ប្រទេសរុស្ស៊ីបានរាយការណ៍ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងមួយថ្ងៃខ្ពស់បំផុតចាប់តាំងពីការឆ្លងបានចាប់ផ្តើម គឺមនុស្សចំនួន ៨៩០នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមក្រុមការងារជាតិរបស់រុស្ស៊ីប្រយុទ្ធនឹងជំងឺឆ្លង។ នេះជាថ្ងៃទី៥ជាប់ៗគ្នាដែលគេបានរាយការណ៍ពីកំណត់ត្រាប្រចាំថ្ងៃនៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
ក្រុមការងារនេះក៏បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ដែលត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ជាតួលេខឆ្លងខ្ពស់បំផុតទីពីរប្រចាំថ្ងៃនៅឆ្នាំនេះ ដែលមានចំនួនជិត២៥.៨០០ករណី។
ចាប់តាំងពីជំងឺរាតត្បាតនេះចាប់ផ្ដើម ប្រទេសរុស្ស៊ីបានរាយការណ៍ថា មានមនុស្សចំនួន២០៥.០០០នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ដែលជាចំនួនច្រើនជាងគេបំផុតនៅក្នុងទ្វីបអឺរ៉ុប។ ប្រទេសរុស្ស៊ីមានប្រជាជនសរុបប្រមាណ១៤៦លាននាក់ ហើយមានកំណត់ត្រាឆ្លង៧លាន៥សែនករណី។ នេះបើយោងទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins។ ចក្រភពអង់គ្លេសមានមនុស្ស ៧,៥ លាននាក់បានឆ្លងជំងឺកូវីដ១៩។ ចក្រភពអង់គ្លេសដែលមានប្រជាជនសរុបចំនួន ៦៧ លាននាក់ឆ្លងច្រើនជាងគេនៅអឺរ៉ុប គឺមានចំនួន ៧,៩ លានករណី ចាប់តាំងពីមានការឆ្លងរាតត្បាតមក។
មន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងថា ពួកគេគ្មានគម្រោងចាត់វិធានការបិទខ្ទប់ តម្រូវឲ្យពាក់ម៉ាស់ ឬទាមទារភស្តុតាងការចាក់វ៉ាក់សំាងឡើយ។ ទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ឱ្យដឹងថា ប្រមាណ៣០%នៃប្រជាជនរុស្ស៊ីបានចាក់វ៉ាក់សំាងពេញលេញ ទោះបីជាប្រទេសនេះបង្កើតបានវ៉ាក់សំាង Sputnik V. ដោយខ្លួនឯងក៏ដោយ។
តេស្តទឹកមាត់
ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសមួយបាននិយាយថា ខ្លួនបានបង្កើតវិធីធ្វើតេស្តទឹកមាត់ដែលងាយស្រួល ដែលអាចដឹងថា តើជននោះមានជំងឺកូវីដ១៩ដល់កម្រិតដែលអាចឆ្លងទៅអ្នកដទៃ ឬយ៉ាងណា។
ក្រុមហ៊ុន Vatic បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា ការធ្វើតេស្តរបស់ខ្លួន «ជាក់លាក់ខ្លាំងណាស់» មិនដែលចេញលទ្ធផលវិជ្ជមានខុសម្ដងណាឡើយ។
ក្រុមហ៊ុននេះបានឲ្យដឹងទៀតថា តេស្តនេះនឹងទទួលបានលទ្ធផលក្នុងពេលតែ១៥នាទីប៉ុណ្ណោះ។
ការធ្វើតេស្តនេះមិនទាន់ត្រូវបានដាក់ឲ្យសាធារណជនទូទៅប្រើប្រាស់នៅឡើយទេ ព្រោះវាស្ថិតក្នុងដំណាក់កាលសាកល្បង។ ក្រុមហ៊ុន Vatic កំពុងសុំការអនុញ្ញាតលក់ជូនសាធារណជនដោយផ្ទាល់។
អាយុកាលមនុស្ស
របាយការណ៍នៅក្នុងទស្សនាវដ្ដី The Economist បានឲ្យដឹងថា ជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២០ បានបង្អាក់ភ្លាមៗនូវកំណើននៃអាយុកាល (អាយុវែង) ជាមធ្យមរបស់មនុស្សនៅតំបន់ភាគច្រើនក្នុងពិភពលោក។
សាកលវិទ្យាល័យ Johns Hopkins បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្នុងពិភពលោកទាំងមូលមានការឆ្លងជំងឺកូវីដ១៩ ចំនួន២៣៤,៦លានករណី និងស្លាប់សរុបជិត ៥ លាននាក់៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Pressនិង Reuters)