មន្ត្រីយោធាស.រ.អា.និយាយថា ការវាយប្រហារតាមអាកាសជាង១៣០០លើក គួបផ្សំនឹងកម្លាំងសន្តិសុខអ៊ីរ៉ាក់ដែលខ្លាំងឡើងនោះ កំពុងតែមានប្រសិទ្ធភាពខ្លាំងឡើងប្រឆាំងនឹងប្រសិទ្ធភាពរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ដែលប្រតិបត្តិការនៅប្រទេសអ៊ីរ៉ាក់ ហើយមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍អំពីការស្លាប់របស់មេដឹកនាំកំពូលចំនួន៣នាក់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។
ការវាយប្រហារតាមអាកាសរបស់ស.រ.អា.និងរបស់សម្ព័ន្ធមិត្តដែលបានចាប់ផ្តើមកាលពីខែសីហា បានធ្វើឲ្យថ្នាក់ដឹកនាំរបស់ក្រុងសកម្មប្រយុទ្ធរដ្ឋឥស្លាមប្រឈមនឹងការលំបាក។ យោងតាមមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ឲ្យដឹងថា គ្រាន់តែក្នុងខែកន្លងមក ការវាយប្រហារនោះ បានសម្លាប់មេដឹកនាំពួកសកម្មប្រយុទ្ធឈ្មោះ Haji Mutazz និងមេបញ្ជាការកងកម្លាំងឈ្មោះ Abd al Basit នៅប្រទេសអ៊ីរ៉ាក់ និងមេបញ្ជាការកម្លាំងរដ្ឋឥស្លាមឈ្មោះ Radwin Talib នៅMosul។
ការប្រកាសនេះធ្វើឡើងក្រោយពីការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមរបស់មេបញ្ជាការកងកម្លាំងចម្រុះរួមនៃប្រតិបត្តិការដែលគេហៅថា Inherent Resolve។លោកឧត្តមសេនីយ៍ឯក James Terry នៃកងទ័ពអាមេរិកនិយាយថា៖
«ពួករដ្ឋឥស្លាមត្រូវទប់ស្កាត់ ហើយគេកំពុងប្តូរទៅយុទ្ធសាស្ត្រការពារ ហើយកំពុងព្យាយាមការពារអ្វីដែលគេកាន់កាប់បច្ចុប្បន្ន»។
លោក Terry បានប្រើពាក្យកាត់របស់អារ៉ាប់ Daesh មានន័យថា រដ្ឋឥស្លាម ហើយលោកបន្ថែមថា ការវាយប្រហារតាមអាកាសបានបង្ហាញលទ្ធផលហើយ។
«ពួករដ្ឋឥស្លាមប្រឈមនឹងការលំបាកក្នុងការធ្វើទំនាក់ទំនងនិងការផ្គត់ផ្គង់ក្នុងពេលនេះ»។
លោកនិយាយថា ការវាយប្រហារនេះធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ពួករដ្ឋឥស្លាមក្នុងការឃោសនាការ ការចុះឈ្មោះកម្លាំងប្រយុទ្ធថ្មី នឹងការបំភិតបំភ័យគេឯងផងដែរ។
«លោកអ្នកអាចមើលក្នុងបណ្តាញសង្គម មើលព័ត៌មានចេញពីកន្លែងនានា ដូចជា Mosul ដែលនិយាយអំពីលទ្ធភាពក្នុងការប្រកាសដោយខ្លួនឯងអំពីការគ្រប់គ្រងតាមបែបឥស្លាម»។
មិនមែនអ្នកវិភាគទាំងអស់សុទ្ធតែយល់ស្របតាមការសន្និដ្ឋានរបស់លោក Terry ទេ។ អ្នកវិភាគក្នុងទស្សនាវដ្តី Jane's Intelligence Review បានសន្និដ្ឋាននៅសប្តាហ៍មុនថា ការវាយប្រហារតាមអាកាសមិនបានធ្វើឲ្យមានការផ្លាស់ប្តូរជាដុំកំភួន ក្នុងប្រតិបត្តិការរបស់ពួករដ្ឋឥស្លាមទេ ហើយក៏មិនបានកាត់បន្ថយសមត្ថភាពវាយលុករបស់ពួករដ្ឋឥស្លាមដែរ។
ប៉ុន្តែនៅតំបន់ Sinjar ទីដែលការគាំទ្រតាមអាកាស បានជួយដល់កងកម្លាំងប្រយុទ្ធរបស់ពួក Kurd នោះ មានសុទិដ្ឋិនិយម។
លោកវរសេនីយ៍ Nawkhosh នៃកងទ័ព Kurd និយាយថា ដោយមានជំនួយពីមិត្តរបស់យើង និងសម្ព័ន្ធមិត្តរបស់យើង យើងនឹងបណ្តេញគេចេញពីអ៊ីរ៉ាក់។
មន្ត្រីសម្ព័ន្ធមិត្តនៅតែមានការប្រុងប្រយ័ត្ន ហើយការប្រឈមមុខនៅតែមាននៅក្នុងការទាក់ទាញកម្លាំងប្រយុទ្ធរបស់ក្រុមកុលសម្ព័ន្ធ Sunni នៅប្រទេសអ៊ីរ៉ាក់ឲ្យត្រឡប់ចូលរួមជាមួយរដ្ឋាភិបាល ដែលកាលពីមុខបានឲ្យពួកគេឯកោនោះ។
ក្រៅពីនេះក៏មានចម្ងល់អំពីសមត្ថភាពរបស់ពួករដ្ឋឥស្លាមនៅប្រទេសស៊ីរីផងដែរ ទីដែលស.រ.អា.មានផែនការស្វែងរកនិងបណ្តុះបណ្តាលកម្លាំងប្រឆាំងនិយមកណ្តាល ដែលមិនទាន់ដំណើរការនៅឡើយនោះ។
លោក Terry ឧត្តមសេនីយ៍ឯកអាមេរិក និយាយថា និយាយរួមការប្រយុទ្ធគ្នានៅវែងឆ្ងាយទៅមុខទៀត។
«ខ្ញុំនៅតែគិតថា យើងកំពុងធ្វើ ទាក់ទងនឹងការកសាងសមត្ថភាពខ្លះ ដែលត្រូវធ្វើនៅទីនោះ យ៉ាងតិចប្រហែល៣ឆ្នាំទៅមុខទៀត»។
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ