ក្រុមមន្រ្តីយោធាតួកគីបាននិយាយថា ទាហានរបស់ពួកគេត្រៀមលក្ខណៈរួចរាល់ហើយដើម្បីចាប់ផ្តើមវាយលុកចូលប្រទេសស៊ីរី ដើម្បីបង្ក្រាបកងកម្លាំងឃឺត ដែលរដ្ឋាភិបាលក្រុងអង់ការ៉ាចាត់ទុកថាជាក្រុមភេរវកម្ម ប៉ុន្តែត្រូវបានប្រទេសលោកខាងលិចយល់ថាជាដៃគូដ៏សំខាន់នៅក្នុងការវាយប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មរដ្ឋឥស្លាម។
កងប្រដាប់អាវុធតួកគីបានបង្ហោះសារកាលពីយប់ថ្ងៃអង្គារ ដោយសច្ចាថានឹងប្រយុទ្ធប្រឆាំងនឹងអ្វីដែលពួកគេហៅជាក្រុមភេរវកម្មឃឺត ព្រមទាំងប្រឆាំងនឹងរដ្ឋឥស្លាមជាមួយនឹងការតាំងចិត្ត។
កងប្រដាប់អាវុធតួកគីបានបញ្ជាក់ដូច្នេះថា «កងទ័ពដ៏អង់អាចរបស់យើងត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ចាប់ផ្តើមប្រតិបត្តិការនៅតំបន់សុវត្ថិភាព»។
លោក Fahrettin Altun នាយកផ្នែកទំនាក់ទំនងរបស់លោកប្រធានាធិបតី Recep Tayyip Erdogan បានសរសេរនៅក្នុងវិចារណកថា និងការបញ្ចេញមតិនៅក្នុងកាសែត Washington Post ថា កងកម្លាំងតួកគីសហការជាមួយនឹងកងទ័ពរំដោះស៊ីរី ហើយភ្លាមៗនឹងត្រូវឆ្លងចូលព្រំដែនរវាងតួកគីនិងស៊ីរី។
លោក Altun បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យគាំទ្រកិច្ចខំប្រឹងប្រែងរបស់តួកគីក្នុងការស្តារស្ថេរភាពឡើងវិញ និងបាននិយាយទៀតថាមហិច្ឆតាតែមួយគត់របស់តួកគីនៅប្រទេសស៊ីរីគឺបន្សាបការគំរាមកំហែងដែលមានជាយូរមកហើយប្រឆាំងនឹងពលរដ្ឋតួកគី។
កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក បានចេញការអំពាវនាវរបស់ខ្លួនដល់អ្នកជាប់ពាក់ព័ន្ធនៅក្នុងកងកម្លាំងចម្រុះឲ្យបង្រ្កាបរដ្ឋឥស្លាម និងអំពាវនាវដល់ប្រជាជាតិផ្សេងទៀតនៅក្នុងពិភពលោកធ្វើយ៉ាងណាជៀសវាងកុំឲ្យមានគ្រោះមហន្តរាយមនុស្សធម៌នៅភាគខាងជើងប្រទេសស៊ីរី៕