សហរដ្ឋអាមេរិកដកកងកម្លាំងទាំងអស់នៅសេសសល់ពីប៉ែកខាងជើងប្រទេសស៊ីរី ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យថា «វាគឺជាឈ្លាសវៃក្នុងការផ្លាស់ប្ដូរ» ក្នុងការដែលមិនពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដែលបង្កឡើងដោយតួកគី ប្រឆាំងនឹងក្រុមយុទ្ធជន ឃឺដ ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក។
លោក ត្រាំ បានថ្លែងថា លោកកំពុងតែធ្វើការជាមួយនឹងសមាជិកសភា ដោយរួមទាំងពួកអ្នកប្រជាធិបតេយ្យផង ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងក្លាទៅលើប្រទេស តួកគី ចំពោះការវាយប្រហារឆ្លងព្រំដែន។ ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងអង់ការ៉ា បានបដិសេធជាមុនរួចទៅហើយ។ លោក ត្រាំ បានថ្លែងលើបណ្ដាញសង្គម Twitter ថា មានការព្រមព្រៀងគ្នាយ៉ាងខ្លាំងចំពោះការចាត់វិធានការទៅលើប្រទេសតួកគី ដែលជាសមាជិកអង្គការអូតង់មួយដែរនោះ។
លោក Mark Esper រដ្ឋមន្ត្រីការពារប្រទេសរបស់អាមេរិក បានថ្លែងក្នុងកម្មវិធី Fox News Sunday កាលពីថ្ងៃអាទិត្យថា កាលពីយប់ថ្ងៃសៅរ៍ លោក ត្រាំ បានបញ្ជាឲ្យដកកងកម្លាំងរបស់អាមេរិកដែលនៅសេសសល់ទាំង១.០០០នាក់ចេញពីប៉ែកខាងជើងប្រទេសស៊ីរី។ លោក Esper បានថ្លែងថា មន្ត្រីអាមេរិកមានការភ័យខ្លាចថា កងកម្លាំងអាមេរិកនឹងត្រូវបានចំណាយយ៉ាងខ្ជះខ្ជាយ ដោយសារតែកងកម្លាំងតួកគីហាក់មានប្រៀបចំពោះកងកម្លាំងឃឺដរួចទៅហើយ។ តួកគីចាត់ទុកក្រុម ឃឺដ ថាជាក្រុមភេរវកម្ម ប៉ុន្តែពួកបស្ចឹមប្រទេសភាគច្រើនចាត់ទុកក្រុមនេះថាជាដៃគូសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។
លោក Esper បានបដិសេធនឹងអ្នករិះគន់នៅក្នុងសភាមួយចំនួន ដោយរួមទាំងសមាជិកខាងគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ផង ថា សហរដ្ឋអាមេរិកបានបោះបង់ចោលក្រុម ឃឺដ៕