លោក គួច ម៉េងលី ជាវេជ្ជបណ្ឌិត និងអ្នកជំនួញម្នាក់មកពីសហរដ្ឋអាមេរិកបានអះអាងថា ការស្នើសុំអាជ្ញាប័ណ្ណសម្រាប់បើកគ្លីនិក និងសាកលវិទ្យាល័យព្រមទាំងកិច្ចព្រមព្រៀងមួយចំនួនស្តីពីការផ្តល់សេវាកម្មសុខាភិបាល និងអប់រំមួយចំនួន មិនត្រូវបានផ្តល់ឲ្យនោះទេរហូតមកដល់ពេលនេះ ដោយលោកសង្ស័យថា អាចបណ្តាលមកពីការរិះគន់របស់លោកកាលពីកន្លងមក។
លោក គួច ម៉េងលី ដែលមានងារជាឧកញ៉ាមួយរូប និងបានមករស់នៅកម្ពុជាជាពេទ្យស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០០២ ធ្លាប់បានថ្លែងរិះគន់វិស័យសុខាភិបាលកម្ពុជាថា ក្នុងចំណោមគ្រូពេទ្យ១០នាក់នៅកម្ពុជា មាន៩នាក់ទៅហើយដែលគ្មានក្រមសីលធម៌ ហើយព្យាបាលអ្នកជំងឺមិនត្រឹមត្រូវ។
លោកត្រូវបានដកស្រង់សម្តីកាលនោះថា៖ «វិស័យសុខាភិបាលយើងបើខ្ញុំឲ្យពិន្ទុពី១ដល់១០ខ្ញុំឲ្យ២ពិន្ទុ។ បើអ្នកក្រទៅពេទ្យ ខ្ញុំហ៊ានធានាគេនឹងដេកនៅចិញ្ចើមផ្លូវ។ នោះជាអ្វីដែលខ្ញុំឃើញទិដ្ឋភាពដោយផ្ទាល់។ ស្ត្រីសម្រាលកូនខ្លះកូនអាចស្លាប់ក្នុងពោះ បើគ្មានលុយវះ។ សំណួរដែលត្រូវសួរខ្លួនឯងពេលនេះ គឺថាក្នុងសតវត្សរ៍ទី២១ តើកម្ពុជាយើងត្រូវឆ្លងកាត់ភាពវេទនានេះបន្ដទៀតឬយ៉ាងណា? ខ្ញុំអត់ដែលជួបពេទ្យណាអាក្រក់សែនអាក្រក់ ដូចពេទ្យនៅស្រុកខ្មែរយើងទេ»។
ការថ្លែងរបស់លោក គួច ម៉េងលី កាលពីដើមឆ្នាំ២០១៦ ធ្វើឲ្យមានប្រតិកម្មជាបន្តបន្ទាប់ពីគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាដោយបានស្នើឲ្យលោកសុំទោសជាសាធាធារណៈ និងកែតម្រូវចំពោះពាក្យសម្តីរបស់លោក។
មួយឆ្នាំក្រោយមក លោក គួច ម៉េងលី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃអាទិត្យ ដោយលោកលើកជាចម្ងល់មួយចំនួនស្តីពីការស្នើសុំអាជ្ញាប័ណ្ណសម្រាប់បើកគ្លីនិក សាកលវិទ្យាល័យ និងកិច្ចព្រមព្រៀងនៃការយោគយល់ស្តីពីការផ្តល់សេវាសុខាភិបាល និងអប់រំ ថាមានការពិបាកស្មុគស្មាញ និងយឺតយ៉ាវហើយការស្នើសុំរបស់លោកមួយចំនួនទៀតត្រូវបានបដិសេធទំាងស្រុង។ លោកយល់ថា សញ្ញាអវិជ្ជមានទំាងនេះអាចបណ្តាលមកពីការរិះគន់របស់លោកកាលពីពេលកន្លងមក។
លោកបានថ្លែងប្រាប់ VOA ថា ការស្នើសុំចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយក្រសួងសុខាភិបាល ដើម្បីនាំចូលនូវសម្ភារៈបរិក្ខារពេទ្យពីបរទេសមិនអស់ពន្ធដើម្បីជួយដល់មន្ទីរពេទ្យរដ្ឋនានា ត្រូវបានបដិសេធ ហើយការស្នើសុំចុះអនុស្សរណៈស្តីពីពេទ្យចល័ត ដើម្បីផ្តល់សេវាសុខភាពដោយមិនគិតថ្លៃជូនប្រជាជន មានភាពស្មុគស្មាញ និងត្រូវចំណាយថវិកាច្រើន។
លោក គួច ម៉េងលី បានបន្ថែមថា នាពេលថ្មីៗនេះ ការស្នើសុំអាជ្ញាប័ណ្ណបើកគ្លីនិកឯកជនរបស់លោកនៅក្រសួងសុខាភិបាលក៏មានសញ្ញាមិនល្អផងដែរ។ លោកបានបន្ថែមថា នាពេលកន្លងមក ការស្នើសុំអាជ្ញាប័ណ្ណបើកសាកលវិទ្យាល័យ ក៏ត្រូវបានបដិសេធទំាងស្រុង។
លោកមានប្រសាសន៍ទៀតថា លោកក៏កំពុងតែរង់ចំាមើលថា តើការស្នើសុំចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងអប់រំ ដើម្បីនាំចូលនូវសម្ភារៈបរិក្ខារសិក្សាពីបរទេសមិនអស់ពន្ធមានលទ្ធផលវិជ្ជមាន ឬយ៉ាងណា?
ទោះជាយ៉ាងណា លោក គួច ម៉េងលី មានប្រសាសន៍ថា លោកចង់ជួយប្រជាជនកម្ពុជា ហើយស្នើកុំឲ្យលាបពណ៌រូបលោកថាទាក់ទងនឹងនយោបាយ។
លោកបានថ្លែងប្រាប់ VOA តាមសារអេឡិកត្រូនិកថា៖ «ខ្ញុំចង់បន្តចូលរួមចំណែកជួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសរបស់យើងទោះតិច ឬច្រើន។ ហើយខ្ញុំសង្ឃឹមថានឹងអាចបន្តធ្វើសកម្មភាពបែបនេះ បើទោះជាបុគ្គលខ្លះ ឬក្រុមបុគ្គលខ្លះបានរារាំងក៏ដោយ»។
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមមុតមាំថា ថ្នាក់ដឹកនាំគឺចិត្តល្អ និងបើកចំហគ្រប់គ្រាន់សម្រាប់ខ្ញុំ ក្នុងការបន្តធ្វើអ្វីដែលខ្ញុំកំពុងធ្វើ ដើម្បីជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា»។
លោក គួច ម៉េងលី បានឲ្យដឹងទៀតថាកន្លងទៅ លោកបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់វិស័យអប់រំ វិស័យសុខាភិបាល និងប្រជាជនក្រីក្រនៅកម្ពុជា។
VOA មិនអាចសុំការឆ្លើយតបពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បានបង្វែរសំណួរទាក់ទងនឹងការស្នើសុំបើកសាកលវិទ្យាល័យ និងអនុស្សរណៈនៃការយោគយល់គ្នា ទៅខាងរដ្ឋបាល ដែលជាអ្នកទទួលលិខិត និងឯកសារផ្សេងៗ។
ទាក់ទងនឹងការស្នើសុំបើកគ្រឹះស្ថានឧត្តមសិក្សា លោកមានប្រសាសន៍ថា ជាទូទៅ ក្រសួងបានផ្តល់អាទិភាពលើការអប់រំផ្នែកឧស្សាហកម្ម កសិកម្ម និងសំណង់។ ចំពោះការនាំចូលសម្ភារៈសិក្សាវិញ លោកមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកអនុវត្តកិច្ចការនេះ តែលោកថា ជាដំណើរការ ក្រសួងអប់រំតែងតែចេញលិខិតគាំទ្រ ហើយដៃគូត្រូវរៀបចំឯកសារទៅក្រសួងសេដ្ឋកិច្ចសម្រាប់ដំណើរការបន្តទៀត។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជា មានប្រសាសន៍ថា ប្រសិនបើក្រសួងពិតជាមានចេតនាបង្អាក់សកម្មភាពបែបនេះមែន នេះជាការខាតបង់មួយ។ លោកជឿថា ករណីដូចលោក គួច ម៉េងលី នេះអាចកើតឡើងពិតប្រាកដមែននៅក្នុងសង្គមកម្ពុជា។
លោក សន ជ័យ បានស្នើឲ្យរដ្ឋាភិបាលគួរតែមានការបើកចំហច្រើន និងទទួលយកការរិះគន់ដោយស្ថាបនា។
លោកបានថ្លែងប្រាប់ VOA ថា៖ «សម្រាប់ខ្ញុំវិញ ខ្ញុំសុំឲ្យអ្នកសម្រេចចិត្តផ្នែកគោលនយោបាយក្តី អ្នកដឹកនាំនៅក្នុងកម្រិតនយោបាយក្តី ត្រូវមានចិត្តបើកចំហឲ្យបានទូលាយ ឲ្យមានការរិះគន់ ហើយទទួលយកមតិដែលគេរិះគន់ហ្នឹង យកទៅដាក់បញ្ចូលនៅក្នុងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល វាជាប្រយោជន៍មួយទៅដល់ការសម្រេចបាននូវទិសដៅនៃការធ្វើកំណែទម្រង់បែបស៊ីជម្រៅហ្នឹង»។
ការរិះគន់របស់លោក គួច ម៉េងលី កាលពីកន្លងទៅ ក៏មានប្រតិកម្មពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៦ លោក ហ៊ុន សែន បានរិះគន់ខ្លាំងៗលើអ្នកដែលរិះគន់វិស័យសុខាភិបាល ដោយនិយាយថា ពួកគេកំពុងមើលស្រាលគ្រូពេទ្យនៅក្នុងប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្រ្តីបានទទួលស្គាល់ថា នៅមានចំណុចខ្វះខាត ប៉ុន្តែមិនដល់ថ្នាក់១០០ខូចអស់៩៩នោះទេ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «អញ្ចឹងភាគច្រើននៃគ្រូពេទ្យរបស់យើងមានក្រមសីលធម៌ មានវិជ្ជាជីវៈ ប្រកបដោយការទទួលខុសត្រូវ និងមានការលះបង់ ដើម្បីជួយអ្នកជំងឺ។ អ្នកគេលើកថា១០០ ខូច៩៩ អញ្ចឹងទេឥឡូវ បើក្នុងចំណោម១០០អញ្ចឹង គ្រូពេទ្យទាំងអស់សុទ្ធតែអ្នកខូចហើយនេះ ហើយបើលើកដល់ធុនៗហ្នឹង វាមិនងាប់មនុស្សអស់ហើយ»។
ទោះជាយ៉ាងណា លោក ហ៊ុន សែន បានជំរុញឲ្យគ្រូពេទ្យទាំងអស់ព្យាយាមកែប្រែឥរិយាបទឲ្យមានភាពល្អប្រសើរ ដើម្បីបញ្ចៀសការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ៕