ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លាភាព​អន្តរជាតិ៖ ACU ​ត្រូវ​គេ​ប្រើ​ដើម្បី​បំបិត​មាត់​សង្គម​ស៊ីវិល


រូបឯកសារ៖ អ្នក​សារព័ត៌មាន​ព្យាយាម​សុំ​សម្ភាស​មេដឹកនាំ​សកម្មជន​សិទ្ធិមនុស្ស ក្នុង​អំឡុង​ពិធីហែរក្បួន​នៅ​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែ​មេសា ឆ្នាំ​២០១៤។ (AP Photo/Heng Sinith)
រូបឯកសារ៖ អ្នក​សារព័ត៌មាន​ព្យាយាម​សុំ​សម្ភាស​មេដឹកនាំ​សកម្មជន​សិទ្ធិមនុស្ស ក្នុង​អំឡុង​ពិធីហែរក្បួន​នៅ​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែ​មេសា ឆ្នាំ​២០១៤។ (AP Photo/Heng Sinith)

លោក​ សុខ សំអឿន​ មេធាវី​ការពារ​សិទ្ធិមនុស្ស​ ថា​ លោក​ពិបាក​សន្និដា្ឋន​ចំពោះ​ការ​សម្រេច​ចោទ​ប្រកាន់​របស់​តុលាការ​ ដែល​នាំដល់​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​ប្រាំ​នាក់​នោះ​ ព្រោះ​លោក​មិន​ទាន់​ដឹង​ច្បាស់​ថា​ តើ​តុលាការ​សំអាង​លើ​ហេតុផល​អ្វី​ដើម្បី​ធ្វើ​ការ​ចោទ​នេះ។

អ្នក​ជំនាញ​ច្បាប់​ និង​សកម្មជន​សិទិ្ធ​មនុស្ស​ សម្តែង​ការ​ប្រយ័ត្ន​ប្រយែង​ ទៅនឹង​ការ​ថ្លែង​អំពីចំណាត់​ការ​ច្បាប់​ដែល​ធ្វើឡើង ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដ​ហុក​បួន​រូប​ និង​អគ្គលេខា​ធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគា​រដាច់​ដោយ​ឡែក​ពីគ្នា​កាល​ពី​ថ្ងៃច័ន្ទ​កន្លង​ទៅ។​

លោក​ សុខ សំអឿន​ មេធាវី​ការពារ​សិទ្ធិមនុស្ស​ បាន​ប្រាប់​ VOA ​ថា​ លោក​ពិបាក​សន្និដា្ឋន​ចំពោះ​ការ​សម្រេច​ចោទ​ប្រកាន់​របស់​តុលាការ​ ដែល​នាំដល់​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​ប្រាំ​នាក់​នោះ​ ព្រោះ​លោក​មិន​ទាន់​ដឹង​ច្បាស់​ថា​ តើ​តុលាការ​សំអាង​លើ​ហេតុផល​អ្វី​ដើម្បី​ធ្វើ​ការ​ចោទ​នេះ។

ការ​ថ្លែង​របស់​លោក​យ៉ាង​ដូច្នេះ​ បន្ទាប់​ពី​មាន​ការ​បញ្ចេញ​មតិ​ពី​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ និង​សេចក្តី​រាយការណ៍​ថា​ ការ​សម្រេច​ឃុំខ្លួន​នេះ​ បណ្តាល​មក​ពី​លុយ​ចំនួន​២០៤​ដុល្លារ​ ដែល​សមាគម​អាដហុក​ផ្តល់​ដល់​នាង ខុម​ ចាន់តារ៉ាទី​ ឬ​ស្រី​មុំ ​សម្រាប់​ដំណើរការ​ដាក់​ពាក្យ​បណ្តឹង។​ លោក​ សុខ សំអឿន​ ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«បើសិន​យើង​និយាយ​ពីរឿង​ថា​ អូលុយ​ហ្នឹង​មិនមែន​សម្រាប់ ​ហ៊ឺ​អ្នក​ឯង​យក​២០០​ ហ្នឹង​ទៅ ហើយ​កុហក​ សុំ​ជួយ​កុហក​ទៅ​ អាហ្នឹង​ទៅ​ជា​សូក​ហើយ។​ យល់​ទេ​អញ្ចឹង?​ តែ​បើ​សិន​ឮ​គេ​ថា​ ទេ​អាហ្នឹង​មែន​ លោក​នាង​[មិន] ​មក​អាច​មកខ្លួន​ឯង​បាន​ទេ​អ្ហី​ ខ្ញុំ​អត់​មាន​លុយ​ទេ​ ខ្ញុំ​អត់មាន​ថវិកា​ទេ​ ខ្ញុំ​អស់​ការងារ​ធ្វើ​ហើយ​ ចង់​សុំ​ឲ្យ​លោក​ពឹងពាក់​ អាហ្នឹង​ គឺ​ចេញ​លុយ​ចេញ​កាក់​ដើម្បី​ជួយ​ ហើយ​អាហ្នឹង​មិន​ហៅ​ថា​ សូក​ប៉ាន់។​ ក៏ប៉ុន្តែ​គ្រាន់​តែ​អ្វីដែល​តុលាការ​គេ​ អាហ្នឹង​យើង​អត់​ដឹង​គេ​ផ្អែក​ទៅលើ​អ្វី​ទេ​ ដូច្នេះ​យើង​មិន​អាច​សន្និដ្ឋាន​ថា​ ការ​គេ​ចោទ​ត្រូវ​ឬខុស​ យើង​ម៉េច​នឹង​ដឹង​កើត»។

លោក​ មឿន ​តុលា ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ (Center for Alliance of Labor and Human Rights) ​ឬ​ហៅ​កាត់​ថា Central ថ្លែង ​នៅ​មុន​ការ​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​ប្រាំ ដោយ​ក្តី​បារម្ភ​ថា​ ទឹកប្រាក់​២០៤​ដុល្លារ​ គ្រាន់​ជា​ទឹក​ប្រាក់​សម្រាប់​ជួយ​សម្រួល​ដល់​ជន​រងគ្រោះ​ ធ្វើការ​តស៊ូ​ខាង​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ។

«បើសិន​ជា​ការ​ចោទ​ប្រកាន់​រឿង​ហ្នឹង​មែន​ ខ្ញុំ​គិត​ថា​ ជា​រឿង​អត់​ត្រឹម​ត្រូវ​ ដោយ​សារ​អ្វី?​ ដោយសារ​តែ​សង្គម​ស៊ីវិល​ ក្រៅ​អំពី​ការ​ផ្តល់​ សេវា​ផ្លូវ​ច្បាប់​ គឺ​គេ​មាន​កម្មវិធី​មួយ​ផ្តល់​សេវា​សង្គម»។

លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)
លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃច័ន្ទ​កន្លង​ទៅ បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​ចំនួន​៤រូប​ពី​បទ​ «សូក​ប៉ាន់​សាក្សី‍» ​និង​អគ្គលេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ​ចំនួន​១រូប​ពី​បទ​ «សម​គំនិត​សូក​ប៉ាន់​សាក្សី»។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស។​

អ្នក​ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​នោះ​ រួមមាន​លោក​ នី​ ចរិយា​ អគ្គ​លេខា​ធិការ​រង​ គ.ជ.ប​ និង​លោក ​នី សុខា​ លោក ណៃ​ វ៉ង់ដា​ លោក​ យី​ សុខ​សាន្ត​ និង​លោកស្រី​ លឹម​ មុនី​ ដែល​ជា​មន្ត្រី​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក។​

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ថ្លែង​ថា​ ក្រុម​សង្គម​ស៊ីវិល​ នៅមាន​មន្ទិល​សង្ស័យ​នៅ​ឡើយ​ចំពោះ​បទ​ចោទ​ប្រកាន់​របស់​តុលាការ​ចំពោះ​អ្នក​ជាប់​ឃុំ​ទាំងប្រាំ​ ដោយសារ​តុលាការ​មិនទាន់​បញ្ជាក់​អំពី​អង្គ​ហេតុ​ និង​ភស្តុតាង​សម្រាប់​គាំទ្រ​បទ​ចោទ​ប្រកាន់​នោះ។​

«យើង​នៅ​មន្ទិល​សង្ស័យ​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ជឿបាន​ គឺ​ត្រង់​ថា​ បុគ្គល​សមាគម​អាដហុក​ទាំង​អស់​ហ្នឹង​គាត់​ ធ្វើ​ការ​តាម​គោលការណ៍​ និង​បាន​ន័យ​ថា​ គោលការណ៍​ក៏ដូច​ជា​ ភារកិច្ច​ និង​ការងារ​របស់​សមាគម​អាដហុក​ សម្រាប់​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ ​ពី​ព្រោះ​ យើង​ឃើញ​ហើយ​ ២០​ឆ្នាំ​ហើយ​ ដែល​គាត់​ធ្វើ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ ដោយសារ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ បញ្ហា​រំលោភ​ដី​ធ្លី​ និង​បញ្ហា​អយុត្តិធម៌​ផ្សេងៗ​ទៀត​នោះ»។​

ការ​មិន​បញ្ចេញ​ឲ្យដឹង​ពី​ភស្តុតាង​ និង​អង្គហេតុ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​ទៅ​អ្នក​ជាប់​ឃុំ​ទាំង​ប្រាំ​នោះ​ ត្រូវ​បាន​អ្នក​ឃ្លាំមើល​សិទ្ធិ​មើល​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ បើ​ធៀប​ និង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចំពោះ​ការ​ចូល​ខ្លួន​បំភ្លឺ​របស់​នាង​ស្រីមុំ​ នៅ​សាលាដំបូង​រាជធានី ​ទាក់​ទិន​ការ​ចោទ​ប្រកាន់​ថា​ នាង​បាន​«ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ​ និង​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ»​ ដែល​ធ្វើ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ។​ ការ​ចូលខ្លួន​បំភ្លឺ​របស់​ស្រីមុំ បាន​កើត​ឡើង​កាល​ពី​ខែ​មេសា។

នាង ខុម ចាន់ដារាទី ឬ ស្រី មុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ បានបញ្ចប់ការបំភ្លឺ របស់ខ្លួន នាទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងភេរវកម្ម អំពីខ្សែអាត់សំឡេង ដែលគេបង្ហោះក្នុងទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
នាង ខុម ចាន់ដារាទី ឬ ស្រី មុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ បានបញ្ចប់ការបំភ្លឺ របស់ខ្លួន នាទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងភេរវកម្ម អំពីខ្សែអាត់សំឡេង ដែលគេបង្ហោះក្នុងទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

នៅគ្រានោះ​ បន្ទាប់​ពី​ការ​សាកសួរ​នាង​ស្រីមុំ​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រាប់​សាធារណជន​ថា​ ស្រី​មុំ បាន​ទទួល​ស្គាល់​ថា​ នាង​ពិត​ជា​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​ ឈ្មោះ កឹម​ សុខា​ និង​បាន​ទទួល​ស្គាល់​«សំឡេង​ក្នុង​ខ្សែ​អាត់​ថា​ ជា​សំឡេង​របស់​ខ្លួន»។

លោក​ អំ​ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ សម្តែង​ការ​ងឿង​ឆ្ងល់​ចំពោះ​ភាព​មិន​ប្រក្រតី​នេះ​ថា៖​

«នេះ​វា គេ​មើល​ទៅ ​វា​ថា​វា​ អត់​ស្មើ​ភាព​គ្នា។ ហើយ​បើ​យើង​គិតថា​ វិជ្ជាជីវៈ​តុលាការ​ កាលណា​យើង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ប៉ះពាល់​រឿង​ក្តី​ អាហ្នឹង​វាត្រូវ​កុំ​ធ្វើ​ទាំង​អស់។ បើសិនជា​យើង​ធ្វើមួយ​ មួយ​មិន​ធ្វើ ​អាហ្នឹង​នាំ​ឲ្យ​គេ​មាន​មន្ទិល​សង្ស័យ​ ថា​ហេតុ​អ្វី​រឿង​ពាក់​ព័ន្ធ​ជាមួយ​អង្គហេតុ ​រឿង សាច់​រឿង​តែ​មួយ​ហ្នឹង​ អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​ហ្នឹង​ដែរ ម៉េច​ក៏មិន​ព្រម​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ ឲ្យ​គេដឹង​មូលហេតុ​អី្វ​ឲ្យ​បាន​ប្រាកដ​ប្រជា​ក្នុង​ការ​ចោទប្រកាន់​នោះ»។

ប៉ុន្តែ​ លោក​ព្រះរាជ​រង ​លី​ សុផាន់ណា​ អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​ បាន​ការពារ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ ហើយ​ថា​ តុលាការ​មិន​អាចធ្វើ​ដូច​តំណាង​អយ្យការ​ ក្នុង​ដំណាក់​ស៊ើប​សួរ​នេះ​បាន​ទេ។​

«រឿង​ហ្នឹង​ វា​ពាក់​ព័ន្ធ​ជាមួយ​នីតិ​វិធី​ពាក់​ព័ន្ធ​ជាមួយ​នឹង​ ការ​ស៊ើប​សួរ​ហ្នឹង​ណ៎ាបង​ អញ្ចឹងៗ​ ខាង​យើង​អត់​អាច​ជូន​ អត់​អាច​ជម្រាប​ជូន​បង​នូវ​សំណួរ​ដែល​បង​សួរ​បាន​ទេ»។​

ទាក់​ទិន​ការ​ចោទ​ប្រកាន់​ដដែល​នេះ​ អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាល​ពីថ្ងៃ​ច័ន្ទ​កន្លងទៅ​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​នូវ​ការ​យាយី​ទៅ​លើ​សង្គម​ស៊ីវិល។​ លោក​ស្រី​ អេលេណា​ ប៉ានហ្វី​ឡូវ៉ា​ (Elena Panfilova) ​អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​អង្គការ​តម្លាភាព​អន្តរ​ជាតិ​ ត្រូវ​បាន​ដកស្រង់​សម្តី​ដើម​នៅ​ក្នុង​សេចក្តី​ថ្លែងការ​ណ៍​នោះ​ថា៖​

«អង្គការ​តម្លាភាព​អន្តរជាតិ​ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នូវ​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ និង​ការ​គំរាម​កំហែង​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​ប្រឆាំង​អំពើ​ពុករលួយ។​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​គួរ​អនុវត្ត​តួនាទី​ខ្លួន ​ដើម្បី​យាយី​ និង​ព្យាយាម​បំបិទ​សំឡេង​សកម្មជន​សង្គម​ស៊ីវិល​ឡើយ»។​

VOA មិន​អាច​ទាក់​ទង​ លោក​ ឱម​ យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។

នៅថ្ងៃ​អង្គារ​នេះ​ដែរ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch បាន​ចេញ​សេក្តីថ្លែង​ការណ៍​ ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​យុទ្ធនាការ​កាត់​បន្ថយ​ការ​ឃ្លាំមើល​សិទ្ធិ​ក្នុង​ប្រទេស​កម្ពុជា។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​នេះ​ សង្កត់ធ្ងន់​ថា​ ការ​យក​មក​កាត់​ទោស​ ដែល​មាន​ការ​ជាប់​ទាក់​ទង​នឹង​នយោបាយ​ គំរាម​កំហែង​ដល់​រាល់​កិច្ចការ​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG