ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា​ការ​សម្រេច​របស់​លោក Biden ឱ្យ​អ៊ុយក្រែន​បាញ់​មីស៊ីល​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី​គឺ​ព្រហើន


រូបឯកសារ៖ រថយន្តមួយគ្រឿងចតនៅខាងមុខស្ថានទូតអាមេរិកនៅទីក្រុង Moscow កាលពីថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ២០២៤។
រូបឯកសារ៖ រថយន្តមួយគ្រឿងចតនៅខាងមុខស្ថានទូតអាមេរិកនៅទីក្រុង Moscow កាលពីថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ២០២៤។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា រុស្ស៊ី​នឹង​ឆ្លើយតប​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​សម្រេចចិត្ត​ដ៏​ព្រហើន​របស់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅក្នុង​ការ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​បាញ់​មីស៊ីល​របស់​អាមេរិក​ចូល​ជ្រៅ​ទៅក្នុង​ទឹកដី​រុស្ស៊ី និង​បាន​បន្ថែម​ថា​ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្លាក់ចូល​ដោយ​ផ្ទាល់​នៅក្នុង​សង្គ្រាម​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

កាសែត New York Times និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​កន្លង​មក​អំពី​ការ​សម្រេច​របស់​រដ្ឋបាល​លោក Biden ក្នុង​ការ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ប្រើប្រាស់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ ទោះបីជា​មិន​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក៏ដោយ។

ប្រភព​ដែល​ស្រង់​សម្ដី​ដោយ​កាសែត New York Times និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​បង្ហាញ​ថា វិធានការ​របស់​សហរដ្ឋ​អាមេរិក​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​ចំពោះ​ការ​បញ្ជូន​ទាហាន​កូរ៉េ​ខាងជើង​ទៅ​ដល់​តំបន់ Kursk របស់​រុស្ស៊ី​ក្នុង​ការ​ជួយ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយក្រែន។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​ថា៖ «ការ​សម្រេច​ចិត្ត​នេះ​គឺ​ព្រហើន គ្រោះថ្នាក់ ក្នុង​បំណង​ផ្លាស់ប្ដូរ​បែប​គុណភាព​ដោយ​បង្កើន​កម្រិត​នៃ​ការ​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ជម្លោះ​នេះ»។

លោក​បាន​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ជំហរ​របស់​រុស្ស៊ី​នៅ​ពេល​ថ្លែង​សុន្ទរកថា​នៅក្នុង​ទីក្រុង St Petersburg នៃ​ប្រទេស​រុស្ស៊ី​កាល​ពី​ខែ​កញ្ញា។

លោក Putin បាន​និយាយ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា​ថា ការ​យល់ព្រម​របស់​បស្ចិម​ប្រទេស​ចំពោះ​ជំហាន​ដូច​នេះ​គឺ​មាន​ន័យ​ថា «ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់ (NATO) សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​អឺរ៉ុប​នៅក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន» ដោយ​ហេតុ​ថា​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​និង​ទាហាន​របស់​អង្គការ​អូតង់​នឹង​ត្រូវ​ពាក់ព័ន្ធ​នៅក្នុង​ការ​ដៅ​គោលដៅ​វាយ​ប្រហារ​និង​ការ​បាញ់​មីស៊ីល​ទាំងនេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG