន្តែមេធាវីលោក ម៉ម ចាន់ណែត និងលោក ផូ សុធាផល បានបដិសេធមិនអត្ថាធិប្បាយ ដោយថា«ដើម្បីរក្សាការសម្ងាត់ចំពោះវិជ្ជាជីវៈមេធាវី»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាទោះបីជាសារព័ត៌មាន The Cambodia Daily បានកែសម្រួលខ្លឹមសារអត្ថបទរបស់ខ្លួនក្តី ក៏គណបក្សកាន់អំណាចនៅតែបន្តរក្សាពាក្យបណ្តឹងដែរ។ លោកថាករណីនេះទុកឲ្យតុលាការជាអ្នកសម្រេចទៅចុះ។
លោកថ្លែងថា៖ «អាស្រ័យទៅលើតុលាការពីព្រោះពាក្យបណ្តឹងបានចូលដល់ដៃតុលាការរួចហើយ។ ការកែតម្រូវពាក្យ ឬខ្លឹមសារនិយាយយ៉ាងម៉េច វាអាស្រ័យលើលទ្ធផលនៃការស្រាវជ្រាវរបស់តុលាការ ទាំងភាគី The Cambodia Daily ទាំងភាគីរបស់លោក ស៊ឹង សែនករុណា ហ្នឹងឯងបាទ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សោកស្តាយចំពោះបញ្ហាដែលកើតឡើងចំពោះមន្ត្រីការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា នាពេលនេះ។ ទោះជាយ៉ាងណា លោក អំ សំអាត ថា ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋមានសារៈសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីចូលរួមអភិវឌ្ឍប្រទេស។
លោកថ្លែងថា៖ «ទោះជាយ៉ាងណាយើងជាអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សហ្នឹង នៅតែលើកទឹកចិត្តសូមឱ្យបងប្អូនប្រជាពលរដ្ឋហ្នឹងនៅបន្តការបញ្ចេញមតិរបស់ខ្លួន ព្រោះការបញ្ចេញមតិ ដើម្បីកែលម្អ ការបញ្ចេញមតិ ដើម្បីស្ថាបនា ការបញ្ចេញមតិ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស វាជារឿងចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថា ក្រោយការព្រមានរបស់លោក ហ៊ុន សែន ក្នុងការប្តឹងផ្តល់ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានបង្ហោះសារជាអក្សរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ៥ ខែកុម្ភៈថា៖ «បេសកកម្ម សកម្មភាព និងការផ្តល់បទសម្ភាសន៍របស់ខ្ញុំក្នុងបំណងពង្រឹងការគោរពសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយនោះទេ ហើយក៏គ្មានចេតនាណាមួយវាយប្រហារបក្សនយោបាយណាមួយឡើយ។ រាល់ការសម្រង់សម្តីរបស់ខ្ញុំទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើឈ្មោះបក្សនយោបាយណាមួយនោះ វាមិនមែនជាចេតនា និងគោលបំណងរបស់ខ្ញុំនោះទេ ដូច្នេះខ្ញុំមិនទទួលស្គាល់ឡើយ»។
លោក ស៊ឹង សែនករុណា ក៏បានប្រាប់វីអូអេកាលពីថ្ងៃចន្ទថា លោកមិនបានប្រើប្រាស់ពាក្យពេចន៍ចំៗលើគណបក្សប្រជាជនកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ៕
វេទិកាបញ្ចេញមតិ