កងកម្លាំងស៊ីរីបានចូលក្នុងក្រុងមួយនៅជិតព្រំដែនប្រទេសតួកគីនៅថ្ងៃចន្ទនេះ គឺក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយនឹងពួក Kurds នៅប្រទេសស៊ីរី ដើម្បីធ្វើដំណើរចូលទៅក្នុងតំបន់នោះតតាំងនឹងការលុកលុយរបស់តួកគី។
ទីភ្នាក់ងារព័ត៌មាន SANA របស់រដ្ឋស៊ីរីបានរាយការណ៍នៅថ្ងៃចន្ទនេះអំពីការធ្វើដំណើររបស់ទាហានស៊ីរីនេះនៅក្រុង Tal Tamr ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីព្រំដែន ដោយបញ្ជាក់ថា ការធ្វើដូចនេះគឺដើម្បី «ទប់ទល់នឹងភាពគឃ្លើនរបស់តួគគី» ហើយការធ្វើដូច្នេះត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះស្វាគមន៍។
កិច្ចព្រមព្រៀងរវាងពួក Kurds ប្រទេសស៊ីរី និងប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរី បានសម្រេចឡើង ៤ ថ្ងៃក្រោយមក បន្ទាប់ពីកងកម្លាំងតួកគីបានវាយប្រហារពួក Kurds នៅភាគខាងជើងប្រទេសស៊ីរី ក្រោយពីសហរដ្ឋអាមេរិកដកទ័ពជិតអស់ពីតំបន់នោះ។
តួកគីចាត់ទុកកងកម្លាំងប្រជាធិបតេយ្យស៊ីរី Kurd ថាជាពួកភេរវជន ដែលមានសម្ព័ន្ធភាពជាមួយនឹងពួកផ្ដាច់ខ្លួននៅក្នុងប្រទេសតួកគី។
សេចក្ដីប្រកាសរបស់ពួក Kurds បានបញ្ជាក់ថា៖ «ដើម្បីរារាំងការវាយប្រហារនេះ កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចឡើងជាមួយនឹងរដ្ឋាភិបាលស៊ីរី ដែលកាតព្វកិច្ចរបស់រដ្ឋាភិបាលស៊ីរីគឺដើម្បីការពារព្រំដែន និងអធិបតេយ្យភាពស៊ីរី ដើម្បីឲ្យទាហានស៊ីរីអាចចូល និងពង្រាយទ័ពនៅតាមព្រំដែនរវាងស៊ីរី និងតួកគីបាន»។
ពួក Kurds នៅប្រទេសស៊ីរីនិយាយថា ពួកគេមានអារម្មណ៍ដូចត្រូវសហរដ្ឋអាមេរិកបោះបង់ចោលទាំងស្រុង បន្ទាប់ពីបានកៀកស្មាគ្នាវាយប្រហារពួកជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរីមក។ ពួកគេក៏មានអារម្មណ៍ផងដែរថា បណ្ដាប្រទេសអារ៉ាប់ភាគច្រើន រួមទាំងក្រុមប្រឹក្សាអង្គការសហប្រជាជាតិក៏មិនខ្វាយខ្វល់នឹងពួកគេដែរ៕