ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​បក​ដែល​រង់ចាំ​យូរមក​ហើយ​របស់​អ៊ុយក្រែន​កំពុង​ដំណើរការ


រូបឯកសារ៖ ទាហានអ៊ុយក្រែនបាញ់រ៉ុក្កែតឆ្ពោះទៅកាន់ទាហានរុស្ស៊ី នៅក្បែរតំបន់សមរភូមិជាមុខ ក្នុងតំបន់ Zaporizhzhia កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ ទាហានអ៊ុយក្រែនបាញ់រ៉ុក្កែតឆ្ពោះទៅកាន់ទាហានរុស្ស៊ី នៅក្បែរតំបន់សមរភូមិជាមុខ ក្នុងតំបន់ Zaporizhzhia កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។

កាលពីថ្ងៃ​ព្រហស្បតិ៍ ​ប្រទេស​អ៊ុយក្រែនហាក់​ដូចជាបាន​បើក​ធ្វើ​ប្រតិបត្តិការ​វាយបក ​ដែល​គេ​រង់ចាំ​យូរ​មក​ហើយ​ ដើម្បី​យក​មក​វិញ​នូវ​ផ្ទៃដី​ក្នុង​ផ្នែក​ខាង​កើត​និង​ខាងត្បូង​ប្រទេស​ដែល​រុស្ស៊ីបាន​ក្តាប់​យកកាល​ពី​សប្តាហ៍​ដំបូងៗ​នៃ​សង្គ្រាម​ដែល​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​នេះ។

រដ្ឋាភិបាលក្រុង​កៀវ​មិន​បាន​ប្រកាស​អំពី​ចលនា​របស់​ខ្លួននៅ​លើ​សមរភូមិ​ទេ​ តែ​កងកម្លាំង​អ៊ុយក្រែន​បាន​បើក​ការវាយ​ប្រហារដ៏​ធំ​មួយ ដោយ​ប្រើ​កងរថក្រោះនិង​រថ​ពាស​ដែក​ក្នុងតំបន់ Zaporizhzhia នា​ប៉ែក​ខាងត្បូងប្រទេស។ រុស្ស៊ីបាននិយាយថា​ ខ្លួនបាន​ទប់ស្កាត់​ការ​រុល​ទៅ​មុខ​ដំបូងៗ​របស់​អ៊ុយក្រែន ដោយ​រក្សា​ស្ថានភាព​ដែនដី​ឱ្យ​មាន​នៅ​ដូច​ដើម។

មន្ត្រី​អ៊ុយក្រែនបាន​និយាយ​ច្រើន​ខែ​មក​ហើយអំពី​ការ​វាយបក​ នៅ​ពេល​ពួកគេ​បាន​ប្រមែប្រមូល​កង​ឯកភាព​ហ្វឹកហ្វឺន​ដោយ​បណ្តា​ប្រទេស​លោក​ខាង​លិច ហើយ​នៅពេល​ដែល​ពួកគេ​បាន​ទទួល​អាវុធ​ថ្មីៗពីសហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ រុស្ស៊ី​បាន​រាយការណ៍​ថា អ៊ុយក្រែន​បាន​វាយ​ប្រហារ​លើ​ខ្សែ​ត្រៀម​ជួរមុខ​របស់​ក្រុម​ទាហាន​រដ្ឋាភិបាល​មូស្គូ​ នៅ​ផ្នែកខាងកើត​និង​ខាងត្បូង​ដោយ​មាន​ការ​ប្រយុទ្​ធគ្នា​ដ៏​ខ្លាំង​ក្លា។

អ៊ុយក្រែនអាច​មាន​ទាក់ទិន​នឹង​ការ​ប្រឹងប្រែង​ច្រើន​ខែមក​ហើយដើម្បី​វាយ​យក​មក​វិញ​នូវ​ដែនដី ២០% នៃ​ប្រទេស​ខ្លួន​ ដែល​ត្រួតត្រា​ដោយរុស្ស៊ី។

​ទិស​ដៅ​មួយនៃ​ការ​វាយប្រហារទំនង​ជារុល​ទៅ​ខាងត្បូងទៅ​កាន់​សមុទ្រ Azov ​ដែល​ជា​ការ​ប្រឹងប្រែង​មួយ​ ដើម្បី​បំផ្លាញស្ពាន​មួយភ្ជាប់​ដីគោក​របស់​រុស្ស៊ី​ជាមួយ​ឧបទ្វីប Crimea ​ដែល​រដ្ឋាភិបាល​មូស្គូ​បាន​ក្តាប់យក​កាលពី​ឆ្នាំ ២០១៤ ​ហើយ​ដែលជា​មូលដ្ឋាន​សំខាន់​មួយ​សម្រាប់​កិច្ច​ប្រតិបត្តិការ​យោធា​កំពុង​ដំណើរការ​នេះ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, Reuters​និង AFP

XS
SM
MD
LG