សកម្មជនសិទ្ធិមនុស្សប្រទេសស៊ីរីនិយាយថា កងកម្លាំង Kurd នៅភាគឦសានប្រទេសស៊ីរី ដណ្តើមកាន់កាប់បានទីក្រុង Qassiab ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយក្រុមរដ្ឋអ៊ីស្លាម ដែលមានក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមស្លាប់យ៉ាងតិច៣០នាក់។
អង្គការសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសគឺ Syrian Observatory for Human Rights បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមសកម្មប្រយុទ្ធបានចូលកាន់កាប់តំបន់ជាច្រើននៅ សប្តាហ៍នេះនៅខេត្ត Hasakah ជិតព្រំដែនជាមួយប្រទេសតួកគី។
កងកម្លាំង Kurd បានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅទីក្រុងជាប់ព្រំដែនជាច្រើន នៅពេលដែលពួកគេព្យាយាមរុញច្រានចេញនូវក្រុមសកម្មប្រយុទ្ធនោះ ដែលបានកាន់កាប់តំបន់ជាច្រើននៅភាគខាងកើតប្រទេសស៊ីរី និងភាគខាងជើងនិងខាងកើតប្រទេសអ៊ីរ៉ាក់។
កាលពីថ្ងៃពុធ ក្រុមសកម្មប្រយុទ្ធបានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះ F-16 របស់ប្រទេសហ្សកដានី នៅជិតតំបន់ការពាររបស់ពួកគេនៅក្រុង Raqqa តែកងទ័ពអាមេរិកនិយាយថា ជារឿងមិនពិត។ បញ្ចាការដ្ឋានយោធារបស់ស.រ.អា.ចេញសេចក្តី ថ្លែងការណ៍ថា យន្តហោះធ្លាក់នោះមិនមែនមកពីការបាញ់ទម្លាក់ដោយក្រុមរដ្ឋអ៊ីស្លាមនោះទេ។
ក្រុមរដ្ឋអ៊ីស្លាមបានចាប់អាកាសយានិកនោះដែលធ្វើប្រតិបត្តិការជាផ្នែកមួយនៃកងម្លាំងចម្រុះដឹកនាំដោយស.រ.អា.ក្នុងការវាយប្រហារតាមអាកាសលើគោលដៅក្រុមរដ្ឋអ៊ីស្លាម៕