មន្រ្តីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក និងជាអ្នកនាំពាក្យ លោក ស៊ឹង សែនករុណា នៅថ្ងៃចន្ទនេះ បានបដិសេធថាលោកមិនបានប្រើប្រាស់ពាក្យពេចន៍ចំៗលើគណបក្សប្រជាជនកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ។
ការលើកឡើងរបស់លោក ស៊ឹង សែនករុណា ខណៈលោករងការព្រមានប្តឹងពីអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ថាលោកបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធានគណបក្ស តាមរយៈការផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន។
កាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថាមានការវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាពីសំណាក់លោក ស៊ឹង សែនករុណា។ លោកបានស្នើឱ្យមេធាវីពិនិត្យមើលដើម្បីដាក់ពាក្យបណ្តឹង។
លោកថ្លែងថា៖ «ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៏ដោយប្រមាថមើលងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៌សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់ខ្ញុំ)»។
លោក ហ៊ុន សែន មិនបានបញ្ជាក់ថាតើលោក ស៊ឹង សែនករុណា បានថ្លែងបែបម៉េច ហើយពាក្យសម្តីរបស់លោកត្រូវបានផ្សព្វផ្សាយនៅលើសារព័ត៌មានណាមួយឡើយ។
ប៉ុន្តែសារបង្ហោះរបស់លោក ហ៊ុន សែន ភ្ជាប់ទៅនឹងករណីរបស់លោក សុន ឆ័យ ដែលគណបក្សប្រជាជនកម្ពុជាប្តឹងករណីចោទប្រកាន់លួចបន្លំសន្លឹកឆ្នោត។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២ ខែកុម្ភៈ សារព័ត៌មានThe Cambodia Daily បានផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធនឹងអត្ថបទមួយ៖ «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង១លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច»។
លោក ស៊ឹង សែនករុណា ត្រូវបានយោងសម្តីមួយចំនួនក្នុងអត្ថបទនោះ ដោយលើកឡើងថាវិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ។ លោកត្រូវបានដកស្រង់សម្តីបន្ថែមថាគណបក្សប្រជាជនកម្ពុជាជាគណបក្សមួយមានធនធានថវិកាច្រើន ដូច្នេះគួរយោគយល់ដល់លោក សុន ឆ័យ។
លោក ស៊ឹង សែនករុណា ត្រូវបានដកស្រង់សម្តីបន្ថែម ត្រង់ចំណុចមួយ ដែលទំនងពាក់ព័ន្ធនឹងការព្រមានរបស់លោក ហ៊ុន សែន ថា៖ «ប្រភពដដែលបានឱ្យដឹងថាគណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន»។
ក្រោយការព្រមានប្តឹងពីលោក ហ៊ុន សែន លោក ស៊ឹង សែនករុណា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាលោកធ្វើការងារក្នុងបេសកកម្ម និងសកម្មភាពពង្រឹងការគោរពសិទ្ធិមនុស្ស គោរពច្បាប់ និងចង់បានយុត្តិធម៌សង្គម និងប្រជាធិបតេយ្យពិតប្រាកដ។ លោកបន្ថែមថាការផ្តល់បទសម្ភាសន៍កាលពីកន្លងទៅ លោកមានការប្រុងប្រយ័ត្ន ហើយក៏គ្មានគោលដៅវាយប្រហារគណបក្សណាមួយឡើយ។ លោកស្នើឱ្យពិនិត្យមើលសម្តីដើមរបស់លោក ប្រសិនបើមានការប្តឹងផ្តល់ណាមួយ។
លោកថ្លែងថា៖ «អ៊ីចឹងយើងក៏ទទូចសុំឱ្យមានការពិនិត្យមើលឡើងវិញពីព្រោះទាំងអស់នេះវាមិនមែនជាចេតនានៃកិច្ចការងារបេសកកម្មរបស់ខ្ញុំខ្លួនឯងផ្ទាល់ផង ក៏សមាគមអាដហុកផ្ទាល់ផងដែរ។ អ៊ីចឹងយើងធ្វើកិច្ចការងារហ្នឹងទៅតាមអាណត្តិការងារនិងតួនាទីរបស់យើងដោយប្រកាន់នូវឯករាជ្យភាព និងអព្យាក្រឹត្យភាពនៃការងាររបស់យើង»។
លោក ស៊ឹង សែនករុណា ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ថារាល់ការស្រង់ពាក្យសម្តីរបស់លោកទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើឈ្មោះបក្សនយោបាយណាមួយនោះ វាមិនមែនជាចេតនា និងគោលបំណងរបស់លោកឡើយ។
លោកបញ្ជាក់ថា៖ «ដូច្នេះខ្ញុំមិនទទួលស្គាល់ឡើយ»។
តំណាងមេធាវីគណបក្សប្រជាជនម្ពុជាលោក ម៉ម ចាន់ណែត និងលោក ផូ សុធាផល បដិសេធមិនផ្តល់ការអត្ថាធិប្បាយនៅពេលវីអូអេទាក់ទងទៅ។
មេធាវី ម៉ម ចាន់ណែត ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមជាអក្សរនៅថ្ងៃចន្ទនេះថា៖ «ពាក់ព័ន្ធជាមួយការងារនេះ ខ្ញុំសុំទុកជាការរក្សាការសម្ងាត់ក្នុងវិជ្ជាជីវ:មេធាវី»។
នាយកទទួលបន្ទុកទូទៅនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថាលោកស្តាយចំពោះករណីដែលបានកើត និងថាលោក ស៊ឹង សែនករុណ គ្រាន់តែជាអ្នកអត្ថាធិប្បាយដែលចង់ឃើញកម្ពុជាមានការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «មិនគួរមានរឿងអ៊ីចឹងកើតឡើង ដោយសារអី ដោយសារតែលោក ស៊ឹង សែនករុណា លោកធ្លាប់ធ្វើការផ្នែកសិទ្ធិមនុស្សនេះជាង២០ឆ្នាំហើយ ហើយគោលបំណងរបស់លោកដែលតែងផ្តល់បទសម្ភាសន៍ឬក៏ផ្តល់យោបល់សម្រាប់សារព័ត៌មានផ្សេងៗគឺក្នុងគោលបំណងលើកកម្ពស់សិទ្ធិមនុស្ស»។
គួរញ្ជាក់ថាលោក សុន ឆ័យ ដែលរងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាពីបទ«បរិហារកេរ្តិ៍»គ្រោងលក់ផ្ទះរបស់លោកនៅភ្នំពេញក្នុងតម្លៃជាង១លានដុល្លារអាមេរិក ដើម្បីសងជំងឺចិត្តគណបក្សកាន់អំណាច ក្នុងករណីដែលគណបក្សកាន់អំណាចបានប្ដឹងលោក កាលពីខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការរិះគន់ថាការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កន្លងទៅ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ មានការបំភិតបំភ័យ និងលួចបន្លំសន្លឹកឆ្នោតជាដើម។ តុលាការបានបង្គាប់ឱ្យលោក សុន ឆ័យ បង់ប្រាក់ជំងឺចិត្តប្រមាណ៧៥ម៉ឺនដុល្លារអាមេរិកទៅឱ្យគណបក្សកាន់អំណាច៕
វេទិកាបញ្ចេញមតិ