បាតុភូត El Nino និង La Nina បង្កផលប៉ះពាល់ថ្នាក់តំបន់នៅជុំវិញពិភពលោក ទៅលើរបបទឹកភ្លៀង និងសីតុណ្ហភាពតាមរដូវកាល។ បាតុភូត El Nino បង្កឲ្យមានការកើនឡើងកម្តៅនៃសីតុណ្ហភាពដែលគ្របដណ្តប់នៅតំបន់ត្រូពិចខាងកើត និងតំបន់កណ្តាលសមុទ្រក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយបាតុភូតនេះត្រូវបានគេសម្គាល់ឃើញតាមរយៈបាតុភូតសីតុណ្ហភាពឡើងកម្តៅ។
ជាក់ស្តែង បាតុភូត El Nino ដ៏ខ្លាំងក្នុងឆ្នាំ២០១៥-២០១៦ ដែលបានបញ្ចប់នៅខែឧសភា បានបំបែកកំណត់ត្រាសីតុណ្ហភាពសម្រាប់រយៈ៦ខែដើមឆ្នាំ និងធ្វើឲ្យឆ្នាំ២០១៦ ត្រូវបានចាត់ទុកជាឆ្នាំដែលក្តៅជាងគេបំផុតក្នុងកំណត់ត្រា។
បាតុភូតLa Nina បង្កផលប៉ះពាល់ផ្ទុយពីនេះវិញ។ អង្គការឧតុនិយមពិភពលោកនិយាយថា បាតុភុត La Nina នឹងបង្កឲ្យមានសីតុណ្ហភាពចុះត្រជាក់លាតសន្ធឹងលើផ្ទៃដ៏ធំនៅក្នុងមហាសមុទ្រ នៅតំបន់ភាគកណ្តាល និងខាងកើតនៃខ្សែអេក្វាទ័រក្នុងមហាសមុទ្រប៉ាស៊ីភិច ដែលបាតុភូតនេះទំនងនឹងបង្កឲ្យសីតុណ្ហភាពចុះត្រជាក់បន្តិចបន្តួចនៅទីនោះ។
លោក Maxx Dilley ប្រធានសាខានាយកដ្ឋានព្យាករណ៍អាកាសធាតុ និងការសម្របខ្លួន នៃអង្គការឧតុនិយមពិភពលោកប្រាប់ VOA ថា ឆ្នាំក្រោយអាចនឹងមិនក្តៅរហូតដល់ចូលជាកំណត់ត្រាទេ ប្រសិនបើបាតុភូត La Nina ពិតជាកើតមាននៅចុងឆ្នាំនេះមែន។
លោកនិយាយថា៖ «ខ្ញុំនិយាយបែបនេះ មិនមែនមានន័យថា មិនមានការកើនឡើងកម្តៅជាសាកលនោះទេ វាអាចនឹងកើតមាន ប៉ុន្តែអាចមិនក្តៅបំផុតរហូតជាប់កំណត់ត្រានោះទេ។ ទាំងអស់នេះគ្រាន់តែជាការប្រែប្រួលតិចតួចដល់សីតុណ្ហភាពសាកល ដែលអាចកើតមានដោយសារភាយទៅភាយមករវាងបាតុភូត El Nino និងបាតុភូត La Nina។ ដូច្នេះ ប្រសិនបើបាតុភូត La Nina កើតមានមែននោះយើងអាចនឹងឃើញថា សីតុណ្ហភាពចុះទាបបន្តិចធៀបនឹងសីតុណ្ហភាពដែលយើងបាននឹងកំពុងជួបតែប៉ុណ្ណោះ ដែលទាំងអស់នេះត្រូវបានកំណត់ត្រាពីមួយឆ្នាំទៅមួយឆ្នាំទូទាំងសាកលលោក»។
អង្គការឧតុនិយមពិភពលោកនិយាយថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលមានលំនឹងមួយ ប៉ុន្តែលទ្ធភាពដែលអាចមានបាតុភូត La Nina គឺចន្លោះពី៥០ទៅ៦៥ភាគរយ ហើយវាអាចនឹងកើតមាននៅត្រីមាសទី៣នៃឆ្នាំ២០១៦ និងបន្តរហូតដល់ចប់ឆ្នាំតែម្តង។
អ្នកឧតុនិយមនិយាយថា បាតុភូត La Nina ដែលនឹងនាំមកនូវរបបទឹកភ្លៀងលើសពីកម្រិតមធ្យម ទំនងនឹងជួយសម្រាលភាពរាំងស្ងួតនៅតំបន់នានា តួយ៉ាងអាស៊ីខាងត្បូង ភាគខាងកើតនៃប្រទេសអូស្ត្រាលី អាហ្វ្រិកភាគខាងត្បូង និងភាគខាងកើតផងដែរ៕
ប្រែសម្រួលដោយ កោះ សុគន្ធី