ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឡាវ​រង​ការ​ជំរុញ​ឲ្យ​លុបចោល​គម្រោង​ទំនប់​វារីអគ្គិសនី Luang Prabang


រូបភាព​ឯកសារ៖ ទំនប់​មួយ​ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​ទន្លេ Nam Theun​ នៅ​ក្នុង​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ឡាវ កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១០។
រូបភាព​ឯកសារ៖ ទំនប់​មួយ​ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​ទន្លេ Nam Theun​ នៅ​ក្នុង​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ឡាវ កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១០។

អង្គការ​ការពារ​បរិស្ថាន​នានា​កំពុង​អំពាវនាវ​ឲ្យ​ប្រទេស​ឡាវ​លុបចោល​នូវ​គម្រោង​ទំនប់​វារីអគ្គិសនី​ថ្មី​ចុង​ក្រោយ​បំផុត​មួយ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​សាងសង់​នៅ​លើ​ទន្លេ​មេគង្គ។

អង្គការ​ទាំង​នោះ​បាន​ព្រមាន​ថា​ទំនប់​វារីអគ្គិសនី​នេះ​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ដែល​ពឹង​ផ្អែក​លើ​ទន្លេ​នេះ​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួកគេ។

«ដំណើរការ​ប្រឹក្សា​យោបល់​ជា​មុន» រយៈពេល ៦ ខែ សម្រាប់​គម្រោង​ទំនប់​វារីអគ្គិសនី Luang Prabang នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ៨ ខែ​តុលា ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ដៃគូ​របស់​ប្រទេស​ឡាវ​នៅ​ក្នុង​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ដូចជា​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម មាន​លទ្ធភាព​អាច​ពិនិត្យ​ឡើង​វិញ​នូវ​គម្រោង​នេះ និង​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​នានា។

ប៉ុន្តែ ក្រុម​អង្គការ​សិទ្ធិ​បរិស្ថាន​បាន​បញ្ជាក់​ថា សហគមន៍​កសិកម្ម និង​នេសាទ ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត​ដោយសារ​ទំនប់​វារីអគ្គិសនី​ដូច​នេះ បាន​ខក​ចិត្ត​ដោយសារ​ការ​ប្រឹក្សា​យោបល់​សម្រាប់​គម្រោង​ដែល​អនុម័ត​រួច​ហើយ​កាល​ពី​លើក​មុន ហើយ​ពួកគេ​រំពឹង​ថា លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​ដែរ។

ទំនប់​វារីអគ្គិសនី Luang Prabang គឺ​ជា​ទំនប់​ទី ៥ ដែល​នឹង​សាងសង់​ឡើង​តាម​បណ្ដោយ​ខ្សែ​ទឹក​ទន្លេ​មេគង្គ ដែល​ប្រទេស​ឡាវ​នឹង​ដាក់​ឲ្យ​ពិភាក្សា។ ដោយសារតែ​ទំនប់​វារីអគ្គិសនី​នេះ​អាច​ផលិត​អគ្គិសនី​បាន ១ ពាន់ ៤៦០ មេហ្គាវ៉ាត់ វា​នឹង​ក្លាយ​ជា​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​បំផុត​ក្នុង​ចំណោម​ទំនប់​វារីអគ្គិសនី​កន្លង​មក​របស់​ឡាវ។

អ្នកស្រី Pianporn Deetes ប្រធាន​ផ្នែក​យុទ្ធនាការ​ប្រទេស​ថៃ​នៃ​អង្គការ International Rivers ដែល​ជា​អង្គការ​តស៊ូ​មតិ​ឲ្យ​មាន​ការ​គ្រប់គ្រង​ទន្លេ​ប្រកប​ដោយ​ចីរភាព និយាយ​ដូច្នេះ​ថា៖ «សម្រាប់​ដំណើរការ​ប្រឹក្សា​យោបល់​ជា​មុន​ចំនួន ៤ លើក​កន្លង​មក ដែល​យើង​បាន​ឃើញ យើង​ឃើញ​ថា​មាន​ចន្លោះ​ប្រហោង​យ៉ាង​ធំ និង​មិន​មាន​ការ​ដាក់​បញ្ចូល​នូវ​សហគមន៍​ដែល​រង​ការ​ប៉ះពាល់​នៅ​ក្នុង​ដំណើរការ​នេះ​ទេ»។

អ្នកស្រី​បាន​ប្រាប់ VOA ដូច្នេះ​ថា៖ «សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ដំណើរការ​ប្រឹក្សា​យោបល់​នេះ​គឺ​គ្រាន់តែ​ជា​ការ​ប្រថាប់​ត្រា​ដើម្បី​ឲ្យ​មាន​ការ​សម្រេច​អនុម័ត​លើ​គម្រោង​នេះ​តែ​ប៉ុណ្ណោះ»។

ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​មិន​អាច​មាន​សិទ្ធិ​ជំទាស់​ទៅ​នឹង​គម្រោង​របស់​សមាជិក​ណា​មួយ​ទាក់ទិន​នឹង​ទន្លេ​មេគង្គ នៅ​ក្នុង​អំឡុង​ពេល​ប្រឹក្សា​យោបល់​នោះ​បាន​ទេ គឺ​គ្រាន់តែ​មាន​សិទ្ធិ​ត្អូញត្អែរ និង​ស្នើ​ជា​យោបល់​តែ​ប៉ុណ្ណោះ។

ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​អំពី​ទំនប់​វារីអគ្គិសនី Xayaburi កាល​ពី​លើក​មុន រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន Xayaburi Power ដែល​ជា​អ្នក​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ បាន​ធ្វើ​ការ​កែប្រែ​មួយ​ចំនួន​ដើម្បី​ជួយ​ឲ្យ​ត្រី​អាច​ហែល​ឆ្លង​កាត់​បាន។

ប៉ុន្តែ អ្នក​ស្រាវជ្រាវ និង​អង្គការ​ការពារ​បរិស្ថាន​នានា​បាន​បញ្ជាក់​ថា ការ​កែប្រែ​នេះ​ប្រហែល​ជា​គ្មាន​ភាព​ខុស​គ្នា​ច្រើន​អ្វី​នោះ​ទេ ដោយ​ទំនប់​ខ្លះ​ត្រូវ​បាន​គេ​ប្រើ​ធ្វើ​ជា​គំរូ​នៅ​លើ​ទន្លេ​ដែល​មាន​ស្ថានភាព​ផ្សេងៗ​គ្នា។ លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​លើក​ឡើង​ថា ខ្លួន​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​តើ​ទំនប់​វារីអគ្គិសនី​នេះ​អាច​ជួយ​បាន​ច្រើន​ប៉ុណ្ណា​នោះ ដោយសារតែ​ក្រុមហ៊ុន​មិន​បាន​ចែក​រំលែក​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់។

ក្រុម​អង្គការ​ការពារ​បរិស្ថាន​បញ្ជាក់​ថា ការ​ប្រឹក្សា​យោបល់​ទាំង​នេះ​មិន​បាន​ជោគជ័យ​អ្វី​នោះ​ទេ។

យុទ្ធនាការ Save the Mekong ដែល​ជា​សម្ព័ន្ធ​ភាព​នៃ​ប្រជាពលរដ្ឋ​ដែល​ខ្វាយខ្វល់​អំពី​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ទំនប់​វារីអគ្គិសនី និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​តំបន់​អាង​ទន្លេ​មេគង្គ កំពុង​ជំរុញ​ឲ្យ​ប្រទេស​ឡាវ​លុប​ចោល​គម្រោង​ទំនប់​វារីអគ្គិសនី Luang Prabang នេះ និង​ទំនប់​វារីអគ្គិសនី​ផ្សេង​ទៀត ដែល​ឡាវ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​តាម​ទន្លេ​មេគង្គ។

យុទ្ធនាការ Save the Mekong នេះ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា៖ «មាន​សញ្ញា​តិច​តួច​ប៉ុណ្ណោះ​ដែល​បង្ហាញ​ថា ដំណើរការ​ប្រឹក្សា​យោបល់​ជា​មុន​សម្រាប់​គម្រោង​ទំនប់​វារីអគ្គិសនី Luang Prabang នេះ​ខុស​ពី​ដំណើរការ​ប្រឹក្សា​យោបល់​ជា​មុន​កាល​ពី​លើក​មុនៗ ឬ​ក៏​បង្ហាញ​ថា ដំណើរការ​ប្រឹក្សា​យោបល់​នេះ​នឹង​អាច​ធានា​ឲ្យ​មាន​នូវ​ស្តង់ដារ​អប្បបរមា​នៃ​តម្លាភាព និង​ការ​ទទួល​ខុស​ត្រូវ​នោះ នេះ​មិន​បាច់​និយាយ​ដល់​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ប្រកប​ដោយ​ផ្លែផ្កា​ពី​សហគមន៍​ដែល​រង​ការ​ប៉ះពាល់ សង្គម​ស៊ីវិល និង​សាធារណជន​ទូទៅ​ផង»។

សេចក្ដី​ប្រកាស​របស់​យុទ្ធនាការ​នេះ​បាន​បន្ថែម​ថា៖ «ជា​ជាង​ចាប់ផ្ដើម​នូវ​ដំណើរការ​ប្រឹក្សា​យោបល់​ជា​មុន​ដែល​មាន​គុណវិបត្តិ​មួយ​ទៀត យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ស្ថិត​នៅ​តំបន់​ទន្លេ​មេគង្គ​ខាង​ក្រោម និង​គណៈកម្មការ​ទន្លេ​មេគង្គ​ឲ្យ​ដោះស្រាយ​ការ​ព្រួយ​បារម្ភ​ដែល​មិន​ទាន់​ដោះស្រាយ​នេះ​ទាក់ទិន​នឹង​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​នានា​តាម​ខ្សែ​ទឹក​ទន្លេ​មេគង្គ និង​ធ្វើ​ការ​វាយ​តម្លៃ​ដ៏​ទូលំទូលាយ​ដើម្បី​សិក្សា​ពី​ជម្រើស​ដទៃ​ទៀត»។

ការ​សិក្សា​រយៈពេល ៦ ឆ្នាំ របស់​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ បាន​រក​ឃើញ​ថា ផល​ប៉ះពាល់​ជា​បន្តបន្ទាប់​នៃ​ទំនប់​វារីអគ្គិសនី​ចំនួន ១១ ដែល​គ្រោង​សាងសង់​ឡើង​តាម​ខ្សែ​ទឹក​ទន្លេ​មេគង្គ​នៃ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​នៅ​ត្រឹម​ឆ្នាំ ២០៤០ ដែល​ទំនប់ ៩ នៅ​ក្នុង​ប្រទេស​ឡាវ ហើយ​ទំនប់ ២ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ គឺ​គំរាម​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សន្តិសុខ​ស្បៀង​អាហារ​នៃ​តំបន់​ទាំង​មូល។ ការ​សិក្សា​នេះ​បាន​បញ្ជាក់​ថា ទំនប់​វារីអគ្គិសនី​ទាំង​នេះ​នឹង​កាត់​បន្ថយ​ទិន្នផល​ត្រី​នៅ​ទូទាំង​អាង​ទន្លេ​មេគង្គ​យ៉ាង​តិច​ត្រឹម ៤០ ភាគរយ ឬ​ក៏​អាច​ច្រើន​ជាង​នេះ​ពីរ​ដង​ក៏​ថា​បាន។

ការ​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​សម្រាប់​ទំនប់​វារីអគ្គិសនី Luang Prabang នេះ​ផ្ទាល់ បាន​បង្ហាញ​ថា ទំនប់​វារីអគ្គិសនី​នេះ​នឹង​ធ្វើ​ឲ្យ​ត្រី​ដែល​ផ្លាស់ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​មាន​ការ​លំបាក​ជាង​មុន​នៅ​ក្នុង​ការ​ហែល​បញ្ច្រាស​ចរន្ត​ទឹក ហើយ​ភាគ​ច្រើន​នៃ​ត្រី​ដែល​អាច​ហែល​បញ្ច្រាស​ចរន្ត​ទឹក​រួច​នឹង​អាច​រក​ជម្រក​សម្រាប់​បង្ក​បង្កើត​ពង​បាន​តិចតួច​ប៉ុណ្ណោះ។

ការ​វាយ​តម្លៃ​នេះ​បាន​បន្ថែម​ថា ការ​សិក្សា​មួយ​ចំនួន​ដែល​មាន​គោល​បំណង​ជួយ​ប្រទេស​ឡាវ​ឲ្យ​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​មាន​ភាព​ធូរស្រាល​ជាង​មុន នឹង​ធ្វើ​ឡើង​នៅ​ពេល​ដែល​គម្រោង​នេះ​ឈាន​ដល់​ដំណាក់កាល​សាងសង់​តែ​ប៉ុណ្ណោះ។

ទោះបីជា​មាន​ការ​ព្រមាន​ក៏​ដោយ រដ្ឋាភិបាល​ឡាវ​នៅតែ​បន្ត​ទៅ​មុខ​នូវ​គម្រោង​របស់​ខ្លួន​នៅ​ក្នុង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​លើ​ទន្លេ​មេគង្គ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ប្រទេស​ឡាវ​បាន​ក្លាយជា «អាគុយ​នៃ​ទ្វីប​អាស៊ី»។

ប៉ុន្តែ ក្រុម​អង្គការ​ការពារ​បរិស្ថាន​បាន​បញ្ជាក់​ថា ការ​ទស្សន៍ទាយ​អំពី​ការ​ប្រើប្រាស់​អគ្គិសនី​បាន​បង្ហាញ​ថា បណ្ដា​ប្រទេស​ជិត​ខាង​នឹង​មិន​ត្រូវការ​បរិមាណ​អគ្គិសនី​ដែល​ទំនប់​វារីអគ្គិសនី​ទាំង​នេះ​នឹង​ផលិត​បាន​នោះ​ទេ ដោយសារតែ​មាន​ជម្រើស​ដែល​ប្រសើរ​ជាង​នេះ​ច្រើន​ណាស់។

អ្នកស្រី Pianporn នៃ​អង្គការ International Rivers បាន​និយាយ​ថា៖ «គេ​ចាំបាច់​ត្រូវ​ចោទ​សួរ​រក​មូលហេតុ​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី Luang Prabang នេះ ហើយ​សំណួរ​នេះ​ត្រូវ​ឆ្លើយ​ដោយ​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អំពី​មូលហេតុ​ដែល​ធនធាន​សំខាន់ៗ​នៃ​អាង​ទន្លេ​មេគង្គ​ត្រូវ​បាន​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី ធនាគារ និង​អ្នក​អភិវឌ្ឍ​កេង​ប្រវ័ញ្ច​ជា​បន្តបន្ទាប់ ដោយ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ផល​ប៉ះពាល់​ដែល​កំពុង​មាន​សព្វថ្ងៃ​ដែល​បណ្ដាល​មក​ពី​គម្រោង​នេះ»។

លោក Syamphone Sengchandala ប្រធាន​ផ្នែក​គ្រប់គ្រង និង​សម្របសម្រួល នៃ​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ប្រទេស​ឡាវ បាន​ប្រាប់ VOA ថា លោក​គ្មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​ទំនប់​វារីអគ្គិសនី​ទាំង​នេះ​ទេ ហើយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ទៅ​ឲ្យ​ក្រសួង​ថាមពល​ជា​អ្នក​ឆ្លើយ​វិញ ប៉ុន្តែ VOA មិន​អាច​ទាក់ទង​ក្រសួង​ថាមពល​នោះ​សុំ​ការ​បំភ្លឺ​បាន​ទេ។

អ្នក​ទទួល​ភ្ញៀវ​នៃ​ក្រុមហ៊ុន PetroVietnam ដែល​ជា​សហគ្រាស​របស់​ប្រទេស​វៀតណាម​ទទួល​បន្ទុក​សាងសង់​ទំនប់​វារីអគ្គិសនី Luang Prabang នេះ បាន​បដិសេធ​មិន​ព្រម​ភ្ជាប់​ទូរស័ព្ទ​របស់ VOA ជាមួយ​នឹង​មន្ត្រី​ក្រុមហ៊ុន ឬ​ក៏​បុគ្គលិក​ផ្នែក​ទំនាក់ទំនង និង​បាន​និយាយ​ថា បើ​តាម​គោល​នយោបាយ​របស់​ក្រុមហ៊ុន សំណើ​សុំ​ការ​អត្ថាធិប្បាយ​ណា​មួយ​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​ការ​ផ្ញើ​ជា​សំបុត្រ។

នៅ​ក្នុង​ចម្លើយ​ដែល​ត្រៀម​សម្រាប់ VOA លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ទទួល​ស្គាល់​ថា ដំណើរការ​ប្រឹក្សា​យោបល់​នេះ «គ្មាន​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​នោះ​ទេ​នៅ​ពេល​បច្ចុប្បន្ន​នេះ»។

លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​នេះ​បាន​បញ្ជាក់​ថា ខ្លួន​បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​ការ​ឆ្លើយតប​ពី «ភាគី​ពាក់ព័ន្ធ​នានា» និង​កំពុង​សិក្សា​លើ​ការ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​សម្រាប់​គម្រោង​នីមួយៗ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​បន្ថែម​នូវ «ផែនការ​សកម្មភាព​រួម​គ្នា» ផង​ដែរ ដែល​ជា​ដំណើរការ​មួយ​ដែល​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ និង​ប្រទេស​ផ្សេង​ទៀត​អាច​បន្ត​ពិភាក្សា​គ្នា​បាន នៅ​ពេល​ដែល​ដំណើរការ​ប្រឹក្សា​យោបល់​រយៈពេល ៦ ខែ​នេះ បាន​បញ្ចប់។

លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​បញ្ជាក់​ថា ប្រសិនបើ​គ្មាន​ការ​ប្រឹក្សា​យោបល់​នេះ​ទេ នោះ​ការ​ធ្វើ​ឲ្យ​គម្រោង​ទំនប់​វារីអគ្គិសនី Xayaburi មាន​ភាព​ប្រសើរ​ឡើង​នោះ នឹង​មិន​បាន​កើត​ឡើង ហើយ​ឯកសារ​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​ផ្សេង​ទៀត​នឹង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ឡើយ។

លេខាធិការដ្ឋាន​នេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​ជឿ​ថា ដំណើរការ​ប្រឹក្សា​យោបល់​ជា​មុន​បាន​ធ្វើ​តាម​គោល​បំណង​របស់​ខ្លួន និង​បាន​ឆ្លើយតប​ស្រប​តាម​បេសកកម្ម​របស់​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ។ ប៉ុន្តែ ដោយសារតែ​វា​ជា​ដំណើរការ យើង​ទទួល​ស្គាល់​ថា វា​តែងតែ​មាន​ចន្លោះ​ប្រហោង​ជា​មិន​ខាន»។

លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​លើក​ឡើង​ថា ការ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន​ទាំង​នោះ​មាន​ដូចជា​ការ​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង ដែល​ផ្ដោត​លើ​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​នីមួយៗ​ដែល​អាច​នឹង​កើត​ឡើង​លើ​ប្រទេស​ផ្សេង​ក្រៅ​ពី​ប្រទេស​ដែល​សាងសង់​ទំនប់​វារីអគ្គិសនី និង​ការ​ស្ដាប់​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ភូមិ និង​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ទោះបីជា​បន្ទាប់ពី​ពេល​ដែល​ដំណើរការ​ប្រឹក្សា​យោបល់​នេះ​បញ្ចប់​ទៅ​ក៏​ដោយ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG