ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា វៀតណាម ថៃ និង​ឡាវ ផ្ដើម​ជជែក​ពី​ទំនប់​អគ្គិសនី​ហ្លួងព្រះបាង​ក្រោម​កង្វល់​ពី​ក្រុម​ការពារ​បរិស្ថាន


កិច្ចប្រជុំ​លើក​ទី​មួយ​របស់​ក្រុម​ការងារ​ថ្នាក់​តំបន់ ស្តីពី​ការពិគ្រោះ​យោបល់​ជាមុន សម្រាប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ហ្លួងព្រះបាង ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ នៅ​ថ្ងៃទី​៨ ខែ​តុលា​​ ឆ្នាំ២០១៩។ (ផ្តល់​ដោយ​លេខា​ធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ)
កិច្ចប្រជុំ​លើក​ទី​មួយ​របស់​ក្រុម​ការងារ​ថ្នាក់​តំបន់ ស្តីពី​ការពិគ្រោះ​យោបល់​ជាមុន សម្រាប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ហ្លួងព្រះបាង ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ នៅ​ថ្ងៃទី​៨ ខែ​តុលា​​ ឆ្នាំ២០១៩។ (ផ្តល់​ដោយ​លេខា​ធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ)

ទោះជា​មាន​ការរិះគន់​ពី​ក្រុម​អ្នកការពារ​បរិស្ថាន ក្រុម​មន្ត្រី​នៃ​ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ​ចំនួន​បួន បាន​ចាប់​ផ្ដើម​ពិភាក្សា​គ្នា​ជំហាន​ដំបូង​ដើម្បី​វាយតម្លៃ​លើ​លទ្ធភាព​សាងសង់​ទំនប់​វារីអគ្គិសនី​ហ្លួងព្រះបាង​ នៅ​ក្នុង​ប្រទេស​ឡាវ។

ក្រុម​ការងារ​ថ្នាក់​តំបន់​មកពី​ប្រទេស​កម្ពុជា វៀតណាម ថៃ​និង​ឡាវ បានចាប់​ផ្ដើម​ពិភាក្សា​គ្នាអំពី​ផល​ប៉ះពាល់​នៃគម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ហ្លួងព្រះបាង​ (Luang Prabang) ទោះ​បី​ជា​មានការ​រិះគន់​ពី​ក្រុម​ការពារ​បរិស្ថាន​ថា​ ទំនប់​នេះ​នឹង​បង្ក​ឲ្យ​ទន្លេ​មេគង្គ​ជួប​វិបត្តិ​កាន់តែធ្ងន់ធ្ងរ​ឡើង​ថែម​ទៀត។

​ទំនប់​វារីអគ្គិសនីហ្លួងព្រះបាង​ ដែល​នឹង​សង់​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១៣៧២​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ប្រទេស​កម្ពុជា​ និង​ឡាវ។

កិច្ច​ប្រជុំ​នៃ​ក្រុម​មន្ត្រី​តំណាង​ប្រទេស​ទាំងបួនបាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃអង្គារ​ទី​៨​ខែ​តុលា​នេះ​ដើម្បី​ពិភាក្សា​លើ​ផល​វិជ្ជមាន​និង​ផល​ប៉ះពាល់ពី​ទំនប់​វារីអគ្គិសនី​កម្រិត​១,៤៦០​ មេហ្គាវ៉ាត់​នេះ​។ ក្រុម​ប្រទេស​ដែល​ជាប់​ពាក់​ព័ន្ធ​មាន​រយៈ​ពេល​ប្រាំមួយ​ខែ ដើម្បី​ធ្វើ​ការវាយតម្លៃ​មុន​នឹង​សម្រេច​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​ដំណើរ​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​នេះ។

លោក​ ​គល់ វឌ្ឍនា​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ ដែល​ទទួល​បន្ទុក​លើ​ការ​ពិនិត្យ​ឯកសារ​គម្រោង​ទំនប់ហ្លួងព្រះបាង បាន​ប្រាប់​វីអូអេ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​មិនទាន់​អាច​បញ្ជាក់​ពី​ផល​ប៉ះ​ពាល់​នៃ​គម្រោង​សាងសង់​ទំនប់​ហ្លួងព្រះបាង​នេះបាន​នៅ​ឡើយ​ទេ​ ដោយសារ​លោក​ទើបតែ​ទទួល​បាន​ឯកសារ​គម្រោង​ពី​ភាគី​ឡាវ។

«គឺ​យើង​ពិនិត្យ​ហើយ​ យើង​នឹង​លើក​ជា​អនុសាសន៍​ជាច្រើន​ដើម្បី​ធ្វើ​ម៉េច​ កាត់​បន្ថយ​ឲ្យ​ដល់​កម្រិត​អប្បបរមា​នូវ​ផល​ប៉ះពាល់ មក​ខ្សែទឹក​ខាង​ក្រោម។ បើ​សិន​ណា​ជា​គម្រោង​ហ្នឹង​ដំណើរ​ការ​ យើង​ឃើញ​ថាមាន​ផល​ប៉ះពាល់​ យើង​ត្រូវ ​យើង​មើល​ យើង​ពិភាក្សា​ហើយ​ យើង​នឹង​ចេញ​ជា​អនុសាសន៍​ឲ្យ​វា mitigation measure មានន័យ​ថា​ វិធានការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ហ្នឹង»។

ទំនប់​វារីអគ្គិសនី​ហ្លួងព្រះបាង ស្ថិត​នៅ​ចន្លោះ​ទំនប់​ Pak Beng ​នៅ​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ​ និង​ទំនប់​ Xayaburi ដ៏​ចម្រូង​ចម្រាស់​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​ទន្លេ​មេគង្គ​និង​ដែល​សាង​សង់​ជិត​រួច​រាល់។

​ការ​សាងសង់ទំនប់​ហ្លួងព្រះបាង ​ត្រូវ​រំពឹង​ថា​ នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០២០​ ហើយ​និង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២៧។ ​ថាមពល​ដែល​ផលិត​បាន​ពី​ទំនប់​នេះ ​អាច​នឹង​ត្រូវ​លក់​ឲ្យ​ទៅ​ប្រទេស​ថៃ​ ឬ​វៀតណាម។

ក្នុង​ពេល​នេះ​ប្រទេស​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ខ្សែ​ទឹក​ទន្លេ​មេគង្គ ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​លើ​ផ្នែកជលសាស្ត្រ​ និង​កម្លាំង​ទឹក (Hydrology and Hydraulics) ផ្នែក​កំណក​កករ​ និង​រូបសាស្ត្រ​ទន្លេ​ (Sediment & Morphology) គុណភាព​ទឹក សុខ​ភាព​ប្រព័ន្ធ​អេកូឡូស៊ី​ (Water quality, aquatic ecosystem health & environment flow) ផ្នែក​ជលផល និង​សុវត្ថិភាព​ទំនប់​ ផ្នែក ​នាវាចរណ៍​ និង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​-សង្គម​ ឆ្លងដែន ​(Transboundary socio-economic impact)​ មុននឹង​អនុញ្ញាត​ឲ្យ​មានការ​សាងសង់។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​មួយ​របស់​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។​

VOA ​មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោកដាវង់ ផនកែវ ​(Daovong Phonekeo) ​លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល​និង​រ៉ែ​របស់​ប្រទេស​ឡាវ​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​

សម្ព័ន្ធ​សង្គ្រោះ​ទន្លេ​មេគង្គ​ ឬ​ Save the Mekong Coalition បាន​អំពាវនាវ​ឲ្យ​លុប​ចោល​គម្រោងសាងសង់​ទំនប់​ហ្លួងព្រះបាង និង​ទំនប់​ផ្សេងៗទៀត​ដែល​បាន​គ្រោង​នឹង​សង់​លើ​ដង​ទន្លេ​មេ​ទន្លេ​មេគង្គ ដោយ​អង្គការ​ការពារ​បរិស្ថាន​អន្តរជាតិ​មួយ​នេះ លើក​ឡើង​ថា​ទន្លេ​មេគង្គ​កំពុង​ជួប​វិបត្តិ​ ដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​សង់​បន្ថែម​ទំនប់​ទៀត​នោះ​ទេ។​ ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួនមួយ​ចុះ​ថ្ងៃ​ទី​៨ ខែ​ តុលា​ អង្គការ​Save the Mekongគូស​បញ្ជាក់ថា​ ការប្រែប្រួល​អាកាស​ធាតុ​ និង​ទំនប់​ធំៗ​នៅ​លើ​តួ​មេ​ទន្លេ​មេគង្គ​ ហើយ​និង​ដៃ​ទន្លេ​នេះ​ បាន​ធ្វើ​ឲ្យ​ពិបាក​ធ្វើ​ការ​ទស្សន៍ទាយ​ពី​លំហូរ​ និង​កម្រិត​ទឹក។​ ទំនប់​វារីអគ្គិសនី​ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​កាន់​តែ​អាក្រក់​ឡើង​ទៅ​លើ​ទន្លេ​ និង​ប្រជាជន។​ ទំនប់ធំ​ៗ​ ដែល​គ្រោង​សង់​លើ​ដង​ទន្លេ​មេ​ទន្លេ​មេគង្គ​គឺជា​ការ​បង្ក​ហេតុ​ដ៏​ចម្បង​ និង​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​ទន្លេ​មេគង្គ​នោះ​ទេ។

លោក​ គល់ វឌ្ឍនា​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ អះអាង​ថា​ ការ​អធិប្បាយ​របស់​អង្គការ ​Save the Mekong​ គឺ​ជា​អនុសាសន៍​ដែល​នឹង​ត្រូវ​បាន​គេ​យក​មក​ពិចារណា​នៅ​ក្នុង​វេទិកា​ភាគី​ពាក់​ព័ន្ធ​ក្នុង​តំបន់​ ដែល​នឹង​ធ្វើ​ឡើង​ចំនួន​ពីរ​ដង​ ក្នុង​ពេល​នៃ​ការពិគ្រោះ​យោបល់​មុន​នឹង​សម្រេច​ឲ្យ​មាន​ការ​សាង​សង់ទំនប់​ហ្លួងព្រះបាង​នេះ៕

XS
SM
MD
LG