ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​សរសើរ​លោក Trump ដែល​ប្រឆាំង​នឹង​ករណី​អ៊ុយក្រែន​ប្រើ​មីស៊ីល​អាមេរិក​បាញ់​ចូល​រុស្ស៊ី


រូបឯកសារ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov ចូលរួម​កិច្ចចរចា​រុស្ស៊ី​ជាមួយ​ប្រទេស​អាមេនី នៅក្នុង​ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov ចូលរួម​កិច្ចចរចា​រុស្ស៊ី​ជាមួយ​ប្រទេស​អាមេនី នៅក្នុង​ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ការ​ប្រឆាំង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក Donald Trump ចំពោះ​ករណី​ដែល​អ៊ុយក្រែន​ប្រើ​សព្វាវុធ​របស់​អាមេរិក​បាញ់​ចូល​ជ្រៅ​ទៅក្នុង​ប្រទេស​រុស្ស៊ី​គឺ «ស្រប​ទាំងស្រុង» ជាមួយ​នឹង​គោល​ជំហរ​របស់​រដ្ឋាភិបាល​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Trump បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ថា​លោក​ប្រឆាំង «យ៉ាង​ខ្លាំងក្លា​បំផុត» ចំពោះ​ការ​ប្រើ​របស់​អ៊ុយក្រែន​នូវ​មីស៊ីល​ដែល​ផ្គត់ផ្គង់​ដោយ​អាមេរិក​ដើម្បី​វាយ​ប្រហារ​លើ​ទឹកដី​រុស្ស៊ី។

ការ​លើកឡើង​របស់​លោក Trump នេះ​ត្រូវបាន​រដ្ឋាភិបាល​រុស្ស៊ី​ស្វាគមន៍ ដោយ​កាលពី​ថ្ងៃ​សុក្រ​រុស្ស៊ី​បាន​បញ្ជាក់​ថា​ខ្លួន​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​ធំ​មួយ​លើ​បណ្ដាញ​ថាមពល​របស់​អ៊ុយក្រែន​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​លើ​វាល​យន្តហោះ​មួយ​ដោយ​ប្រើ​អាវុធ​របស់​អាមេរិក​នៅ​សប្ដាហ៍​នេះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​អ្នក​កាសែត​ថា៖ «ការ​លើកឡើង​នេះ​គឺ​ស្រប​ទាំងស្រុង​ជាមួយ​នឹង​គោល​ជំហរ​របស់​យើង ជាមួយ​នឹង​ទស្សនៈ​របស់​យើង​លើ​មូលហេតុ​នៃ​ការ​រីក​រាលដាល [នៃ​សង្គ្រាម​នេះ]។ យើង​មាន​ការ​ស្ញប់ស្ញែង​ចំពោះ​ការ​លើកឡើង​នេះ។ វា​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក Trump យល់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​រីក​រាលដាល​ឡើង»។

លោក Trump បាន​ប្រាប់​ទស្សនាវដ្ដី Time ថា៖ «ខ្ញុំ​ប្រឆាំង​ខ្លាំងក្លា​បំផុត​ចំពោះ​ការ​បាញ់​មីស៊ីល​រាប់រយ​គីឡូម៉ែត្រ​ចូល​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ហេតុអ្វី​បានជា​យើង​ធ្វើ​ដូច្នេះ? ខ្ញុំ​គិត​ថា​វា​ជា​ការ​សម្រេច​ចិត្ត​មួយ​បែប​ឆោតល្ងង់»។

លោក Trump ធ្លាប់​បាន​អះអាង​នៅ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា​លោក​អាច​ធ្វើឲ្យ​មាន​ការ​ឈាន​ទៅដល់​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ក្នុង​ពេល​តែ ២៤ ម៉ោង​ប៉ុណ្ណោះ។ ឥឡូវ​នេះ មន្ទិល​សង្ស័យ​នៃ​លទ្ធភាព​ដែល​អាច​ឈាន​ទៅ​ដល់​បទឈប់បាញ់​មួយ​កំពុង​កើនឡើង​នៅមុន​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​នៅ​ខែ​មករា​ខាង​មុខ។

ប៉ុន្តែ រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា «លក្ខខណ្ឌ​តម្រូវ​ជាមុន» សម្រាប់​ការ​ចរចា​សន្តិភាព​ជាមួយ​អ៊ុយក្រែន​មិន​ទាន់​បាន​សម្រេច​បាន​នៅឡើយទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG