ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយពី ​ជួយ​ឲ្យ​រដ្ឋាភិបាល​ឈ្នះក្តី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​លោក គី តិច​​ ឡើង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី


រូបឯកសារ៖ លោក គី តិច (ស្តាំទី១) ដែលជា​មេធាវីរបស់ក្រសួងមហាផ្ទៃមួយរូបក្នុងចំណោម៤រូប និយាយ​​ជាមួយ​អ្នកសារព័ត៌មានក្រោយពី​ដាក់ភស្តុតាងបន្ថែមក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ នៅតុលាការកំពូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក គី តិច (ស្តាំទី១) ដែលជា​មេធាវីរបស់ក្រសួងមហាផ្ទៃមួយរូបក្នុងចំណោម៤រូប និយាយ​​ជាមួយ​អ្នកសារព័ត៌មានក្រោយពី​ដាក់ភស្តុតាងបន្ថែមក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ នៅតុលាការកំពូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​ ​គី តិច ​ដែលជួយ​ឲ្យ​រដ្ឋាភិបាល​ឈ្នះក្តី​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ឈ្នះ​ក្តីនយោបាយ​ជាច្រើន​ទៀតប្រឆាំង​មេដឹកនាំ​គណបក្ស​ប្រឆាំង ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល ​ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋ​មន្រ្តី។

អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ ​និង​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​រំលាយ ​បានលើក​ឡើង​ថា​ ​ការ​តែងតាំង​លោក គី តិច ​មេធាវី​ការពារក្តី​ឲ្យ​រដ្ឋាភិបាល​ដែល​តែង​ឈ្នះ​គ្រប់​សំណុំ​រឿងជាមួយ​គណ​បក្ស​ប្រឆាំង​ធ្វើ​ជា​ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​នោះ​គឺ​ជា​ការ​ផ្តល់​រង្វាន់ ក្រោយ​ពេល​លោក​ គី តិច​ ឈ្នះ​ក្តី​លើ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

ការ​លើក​ឡើង​នេះ​កើត​មាន​បន្ទាប់​ពី​ព្រះ​រាជ​ក្រឹត្យ​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រមុខ​រដ្ឋ​ស្តីទី ​កាលពី​ថ្ងៃទី​៣ ​ខែមីនា​ បាន​សម្រេច​តែងតាំង​លោក​ គី តិច ​ជា​ប្រធាន​ក្រុម​មេធាវី​រាជ​រដ្ឋាភិបាល ​ដែល​មាន​ឋានៈ​ស្មើ​នឹង«រដ្ឋមន្រ្តី»។​

លោក ​ម៉ៅ មុនីវណ្ណ ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ហើយដែល​ត្រូវ​ព្យួរ​សិទ្ធិ​នយោបាយរយៈ​ពេល​៥​ឆ្នាំ​ ​បាន​ប្រាប់ ​VOA ​ថា ​ការ​តែងតាំង​លោក ​គី តិច ​ឲ្យ​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្រ្តី​គឺជា​ការ​លើក​ទឹក​ចិត្ត​ដ៏ធំ​ពី​រដ្ឋាភិបាល​ បន្ទាប់ពី​លោក ​គី​ តិច​ ការពារ​ក្តី​រហូត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។​

លោក​បញ្ជាក់​ថា៖​

«ជា​ការ​លើកទឹក​ចិត្តមួយដ៏​ធំ​ពី​រដ្ឋាភិបាល​ហើយ​ ព្រោះ​គាត់​ធ្វើ​ការងារ​បាន​ជោគ​ជ័យ​ធំធេង​ខ្លាំង​ណាស់។ ​គាត់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​បាន​ជោគជ័យហើយ​ហ្នឹង!​ ដូច្នេះ​ជា​ការ​តបស្នង​របស់​នាយក​រដ្ឋមន្រ្តី​តែងតាំង​វិញ។​ ​អាហ្នឹង​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ហើយ។ ​និយាយជា​ទិដ្ឋភាព​រួម​ទូទៅ​ ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ហើយ​ នៅ​ក្នុង​បរិបទ​សង្គម​ខ្មែរ​យើង។​ អ្នក​ខ្លាំង​គឺ​ឈ្នះ»។​

ចំណែក​លោក​ ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ​លើក​ឡើង​ថា ​ការ​តែង​តាំង​នេះ​ជា​កាដូជូន​ទៅ​មេធាវី​ដែល​ការពារក្តី​ឲ្យ​រដ្ឋាភិបាល​ឈ្នះ​ជាច្រើន​លើក​ក្នុង​ពេល​កន្លង​មក។​ លោក​បន្ថែម​ថា ​បើ​មើល​តាម​ការ​ការពារក្តី​ក្នុង​នាម​ជា​តំណាង​រដ្ឋាភិបាល​ ​លោក ​គី តិច​ឈ្នះ​ក្នុង​សំណុំ​រឿង​មួយ​ចំនួន​គឺមិនស្រប​តាម​ច្បាប់​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ជា​រង្វាន់​ជូន​ដល់​គាត់​ផង​ដែរ។ ​ប៉ុន្តែ​ថា​ តើ​ការងារ​របស់​គាត់​ជា​មេធាវី​ហ្នឹង ​តើ​ទី១​សមស្រប​ហ្នឹង​ច្បាប់​ទេ?​ ហើយ​វា​ពាក់ព័ន្ធ​នឹង​រឿងនយោបាយ​ទេ?​ ឬ​ក៏​មាន​សម្ពាធ​នយោបាយ​ទេ?​ ក្នុង​បរិបទ​នយោបាយ​នៅ​កម្ពុជា​យើង»។​

VOA ​មិន​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​លោក ​គី តិច​ បាន​ទេ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

ព្រះរាជ​ក្រឹត្យ​ដែល​មាន​យោង​សេចក្តី​ក្រាប​ទូល​ថ្វាយ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ផង​នោះ ​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ត្រាស់​បង្គាប់ ​តែងតាំង​ឯកឧត្តម ​គី តិច ​ជា​ប្រធាន​ក្រុម​មេធាវី​រាជ​រដ្ឋាភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​មាន​ឋានៈ​ស្មើ​រដ្ឋមន្រ្តី ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន»។​

ការ​តែងតាំង​នេះ​ធ្វើ​ឡើង​ក្រោយ​បន្តិចនៃ​លោក​ គី តិច ​ចូល​ជា​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​និង​បន្ទាប់​ពី​លោក ​គី តិច ​បាន​ការពារ​ក្តី​ឈ្នះ​ក្នុង​សំណុំ​រឿង​រំលាយ​គណបក្ស​ជំទាស់ ​ដែល​ជា​គណបក្ស​មាន​ប្រជា​ពលរដ្ឋ​គាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស។​

ក្រៅ​ពី​ឈ្នះ​ក្តី​រំលាយ​គណបក្ស​ប្រឆាំង​ សំណុំ​រឿង​ជាច្រើន​ទៀត​ដែល​លោក ​គី តិច ​បាន​ការពារ​ឲ្យ​រដ្ឋាភិបាល មិន​ថា​ ​សំណុំ​រឿង​ដែល​រដ្ឋាភិបាល​ប្តឹង​មន្រ្តី​គណបក្ស​ប្រឆាំង ​ឬ​មន្រ្តី​គណបក្ស​ប្រឆាំង​ប្តឹង​រដ្ឋាភិបាល​នោះ​ទេ ​ជារឿយៗ​ លោក ​គី តិច ​តែង​ឈ្នះ​ក្តី​នៅ​គ្រប់​សំណុំ​រឿង​ ដូចជា ​សំណុំរឿង​កាល​ពី​ឆ្នាំ​២០០៩​ ដែល​ក្នុង​សវនាការនោះលោក ​គី តិច ​ជា​អ្នក​ការពារ​ឲ្យ​រដ្ឋាភិបាលក្នុង​រឿងលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ប្តឹង​អ្នកស្រី ​មូរ សុខហួរ​ ពី​បទ​បរិហារ​កេរ្តិ៍ ដែលតុលាការ​បាន​សម្រេច​ឲ្យ​អ្នកស្រី ​មូរ សុខហួរ ​ចាញ់​ក្តី ​និង​សង​សំណង​ទៅ​លោក ហ៊ុន សែន ​ចំនួន​៤​ពាន់​ដុល្លារ​សហ​រដ្ឋអាមេរិក​ និង​សំណុំ​រឿង​លោក ​ហ៊ុន សែន​ ប្តឹង​អ្នកស្រី ​ថាក់ ឡានី ​អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ ​ហើយនឹង​សំណុំ​រឿង​ប្តឹង​លោក ​គឹម សុខ ​អ្នក​វិភាគ​នយោបាយដែល​តែង​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់។

ចំណែក​សំណុំ​រឿងលោក គី តិច​ បាន​ការពារ​ក្តី​ឲ្យ​មេ​ដឹកនាំ​រដ្ឋាភិបាល​ឈ្នះលោក​ សម រង្ស៊ី ​ពីបទបរិហារកេរ្តិ៍​ កាលពី​ពេល​ថ្មីៗ​នេះ ​តុលាការ​បាន​កាត់​ឲ្យអតីត​មេ​គណបក្ស​ប្រឆាំង​រូបនេះសង​សំណង​ទៅ​លោក ​ហ៊ុន សែន ​និង​លោក ហេង សំរិន ​ជាង​១​លាន​ដុល្លារ ​រហូត​ឈាន​ដល់​ការ​រឹបអូស​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ។​

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​លើក​ឡើង​ថា​ ការ​សម្រេច​តែងតាំង​លោក ​គី តិច​ ជា​ប្រធាន​ក្រុម​មេធាវី​ការពារ​រដ្ឋាភិបាល​នេះ​ ​ធ្វើ​ឡើង​ទៅ​តាម​នីតិវិធី​រដ្ឋបាល​ក្នុង​ការ​បំពេញ​ភារកិច្ច​ការពារ​រដ្ឋាភិបាល។​ លោក​បន្ថែម​ថា​ ក្នុង​ប្រទេស​នីតិរដ្ឋ ​ទាំង​រដ្ឋាភិបាល ​និង​ជនស៊ីវិល ​តែង​មាន​មេធាវី​ដើម្បី​តតាំង​ក្នុង​តុលាការ ​ដូច្នេះ​លោក​ថា ​ការ​រិះគន់​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​សម្រេចតែងតាំង​លោក ​គី តិច​ ជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​នេះ ​គឺ​ជា​ការ​លើក​ឡើង​ដែល​មិន​ត្រឹម​ត្រូវ។​

លោក​បញ្ជាក់​ថា៖​

«អ្នក​គណបក្ស​ប្រឆាំងជា​គណបក្ស​ដែល​មាន​និន្នាការ​ឧទ្ទាម​ ព្រោះ​មិន​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​នីតិរដ្ឋ ​ឬក៏​ឲ្យ​តម្លៃ​តាម​ផ្លូវ​ច្បាប់ ​និង​យន្តការ​របស់​ផ្លូវ​ច្បាប់​នោះ​ទេ។​ ដូច្នេះ​ការ​តតាំង​តាម​ផ្លូវ​ច្បាប់​នៃ​នីតិរដ្ឋ​របស់​របប​ប្រជា​ធិបតេយ្យ​ គឺ​តុលាការ​នោះ​ឯង​ គឺ​ការ​វិនិច្ឆ័យ​ក្តី​នោះ​ឯង ​ដែល​មាន​អ្នក​តំណាង​មេធាវី​រៀងៗ​ខ្លួន»។​

រហូត​មក​ដល់​ពេល​នេះ ​សំណុំ​រឿង​ជាច្រើន​ ដែល​ពាក់ព័ន្ធ​នឹងបណ្តឹង​របស់​រដ្ឋាភិបាល​ ប្តឹង​មន្រ្តីគណបក្ស​ប្រឆាំង ​កំពុង​ដំណើរ​ការ​នៅ​តុលាការ​គ្រប់ជាន់​ថ្នាក់​ ដោយ​មាន​លោក ​គី តិច​ ជា​មេធាវីតំណាង​ឲ្យ​រដ្ឋាភិបាល​ផង​ដែរ។ ភាគ​ច្រើន​នៃ​សំណុំ​រឿង​ទាំង​នោះ ​មិន​មាន​ការ​រំពឹង​ថា​ ​នឹង​អាច​ឈ្នះ​រដ្ឋាភិបាល​នោះ​ទេ៕​

XS
SM
MD
LG