តួកគីបានចាប់ផ្តើមកិច្ចប្រតិបត្តិការយោធាដែលបានគ្រោងទុកជាយូរយាណាស់មកហើយនៅក្នុងតំបន់ភាគពាយព្យនៃប្រទេសស៊ីរី ដើម្បីកំចាត់កងកម្លាំងជនជាតិភាគតិច Kurds ដែលត្រូវបានរដ្ឋាភិបាលតួកគីចាត់ទុកជាយូរយាណាស់មកហើយថា ជាក្រុមភេរវជន ក៏ប៉ុន្តែប្រទេសលោកខាងលិចជាច្រើនមើលឃើញជនជាតិភាគតិច Kurds ជាដៃគូនៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសកាលពីថ្ងៃពុធពីការចាប់ផ្តើមនៃកិច្ចប្រតិបត្តិការដែលហៅថា «រដូវផ្ការីកសន្តិភាព»ហើយបាននិយាយទៀតថា កិច្ចប្រតិបត្តិការនេះ មានគោលបំណងបោសសម្អាត«ការគំរាមកំហែងភេរវកម្ម»ប្រឆាំងនឹងប្រទេសតួកគី។
កិច្ចប្រតិបត្តិការយោធារបស់តួកគីបានចាប់ផ្តើមប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសរបស់សេតវិមានដែលបានទទួលការរិះគន់យ៉ាងខ្លាំងថា កងទ័ពសហរដ្ឋអាមេរិក នឹងដកចេញពីតំបន់នោះ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា «សហរដ្ឋអាមេរិកមិនយល់ព្រមដល់ការវាយប្រហារនេះទេ ហើយបានធ្វើការបញ្ជាក់យ៉ាងច្បាស់ដល់តួកគីថា កិច្ចប្រតិបត្តិការយោធានេះជាគំនិតអាក្រក់មួយ។មិនមានទាហានអាមេរិកាំងនៅក្នុងតំបន់នោះទេ។ ខ្ញុំបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំមិនចង់ធ្វើសង្គ្រាមដែលគ្មានទីបញ្ចប់ទាំងនោះទេ ជាពិសេសសង្គ្រាមដែលមិនផ្តល់ប្រយោជន៍ដល់សហរដ្ឋអាមេរិក។ តួកគីបានតាំងចិត្តការពារជនស៊ីវិល ការពារពលរដ្ឋកាន់សាសនាភាគតិច រួមមានអ្នកកាន់គ្រឹស្តសាសនា ហើយនឹងធ្វើឲ្យប្រាកដថា មិនមានវិបត្តិមនុស្សធម៌កើតមានឡើងទេ ហើយយើងនឹងធ្វើឲ្យតួកគីធ្វើទៅតាមការតាំងចិត្តនេះ»។
សកម្មជនបាននិយាយថា ការវាយប្រហារតាមអាកាសរបស់តួកគី បានត្រូវចំទីក្រុង Ras al-Ayn នៅខាងក្រៅព្រំដែនស៊ីរី៕