ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងសុខាភិបាល​បដិសេធ​ការ​អះអាង​របស់​លោក គួច ម៉េងលី ថា​ក្រសួង​មិន​ផ្ដល់​ការយល់​ព្រម​តាម​សំណើ


រូបឯកសារ៖ លោក​ គួច ម៉េងលី ជា​វេជ្ជបណ្ឌិត​ និង​អ្នក​ជំនួញ​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក នៅ​ក្នុងការិយាល័យ​របស់​លោក នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។ (រូបថតផ្តល់​ឲ្យ​ដោយ​លោក គួច ម៉េងលី)
រូបឯកសារ៖ លោក​ គួច ម៉េងលី ជា​វេជ្ជបណ្ឌិត​ និង​អ្នក​ជំនួញ​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក នៅ​ក្នុងការិយាល័យ​របស់​លោក នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។ (រូបថតផ្តល់​ឲ្យ​ដោយ​លោក គួច ម៉េងលី)

លោក​ គួច ម៉េងលី ​ដែល​មាន​ងារ​ជា​ឧកញ៉ា​មួយ​រូប​ និង​បាន​មក​រស់នៅ​កម្ពុជា​ជា​ពេទ្យ​ស្ម័គ្រចិត្ត​ ចាប់តាំង​ពី​ឆ្នាំ​២០០២ ​ធ្លាប់​បាន​ថ្លែង​រិះគន់​វិស័យ​សុខាភិបាល​កម្ពុជា​ថា​ ក្នុង​ចំណោម​គ្រូពេទ្យ​១០​នាក់​នៅ​កម្ពុជា ​មាន​៩​នាក់​ទៅ​ហើយ​ដែល​គ្មាន​ក្រមសីលធម៌​ ហើយ​ព្យាបាល​អ្នក​ជំងឺ​មិន​ត្រឹមត្រូវ។

ក្រសួង​សុខាភិបាល​ បាន​ច្រានចោល​ការ​អះអាង​របស់​លោក គួច ម៉េងលី ដែល​បាន​បង្ហាញ​ការ​សង្ស័យ​ថា​ការ​សម្រេចរបស់​ក្រសួង មិន​ផ្តល់​អាជ្ញា​ប័ណ្ណ​បើក​គ្លីនិក និង​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​លើ​វិស័យ​សុខាភិបាល និង​អប់រំ ហាក់​មក​ពី​ការរិះគន់​របស់​លោក​កាល​ពី​ពេល​កន្លង​ទៅ។

កាល​ពី​ឆ្នាំ​មុន លោក​ គួច ម៉េងលី គឺ​ជា​វេជ្ជបណ្ឌិត​ម្នាក់ ដែល​បាន​រិះគន់​វិស័យ​សុខាភិបាល​កម្ពុជា​ថា​ ​មិន​មាន​ក្រមសីលធម៌ ហើយថា​គ្រូ​ពេទ្យ​ភាគ​ច្រើន ​ព្យាបាល​អ្នកជំងឺ​មិន​ត្រឹមត្រូវ។

ក្រសួងសុខាភិបាល​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​ ដោយ​ច្រានចោល​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត​ គួច ម៉េង​លី ដែល​ថា​កិច្ចការ​របស់​លោក​ត្រូវ​រាំងស្ទះ ដោយ​សារ​ក្រសួង​មិន​ផ្ដល់​ការ​យល់ព្រម​លើ​ការ​ស្នើ​សុំ​មួយ​ចំនួន។

សេចក្ដី​បំភ្លឺ​របស់​ក្រសួង​សុខាភិបាល ធ្វើ​ឡើង​ក្រោយ ​VOA កាល​ពី​ថ្ងៃ​ចន្ទ បាន​ចុះផ្សាយ​អត្ថបទ​មួយ ក្រោម​ចំណង​ជើង​ថា​ «កិច្ចការ​របស់​លោក​ គួច​ ម៉េងលី​រាំងស្ទះ​ក្រោយ​ការ​រិះគន់​ប្រព័ន្ធ​សុខាភិបាល»។

បើ​តាម​សេចក្ដី​បំភ្លឺ​របស់​អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល ក្រសួង​បាន​បញ្ជាក់​ថា​ក្រសួងមិន​ដែល​បាន​ទទួល​នូវ​ពាក្យ​ស្នើ​សុំ​ណាមួយ ពី​លោក គួច ម៉េងលី នោះ​ទេ ទាំង​ការងារ​បើក​មុខ​របរ​ឯកជន និង​ការងារ​មនុស្សធម៌។

នៅ​ក្នុង​សេចក្ដី​បំភ្លឺ​នោះ ក្រសួង​ក៏​បានស្នើ​សុំ​ឲ្យ​លោក គួច ម៉េងលី ត្រូវ​គោរព​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន រួមមាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​ ច្បាប់​ស្ដីពី​ការគ្រប់គ្រង​លើ​ការ​ប្រកប​វិជ្ជាជីវៈ​ឯកជន ក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ​

ក្រសួង​ក៏​ស្នើ​ឲ្យ​លោក គួច ម៉េងលី គោរព​នូវ​អនុក្រឹត្យ​ស្ដីពី​ការ​បណ្តុះបណ្តាល​ក្នុង​វិស័យ​សុខាភិបាល និង​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ គួច ម៉េងលី ​ដែល​ជា​វេជ្ជបណ្ឌិត ​និង​អ្នក​ជំនួញ​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​រិះគន់​ខ្លាំងៗ​លើ​វិស័យ​សុខាភិបាល​កម្ពុជា​ បានបង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ ដោយ​លោក​លើក​ជា​ចម្ងល់​មួយ​ចំនួន​ស្ដីពី​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​សម្រាប់​បើក​គ្លីនិក សាកលវិទ្យាល័យ ​និង​កិច្ចព្រមព្រៀង​នៃ​ការ​យោគយល់​ស្ដីពី​ការ​ផ្ដល់​សេវា​សុខាភិបាល ​និង​អប់រំ​ ថា​មាន​ការ​ពិបាក​ស្មុគស្មាញ​ និង​យឺតយ៉ាវ​ហើយ​ការ​ស្នើសុំ​របស់​លោក​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បដិសេធ​ទាំងស្រុង។

លោក​បាន​ថ្លែង​ប្រាប់ ​VOA​ ថា ​ការ​ស្នើ​សុំ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នា​(MOU)​ជាមួយ​ក្រសួង​សុខាភិបាល ​ដើម្បី​នាំចូល​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ពី​បរទេស​មិន​អស់​ពន្ធ​ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​រដ្ឋ​នានា ​ត្រូវ​បាន​បដិសេធ​ ហើយ​ការ​ស្នើ​សុំ​ចុះ​អនុស្សរណៈ​ស្តីពី​ពេទ្យ​ចល័ត ​ដើម្បី​ផ្ដល់​សេវា​សុខភាព​ដោយ​មិន​គិត​ថ្លៃ​ជូន​ប្រជាជន ​មាន​ភាព​ស្មុគស្មាញ និង​ត្រូវ​ចំណាយ​ថវិកា​ច្រើន។

លោក គួច ម៉េងលី ​បាន​បន្ថែម​ថា ​នា​ពេល​ថ្មីៗ​នេះ​ ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​បើក​គ្លីនិក​ឯកជន​របស់​លោក​នៅ​ក្រសួង​សុខាភិបាល​ក៏​មាន​សញ្ញា​មិន​ល្អ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម​ ប៊ុនហេង បាន​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​លើ​ករណី​នេះ ដោយ​លោក​ឲ្យ​យោង​តាម​សេចក្ដី​បំភ្លឺ​របស់​អ្នកនាំពាក្យ​ក្រសួង។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា​ក្រសួង​ចង់​ឲ្យ​លោក គួច ម៉េង​លី គោរព​ទៅ​តាម​ច្បាប់​ដែល​មាន។

លោក​បាន​ថ្លែង​ប្រាប់VOAថា៖ «MOUអី អត់​មាន​ទេ ប៉ុន​អ្នក​នាំ​ពាក្យ​គេ​បាន​ឆ្លើយ​ហើយ។ ខ្ញុំ​អត់​ចង់​ឆ្លើយ​ឆ្លង​តាម​កាសែត​ទេ។ ចង់​ឲ្យ​គាត់​តែ​គោរព​ច្បាប់​បាន​ហើយ។ ហើយ​កុំ​បង្ខូច»។​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​បំភ្លឺ​របស់​ក្រសួង លោក គួច ម៉េងលី បាន​ថ្លែង​ប្រាប់VOAថា ជំនួយ​ការ​របស់​លោក​ពិត​ជា​បាន​ដាក់​លិខិត​ស្នើ​សុំ​MOU​ពី​ក្រសួងសុខាភិបាល ដើម្បី​នាំ​ចូល​សម្ភារៈ បរិក្ខារ​ពេទ្យ​ ដោយ​មិន​បង់​ពន្ធ​ តែ​ត្រូវ​បាន​បណ្ដាញ​រត់ការ​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា​ថ្នាក់​លើ​បាន​បដិសេធ​សំណើ​នេះ។

លោក​បន្ត​ថា​ចំណែក​ការ​ស្នើ​សុំ​បើក​គ្លីនិក ក៏​ត្រូវ​បាន​បណ្ដាញ​រត់ការ​បញ្ជាក់​ថា​ថ្នាក់​លើនឹង​មិន​ផ្ដល់​ឲ្យ​ឈ្មោះ គួច ម៉េងលី​ នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា លោក គួច ម៉េងលី មានប្រសាសន៍ថា​លោក​ស្នើ​សុំ​ក្រសួង​ឲ្យ​មាន​ការ​យោគយល់ ដោយ​សារ​អ្វី​ដែល​លោក​កំពុង​ធ្វើ​នេះ គឺ​ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ក៏​មិន​ចង់​មាន​បញ្ហា​អ្វី​ច្រើន​ដែរ ហើយ​ខ្ញុំ​ក៏​មិន​បាន​ចោទ​ក្រុម​ណា​ដែរ។ តែ​ខ្ញុំ​សូម​ឲ្យ​មាន​ការយោគយល់ ព្រោះ​ខ្ញុំ​ធ្វើ​នេះ​ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា អត់​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​នោះ​ទេ»។

លោក​ គួច ម៉េងលី ​ដែល​មាន​ងារ​ជា​ឧកញ៉ា​មួយ​រូប​ និង​បាន​មក​រស់នៅ​កម្ពុជា​ជា​ពេទ្យ​ស្ម័គ្រចិត្ត​ ចាប់តាំង​ពី​ឆ្នាំ​២០០២ ​ធ្លាប់​បាន​ថ្លែង​រិះគន់​វិស័យ​សុខាភិបាល​កម្ពុជា​ថា​ ក្នុង​ចំណោម​គ្រូពេទ្យ​១០​នាក់​នៅ​កម្ពុជា ​មាន​៩​នាក់​ទៅ​ហើយ​ដែល​គ្មាន​ក្រមសីលធម៌​ ហើយ​ព្យាបាល​អ្នក​ជំងឺ​មិន​ត្រឹមត្រូវ។

លោក​ត្រូវ​បាន​ដក​ស្រង់​សម្ដី​កាល​នោះ​ថា៖ «វិស័យ​សុខាភិបាល​យើង​បើ​ខ្ញុំ​ឲ្យ​ពិន្ទុ​ពី​១​ដល់​១០​ខ្ញុំ​ឲ្យ​២ពិន្ទុ។ បើ​អ្នក​ក្រ​ទៅ​ពេទ្យ​ ខ្ញុំ​ហ៊ាន​ធានា​គេ​នឹង​ដេក​នៅ​ចិញ្ចើម​ផ្លូវ។ ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ដោយ​ផ្ទាល់។ ស្ត្រី​សម្រាល​កូន​ខ្លះ​កូន​អាច​ស្លាប់​ក្នុង​ពោះ​ បើ​គ្មាន​លុយ​វះ។ សំណួរ​ដែល​ត្រូវ​សួរ​ខ្លួនឯង​ពេល​នេះ​ គឺ​ថា​ក្នុង​សត វត្សរ៍​ទី​២១ តើ​កម្ពុជា​យើង​ត្រូវ​ឆ្លង​កាត់​ភាព​វេទនា​នេះ​បន្ត​ទៀត​ឬ​យ៉ាង​ណា​? ខ្ញុំ​អត់​ដែល​ជួប​ពេទ្យ​ណា​អាក្រក់​សែន​អាក្រក់​ ​ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ទេ»។

ការ​ថ្លែង​របស់​លោក​ គួច ម៉េងលី ​កាល​ពី​ដើម​ឆ្នាំ​២០១៦ ​ធ្វើ​ឲ្យ​មាន​ប្រតិកម្មពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ផង​ដែរ រហូត​ដល់​ស្នើ​ឲ្យ​លោក​សុំទោស​ជា​សាធារណៈ​ និង​កែ​តម្រូវ​ចំពោះ​ពាក្យ​សម្ដី​របស់​លោក។

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​ក្រសួង​ពិត​ជា​មាន​ចេតនា​បង្អាក់​សកម្មភាព​បែប​នេះ​មែន​ នេះ​ជា​ការ​ខាតបង់​មួយ។ លោក​ជឿ​ថា​ ករណី​ដូច​លោក គួច ម៉េងលី ​នេះ​អាច​កើត​ឡើង​ពិត​ប្រាកដ​មែន​នៅ​ក្នុង​សង្គម​កម្ពុជា។

លោក សន ជ័យ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​តែ​មាន​ការ​បើក​ចំហ​ច្រើន​ និង​ទទួល​យក​ការ​រិះគន់​ដោយ​ស្ថាបនា។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «សម្រាប់​ខ្ញុំ​វិញ ​ខ្ញុំ​សុំ​ឲ្យ​អ្នក​សម្រេច​ចិត្ត​ផ្នែក​គោល​នយោបាយ​ក្ដី អ្នក​ដឹកនាំ​នៅ​ក្នុង​កម្រិត​នយោបាយ​ក្ដី ​ត្រូវ​មាន​ចិត្ត​បើក​ចំហ​ឲ្យ​បាន​ទូលាយ ​ឲ្យ​មាន​ការ​រិះគន់​ ហើយ​ទទួល​យក​មតិ​ដែល​គេ​រិះគន់​ហ្នឹង​ យក​ទៅ​ដាក់​បញ្ចូល​នៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល ​វា​ជា​ប្រយោជន៍​មួយ​ទៅ​ដល់​ការ​សម្រេច​បាន​នូវ​ទិស​ដៅ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​បែប​ស៊ីជម្រៅ​ហ្នឹង»។

កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៦ លោក ហ៊ុន សែន ​បាន​រិះគន់​ខ្លាំងៗ​លើ​អ្នក​ដែល​រិះគន់​វិស័យ​សុខាភិបាល​ ដោយ​និយាយ​ថា ពួកគេ​កំពុង​មើល​ស្រាល​គ្រូពេទ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​ស្គាល់​ថា នៅ​មាន​ចំណុច​ខ្វះខាត​ ប៉ុន្តែ​មិន​ដល់​ថ្នាក់​១០០ខូច​អស់​៩៩​នោះ​ទេ។​

លោក ហ៊ុន សែន ​មានប្រសាសន៍​ថា៖ «អញ្ចឹង​ភាគ​ច្រើន​នៃ​គ្រូ​ពេទ្យ​របស់​យើង​មាន​ក្រម​សីលធម៌ មាន​វិជ្ជា​ជីវៈ ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ និង​មាន​ការ​លះបង់ ​ដើម្បី​ជួយ​អ្នកជំងឺ។ អ្នក​គេ​លើក​ថា​១០០ ​ខូច​៩៩ អញ្ចឹង​ទេ​ឥឡូវ​ បើ​ក្នុង​ចំណោម​១០០​អញ្ចឹង គ្រូពេទ្យ​ទាំងអស់​សុទ្ធ​តែ​អ្នក​ខូច​ហើយ​នេះ ហើយ​បើ​លើក​ដល់​ធុនៗ​ហ្នឹង វា​មិន​ងាប់​មនុស្ស​អស់​ហើយ»។

ទោះ​ជា​យ៉ាងណា ​លោក ហ៊ុន សែន​ បាន​ជំរុញ​ឲ្យ​គ្រូពេទ្យ​ទាំងអស់​ព្យាយាម​កែ​ប្រែ​ឥរិយាបថ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ​ដើម្បី​បញ្ចៀស​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ៕

XS
SM
MD
LG