ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះ​សិប្បនិម្មិត​ដែល​កំពុង​សាង​សង់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី


រូបភាពឯកសារ៖ ​ការទន្រ្ទានបន្តដែល​រងការចោទប្រកាន់​នៃថ្ម​ប៉ប្រះ​ទឹក​ Subi ដោយចិន​ត្រូវបាន​ឃើញពី​កោះ Pag-asa នៅបណ្តុំកោះ​ Spratlyឯសមុទ្រចិនខាងត្បូង ខាងលិចខេត្ត Palawan ប្រទេសហ្វីលីពិនកាលពីខែ​ឧសភា​ ២០១៥
រូបភាពឯកសារ៖ ​ការទន្រ្ទានបន្តដែល​រងការចោទប្រកាន់​នៃថ្ម​ប៉ប្រះ​ទឹក​ Subi ដោយចិន​ត្រូវបាន​ឃើញពី​កោះ Pag-asa នៅបណ្តុំកោះ​ Spratlyឯសមុទ្រចិនខាងត្បូង ខាងលិចខេត្ត Palawan ប្រទេសហ្វីលីពិនកាលពីខែ​ឧសភា​ ២០១៥

រូបភាព​តាម​ប្រព័ន្ធ​ផ្កាយ​រណប​ជា​ច្រើន​កំពុង​លាត​ត្រដាង​ការ​បំផ្លិចបំផ្លាញ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​ផ្កា​ថ្ម​ប៉ប្រះ​ទឹក​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុង​មាន​ជម្លោះ។ តំបន់​ផ្លូវ​ទឹក​ដែល​កំពុង​មាន​ជម្លោះ​មួយ​នេះ​ត្រូវ​បាន​ទាមទារ​ពី​ប្រទេស​ជាច្រើន​ក្នុង​ទី្វប​អាស៊ី​ ហើយ​ការ​ដណ្តើម​ទាមទារ​ទឹក​ដី​និង​ធនធាន​នេះ​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​បរិសា្ថន។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ការ​នេសាទ​ហួស​ប្រមាណ​បាន​ធ្វើ​ឲ្យ​ត្រី​ក្នុង​ស្រុក​ស្ទើរ​តែ​ផុត​ពូជ​អស់។​ ប៉ុន្តែ​តាំង​ពី ឆ្នាំ​២០១២​មក​ ការ​សាង​សង់​កោះ​សិប្បនិម្មិត​ដ៏​ចម្រូង​ចម្រាស់​បាន​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​ផ្លូវ​ទឹក​ដែល​មាន​ជម្លោះ​នេះ។​ រូបភាព​តាម​ប្រព័ន្ធ​ផ្កាយ​រណប​ថ្មីៗ​នេះ​បាន​បង្ហាញ​ពី ស្លាក​ស្នាម​ដែល​បង្ក​ដោយ​មនុស្ស​ទៅ​លើ​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​២៨។​ លោក Terry Hughes គឺ​ជា​អ្នក​ជីវសាស្រ្ត​សត្វ​សមុទ្រ​ និង​សាស្រ្តាចារ្យម្នាក់​នៅ​មហា​វិទ្យាល័យ​ James Cook។

លោក​សាស្រ្តាចារ្យ​បាន​មាន​ប្រសាសន៍​ថា «ប្រទេស​ជា​ច្រើន​ដែល​បាន​ពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​បាន​សាងសង់​កោះ​សិប្បនិម្មិត​នានា​តាំង​ពី​អតីតកាល ឬ​កំពុង​តែ​សាងសង់​នា​ពេល​បច្ចុប្បន្ន ហើយ​វា​បាន​បង្កផលប៉ះពាល់​យ៉ាង​ខ្លាំង។​ ផល​ប៉ះពាល់​នៃ​គម្រោង​បូម​ខ្សាច់​ និង​ការ​ពង្វាត​ដី​កំពុង​ប៉ះពាល់​ទៅ​លើការ​នេសាទ​ត្រី​ដែល​មាន​ស្រាប់​រួច​ហើយកាន់​តែ​ដុនដាប​ឡើង»។

ចាប់​ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៥ អ្នក​នេសាទ​ជនជាតិ​ចិន​បាន​ប្រើ​ប្រាស់​កង្ហារ​ស្លាប​ចក្រ​ដ៏​ធំ​ភ្ជាប់​ជា​មួយ​នឹង​ទូក​ដឹក​ទំនិញដើម្បី​កាត់​ច្រិបថ្ម​ប៉ប្រះ​ទឹក និង​ត្រៀម​រៀប​ចំ​សម្រាប់​ការ​សាងសង់​កោះ​សិប្បនិម្មិតក្នុងប្រជុំ​កោះ​ស្រ្ពាត់លី (Spratlys)។ អ្នក​នេសាទ​ទាំង​នោះក៏​បាន​រុក​រក​សំបក​លៀស​សមុទ្រ​យក្ស​នៅបាត​សមុទ្រ​ផង​ដែរ។​ សំបក​លៀស​ទាំង​នោះ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ដូច​គ្រឿង​អលង្ការ និង​វត្ថុ​ប្រណីត​ផ្សេង​ជាច្រើន ​ដែល​អាច​លក់​បាន​រហូត​ដល់​១៥០.០០០ដុល្លារ។

លោក​ John McManus សាស្រ្តាចារ្យ​ផ្នែក​ជីវវិទ្យា​នៃ​សត្វ​សមុទ្រ​ និង​ផ្នែក​នេសាទ​នៅ​ឯ​សាកលវិទ្យាល័យ Miami និយាយ​ថា​ ការ​សាងសង់​លើ​ថ្ម​ប៉ប្រះ​ទឹក​មិន​មែន​ជា​អ្វី​ដែល​ថ្មី​ទេ ប៉ុន្តែ​ការ​សាង់សង់​សំណង់​ទ្រង់​ទ្រាយ​ធំ​ដូចជា​មូលដ្ឋាន​យោធា​ និង​ផ្លូវ​យន្តហោះ​របស់​ប្រទេស​ចិន​លើក​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

«តែ​មួយ​ពព្រិច​ភ្នែក យើង​ស្រាប់​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​សម្បើម​មួយ ដែល​ថ្ម​ប៉ប្រះ​ទឹក​មួយ​តំបន់​ធំ​ត្រូវ​បាន​កប់​ចោល។ ហើយ​ចុង​បញ្ចប់​វា​មាន​ទំហំ​ប្រហែល​១៣គីឡូម៉ែត​ការ៉េ​ និង​១៣​លាន​ម៉ែត្រ​ការ៉េ​ដែល​ត្រូវ​បាន​បំផ្លាញ​ តាមរយៈ​ការ​គ្រាន់​តែ​ត្រូវ​បាន​គេ​កប់​ចោល​ក្រោម​កោះ​ទាំង​នេះ។ ហើយ​នេះ​គឺ​ពិត​ជា​ការរន្ធត់​ដ៏​ធំ​មួយ»។

ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា​ កោះ​សិប្បនិម្មិត​ទាំង​នេះ​នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​គោល​បំណង​ស៊ីវិល បេសកកម្ម​ស្វែងរក ​និង​ជួយ​សង្គ្រោះ រួម​ទាំង​វិស័យ​ការពារ​ជាតិ​ផង​ដែរ។​

នៅ​ក្នុង​បទ​សម្ភាសន៏​មួយ​ជាមួយ​នឹង​សារព័ត៌មាន​អូស្រ្តាលី​ លោក Wu Shicun ប្រធាន​នៃ​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការ​ស្រាវជ្រាវ​សមុទ្រ​ចិន​ខាង​ត្បូង​ បាន​មាន​ប្រសាសន៏​ថា ចិន​បាន​ធ្វើ​ការ​សាងសង់​នៅ​សមុទ្រ​ដោយ​យោង​តាម «ការ​សាងសង់​ដែល​ប៉ះពាល់​បរិស្ថានតិចតួច» ជាមួយ​នឹង​វិធានការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​តឹងរ៉ឹង​ដើម្បី​ដឹក​នាំ​ការ​សាងសង់​នេះ។

ប៉ុន្តែ​អ្នកស្រី​ Samantha Lee នៃ​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក (World Wildlife Fund) និយាយ​ថា ​ការ​សាងសង់​អ្វី​ក៏​ដោយ​នៅ​តាម​ផ្លូវ​ទឹក​នឹង​មាន​ហានិភ័យ​ក្នុង​ការ​បំផ្លិចបំផ្លាញ​ថ្ម​ប៉ប្រះទឹក​ក៏​ដូចជា ពូជត្រី​ដែល​ពឹងផ្អែក​លើ​ថ្មប៉ប្រះ​ទឹក​ទាំង​នោះដើម្បី​រស់​ផង​ដែរ។

«បើសិន​ជា​កំហាប់​ដី​ល្បាប់​ក្នុង​ទឹក​មាន​កម្រិត​ខ្ពស់​ពេក វា​នឹង​ទប់​ស្កាត់​ពន្លឺ​ព្រះ​អាទិត្យ​ ហើយបង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ការ​លូត​លាស់​នៃ​ផ្កា​ថ្ម។​ ជាង​នេះ​ទៅទៀត វា​នឹង​ប៉ះពាល់​ដល់​ស្រកី​របស់​ត្រី»។

លោក​ McManus បាន​អះអាង​គាំទ្រ​ជា​យូរ​មក​ហើយ​សម្រាប់​ការបង្កើត​ឧទ្យាន​សន្តិភាព​មួយ​នៅ​តំបន់​សមុទ្រ និង​រៀបចំ​ឲ្យ​មានកិច្ចព្រមព្រៀង​សម្រាប់​ការ​គ្រប់គ្រង​ធនធាន​រួម​គ្នា​មួយ ដែល​មាន​រួម​បញ្ចូល​ក្រម​ប្រតិបត្តិ និង​ការ​បញ្ឈប់​ការ​ទាមទា​រទឹក​ដី។ លោក​និយាយ​ថា​ ការណ៍​នេះ​នឹង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សំខាន់​នេះ។

ថ្មីៗ​នេះ ប្រទេស​វៀតណាម​ និង​កោះតៃវ៉ាន់​បាន​ចាប់​ផ្តើម​ធ្វើការ​សាងសង់​ទ្រង់​ទ្រាយ​តូច​នៅ​លើ​កោះ​ជា​ច្រើន​លើ​ផ្លូវ​ទឹក​ដែល​មាន​ជម្លោះ៕

ប្រែ​សម្រួល​ដោយ​ ទុំ ម្លិះ

XS
SM
MD
LG