ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​​​​ផ្តល់​​​សច្ចានុម័ត​​​ឱ្យ​​ហ្វាំងឡង់​​ចូល​​ជា​​សមាជិក​​​អង្គការ​អូតង់


រូបឯកសារ៖ ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan (ស្តាំ) និង​ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinisto ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​នៅ​រដ្ឋធានី​អង់ការ៉ា ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan (ស្តាំ) និង​ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinisto ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​នៅ​រដ្ឋធានី​អង់ការ៉ា ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២៣។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សភា​តួកគី​បាន​ផ្តល់​សច្ចានុម័ត​ដល់​សមាជិកភាព​ប្រទេស​ហ្វាំងឡង់​ក្នុង​អង្គការ​អូតង់ ​ដោយ​បាន​បំបាត់​ឧបសគ្គចុង​ក្រោយ​បង្អស់​ដែល​បាន​រារាំងប្រទេស​នេះក្នុង​តំបន់​ខាង​ជើង​អឺរ៉ុប​មិនឱ្យចូល​រួមក្នុង​សម្ព័ន្ធ​ភាព​យោធា​លោក​ខាង​លិច។

អគ្គលេខាធិការ​អូតង់​លោក Jens Stoltenberg ​បាន​សរសេរ​តាម​ Twitter ​នៅក្រោយការ​បោះឆ្នោតរបស់​តួកគី​ថា​«ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​គ្រួសារ​អូតង់​ទាំងមូលខ្លាំងជាង​មុន​និង​មាន​សុវត្ថិភាព​ជាង​មុន»។

ហ្វាំងឡង់​និង​ស៊ុយអែតនៅ​ជិត​ខាង​ខ្លួន​បាន​បញ្ចប់​រយៈពេល​ជាច្រើន​ទសវត្សរ៍​នៃ​ការ​មិន​ចូល​រួម​ក្នុងបក្ស​សម្ព័ន្ធ​ណា​មួយដោយ​បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់ក្រោយពីរុស្ស៊ី​បាន​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំ​ទៅ។

ក្រសួងការពារប្រទេសចក្រភពអង់គ្លេសបាន​និយាយ​នៅ​ក្នុង​បច្ចុប្បន្នភាព​ខាង​ការ​ស៊ើបការណ៍សម្ងាត់​របស់​ខ្លួន​នៅ​ថ្ងៃសុក្រ​នេះ​ថា​កាលពី​ពេល​ថ្មីៗ​នេះ​ប្រទេស​អ៊ុយក្រែនបាន​ចេញ​ផ្សាយវីដេអូ​មួយ​បង្ហាញ​ថា​រ៉ាដា​រុស្ស៊ី​មួយគ្រឿង​ត្រូវ​បាន​បំផ្លាញក្នុង​តំបន់​ Donetsk។ របាយការណ៍និយាយ​ថាប្រព័ន្ធ​ទាំង​នេះ​អាចរក​ឃើញ​និងវាយ​ប្រហារលើកង​កាំភ្លើង​ធំ​របស់​សត្រូវ​បាន​យ៉ាង​រហ័ស​ ហើយ​ប្រព័ន្ធ​ទាំងនេះ​ក៏​អាច​ងាយ​រងគ្រោះ​ ដោយ​ត្រូវបាន​រក​ឃើញ​និង​ត្រូវ​បំផ្លាញ​វិញ​ដែរ។

បើតាម​ក្រសួង​នេះ​ថា ទោះ​ជា​រុស្ស៊ីនិងអ៊ុយក្រែនចង់​បង្កើនស្តុកប្រព័ន្ធនេះ​របស់​ខ្លួន​ក៏​ដោយក៏​«រុស្ស៊ី​ទំនង​ជា​នឹង​មាន​ការពិបាកដោយសារ​ប្រព័ន្ធ​ទាំង​នេះពឹងពាក់​លើ​ការ​ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកមាន​បច្ចេកវិទ្យា​ខ្ពស់ដែល​ត្រូវ​បាន​បង្អាក់​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​លើរុស្ស៊ី»។

ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​លោកកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ថ្ងៃនេះ​ជា​ថ្ងៃទី​៤០០នៃ​ការ​តស៊ូ ​ការ​តស៊ូពេញ​ទំហឹង​ ខ្ញុំ​សូម​អរគុណមនុស្សគ្រប់គ្នា​ក្នុង​ពិភពលោក​ដែល​ឈរ​ជាមួយ​អ៊ុយក្រែន...ដែល​មាន​ជំនឿ​ស៊ប់​ខ្លាំង​ដូច​គ្នា​ថា​យើង ​ជនជាតិ​អ៊ុយក្រែន​មាន​...​ជំនឿ​មាំទាំ​ថាពិភពលោកគួរផ្អែក​លើបទបញ្ញត្តិ ​លើ​បទបញ្ញត្តិប្រកប​ដោយ​អារ្យធម៌​--ផ្អែក​លើ​បទបញ្ញត្តិ​នៃ​មនុស្ស​ធម៌ ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​និង​សន្តិភាព...​យើង​នឹង​មិន​បន្សល់ទុកស្នាម​ណា​មួយរបស់​រុស្ស៊ីនៅ​លើ​ដែនដី​យើង​ឡើយ»៕

ព័ត៌មាន​ខ្លះ​នៃ​របាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​AP, AFP និង​ Reuters

XS
SM
MD
LG