ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្នុង​ជម្លោះ​ដី​ធ្លី​ គ្រោង​ចូលរួម​ស្លៀកពាក់​ខ្មៅ ក្នុង​យុទ្ធនាការ​ ទាម​ទារ​ឲ្យ​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស


រូបឯកសារ៖ អ្នក​ភូមិ​ចំនួន​១០នាក់​តំណាង​ឱ្យ​៣២គ្រួសារ​នៅភូមិ​កែវផុស ​ឃុំ​ជ្រោយស្វាយ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​មាន​ជម្លោះ​ដី​៣៥២ហិចតា​ជាមួយ​អ្នកជំនួញ​ម្នាក់​តាំងពី​ឆ្នាំ២០០៦។
រូបឯកសារ៖ អ្នក​ភូមិ​ចំនួន​១០នាក់​តំណាង​ឱ្យ​៣២គ្រួសារ​នៅភូមិ​កែវផុស ​ឃុំ​ជ្រោយស្វាយ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​មាន​ជម្លោះ​ដី​៣៥២ហិចតា​ជាមួយ​អ្នកជំនួញ​ម្នាក់​តាំងពី​ឆ្នាំ២០០៦។

ការ​តវ៉ា​ស្លៀកពាក់​ឈុត​ខ្មៅ​នេះ​ នឹង​កើត​ឡើង​ស្រប​គ្នា​ជាមួយ​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ដែល​គ្រោង​ នឹង​ស្លៀកពាក់​ឈុត​ខ្មៅ​នេះ​ផង​ដែរ​ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​មន្ត្រី​នៃ​សមាគម​អាដហុក និង​លោក​ នី ចរិយា​ អគ្គ​លេខាធិការ​រង​នៃ​គ.ជ.ប។

ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​កោះ​កុង​ ដែល​កំពុង​ជាប់​គាំង​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​ គ្រោងនឹង​ស្លៀក​សំលៀក​បំពាក់​ពណ៌​ខ្មៅ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​ អាដហុក​ មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) និង​សកម្មជន​បរិស្ថាន​បី​នាក់​ដែល​កំពុង​ជាប់​ឃុំ។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ខេត្ត​កោះ​កុង​ និង​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជម្លោះ​ដី​ធ្លី។​

ការ​តវ៉ា​ស្លៀកពាក់​ឈុត​ខ្មៅ​នេះ​ នឹង​កើត​ឡើង​ស្រប​គ្នា​ជាមួយ​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ដែល​គ្រោង​ នឹង​ស្លៀកពាក់​ឈុត​ខ្មៅ​នេះ​ផង​ដែរ​ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​មន្ត្រី​នៃ​សមាគម​អាដហុក រួម​មាន​លោក ​នី សុខា​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​ និង​លោក​ យី សុខសា​ន្ត​ លោក​ ណៃ​ វង់ដា ​អនុប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក និង​លោក​ស្រី​ លឹម​ មុន្នី មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​នេះ​ និង​លោក​ នី ចរិយា​ អគ្គ​លេខាធិការ​រង​នៃ​គ.ជ.ប។

លោក អ៊ិន​ គង់​ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​នៅ​ខេត្ត​កោះ​កុង​ បាន​ប្រាប់​ VOA​ ថា​ ការ​តវ៉ា​ដោយ​ស្លៀក​សំលៀកបំពាក់​ពណ៌ខ្មៅ​នេះ​ នឹង​មិន​បង្ក​ឲ្យ​មាន​ភាព​ច្របូកច្របល់​នោះ​ទេ​ ដោយ​អ្នក​តវ៉ា​ នឹង​ឈរ​មួយ​កន្លែង។

លោក​ថ្លែង​ថា​ ការ​តវ៉ា​នេះ​ គឺ​ជា​ការផ្ដល់​ការ​គាំ​ទ្រ​ដល់​សកម្ម​ភាព​តវ៉ា​នៅ​រាជធានីភ្នំពេញ។​

«ពួក​គាត់​ប្រមូល​ម្ដុំ​គ្នា​ ដូច​ជា​ដោយ​សន្តិ​វិធី​ គាត់​ឈរ​នៅ​មុខ​ផ្ទះ​គាត់​ទេ​ មិន​មែន​នៅ​លើ​ផ្លូវ​សាធារណៈ​ ទេ​ណា៎ ហើយ​ការ​ដែល​គាត់​ធ្វើ​ ក៏​មិនមែន​ធ្វើ​រាល់​ថ្ងៃ​ដែរ​ គ្រាន់​តែ​ជា​ថ្ងៃ​ច័ន្ទ​ ដើម្បី​ឲ្យ​មានការ​ឯក​ភាព​ទៅ​នឹង​អ្វី​ដែល​ខាង​ អង្គការ​ និង​គ្រួសារ​ សកម្មជន​សិទ្ធិ​មនុស្ស​ដែល​គាត់​គ្រោង​ធ្វើ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស​ នៅ​ថ្ងៃ​ស្អែក។​ ជញ្ជឹង​គាត់​ចូល​រួម​ជាមួយ​អ្នក​នៅ​ភ្នំពេញ​ហ្នឹង»។​

លោក​បន្ថែម​ថា​ ការ​តវ៉ា​នេះ​ មិន​មែន​ជា​ចលនា​ធ្វើ​បដិវត្តន៍​ពណ៌​ ដូច​កា​រ​ចោទ​ប្រកាន់​ពី​មន្ត្រី​រដ្ឋាភិ​បាលមួយ​ចំនួន​ ដែល​ត្រូវ​បាន​រាយការណ៍​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​នោះ​ទេ។

​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​បួន​នាក់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី ​និង​មន្ត្រី​គ.ជ.ប​ម្នាក់​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី​នៅ​ក្នុង​សំណុំរឿង​ស្នេហា​លួច​លាក់​របស់​លោក កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​ទាំង​ប្រាំ​នាក់​ ត្រូវ​បាន​តុលាការ​ឃុំ​ឃាំង​រង់ចាំ​ការ​កាត់​ទោស។

អ្នកស្រី ​ផាវ​ ញឺង​ តំណាង​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ព្រែក​ជីក​ ឃុំ​ជីខ​ក្រោម​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះ​កុង​ ថ្លែង​ថា​ ការ​តវ៉ា​ក្នុង​សំលៀក​បំពាក់​ឈុត​ខ្មៅ​ និង​អាច​មាន​ការ​បង់​ក​ក្រមា​នេះ​ មិន​មែន​ធ្វើ​ឡើង​ដោយ​ចង់​ឲ្យ​មានការ​វិល​មក​វិញ​របស់​របប​ខោអាវ​ខ្មៅ​កុម្មុយនិស្ត​ខ្មែរ​ក្រហម​នោះ​ទេ​ តែ​ជា​ការ​បញ្ជាក់​ការ​មិន​ចង់​ឃើញ​ប្រវត្តិសាស្ត្រ​ខ្មៅ​ងងឹត​នោះ​ កើត​មក​ម្ដង​ទៀត​ប៉ុណ្ណោះ។

«ជំនាន់​ខ្មែរក្រហម​ គឺ​គេ​ធ្លាប់​ ចាប់​អ្នក​ដែល​ចេះ​ដឹង​ អ្នក​ចេះ​ច្បាប់​ទម្លាប់​អី​ហ្នឹង​ គឺ​គេ​យក​ទៅ​វាយ​ចោល​ ឬ​ក៏​យក​គាត់​ទៅ​កសាង​ខ្លួន​សម្លាប់​ចោល​ អី​អញ្ចឹង​ជាដើម។​ ប៉ុន្តែ​ដល់​ពេល​សម័យ​នេះ​ ស្រាប់តែ​យើង​ហាក់​ដូច​ជា​ ទ្រង់​ទ្រាយ​ចង់​របៀប​ហ្នឹង​ទៅវិញ។​ អញ្ចឹង​ យើង​ពាក់​សំលៀកបំពាក់​ពណ៌​ខ្មៅ​នេះ​ ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង ហើយ​យើង​មិន​ចង់​ពាក់​ទៀត​ទេ​ សំលៀកបំពាក់​នេះ​ យើង​ចង់​បញ្ជាក់​ប្រាប់​អញ្ចឹង​ ថា​យើង​ អត់​ចង់​ឃើញ​ទៀត​ទេ​ សភាពបែបនេះ»។​ ​

អ្នកស្រី​បញ្ជាក់​ថា​ ការ​ប្រើប្រាស់​សំលៀកបំពាក់​ឈុត​ខ្មៅ​នេះ​ គ្រាន់តែ​ជា​ការ​សម្ដែង​មតិ​ស្នើ​សុំ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដែល​ជា​មន្ត្រី​របស់​សមាគម​អាដហុក​ គ.ជ.ប.​ និង​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ។​

«យើង​ស្នើសុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ដែល​ចេះ​ច្បាប់​ទម្លាប់​ហ្នឹង​ ហើយ​ដោះស្រាយ​ដី​ឲ្យ​ពួក​យើង​ទៅ​ គឺ​អត់​មាន​អីបដិវត្ត​ពណ៌​អី​ទេ បាតដៃ​ទ​ទេរ​នោះ​ វា​មាន​បដិវត្ត​ពណ៌​ពី​ណា​មក?»។​

លោក​ ប៊ុន​ លើត​ អភិបាល​ខេត្ត​កោះ​កុង​ ​ថ្លែង​ថា​ ការ​តវ៉ា​នេះ​ គឺ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ។​ លោក​ថា​ អាជ្ញាធរ​នឹង​មិន​ធ្វើការ​រារាំង​នោះ​ទេ​ ប្រសិនបើ​សកម្មភាព​តវ៉ា​នោះ​ មិន​បង្ក​ផល​ប៉ះពាល់​ដល់​សាធារណជន។​

​លោក​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ បាន​ហៅ​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ សម្រាប់​ការ​ចាប់​ផ្ដើម​តវ៉ា​ដោយ​ស្លៀកពាក់​ខ្មៅ​នេះ​ ជា​ទង្វើ​ដែល​មើល​ទៅ​ដូច​ជា​ក្រុម​ខ្មែរ​ក្រហម។

យ៉ាងណាក៏ដោយ​ លោក​មិន​អាច​សន្និដ្ឋាន​ថា​ ចលនា​នេះ​ ជា​ចលនា​បដិវត្តន៍​ពណ៌ខ្មៅនោះ​ទេ។

«ការ​លើក​ពណ៌​យក​មក​ស្លៀក​ពាក់​ ពណ៌​ដែល​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ព្រើត​ ផ្អើល​ឡើងវិញ​ហ្នឹង​គឺ​ ពណ៌​ហ្នឹង​ គេ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​ ១៩៧៥​ ហើយ​ចំណាយ​ជីវិត​អស់​ ២លាននាក់​ ដោយសារ​គេ​ពាក់​ខោអាវ​ហ្នឹង​ហើយ។ គេ​មក​រំដោះ​មនុស្ស​ចេញ​ ចេញ​ដើម្បី​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ ចេញ​ដើម្បី​ឲ្យ​មានលទ្ធិ​ប្រជាធិបតេយ្យ​ ក៏ប៉ុន្តែ​ រំដោះ​ឲ្យ​មនុស្ស​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ ហើយ​ពួក​នេះ​ ហេតុ​ដូច​ម្តេច​បាន​ជា​ខោអាវ​នេះ​មក​ពាក់​ មក​តតាំង​នឹង​សាច់​រឿង​ហ្នឹង?​ហើយ​ចំណុច​ទី​ពីរ​ យើង​ឃើញ​ពួក​ ISIS​ ក៏​ប្រើប្រាស់​នូវ​ខោអាវ​ហ្នឹង​ដែរ»។

លោក​ ផៃ ស៊ីផាន​ បន្ថែម​ថា​ សកម្មភាព​តវ៉ា​នេះ​ ពុំ​មាន​ចេត​នា​ក្នុង​ការ​បញ្ចេញមតិ​នោះ​ទេ​ តែ​ជា​ចេតនា​ចង់​គៀង​គរ​កម្លាំង​ប្រឆាំង​នឹង​ស្ថាប័ន​តុលាការ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។​ ​

ការ​និយាយ​ពី​បដិវត្តន៍​ពណ៌​នេះ​ បាន​ធ្វើ​ឲ្យ​និស្សិតម្នាក់​ ជាប់​ពន្ធនាគារ​រួច​ទៅ​ហើយ។​ និស្សិត​ម្នាក់​នោះ​ ​ឈ្មោះ​ គង់​ រ៉ៃយ៉ា​ អាយុ​២៤ឆ្នាំ​ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​១ឆ្នាំ​៦ខែ​ តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​កន្លង​ទៅ។

ការ​សម្រេច​ដាក់​ពន្ធនាគារ​នេះ​ កើតមាន​ឡើង​បន្ទាប់​ពី​និស្សិត​រូប​នេះ​ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ខែ​សីហា​ឆ្នាំ​ ២០១៥​ថា «តើ​មាន​នរណា​ម្នាក់​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ?»

លោក​ ស ម៉ូរ៉ា​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា​ ​ដែល​នឹងចូលរួម​ក្នុង​យុទ្ធនាការ​ដែល​ក្រុម​សង្គម​ស៊ីវិល​ហៅ​ថា​ «ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ» ឬ​ Black Monday ថ្លែង​ថា​ ​យុទ្ធនា​ការ​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​សំដែង​ការ​មិន​ពេញចិត្ត​នឹង​ប្រព័ន្ធ​តុលាការ​ ដែល​ត្រូវ​គេ​សង្កេត​ឃើញ​ថា​បានព្យាយាម​គាបសង្កត់​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស។

លោក​បញ្ជាក់​ថា​ ការ​យក​ពណ៌ខ្មៅ​មក​ប្រើ​ប្រាស់​នេះ​ បង្ហាញ​ពី​ការ​ថយ​ចុះ​នៃ​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា។​

«បើ​តាម​ខ្ញុំ​ដឹង​ ជា​ការ​គិត​ ជាច្រើន​របស់​សង្គម​ស៊ីវិល​ ឃើញ​ថា​ ដោយសារ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ហ្នឹង​វា​ ធ្លាក់​ធ្ងន់ធ្ងរ​ក្នុង​ចំណុច​មួយ​ដែល​ គ្រោះថ្នាក់​មែន​ទែន។​ ដល់​អញ្ចឹង​ហើយ វា​បង្ហាញ​មួយ​ការ​ដែល​ យើង​កើត​ទុក្ខ​មិន​សុខចិត្ត​ ការ​ដែល​យើង​មិន​សប្បាយ​ចិត្ត ចំពោះ​ដំណើរការ​ហ្នឹង​ អញ្ចឹង​ហើយ​បាន​ជា​គេ​ជ្រើសរើស​យក​ពណ៌​ខ្មៅ​ហ្នឹង»។

នៅ​មុន​ពេល​ដែល​យុទ្ធនាការ«ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ឬ​ Black Monday នេះ​មិនទាន់​ចាប់​ផ្ដើម​ ក្រសួង​មហាផ្ទៃ​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ចោទ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និងសមាគម​មួយ​ចំនួន​ ថា​បាន​ធ្វើការ​ផ្សព្វផ្សាយ​បំផុស​ញុះញង់​ឲ្យ​មាន «​យុទ្ធនាការ​សំលៀកបំពាក់​ខ្មៅ»​ និង​ធ្វើការ​ប្រមូល​ផ្ដុំ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង«​ជនល្មើស​មួយ​ចំនួន» ដែល​ត្រូវ​បាន​តុលា​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។​

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ បញ្ជាក់​ថា រដ្ឋាភិបាល​តែង​ចាត់​ទុក​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ គឺជា​ដៃ​គូ​មិន​អាច​ខ្វះ​បាន​ តែ​រាល់​សកម្មភាព​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​សមាគម ​ត្រូវ​ស្ថិត​នៅ​ក្រោម​ក្រប​ខណ្ឌ​ច្បាប់​ និង​ដាច់​ខាត​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ប៉ះពាល់​ដល់​សន្តិភាព​ ស្ថិរភាព​ និង​សេចក្ដី​សុខសាន្ត​របស់​ប្រជា​ពលរដ្ឋ​ទូទៅ​ឡើយ៕

XS
SM
MD
LG