សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានផ្តល់កិត្តិយសដោយធ្វើការរំឭកអ្នកកាសែតស៊ើបអង្កេតជនជាតិរុស្ស៊ីម្នាក់ ដែលត្រូវបានគេសម្លាប់កាលពី១៥ ឆ្នាំមុន ហើយទាមទារឱ្យរដ្ឋាភិបាលក្រុងមូស្គូកាត់ទោសអ្នកដែលបញ្ជាឱ្យសម្លាប់អ្នកស្រី ហើយសរសើរអ្នកកាសែតឯករាជ្យបន្តកេរដំណែលរបស់អ្នកស្រី ក្រោមសម្ពាធរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង។
សេចក្តីថ្លែងការណ៍មួយនៃសេចក្តីថ្លែងការណ៍ពីរដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ក្នុងខួបលើកទី១៥ ឆ្នាំនៃការសម្លាប់អ្នកស្រី Anna Politkovskaya រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរិះគន់អ្វីដែលលោកហៅថា «ការបន្តនិទណ្ឌភាពសម្រាប់អ្នកបញ្ជាឱ្យសម្លាប់អ្នកស្រី»។ លោកនិយាយថា វាប៉ះពាល់ដល់សេរីភាពក្នុងការនិយាយស្តី សេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្ស។
លោកបានមានប្រសាសន៍ថា «យើងទទូចថា ត្រូវរកឱ្យឃើញអត្តសញ្ញាណអ្នកទាំងអស់ដែលពាក់ព័ន្ធនឹងឃាតកម្មនេះ ហើយឱ្យពួកគេទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ពួកគេ»។
អ្នកនាំពាក្យផ្នែកកិច្ចការបរទេសរបស់សហភាពអឺរ៉ុបលោក Peter Stano បាននិយាយថា សហភាពអឺរ៉ុបដែលមាន២៧ប្រទេសបាន«អំពាវនាវឱ្យរដ្ឋាភិបាលរុស្ស៊ីធានាថា អ្នកទទួល ខុសត្រូវការធ្វើឃាតអ្នកស្រី Anna Politkovskaya នឹងត្រូវកាត់ទោសតាមរយៈដំណើរការតុលាការបើកចំហ និងមានតម្លាភាព»។
ក៏បានកត់សម្គាល់ផងដែរនូវកាវិនិច្ឆ័យនៅឆ្នាំ២០១៨ ដោយតុលាការសិទ្ធិមនុស្សអឺរ៉ុប ដែលនិយាយថា រដ្ឋាភិបាលក្រុងមូស្គូមិនបានធ្វើឱ្យបានគ្រប់គ្រាន់ដើម្បីស្វែងរកអ្នកដែលបញ្ជាឱ្យសម្លាប់អ្នកស្រីនោះទេ សូម្បីតែបន្ទាប់ពីមានការផ្តន្ទាទោសមនុស្សជាច្រើនដែលបានអនុវត្តផែនការឧក្រិដ្ឋកម្មនេះហើយក៏ដោយ។
អ្នកស្រី Politkovskaya អាយុ ៤៨ឆ្នាំត្រូវបានគេបាញ់សម្លាប់នៅក្នុងជណ្តើរយន្តនៃអគារផ្ទះល្វែងរបស់អ្នកស្រីនៅទីក្រុងមូស្គូ នៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០០៦ ។ អ្នកស្រីជាអ្នកយកព័ត៌មានស៊ើបអង្កេតនៃកាសែតរុស្ស៊ី ឯករាជ្យឈ្មោះ Novaya Gazeta។ អ្នកស្រីធ្លាប់ជាអ្នករិះគន់ឥតសំចៃចំពោះលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី៕
(អត្ថបទដើមនៃសេចក្តីរាយការណ៍នេះជារបស់វីអូអេភាសារុស្ស៊ីhttps://www.golosameriki.com/ ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The A.ssociated Press និង Reuters)