ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​​ព្រមាន​ថា គ្រោះ​ថ្នាក់​​នៃ​​ការ​ប្រើ​​អាវុធ​​នុយក្លេអ៊ែរ​មាន​កម្រិត​ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់


រូបឯកសារ៖ អ្នកស្រី Izumi Nakamitsu អ្នកតំណាង​ជាន់ខ្ពស់​អ.ស.ប​.​ខាង​កិច្ចការ​​ដក​សព្វាវុធថ្លែង​កាលពី​ថ្ងៃ២៦ កុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកស្រី Izumi Nakamitsu អ្នកតំណាង​ជាន់ខ្ពស់​អ.ស.ប​.​ខាង​កិច្ចការ​​ដក​សព្វាវុធថ្លែង​កាលពី​ថ្ងៃ២៦ កុម្ភៈ ឆ្នាំ២០២០។

ក្រសួង​ការពារ​ជាតិចក្រភពអង់គ្លេស​បានឱ្យ​ដឹង​កាលពី​ថ្ងៃសៅរ៍​ ទី១ ខែ​មេសា​នៅ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​សម្ងាត់​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​អំពី​ប្រទេស​អ៊ុយក្រែនថា​នាយអគ្គសេនាធិការ​នៃ​កង​យោធពល​រុស្ស៊ី​លោក Valery Gerasimov បាន​បរាជ័យក្នុង​ការវាយលុក​ជា​ធម្មតា​មួយ​នៅ​រដូវ​រងា​នៅ​អ៊ុយក្រែនដែល​ការ​វាយលុក​នេះ​មាន​គោលដៅពង្រីក​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​លើ​តំបន់ Donbas ទាំង​មូល។

សេចក្ដីរាយការណ៍​នោះ​បាន​ឱ្យ​ដឹងថា​លោក Gerasimov បានធ្វើ​ជា​មេបញ្ជាការ​នៃ«កិច្ច​ប្រតិបត្តិការ​យោធា​ពិសេស​ក្នុង​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​រយៈពេល​៨០ថ្ងៃ ​បាន​កន្លង​ផុត​ទៅ ហើយ​ស្ថានភាពកាន់​តែ​បង្ហាញ​ថា គម្រោង​ការ​នេះ​បាន​បរាជ័យ»។

បើ​តាមក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​ រុស្ស៊ី​បាន​ពង្រីក​ការ​កាន់កាប់​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​រុស្ស៊ី​បាន​បាត់បង់​ទាហាន​រាប់​ម៉ឺន​នាក់«ភាគច្រើនដោយ​មាន​ប្រៀប​បណ្តោះ​អាសន្ននៅ​ក្នុង​ការ​កេណ្ឌ​ទាហាន​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ»។

លោកស្រី Izumi Nakamitsu ​អ្នកតំណាង​ជាន់ខ្ពស់​អ.ស.ប​.​ខាង​កិច្ចការដក​សព្វាវុធ បាន​និយាយ​ថា៖ «នៅ​ពេល​នេះ គ្រោះថ្នាក់នៃ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​មានខ្លាំង​ជាង​ពេល​ណាៗទាំង​អស់​ចាប់តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​មក»។ លោកស្រី​ថ្លែង​ទៀត​ថា៖ «សង្គ្រាម​នៅ​អ៊ុយក្រែនគឺ​ជាឧទាហរណ៍​ច្បាស់​បំផុតដែលបង្ហាញ​អំពី​គ្រោះថ្នាក់​នេះ»។

កំណត់​សម្គាល់​របស់​លោកស្រី Nakamitsu កាលពី​ថ្ងៃ​សុក្រ ​ទី​៣១ ខែ​មីនា​នៅ​ក្នុង​ការប្រជុំមួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​សេចក្តី​ប្រកាសរបស់​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin កាលពីពេល​ថ្មីៗ​នេះ​ថា​លោក​បាន​សម្រេច​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​ដាក់​អាវុធ​នុយក្លេអ៊ែរ​មិនមែន​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​បេឡារុស​នៅ​ត្រឹម​ខែ​កក្កដា​ខាង​មុខ​នេះ។ ប្រទេស​បេឡារុសជា​ប្រទេស​មួយ​នៅ​ជិត​ខាង​រុស្ស៊ី​ហើយ​ជា​សម្ព័ន្ធមិត្ត​មួយ​នៅ​ក្នុងការលុកលុយប្រទេស​អ៊ុយក្រែន​ផង​ដែរ។

លោកស្រី​ Nakamitsu បាន​ថ្លែង​ថា​ កង្វះ​ការ​សន្ទនា​គ្នា​និង​ការ​ចុះ​ថមថយ​កិច្ច​ព្រមព្រៀង​អំពី​ការ​ដក​សព្វាវុធនិង​ការ​ត្រួតត្រា​អាវុធ រួម​ជាមួយ​វោហារសាស្ត្រ​ដ៏​មាន​គ្រោះថ្នាក់​និង​ការ​គំរាមកំហែង​ដោយ​លាក់​លាម​អាច​បណ្តាល​ឱ្យ​មាន​ការ​បង្កើនការ​ប្រើប្រាស់​នុយក្លេអ៊ែរ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​និយាយ​អំពី​បញ្ហាទាក់ទិន​នឹងអាវុធ​នុយក្លេអ៊ែរ រដ្ឋ​ទាំងអស់ត្រូវ​តែ​ចៀសវាង​កុំធ្វើ​សកម្មភាព​ណា​មួយ​ដែល​អាច​នាំឱ្យ​មាន​ការ​បង្កើន​ភាព​តានតឹង កំហុស​ឬការ​ភាន់​ច្រឡំ»។

កាលពី​ថ្ងៃ​សុក្រ​ ទី​៣១ ខែ​មីនា ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko បានគំរាមកំហែង​ថា​បេឡារុសអាច​នឹង​យល់​ព្រម​ឱ្យ​ដាក់​មីស៊ីល​នុយក្លេអ៊ែរអន្តរទ្វីប​លើ​ដែនដី​ខ្លួន បន្ថែម​ពី​លើអាវុធ​នុយក្លេអ៊ែរ​កលយុទ្ធដែល​រុស្ស៊ី​បាន​សម្រេចដាក់​តាំង​ក្នុង​ប្រទេសបេឡារុស។

នៅក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ពួក​សមាជិកសភានិង​ពួក​មន្ត្រីរដ្ឋាភិបាល​ លោក Lukashenko បាន​និយាយថាអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​អាច​ជួយ​ការពារប្រទេស​បេឡារុស ដែល​លោក Lukashenko អះអាង​ថា​ស្ថិតនៅ​ក្រោម​ការ​គំរាមកំហែងពីពួក​បស្ចិម​ប្រទេស​៕

​ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG