ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ថៃ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​គ្មាន​ដីធ្លី​អាច​រស់នៅ​ក្នុង​តំបន់​ព្រៃ​កោងកាង បើ​ពួកគេ​ជួយ​ការពារ​តំបន់​នោះ


រូបឯកសារ៖ បុរស​ម្នាក់​លី​ឫស្សី​មួយ​ដើម​យក​ទៅ​ដាំ​នៅ​តាម​ដើម​កោងកាង​ដែល​ដុះ​នៅ​បណ្ដោយ​ឆ្នេរ ក្នុង​ស្រុក Kok kham ខេត្ត Samutsakorn ប្រទេស​ថៃ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០០៩។
រូបឯកសារ៖ បុរស​ម្នាក់​លី​ឫស្សី​មួយ​ដើម​យក​ទៅ​ដាំ​នៅ​តាម​ដើម​កោងកាង​ដែល​ដុះ​នៅ​បណ្ដោយ​ឆ្នេរ ក្នុង​ស្រុក Kok kham ខេត្ត Samutsakorn ប្រទេស​ថៃ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០០៩។

អាជ្ញាធរ​ថៃ​ បាន​សម្រេច​ការ​ព្រមព្រៀង​ជាមួយ​សហគមន៍​ដែល​គ្មាន​ដីធ្លី​រស់នៅ​មួយ​ក្រុម ដោយ​អនុញ្ញាតិ​ឲ្យ​ពួកគេ​អាច​រស់នៅ​ក្នុង​ព្រៃ​កោងកាង​បាន ប្រសិនបើ​ពួកគេ​ជួយ​ការពារ​តំបន់​នោះ ដែល​នេះ​គឺ​ជា​កិច្ច​សហការ​ដែល​ទំនងជា​អាច​ធ្វើ​ទៅ​បាន​នៅ​ទូទាំង​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​សិទ្ធិ​ដីធ្លី​នានា។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា នៅ​ក្រោម​អនុ​សារណៈ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​ប្រហែល ៤៥ គ្រួសារ នៅ​ក្នុង​ភូមិ Ranong ជិត​មាត់​សមុទ្រ សហគមន៍​នោះ​នឹង​មិន​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ទេ ក៏​ប៉ុន្តែ ​នឹង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​នៅ​ក្នុង​ការ​សាងសង់​ផ្ទះ​សម្បែង​និង​លទ្ធភាព​ប្រើប្រាស់​សេវា​សាធារណៈ​នានា​ដូចជា​ទឹក​និង​អគ្គិសនី​ជាដើម។

កិច្ច​ព្រមព្រៀង​ដែល​បាន​ធ្វើ​ឡើង​នៅ​ដើម​ខែ​នេះ ឥឡូវ​នេះ ​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​នៅ​តាម​តំបន់​ជាប់​មាត់​សមុទ្រ​នានា​នៅ​ក្នុង​ប្រទេស​ថៃ​ដូចជា​ក្រុង Phuket និង​ក្រុង Krabi ជាដើម។

លោក Maitree JongKraijug អ្នក​គ្រប់គ្រង​នៃ​អង្គការ Chumchonthai Foundation ដែល​ជា​ផ្នែក​មួយ​នៃ​អនុសារណៈ​យោគយល់​គ្នា​នេះ បាន​និយាយ​ថា៖ «សហគមន៍​បាន​តស៊ូ​ដើម្បី​បាន​ដីធ្លី​អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​យើង​បាន​ព្យាយាម​រក​ដំណោះស្រាយ​តាម​រយៈ​ការ​ចរចា​ជា​ច្រើន»។

លោក​បាន​ប្រាប់​អង្គការ Thomson Reuters Foundation នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «នេះ​គឺ​ជា​គម្រោង​សាកល្បង​ដំបូង​បំផុត​ប្រភេទ​នេះ ដែល​ជា​គំរូ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សហគមន៍ អង្គការ​សិទ្ធិ​ពលរដ្ឋ និង​រដ្ឋាភិបាល ដែល​អាច​ធ្វើការ​ដើម្បី​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដីធ្លី​នៅ​ក្នុង​តំបន់​អភិរក្ស»។

ប្រជាពលរដ្ឋ​ថៃ​ប្រហែល​មួយ​ភាគ​បី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ចំនួន ៦៩ លាន​នាក់ ពឹង​ផ្អែក​លើ​ដីធ្លី​ដើម្បី​ជីវភាព​រស់នៅ ប៉ុន្តែ​ក្នុង​ចំណោម​ដី​ឯកជន​ប្រហែល​ជិត ៨០% ប្រជាពលរដ្ឋ​ប្រហែល​តិច​ជាង​មួយ​ភាគ​ប្រាំ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​កាន់កាប់​ជា​ផ្លូវការ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​អង្គការ​សិទ្ធិ​ដីធ្លី ដែល​បាន​អំពាវនាវ​ជា​យូរ​មក​ហើយ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់៕

XS
SM
MD
LG