ក្រោយកិច្ចប្រជុំប្រមាណពីរម៉ោង មន្ត្រីសាលាក្រុងភ្នំពេញបានឲ្យដឹងថា កិច្ចប្រជុំនេះបានសម្រេចមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋដង្ហែញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយទេ។
លោក មាន យ៉ាដា ប្រធានរដ្ឋបាលសាលាក្រុងភ្នំពេញ បានប្រាប់ VOA ថា សាលាក្រុងភ្នំពេញបានបដិសេធ ដោយមានហេតុផលបួនយ៉ាង ទីមួយ អ្នកសុំច្បាប់ដង្ហែញត្តិនោះមិនមែនជាអ្នកតំណាងរបស់ពលរដ្ឋ ដូចការអះអាងទេ ទីពីរនៅថ្ងៃសៅរ៍នេះមានកម្មវិធីជិះកង់៤ពាន់នាក់របស់សហគមន៍អឺរ៉ុបនៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ដែលអាចនាំឲ្យមានបញ្ហាកកស្ទះចរាចរណ៍ ទីបីលោកឱម យ៉ិនទៀង បានទៅមកស្រាយដោយផ្ទាល់ហើយ ហើយទីបួនការសុំច្បាប់នេះមានពេលខ្លីពេក។
«ពេលយើងជជែកពិភាក្សាជាមួយគាត់ក្នុងអង្គប្រជុំទៅ គាត់ហាក់ដូចជាមានឆន្ទៈគ្រាន់តែជាបុគ្គលផ្ទាល់ខ្លួនទេ។ អាហ្នឹងគាត់មកដោយខ្លួនឯង»។
ញត្តិដែលមានស្នាមមេដៃអ្នកតំណាង៦នាក់ ចុះថ្ងៃទី៤ខែឧសភានេះ បង្ហាញក្តីបារម្ភចំពោះស្ថានការណ៍បច្ចុប្បន្ន ដោយសារតុលាការបានសម្រេចឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅសាកសួរ។ ញត្តិនេះស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយបញ្ឈប់ការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញមន្ត្រីសិទ្ធិមនុស្ស មន្ត្រីសង្គមស៊ីវិលតាមរយៈការចោទប្រកាន់នានា និងឈប់អនុវត្តតួនាទីមានស្តង់ដាពីរ។
លោក មាន យ៉ាដា ពន្យល់ថា ការដាក់ញត្តិនេះគឺមិនចាំបាច់ធ្វើទេ ព្រោះលោក ឱម យិនទៀង បានមកជួបពិភាក្សាដោយផ្ទាល់ហើយនៅក្នុងកិច្ចប្រជុំនោះ។
ទោះជាយ៉ាងណាក្តី អ្នកស្រី មាស លក្ខិណា អ្នកតំណាងម្ចាស់ញត្តិបានប្តេជ្ញាប្រាប់ VOA ថា អ្នកស្រីនឹងនៅតែដង្ហែញត្តិនៅថ្ងៃសៅរ៍ ហើយអ្នកស្រីជាអ្នកតំណាងប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ បើរដ្ឋាភិបាលមិនបិទសិទ្ធិទេ នោះចំនួនអ្នកដង្ហែញត្តិនឹងធ្វើឲ្យសាលាក្រុងភ្ញាក់ផ្អើល។
«អត់ព្រមទេ។ យើងនៅតែបន្តនូវការដាក់ញត្តិ។ យើងដឹងហើយការសុំច្បាប់ពីសាលាក្រុងរាល់ដង គាត់មិនដែលអនុញ្ញាតឲ្យយើងធ្វើទេ»។
អ្នកស្រីបន្តថា ប្រសិនបើលោកឱម យិនទៀងទទួលញត្តិនេះនៅពេលប្រជុំនៅថ្ងៃនេះ នោះប្រជាពលរដ្ឋមិនចាំបាច់ដង្ហែញត្តិនេះទេ។ អ្នកស្រីឲ្យដឹងថា លោកឱម យិនទៀងមិនទទួលញត្តិ ដោយលោកអះអាងថា លោកគ្រាន់តែជាអ្នកស៊ើបអង្កេត ហើយតុលាការជាអ្នកសម្រេច។
ផ្ទុយទៅវិញ លោកមាន យ៉ាដានិយាយថា លោក ឱម យិនទៀង បានជួបនឹងពន្យល់ដោយផ្ទាល់នូវចំណុចដែលបានលើកឡើងក្នុងញត្តិនោះហើយ ដូច្នេះមិនចាំដាក់ញត្តិនេះទៀតទេ។
តំណាងប្រជាពលរដ្ឋ យុវជន និងស្ត្រីបានសរសេរលិខិតចុះថ្ងៃទី៤ខែឧសភានេះ សុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ដើម្បីធ្វើការដង្ហែញត្តិនៅព្រឹកថ្ងៃសៅរ៍ ដែលអ្នកតំណាងក្រុមនេះអះអាងថា មានគ្នា២.០០០នាក់ ហើយតំណាងឲ្យមនុស្សសរុប៥២០៩នាក់។
អ្នកស្រី មាស លក្ខិណា អ្នកតំណាងម្ចាស់ញត្តិ បានប្រាប់ VOA ថា ក្រៅពីប្រឆាំងអំពើអយុត្តិធម៌ ដូចដែលពួកគាត់បានប្រឈមកន្លងមក អ្នកសុំដង្ហែញត្តិក៏ចង់តបស្នងសងគុណមន្ត្រីសិទ្ធិមនុស្សទាំងនេះវិញដែរ។
«ខំជួយគេហើយពួកគាត់ក្លាយជាអ្នកទោសអញ្ចឹង ពួកយើងជាប្រជាពលរដ្ឋធ្លាប់ទទួលនូវថ្មបាក់ ទទួលនូវផលវិបាកបែបហ្នឹង ពួកយើងដឹងថា ការឈឺចាប់ហ្នឹងវាមានកម្រិតណាហើយ»។
អ្នកស្រីបន្តថា អ្នកដង្ហែញត្តិភាគច្រើនជាអតីតជនរងគ្រោះទំនាស់ដីធ្លី ជាយុវជន និងជាបុគ្គលិកអង្គការសង្គមស៊ីវិល។ ក្រុមនេះបានសម្រេចដង្ហែញត្តិនៅថ្ងៃសៅរ៍ ព្រោះជាថ្ងៃដែលអ្នកចូលរួមភាគច្រើនទំនេរពីការងារ។ ទោះជាយ៉ាងណាក្តី ញត្តិនេះមិនបាននិយាយដល់ការកោះហៅលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្រពីររូបទៀតរបស់គណបក្សនេះទេ។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលត្រូវបានសាលារាជធានីភ្នំពេញអញ្ជើញចូលប្រជុំនៅរសៀលថ្ងៃនេះដែរនោះ បានប្រាប់ VOA ថា លោកមានកាតព្វកិច្ចចូលបំភ្លឺ ហើយឆ្លើយតបនឹងការលើកឡើងរបស់អ្នកសុំដង្ហែញត្តិ ទាក់ទងនឹងការងាររបស់លោកនោះ។ តែលោកមិនមានសិទ្ធិសម្រេចអំពីការអនុញ្ញាត ឬមិនអនុញ្ញាតឲ្យដង្ហែញត្តិទៅអង្គភាពរបស់លោកនោះទេ។
«បាតុកម្មហ្នឹងធ្វើបាន ឬមិនបាន សូមសួរទៅសាលារាជធានីចុះ។ ប៉ុន្តែខ្ញុំក៏ត្រូវសាលារាជធានីអញ្ជើញដើម្បីពន្យល់ជូនម្ចាស់ញត្តិដែលថា ចង់ធ្វើបាតុកម្មហ្នឹងដែរ»។
លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបន្តថា អង្គភាពរបស់លោកធ្វើតាមច្បាប់។
តុលាការភ្នំពេញ កាលពីថ្ងៃច័ន្ទសប្តាហ៍មុន បានសម្រេចឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុកចំនួន៤នាក់ ពីបទ «សូកប៉ាន់សាក្សី» និងឃុំខ្លួនអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ម្នាក់ពីបទ «សមគំនិតសូកប៉ាន់សាក្សី»។
អ្នកទាំងនេះត្រូវអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការក្រោយពីការកោះហៅសាកសួរមនុស្ស៨នាក់ដែលរួមមានប្រធានអង្គការ មន្ត្រីសិទ្ធិមនុស្សក្នុងស្រុក និងមន្ត្រីសិទ្ធិមនុស្សអ.ស.ប. និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
កាលពីថ្ងៃច័ន្ទ តុលាការក្រុងភ្នំពេញបានបន្តចេញដីកាកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្រពីររូបទៀតរបស់គណបក្សនេះ ទាក់ទិននឹងខ្សែអាត់សំឡេងសាសងស្នេហា ដែលគេចែកចាយតាមបណ្តាញហ្វេសប៊ុក។ លោក លី សុផាន់ណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញបានប្រាប់ VOA ថា ដីកានេះទាក់ទិននឹងបណ្តឹងបរិហារកេរ្តិ៍របស់នាង ធី សុវណ្ណថា និងពាក់ព័ន្ធនឹងចម្លើយសារភាពរបស់នាង ខុម ចាន់តារ៉ាទី នាពេលថ្មីៗនេះ៕