ក្រុមអ្នកជួយសង្គ្រោះក្នុងប្រទេសតួកគីនិងស៊ីរីប្រញាប់ប្រញាល់ឱ្យទាន់ពេលវេលានៅថ្ងៃព្រហស្បតិ៍នេះ និងដោយខ្វះសម្ភារៈដើម្បីរកអ្នកនៅរស់ជាប់គាំងក្នុងកម្ទេចអគាររលំដោយសារការរញ្ជួយដីយ៉ាងខ្លាំងក្នុងតំបន់នោះកាលពីថ្ងៃចន្ទ ហើយរហូតមកដល់ពេលនេះបានបណ្តាលឱ្យមនុស្សប្រមាណ១៧.០០០នាក់ស្លាប់ហើយ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មានបុគ្គលិកប្រមាណ១១០.០០០នាក់ចូលរួមក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះ ហើយយានយន្ត៥.៥០០គ្រឿង ដូចជាត្រាក់ទ័រ ប្រដាប់ស្ទូចនិងឧបករណ៍គាស់កាយត្រូវបានបញ្ជូនទៅជួយប្រទេសដែលទើបមានវិបត្តិរញ្ជួយដីនេះ។
ប្រធានាធិបតីប្រទេសតួកគីលោក Recep Tayyip Erdogan បានទៅមើលតំបន់នៅជិតមជ្ឈមណ្ឌលនៃការរញ្ជួយដីនេះនៅជិតក្រុង Gaziantep និងនៅជិតព្រំដែនរវាងតួកគីនិងស៊ីរី។
កាលពីថ្ងៃពុធ មន្ត្រីអ.ស.ប.ជាន់ខ្ពស់ម្នាក់បានអំពាវនាវឱ្យមានការសម្រួលការផ្តល់ជំនួយដល់តំបន់កាន់កាប់ដោយពួកឧទ្ទាមក្នុងប៉ែកពាយ័ព្យនៃប្រទេសស៊ីរី ដោយព្រមានថាស្តុកជំនួយសង្គ្រោះនឹងជិតអស់ក្នុងពេលឆាប់ៗនេះ។
តំបន់កាន់កាប់ដោយក្រុមឧទ្ទាមនៅជិតព្រំដែនតួកគី ដែលរងគ្រោះដោយសារការរញ្ជួយដីមិនអាចទទួលជំនួយពីផ្នែកកាន់កាប់ដោយរដ្ឋាភិបាលដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលក្រុងដាម៉ាស់ទេ។
លោក El-Mostafa Benlamlih អ្នកសម្របសម្រួលអ.ស.ប.សម្រាប់កិច្ចការស៊ីរីបាននិយាយនៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា៖ «ចូរទុកនយោបាយដោយ ឡែក ហើយនាំគ្នាធ្វើការងារមនុស្សធម៌របស់យើង។ យើងមិនអាចចាំបាន ហើយធ្វើការចរចាទេ។ នៅពេលយើងធ្វើការចរចា អ្វីៗក៏ចប់អស់ហើយ»។
នៅក្នុងប្រទេសស៊ីរី មានមនុស្សយ៉ាងតិចណាស់២.៦៦២នាក់ត្រូវបានសម្លាប់។ នេះបើតាមរដ្ឋាភិបាលនិងក្រុមអ្នកជួយសង្ក្រោះនៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាម។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ពីក្រុងដាម៉ាស់ លោក Benlamlih បាននិយាយថា ការខ្ទេចខ្ទាំនៅក្នុងខេត្តកាន់កាប់ដោយរដ្ឋាភិបាលមាន«ច្រើន»។
លោកបានពោលថា៖ «តែយើងបានដឹងដែរថាការខ្ទេចខ្ទាំនៅក្នុងប៉ែកពាយ័ព្យប្រទេសក៏មានធំធេងដែរ ហើយយើងត្រូវការទៅទីនោះដើម្បីធ្វើការប៉ាន់ប្រមាណ»។
បើតាមមន្ត្រីអ.ស.ប.រូបនេះថាគ្មានការប្រគល់ជំនួយសង្គ្រោះថ្មីៗដល់តំបន់នោះពីខាងក្នុងប្រទេសស៊ីរីទេក្នុងពេលប៉ុន្មានបីសប្តាហ៍មកហើយ៕