កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានប្រកាសជាផ្លូវការអំពីការស្ថាបនាទំនប់វារីអគ្គិសនីនៅលើស្ទឹងក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទំនប់ដែលមានទំហំថាមពល៨០មេហ្គាវ៉ាត់ និងតម្លៃជាង២៣០លានដុល្លារអាមេរិកនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៩នេះ។ អាជ្ញាធរបានឲ្យដឹងថា ប្រជាពលរដ្ឋជាង៣៥០គ្រួសារ ស្មើនឹងជាង១.៤០០នាក់ នឹងរងផលប៉ះពាល់ពីការសាងសង់នេះ។ ក្រៅពីដីធ្លីរាប់រយហិកតា និងដំណាំ ដែលរងផលប៉ះពាល់ ក៏មានផ្ទះជិត១០០ខ្នង ត្រូវប្រឈមនឹងការរុះរើផងដែរ។ ពលរដ្ឋដែលរងគ្រោះបានលើកឡើងថា ពួកគេរង់ចាំសំណងសមរម្យមួយពីក្រុមហ៊ុន និងរដ្ឋាភិបាល។
ភូមិអន្លង់ក្រូច ខេត្តពោធិ៍សាត់ - លោក ខៀវ ហ៊ីម និងភរិយារបស់លោក អ្នកស្រី ប៊ុន គឹមអេង ដែលជាជនជាតិដើមភាគតិចជង និងព័រ បានដាំដើមក្រូចពោធិ៍សាត់ជិតមួយពាន់ដើមនៅលើដីទំហំជាងបីហិកតារបស់ពួកគាត់ ដែលស្ថិតនៅក្នុងភូមិអន្លង់ក្រូច ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជាង៣ឆ្នាំមកហើយ ដែលពួកគាត់បានមើលថែដើមក្រូចទាំងនេះ។ ពួកគាត់នឹងប្រមូលផលក្រូចដំបូងនៅចុងខែមេសានេះ។ ប៉ុន្តែក្តីសង្ឃឹមទទួលផលយូរអង្វែងពីដើមក្រូចទាំងនេះ បានបាត់បង់ទៅវិញ ក្រោយពួកគាត់ដឹងថា ដីរបស់ពួកគាត់ស្ថិតក្នុងតំបន់បាតខ្ទះនៃការធ្វើទំនប់វារីអគ្គិសនីនៅលើដងស្ទឹង ក្បែរផ្ទះ។
លោក ខៀវ ហ៊ីម អាយុ៦៤ឆ្នាំ បានថ្លែងប្រាប់ VOA នៅផ្ទះរបស់លោកដែលព័ទ្ធដោយដើមក្រូចថា លោកដាំក្រូចទាំងនេះ ដោយលោកសង្ឃឹមថា នឹងទទួលផលជាបន្តបន្ទាប់រហូតដល់លោកចាស់ ធ្វើការលែងកើត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំនឹកឃើញដាំក្រូច ដើម្បីទប់ទល់នៅពេលខ្ញុំធ្វើការអីលែងកើត។ ដល់ខ្ញុំធ្វើការលែងកើត ទទួលតែផលក្រូចទៅ។ ហើយដល់លិចទៀត គឺចប់ហ្មង។ ដូចឡើងឈើលែងដៃ។ មានដីក៏ដាំអត់បានទទួលផលដែរ។ ទម្រាំក្រូចផ្លែ ខ្ញុំងាប់បាត់ហើយ»។
លោក ហ៊ីម និង អ្នកស្រី គឹមអេង រស់នៅជាមួយគ្នាក្នុងផ្ទះមួយ ដោយចិញ្ចឹមចៅប្រុសម្នាក់អាយុ១៥ឆ្នាំ។ កូនរបស់ពួកគាត់៤នាក់ បានរៀបការ និងរស់នៅក្នុងផ្ទះបែកពីពួកគាត់។
រដ្ឋាភិបាលបានចុះសិក្សាតំបន់មួយនេះជាច្រើនឆ្នាំមកហើយ ដើម្បីស្ថាបនាទំនប់វារីអគ្គិសនីមួយ ដែលមានទំហំថាមពល៨០មេហ្គាវ៉ាត់។ ទំនប់ដែលមានតម្លៃជាង២៣០លានដុល្លារអាមេរិកនេះ នឹងត្រូវស្ថាបនាដោយក្រុមហ៊ុន SPHP Cambodia ដែលមានភាគហ៊ុនរួមគ្នារវាងចិន និងកូរ៉េ។ គម្រោងវារីអគ្គីសនីនៅពោធិ៍សាត់នេះ នឹងត្រូវធ្វើឡើងក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) សម្រាប់រយៈពេល៣៩ឆ្នាំ ដែលមានន័យថា បន្ទាប់ពីក្រុមហ៊ុនប្រើប្រាស់វារីអគ្គីសនីនេះបានរយៈពេល៣៩ឆ្នាំ នោះ ក្រុមហ៊ុននឹងប្រគល់វាឲ្យរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងទាំងស្រុង។
នេះជាទំនប់មួយទៀត បន្ទាប់ពីទំនប់វារីអគ្គិសនីអាតៃ ដែលស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រទេសកម្ពុជាកំពុងតែខ្វះភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់។ ភ្លើងនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ក៏ដូចជានៅទូទាំងប្រទេស បានដាច់ជាបន្តបន្ទាប់ផងដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រម៉ោយដែលបានដឹងថា ដី ផ្ទះសម្បែង និងដំណាំរបស់ពួកគេនឹងរងផលប៉ះពាល់ កំពុងរង់ចាំមើលសំណង និងចង់ដឹងថា តើទំនប់នោះប៉ះពាល់ការរស់នៅរបស់ពួកគេដល់កម្រិតណា។
លោក សុន ប្រុស អាយុ៤៩ឆ្នាំ ដែលជាអតីតទាហានពិការម្នាក់ដោយសារគ្រាប់មីននៅទសវត្សរ៍ឆ្នាំ១៩៨០ សង្ឃឹមថានឹងមានការផ្តល់សំណងសមរម្យមួយដល់រូបលោក។
លោកបានថ្លែងប្រាប់ VOA នៅផ្ទះរបស់លោកថា៖ «ឲ្យបងជួយអំពាវនាវខាងអង្គការធ្វើទំនប់វារីអគ្គិសនីហ្នឹង ឲ្យជួយសងសំណងហ្នឹង ឲ្យត្រឹមត្រូវផង កុំឲ្យលេង១.០០០(ដុល្លារ) ២.០០០(ដុល្លារ)អី ពួកខ្ញុំ អត់ព្រមទេ។ សុខចិត្តដាច់ក្បាល ក៏អត់ចេញពីដីខ្ញុំដែរ ព្រោះបើចេញពីដី១.០០០ ២.០០០អី ខ្ញុំមិនដឹងទៅរកលុយឯណាទៅទិញ(កន្លែងផ្សេង) រកស៊ីចិញ្ចឹមជីវិត»។
អ្នកភូមិម្នាក់ទៀតដែលរស់នៅជាប់នឹងមាត់ស្ទឹង គឺលោក ចាប ចិន្តា អាយុ៥៩ឆ្នាំ បានថ្លែងថា ការរស់នៅទីនេះមានភាពងាយស្រួលសម្រាប់ការដាំដំណាំ និងរកត្រីនៅតាមដងស្ទឹង។ លោកមានបំណងទៅរស់នៅផ្ទះឪពុកក្មេករបស់លោកដែលមានចម្ងាយជិត១០គីឡូម៉ែត្រពីទីតាំងបច្ចុប្បន្ន នៅពេលក្រុមហ៊ុនសម្រេចថា លោកត្រូវចេញពីតំបន់នោះ។
លោកមានប្រសាសន៍ថា៖ «លំបាកហើយ យើងធ្លាប់នៅហ្នឹង។ ធ្លាប់នេះ បន្លែបង្ការខ្លួនយើង។ ទៅដល់នោះ ត្រូវទិញគេ ដីយើងតូច ដាំដំណាំមិនកើតដូចយើងនៅនេះទេ។ នេះបើថាអត់ ចុះតែស្ទឹង ដាក់តែមង ដាក់តែអី បានហូបហើយ»។
លោកបានបញ្ជាក់បន្ថែមថា៖ «អន់ចិត្តតិចដែរ។ ធ្វើម៉េច បើតម្រូវអញ្ចឹងហើយ។ មិនមែនតែយើងណា វាទាំងអស់តែគ្នា។ មិនមែនប៉ះតែយើង ប៉ះគ្រប់តែគ្នា។ គេម៉េច យើងម៉េច យើងគិតទៅអញ្ចឹងវិញទៅ»។
បើតាមទិន្នន័យដែលផ្តល់ដោយអាជ្ញាធរឃុំប្រម៉ោយ ប្រជាពលរដ្ឋជាង៣៥០គ្រួសារស្មើនឹងជាង១.៤០០នាក់ នឹងរងផលប៉ះពាល់ដោយការសាងសង់វារីអគ្គីសនីនេះ។ ក្រៅពីដីធ្លីរាប់រយហិកតា និងដំណាំ ដែលរងផលប៉ះពាល់ ផ្ទះជិត១០០ខ្នង ក៏ប្រឈមនឹងការរុះរើផងដែរ។
មេឃុំប្រម៉ោយ លោកស្រី សេក សំអាត បានប្រាប់ VOA នៅផ្ទះរបស់លោកស្រីថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកំពុងព្រួយបារម្ភរឿងសំណង ហើយពួកគេចង់បានសំណងសមរម្យ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា រាល់ការសម្រេច គឺអាស្រ័យថ្នាក់លើ។ ហើយលោកស្រីមិនមានជំនឿថាបានច្រើននោះទេ។
លោកស្រីមានប្រសាសន៍ថា៖ «ដូចអត់មានភាពកក់ក្តៅអីផង មិនដឹងបាន ដឹងអត់ទេ។ វាអត់ច្បាស់»។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែនិងថាមពល បានថ្លែងប្រាប់ VOA ថាដំណើរការសាងសង់ដែលមានរយៈពេល៤ឆ្នាំ នឹងអាចចាប់ផ្តើមចុងឆ្នាំនេះ។ លោកបញ្ជាក់ថា រដ្ឋាភិបាលកំពុងពិភាក្សាដើម្បីផ្តល់សំណងសមរម្យមួយដល់ប្រជាពលរដ្ឋដែលប៉ះពាល់ដោយគម្រោងនេះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា អាចទទួលយកបាន ប៉ុន្តែជាក់ស្តែងយ៉ាងណា មិនដឹងយ៉ាងម៉េចទេ។ មនុស្សយើង មនុស្សច្រើន ចិត្តខុសគ្នា។ ប៉ុនភាគច្រើន ខ្ញុំគិតថា ពេលដែលយើងស្ទាបស្ទង់ តាមរយ:នៃការស្ទាបស្ទង់ធ្វើ survey (ការស្ទង់មតិ) កន្លងមក ភាគច្រើនអាចទទួលយកបាន។ ខ្ញុំគិតថា ដោយសារអានេះគឺជាគម្រោងមួយ ដើម្បីចូលរួមដល់ការកសាងសេដ្ឋកិច្ចជាតិ ហើយផលប៉ះពាល់ យើងនឹងទូទាត់ឲ្យមានភាពសមរម្យ ដែលអាចទទួលយកបាន»។
ទោះជាយ៉ាងណា លោកវិចទ័រ ហ្សូនា មិនទាន់អាចបញ្ជាក់ពីចំនួនសំណងជាក់លាក់នៅឡើយទេ។ អ្នកនាំពាក្យរូបនោះ ក៏សុំការយោគយល់ពីប្រជាពលរដ្ឋ ពីការស្ថាបនាទំនប់នេះ ដោយលើកឡើងថាការសាងសង់នេះធ្វើឡើងដើម្បីបុព្វហេតុសេដ្ឋកិច្ចជាតិ។ ហើយលោកថាការប៉ះពាល់តែងតែកើតមាន នៅពេលដែលមានការអភិវឌ្ឍ។ ទោះជាយ៉ាងណាក៏ដោយលោកថា នឹងព្យាយាមឲ្យមានផលប៉ះពាល់តិចតួចបំផុត។
បើតាមលោក វិចទ័រ ហ្សូនា នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ទំនប់មួយនេះនឹងត្រូវដាក់ឲ្យដំណើរការទាញយកថាមពល។ លោកបញ្ជាក់ថា នៅឆ្នាំ២០២០ រដ្ឋាភិបាលមានគោលដៅ ធ្វើយ៉ាងណាឲ្យគ្រប់ភូមិទាំងអស់ទូទាំងប្រទេស ទទួលបានអគ្គិសនីប្រើប្រាស់។
កាលពីចុងឆ្នាំ២០១៨ ទំនប់វារីអគ្គិសនីសេសានក្រោម២នៅខេត្តស្ទឹងត្រែង ដែលជាទំនប់ធំជាងគេនៅកម្ពុជា និងមានទំហំថាមពល៤០០មេហ្គាវ៉ាត់ ត្រូវបានដាក់ឲ្យប្រើប្រាស់។
ទំនប់វារីអគ្គិសនីសេសានក្រោម២បានប៉ះពាល់ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចជាង៨០០គ្រួសារ ដែលនាំឲ្យពួកគេតវ៉ាជាច្រើនឆ្នាំ។ ប្រជាជនភាគច្រើនយល់ព្រមទទួលសំណង ដោយការតាំងទីលំនៅថ្មីនៅកន្លែងដែលរៀបចំដោយក្រុមហ៊ុន និង ការផ្តល់ជាផ្ទះ ដីភូមិ និងថវិកាមួយចំនួន។ ឯអ្នកភូមិមួយចំនួនទៀតបានបដិសេធមិនទទួលយកសំណង ហើយសុខចិត្តរស់នៅទីទួល ក្បែរតំបន់លិចទឹក។
លោក ម៉ក់ ប៊ុនធឿន មន្ត្រីសម្របសម្រួលបណ្តាញនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បានប្រាប់ VOAថា ភាគច្រើនការសាងសង់ទំនប់វារីអគ្គិសនី មិនត្រឹមតែនាំឲ្យប្រជាពលរដ្ឋតវ៉ាចំពោះសំណងនោះទេ ប៉ុន្តែវានំាឲ្យមានផលប៉ះពាល់ដល់បរិស្ថានទៀតផង។
ការធ្វើដំណើរកាត់ភូមិទៅក្បែរមាត់ស្ទឹង និងកន្លែងធ្វើទំនប់វារីអគ្គិសនីនៅក្នុងឃុំប្រម៉ោយនេះ មានភាពលំបាក ដោយសារផ្លូវខូច និងរអិលផងដែរ។ ប្រជាពលរដ្ឋអះអាងថា ពួកគេមិនហ៊ានឈូសឆាយផ្លូវធ្វើដំណើរ សង់ផ្ទះ និងដាំដំណាំធំៗ ក្រោយពួកគេដឹងថា អាជ្ញាធរបានចុះមកសិក្សាហើយប្រាប់ពួកគេថាតំបន់នេះរងផលប៉ះពាល់។
ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងគ្រោះនេះ មិនមានអគ្គិសនីប្រើប្រាស់នោះទេ។ ពួកគេប្រើប្រាស់អាគុយ និងបន្ទះថាមពលពន្លឺព្រះអាទិត្យ ដើម្បីបំភ្លឺផ្ទះនៅពេលយប់។
លោក ខៀវ ហ៊ីម និងភរិយារបស់លោក អ្នកស្រី ប៊ុន គឹមអេង បានជំរុញឲ្យអាជ្ញាធរផ្តល់សំណងឲ្យបានឆាប់រហ័ស ដើម្បីឲ្យពួកគាត់មានលទ្ធភាពរកកន្លែងថ្មី និងចាប់ផ្តើមកសាងជីវិតនៅទីនោះ។
លោកស្រីមានប្រសាសន៍ថា៖ «ឥឡូវខ្ញុំអត់មានប្រឆាំងអីទេ ខ្ញុំសុំដូចថា បើថាលិចហើយ មានលុយមានកាក់ យកមកសងសំណងខ្ញុំ ខ្ញុំចង់ទៅរកទិញដី ទិញអី ធ្វើផ្ទះ តែប៉ុណ្ណឹង។ រាល់ថ្ងៃខ្ញុំនិយាយតែប៉ុណ្ណឹង អត់មាននិយាយអីទេ។ ខ្ញុំថា បើលិច ក៏លិចទៅ។ ធ្វើក៏ធ្វើទៅ។ បើគេត្រូវការហើយ ដឹងធ្វើម៉េច ព្រោះវាដីរដ្ឋ តែបើរដ្ឋត្រូវការ ឲ្យរដ្ឋទៅ។ តែរដ្ឋនោះសងលុយឲ្យយើងទៅ ហើយបាត់ហើយ»៕