ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ Tanganyika ​ងាយ​រង​ប៉ះ​ពាល់​ដោយ​អាកាសធាតុ


អ្នកនេសាទត្រីក្នុងស្រុកនៅឯបឹង Tanganyika ជាមួយនឹងការប្រែប្រួលអាកាសធាតុកំពុងតែមានផលប៉ះពាល់អវិជ្ជមានដល់ពូជត្រីដ៏កម្រមួយដែលនៅក្នុងបឹងនោះ។
អ្នកនេសាទត្រីក្នុងស្រុកនៅឯបឹង Tanganyika ជាមួយនឹងការប្រែប្រួលអាកាសធាតុកំពុងតែមានផលប៉ះពាល់អវិជ្ជមានដល់ពូជត្រីដ៏កម្រមួយដែលនៅក្នុងបឹងនោះ។

បឹង​ Tanganyika ​របស់​ទ្វីប​អាហ្រ្វិក​មាន​ជីវៈចម្រុះ​ច្រើន​ជាង​កោះ ​Galapagos។ វា​គឺ​ជា​បឹង​ទឹកសាប​ដ៏​វែង​បំផុត​របស់​ពិភព​លោក​ និង​ជា​ជម្រក​របស់​ត្រី​ទឹក​សាប​ពណ៌​ផ្សេងៗ​គ្នា​ជា​ច្រើន​ ដែល​គេ​ហៅ​ថា​ cichlids​ ដែល​មាន​នៅ​ក្នុង​អាង​ចិញ្ចឹម​ត្រី។

គេ​អាច​រក​ឃើញ​ប្រភេទ​សត្វ​រាប់​រយ​ប្រភេទ​បឹង​នេះ​ប៉ុណ្ណោះ​ ដែល​គេ​ហៅថា​បឹង​ជម្រក។ប៉ុន្តែ​ប្រភេទ​សត្វ​ទាំង​នោះ​កំពុង​ត្រូវ​បាន​គំរាម​កំហែង​ដោយ​សារ​សកម្មភាព​របស់​មនុស្ស។ ការ​នេសាទ​បែប​អាជីវកម្មកំពុង​ដើរ​តួ​ជា​អ្នក​គំរាម​កំហែង ​ប៉ុន្តែ​ការ​គំរាមកំហែង​ធំ​បំផុត​ពិត​ប្រាកដ​នោះ​កើត​មាន​នៅ​ទី​នោះ​រយៈ​ពេលយូរ​ជាង​ការ​នេសាទ​ត្រី​ទៅ​ទៀត។ បើ​យោង​តាម​ការ​សិក្សា​នៅ​ក្នុង ​PNAS ការ​គំរាម​កំហែង​នោះ​គឺ​ការ​ប្រែប្រួល​នៃ​អាកាសធាតុ។

មើល​ឲ្យ​កាន់​តែ​ជិត

បឹង​ Tanganyika ​ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​តង់សានី​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ​ប្រទេស​ប៊ូរុនឌី​ និង​ សំប៊ី​ ​ផ្ដល់​នូវ​ប្រូតេអ៊ីន​ពី​មួយ​ភាគ​បី​ទៅ​ពាក់​កណ្តាល​នៃ​ប្រូតេអ៊ីន​សត្វ​សម្រាប់​តម្រូវ​ការ​របស់​អ្នក​ភូមិ។ ការ​នេសាទ​ត្រី​ជា​បែប​ពាណិជ្ជកម្ម​បាន​ចាប់​ផ្តើម​នៅ​ក្នុង​បឹង​នេះ​ក្នុងទសវត្សរ៍​ឆ្នាំ​១៩៥០​ ហើយ​សព្វថ្ងៃនេះ​ ការ​នេសាទ​នៅទីនេះ​អាចនាំ​ចេញ​ត្រី​បាន​ជាង​២ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ។

ប៉ុន្តែ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ អ្នក​នេសាទ​និង​អ្នក​ភូមិ​ បាន​សង្កេត​ឃើញ​ថា​ ចំនួន​ត្រី​បាន​ធ្លាក់​ចុះ។ មាន​ការ​ជជែក​ពិភាក្សា​គ្នា​នៅ​ក្នុង​រង្វង់​នៃ​ការ​សិក្សា ​ថា​តើ​ការ​នេសាទ​ហួស​ប្រមាណ​ឬ​ការ​ប្រែប្រួល​អាកាសធាតុ​គឺ​ជា​កត្តា​ចម្បង​ចំពោះ​ការ​ធ្លាក់​ចុះ​បរិមាណ​ត្រី​ដែល​គេ​បាន​មើល​ឃើញ​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ឬ​យ៉ាង​ណា។

ការ​ស្រាវជ្រាវ​កន្លង​មក​បាន​បង្ហាញ​ថា ​សីតុណ្ហភាព​ផ្ទៃ​ទឹក​បឹង​បាន​កើន​ឡើង​ក្នុង​រយៈពេល ​១៥០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​នៅ​ក្នុង​សារអេឡិច​ត្រូនិច​មួយ​ដែល​បាន​ផ្ញើ​មក​កាន់​វីអូអេ ​លោក Jouko​ Sarvala​ សាស្រ្តាចារ្យ​នៃ​នាយកដ្ឋាន​ជីវសាស្ត្រ​នៅ​សាកលវិទ្យាល័យ ​Turku ​របស់ប្រទេស​ហ្វាំងឡង់​ បាន​កត់​សម្គាល់​ឃើញ​ថា​ បើ​ទោះ​បី​ជា​សីតុណ្ហភាព​នៃ​បឹង​នេះ​បាន​កើន​ឡើង​ក៏​ដោយ​ ការ​នេសាទ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​ មាន​ការ​កើនឡើង​នៃ​ការ​ទិន្នផល​ត្រី​នៅ​ក្នុង​ចន្លោះ​រវាងទសវត្សរ៍​ឆ្នាំ១៩៥០​និង ទសវត្សរ៍​ឆ្នាំ​១៩៧០។ សម្រាប់​រយៈ​ពេល​ពីរ​ទសវត្សរ៍​បន្ទាប់​មក​ទៀត​ ទិន្នផលត្រី​មាន​ការ​កើន​ឡើង​និង​ធ្លាក់​ចុះឆ្លើយ​តប​ទៅ​តាម​ការ​ប្រែប្រួល​នៃ​សកម្មភាព​នេសាទ។ រហូត​មក​ដល់ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ទើប​ការ​ប្រែប្រួល​នៃ​ផល​នេសាទ​ជាក់​ស្តែង​ត្រូវបាន​គេកត់​សម្គាល់​ឃើញ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ច្បាស់។

ដើម្បី​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​វិស័យ​ជលផល​ អ្នក​ស្រាវជ្រាវ​អាមេរិក​មួយ​ក្រុម​បាន​ស្រង់​ស្នូល​ដី​ល្បាប់​ពី​ទី​តាំង​ផ្សេងៗ​គ្នា​ជា​ច្រើន​កន្លែង​នៅ​ក្នុង​បឹង​ Tanganyika ។

ស្រទាប់​នៃ​ភក់​មាន​ផ្ទុក​ផូស៊ីល​ដែល​អាច​ប្រាប់​ពី​រឿងរ៉ាវ​នៃ​ការ​កើន​ឡើង​និង​ការ​ធ្លាក់​ចុះ​នៃ​បរិមាណ​ត្រី។ អ្នក​ស្រាវជ្រាវ​បាន​ប្រៀបធៀប​ការ​ផ្លាស់​ប្តូរ​ទាំង​នោះ​ជាមួយ​នឹង​ទិន្នន័យ​សីតុណ្ហភាព​ដែល​មាន​កាល​ពី​១៥០​ឆ្នាំ​មុន។ ពួក​គេ​បាន​រក​ឃើញ​ការ​កើន​ឡើង​និង​ការ​ធ្លាក់​ចុះ​នៃ​មរិមាណ​ត្រីទៅ​តាម​វដ្ត​នៃ​ការ​កើន​ឡើង​និង​ការ​ធ្លាក់​ចុះ​នៃ​កម្តៅ​ធម្មជាតិនៃ​បឹង​នោះ។​

ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ក៏​បាន​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​បិរមាណ​ត្រី​ក្រោយ​មានការ​កើន​ឡើង​កំដៅ​ផែនដី​ជា​រួម​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​១៥០​ ឆ្នាំ​កន្លង​មក គឺ​នៅ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម។ ​ការណ៍​នោះ​បាន​បង្ហាញ​ថា​ ការ​ធ្លាក់​ចុះ​នៃ​បរិមាណ​ត្រី​បាន​ចាប់​ផ្តើម​តាំង​ពី​មុន​ពេល​មាន​ការ​នេសាទ​ត្រី​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​តំបន់​នោះ​ទៅ​ទៀត។

លោក​ Andrew ​Cohen ​សាស្រ្តាចារ្យ​នៅ​ដេប៉ាតឺម៉ង់​ភូគព្ភវិទ្យានៅ​សាកលវិទ្យាល័យ​ Arizona ​និង​ជា​អ្នក​ដឹក​នាំការ​សិក្សា​នេះ​បាន​ពន្យល់​ថា៖ «អ្វី​ដែល​យើង​អាច​ដឹង​បាន​ពី​ការ​ប្រែ​ប្រួល​នេះ​គឺ​ថា បរិមាណ​ត្រីប្រែប្រួល​ជា​ទូទៅ​ទៅ​តាម​អាកាសធាតុ ប៉ុន្តែអាកាសធាតុ​មិន​មែន​ជា​កក្តា​កំណត់​ទេ។ ហើយ​ការ​នេសាទ​ត្រី​ពិតជា​ផ្នែក​សំខាន់​មួយការ​ប្រែប្រួល​ដ៏​ស៊ីសង្វាក់​គ្នា។ យើង​ក៏​ត្រូវ​គិត​ពិចារណា​ផង​ដែរនៅ​ពេលយើង​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​គ្រប់​គ្រង​ណា​មួយ។ ​ប៉ុន្តែ​ទោះ​យ៉ាង​ណា ជា​ការ​ពិត​ វា​ទាក់​ទងទៅ​នឹង​ការ​ប្រែប្រួល​នៃ​អាកាសធាតុ»។

លោក Sarvala បាន​ទទួល​ស្គាល់ការ​សិក្សា​ដែល​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​នេះ​ ថា​ជា​ការ​ទំនាក់ទំនង​គួរ​ឱ្យ​ទុក​ចិត្ត​រវាង​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​បឹង​ និង​ការ​ថយ​ចុះ​បរិមាណ​ត្រី។ លោក​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន ​នេះ​ ទាំង​អាកាសធាតុ​ទាំង​អ្នក​នេសាទ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បឹង​នេះ។

ការ​បាត់បង់​ជម្រក

លោក ​Peter​ McIntyre​ សាស្ត្រាចារ្យ​ផ្នែក​សួន​សត្វវិទ្យា​នៅ​សាកលវិទ្យាល័យ ​Wisconsin-Madison​ ដែល​បាន​ចូលរួមក្នុង​ការ​សិក្សា​នេះ​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ការ​បាត់បង់​ជម្រក​ត្រី​និង​ខ្យង​ ៣៨​ភាគ​រយ​នៅ​ក្នុង​បឹង​នេះ។

លោក​ប្រាប់​វីអូអេ​ថា៖ «នោះ​ជា​ការ​បាត់​បង់​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ និង​ជា​អ្វី​ដែល​មិន​ធ្លាប់​ត្រូវ​បាន​កត់​ត្រា​ទុកឯកសារពី​មុន​មក​ទេ»។

លោក McIntyre ​បាន​និយាយ​ថា​ ភាគ​ច្រើន​នៃ​ជីវិត​សត្វ​នៅ​ក្នុង​ទឹក​រស់​នៅ​ក្នុង​ «រង្វង់​អាង​ទឹក​នៃ​ជីវៈ​ចម្រុះ»​ នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ ឬ​នៅ​បាត​បឹង​នេះ។

នេះក៏​ដោយសារ​តែ​ នៅ​ជម្រៅ​អតិបរមា​ជិត​១៥០០​ម៉ែត្រ​នោះ វា​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​បំបែក​អុកស៊ីសែន​នៅ​ទូទាំង​ក្នុង​បឹង​នោះ។ អុកស៊ីសែន​ចូល​ទៅ​ក្នុង​ផ្ទៃ​លើ​នៃ​ទឹក​ពី​ខ្យល់​ ហើយជា​ធម្មតា​ត្រូវ​បាន​លាយ​បញ្ចូល​គ្នា​ទៅ​ក្នុង​ជម្រៅ​១០០​ម៉ែត្រ​ដោយ​សារ​ចរន្ត​ខ្យល់។

សីតុណ្ហភាព​នៃ​ទឹក​ធ្លាក់​ចុះ​នៅ​ពេល​ដែល​អ្នក​មុជ​ចូលកាន់​តែ​ជ្រៅ​ទៅ​ក្នុង​បឹង​ ដែល​នេះ​មាន​ន័យ​ថា​ ទឹក​ក៏​កាន់​តែ​មាន​សម្ពាធ​ធ្ងន់​នៅ​ពេល​អ្នក​ចូល​ក្នុង​ទឹក​កាន់​តែ​ជ្រៅ។ ការ​ប្រែប្រួលអាកាសធាតុ​បង្ក​ឱ្យ​មាន​ការ​កើន​ឡើង​សីតុណ្ហភាពនៅ​ខាង​ក្រៅ​ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​ខាង​លើ​មាន​កំដៅ​ដែល​ធ្វើ​ឱ្យ​វា​មាន​សម្ពាធ​ស្រាល​ជាង​មុន។

ភាព​ខុសគ្នា​នៃ​ដង់ស៊ីតេ​រវាង​ផ្ទៃ​ទឹក​មាន​សម្ពាធ​ស្រាល​ដែល​មាន​ផ្ទុក​អុកស៊ីសែន ​និង​ទឹក​ត្រជាក់​ដែល​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​មាន​ន័យ​ថា ​ខ្យល់​មិន​អាច​ធ្វើ​ឲ្យ​ទឹក​មាន​ល្បាយ​នៅ​ជម្រៅ​ធម្មតា​បាន​ទេ។ អុកស៊ីសែន​មិន​ធ្លាក់​ចុះ​ទៅ​បាន​ជ្រៅ​ទេ ហើយ​សារធាតុ​ចិញ្ចឹម​ក៏​មិន​ផុស​ឡើង​មក​លើ​ដែរ។

លោក Cohen ​ពន្យល់​ថា៖​ «អុកស៊ីសែន​ប្រហែល​ជាធ្លាក់​ចូល​ក្នុង​ទឹក​បាន​១០០​ម៉ែត្រ​នៅ​កន្លែង​ខ្លះ​ កាល​ពី​៥០​ឆ្នាំ​មុន ​ហើយ​ឥឡូវ​នេះ​ វា​អាច​ធ្លាក់​ចុះ​បាន​ជម្រៅ​តែ​៧០​ម៉ែត្រ​ប៉ុណ្ណោះ។ ដូច្នេះ​ ជម្រក​ត្រី​ដែល​នៅ​បាត​បឹងដែល​កាល​ពី​មុន​ទឹក​មាន​អុកស៊ីសែន​និង​ជា​កន្លែង​ដែល​សត្វ​អាច​រស់​នៅ​បាន​នោះ ​វា​លែង​ជា​ជម្រក​ត្រី​ទៀត​ហើយ»។

ការ​ផ្លាស់​ប្តូរ​ជាសកល និង ផលប៉ះពាល់​ក្នុង​ស្រុក

ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​អាច​មើល​ឃើញ​នៅ​ក្នុង​ទម្រង់​ទាំងអស់​ រាប់​ចាប់​តាំង​ពី​ការ​រលាយ​នៃ​ស្រទាប់​ទឹកកក​នៅ​ក្នុង​តំបន់​អាក់ទិក​ រហុត​ដល់​ការ​ផុត​ពូជ​សត្វ​កណ្តុរ​ដោយ​សារ​តែ​ជម្រក​របស់​ពួកវា​នឹង​ត្រូវនៅ​ក្រោម​ទឹក។ វា​ដូច​គ្នា​ទៅ​នឹង​ខ្លាឃ្មុំ​តំបន់ប៉ូល​ និង​សត្វ​កណ្តុរ​ដែល​បាត់បង់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ពួក​វា​ដែរ មនុស្ស​ដែល​ពឹង​ផ្អែក​លើ​ត្រី​នៅ​ក្នុង​បឹង​ Tanganyika ​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ដើម្បី​បញ្ឈប់​ការ​ប្រែប្រួល​អាកាសធាតុ​ទេ ប៉ុន្តែ​ពួក​គេ​កំពុង​ធ្វើ​យុទ្ធសាស្រ្ត​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ទាំង​នោះ។

លោក Ismael​ Aaron ​Kimirei​ គឺ​ជា​នាយក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ និង​ជា​នាយក​មជ្ឈមណ្ឌល​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលផល​ប្រទេស​តង់សានី ហៅ​កាត់​ថា TFRI។ វិទ្យាស្ថាន​ TFRI​ បាន​ផ្តល់​ដំបូន្មាន​ដល់​រដ្ឋាភិបាល​តង់សានី​ លើ​បញ្ហា​ផ្សេងទាក់ទង​ទៅ​នឹង​ជលផល។ លោក​ Kimirei​ បាន​ប្រាប់​វីអូអេ​តាម​អ៊ីមែល​ថា​ ការ​ព្រួយបារម្ភ​ចម្បង​របស់​ពួក​គេ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ផ្លាស់​ប្តូរ​ការ​គ្រប់គ្រង​វិស័យ​ជល​ផល​ និងគោល​នយោបាយ​ប៉ះ​ពាល់​ ដើម្បី​ប្រភព​ដ៏​សំខាន់​នៃ​ប្រូតេអុីន​មួយ​នេះ​ នឹង​នៅ​តែ​អាច​ប្រើ​ប្រាស់​បាន។

គាត់​បាន​ពន្យល់​ថា៖ «ជល​ផល​នៅ​លើ​បឹង​នេះ​គឺ​បើក​ឲ្យ​ប្រើ​យ៉ាង​ទូលាយ។ ជារួម​ អ្នក​ណា​ក៏​អាច​ចូល​ទៅ​នេសាទ​ត្រី​នៅ​ទីនោះ ហើយ​មិន​មាន​បទ​បញ្ញត្តិ​ថា តើ​ម្នាក់ៗ​អាច​នេសាទ​បាន​ច្រើន​ប៉ុណ្ណា​នោះ​ទេ។ ប្រសិន​បើ​ការ​ឡើង​កម្តៅ​នៅ​តែ​បន្ត​ ហើយ​ការ​នេសាទ​មិន​ត្រូវ​បាន​គ្រប់​គ្រង​ទេ​នោះ ​និរន្តរភាព​នៃ​ការ​នេសាទ​ត្រី​នេះ​បាន​ត្រឹម​តែ​ជា​ពាក្យ​ប្រៀន​ប្រដៅ​ប៉ុណ្ណោះ» ។

វិទ្យាស្ថាន​ TFRI​ កំពុង​ធ្វើ​ការ​ជាមួយ​សាកលវិទ្យាល័យ​និង​អង្គការ​ដទៃ​ទៀត​ ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​លើ​បឹង​នេះ​ និង​ជូន​ដំណឹង​ដល់​សហគមន៍​មូលដ្ឋាន​ និង​អ្នក​បង្កើត​គោល​នយោបាយ។ លោក ​Kimirei​ សង្ឃឹម​ថា​ ការ​ពន្យល់​ពី​ស្ថានភាព​នេះ​ដល់​ពួក​គេ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ចូលរួម​ក្នុង​ដំណើរ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត។ លោក​បាន​កត់​សម្គាល់​ថា​ ឧស្សាហកម្ម​នេសាទ​នេះ​ គឺ​ជា​សកម្មភាព​សេដ្ឋកិច្ច​សំខាន់​បំផុត​ទីបី​នៅ​ក្នុង​តំបន់ ​Kigoma ​ហើយ​បឹង​នេះគឺ​ជា​ប្រភព​ផ្តល់​ប្រូតេអ៊ីន​ចម្បង​សម្រាប់​ប្រទេស​នេះ។

លោក​និយាយ​ថា ទោះ​ជា​យ៉ាង​ណា​ «យើង​បាន​កត់​សម្គាល់​ឃើញ​ថា ​ឥឡូវ​នេះ​ភាគ​ច្រើន​នៃ​គ្រួសារ​ក្រីក្រ​មិន​អាច​មាន​លទ្ធភាព​ទិញ​ត្រី​ដែល​មានប្រូតេអ៊ីន​នោះ​ដើម្បី​ទទួល​ទាន​ប្រចាំ​ថ្ងៃ​បាន​ទេ ដែល​នេះ​ក៏ដោយ​តែ​ការ​កើន​ឡើង​នៃ​តម្លៃ​ត្រី និង​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ទំនិញ​មួយ​នេះ»។​

ការ​ផ្តោត​លើ​សហគមន៍​មូលដ្ឋាន​ គឺ​ជា​របៀប​ដែល​លោក​ Colin ​Apse​ ​កំពុង​ព្យាយាម​ពង្រឹង​ភាព​ធន់​របស់​ពួក​គេ។ លោក​គឺ​ជា​នាយក​កម្ម​វិធី​អភិរក្ស​ទឹក​សាប​សម្រាប់​កម្ម​វិធីអភិរក្ស​ធម្មជាតិ​អាហ្រ្វិក។ ការ​ប្រឹង​ប្រែង​របស់​គាត់​ដាក់​បញ្ចូលអង្គការ​នេសាទ​ក្នុង​សហគមន៍​ ដែល​លើក​កម្ពស់​បច្ចេកទេស​នេសាទ​ប្រកប​ដោយ​និរន្តរភាព ​ដូច​ជា​ការ​ប្រើ​សំណាញ់​ចាប់​ត្រី​ដែល​មិន​ជាប់​ត្រី​តូច។ លោក Apse បាប​បញ្ជាក់​ថា​ ទោះ​បី​ជា​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​មាន​ធ្លាក់​ចុះ​ត្រី​ក្នុង​រយៈ​ពេល​យូរ​ទៅ​មុខ​ទៀត​ក៏​ដោយ ការ​មិន​ចាប់​យក​កូន​ត្រី​ក្នុង​ចំណោម​ត្រី​ទាំង​អស់​ ​និង​ការ​ចាក់​បំពេញ​តំបន់​ឆ្នេរ​សមុទ្រ​ដោយ​ដី​ល្បាប់​នោះ​ មាន​ផល​ប៉ះ​ពាល់​ធំ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

គាត់​បាន​ពន្យល់​ថា​ ទាំង​នេះ​គឺ​ជា​ការ​គំរាម​កំហែង​ដែល​ពួក​គេ​អាច​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់ ខណៈ​ពេល​ដែល​ពួក​គេ​ក៏​ត្រូវ​ «ទទួល​ស្គាល់​ដែរ​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​គឺ​ជាកត្តា​កំណត់​ដែល​អ្នក​ភូមិ​ទាំង​នេះ​មិន​អាច​គ្រប់គ្រង​បាន»។

លោក​ Kimirei ​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​អ្នក​រៀប​ចំ​ការ​សិក្សា​នេះ​ទទួល​ស្គាល់​ថា ​ការ​កើន​ឡើង​នៃ​ការនេសាទមិន​អាច​ត្រូវ​គេ​មើល​រំលង​ទេ ខណៈដែល​ការ​ប្រែប្រួល​អាកាសធាតុ​អាច​ជា​ចំណុច​ស្នូល​នៃ​ការ​ធ្លាក់ចុះ​នេះ។ នៅ​ក្នុង​ទិដ្ឋភាព​នៃ​លទ្ធផល​ទាំង​នេះ​ ពេល​វេលា​កាន់​តែ​អាក្រក់​ជាង​នេះ​ត្រូវគេ​រំពឹង​ថា​នឹង​កើត​មាន ប្រសិន​បើ​បឹង​នេះ​ នៅ​តែ​បន្ត​កើន​ឡើង​កម្តៅ​ ហើយ​ការ​នេសាទ​ត្រី​បន្ត ​ឥត​ស្រាក​ស្រាន្ត​នោះ»៕

ប្រែ​សម្រួល​ដោយ​ផន​បុប្ផា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG