ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គាំទ្រ​និង​អ្នក​រិះគន់​លោក​ពូទីន​ចាត់​ទុក​ផែនការ​បង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត​ឯករាជ្យ​រុស្ស៊ី​ថា​ជា​ការ​រវើរវាយ


រូបឯកសារ៖ ផ្លាកសញ្ញា​នៃ​ក្រុមហ៊ុន​​អ៊ីនធឺណិត Mail.ru ត្រូវបាន​ដាក់​តាំង​បង្ហាញ​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​របស់ខ្លួន នៅទីក្រុងមូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ ផ្លាកសញ្ញា​នៃ​ក្រុមហ៊ុន​​អ៊ីនធឺណិត Mail.ru ត្រូវបាន​ដាក់​តាំង​បង្ហាញ​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​របស់ខ្លួន នៅទីក្រុងមូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។

​រដ្ឋសភា​រុស្ស៊ី​បាន​អនុម័ត​វិធានការ​បឋម​ស្តី​ពី​គម្រោង​បង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត​ឯករាជ្យមួយ​ឈ្មោះ Runet ​ដើម្បី​ការពារ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ អ្នក​រិះគន់​ថា វិធានការ​នេះ​មាន​គោលបំណង​រឹតត្បិត​សេរីភាព​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

កាលពី​ពេល​ថ្មីៗ​នេះ ​រដ្ឋ​សភារុស្ស៊ី​បាន​សម្រេច​ជា​បឋម​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ ​ដែល​មាន​បំណង​ការពារ​ដំណើរការ​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​ពី​ការ​វាយប្រហារ​ពី​បរទេស​តាម​អ៊ីនធឺណិត។ ក៏ប៉ុន្តែ អ្នក​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី និង​សមាជិក​រដ្ឋសភាមួយ​ចំនួន ទំនង​ជា​យល់​ស្រប​គ្នា​ថា វិធានការ​មួយ​នេះ​មិន​អាច​សម្រេច​បាន​ទេ ដោយសារ​តែ​ការ​ខ្វះ​សមត្ថភាព​ខាង​ផ្នែក​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស។

សេចក្តី​ព្រាង​ច្បាប់​នេះ បាន​ស្នើ​ឲ្យ​បង្កើត​បណ្តាញ​អ៊ីនធឺណិត​ក្នុង​ស្រុក​មួយ​ឈ្មោះ​ថា Runet ដែល​ដំណើរការ​ដាច់​ដោយ​ឡែក​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​សាកលលោក។ សេចក្តី​ព្រាងច្បាប់​នេះ ត្រូវបាន​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​ច្បាប់​របស់​ចិន​ស្តី​ពី​ការ​ត្រួតពិនិត្យ​លើ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​មាន​ឈ្មោះ​ថា Great Firewall។

រូបឯកសារ៖ បុគ្គលិក​ម្នាក់​កំពុង​ធ្វើការ​នៅ​ក្នុង​ទីស្នាក់ការ​ក្រុមហ៊ុន Kaspersky Labs ដែល​ផ្តល់​សេវា​ការពារ​សុវត្ថិភាព​កុំព្យូទ័រ នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣។
រូបឯកសារ៖ បុគ្គលិក​ម្នាក់​កំពុង​ធ្វើការ​នៅ​ក្នុង​ទីស្នាក់ការ​ក្រុមហ៊ុន Kaspersky Labs ដែល​ផ្តល់​សេវា​ការពារ​សុវត្ថិភាព​កុំព្យូទ័រ នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣។

សារព័ត៌មាន​របស់​រដ្ឋាភិបាល​រុស្ស៊ី ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវបាន​តាក់តែង​ឡើង ដើម្បី​ឆ្លើយតប​នឹង​ភាព​តានតឹង​របស់​រុស្ស៊ី​ជាមួយ​នឹង​បណ្តា​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ដែល​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​រុស្ស៊ី ថា​បាន​វាយប្រហារ​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​បណ្តាញ​សង្គម​ ដើម្បី​បង្ក​ជា​ចលាចល​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​របស់​ប្រទេស​ទាំង​នោះ។

យ៉ាងណាមិញ អ្នក​រិះគន់ បាន​ចាត់ទុក​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា ជា​វិធានការ​របស់​រដ្ឋាភិបាលប្រធានាធិបតី​លោក Vladimir Putin ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស ដែល​ជា​ផ្នែកមួយ​នៃ​យុទ្ធនាការ​ដ៏​ទូលំ​ទូលាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​រារាំង​យុទ្ធនាការ​ប្រមូល​ផ្តុំ​សកម្មភាព​នយោបាយ​នានា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

សេចក្តី​ព្រាង​ច្បាប់​នេះ​ស្នើ​ឲ្យមាន​ការ​បញ្ជូន​សារ​ជា​ថ្មី​នូវ​ដំណើរ​ប្រតិបត្តិការ និង​ទន្និន័យ​អ៊ីនធឺណិត​របស់​រុស្ស៊ី ​ចូលទៅ​ក្នុង​ប្រព័ន្ធ​មួយ ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ហើយ​ស្នើ​ឲ្យ​មាន​ការ​បង្កើត​ប្រព័ន្ធ​ត្រួត​ពិនិត្យ​លើ​ឈ្មោះ និង​អស័យដ្ឋាន​អ៊ីនធឺណិត​ ឬ (Domain Name System) ក្នុង​ប្រទេស ដែល​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​តែ​ដំណើរការ​ក្នុង​ប្រទេស​រុស្ស៊ី បើ​ទោះបី​ជា​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ត្រូវបាន​កាត់ផ្តាច់​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​សាកល​លោក​ក៏​ដោយ។

កាលពី​សប្តាហ៍​មុន ក្នុង​អំឡុង​ពេល​អាន​សេចក្តី​ព្រាងច្បាប់​នេះ សមាជិក​រដ្ឋសភា​មួយ​ក្រុម​តូច បាន​បង្ហាញ​ការ​ខឹង​សម្បា ហើយ​ព្រួយ​បារម្ភ​ថា វិធានការ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី ធ្លាក់​ក្នុង​ស្ថានភាព​ច្របូក​ច្របល់​ ដូច​ការ​ចាក​ចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ដែល​ពួកគេ​បាន​ហៅថា «Internet Brexit‍»។ ស្របពេល​ជាមួយ​គ្នា​នោះ អ្នក​ខ្លះ​ទៀត បាន​ចោទ​សួរ​ថា​តើ​រដ្ឋាភិបាល​រុស្ស៊ី​អាច​បង្កើត​ហេដ្ឋារចនា​សម្ព័ន្ធ​បច្ចេកវិទ្យា​នេះ ដែល​តម្រូវ​ឲ្យ​គាំទ្រ​មាត្រា​ដែល​មាន​ចែង​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​របៀប​ណា។

គ្មាន​សមាជិក​សភា​ដែល​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា​ព័ត៌មាន

លោក Valery Gartung សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស Just Russia ដែល​គាំ​ទ្រ​រដ្ឋាភិបាលរបស់​លោក Putin បាន​ចោទ​ជា​សំណួរ​ថា៖ «‍តើ​នរណា​ខ្លះ​ជា​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​ព័ត៌មាន? សូម​លើក​ដៃ។ មានតែ​ម្នាក់​ទេ​ឬ? អ៊ីចឹង តើ​ឲ្យ​យើង​បោះឆ្នោត​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​ដោយ​របៀប​ណា ទាំង​យើង​មិន​យល់​អី្វ​ផង​នោះ?»

លោក​ Sergei Ivanov សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ជាតិនិយម LDPR និង​ជា​អតីត​ប្រធាន​នាយខុទ្ទកាល័យ​របស់​ប្រធានាធិបតី Vladimir Putin បាន​លើក​ឡើង​ថា៖ «‍រុស្ស៊ី​មិន​ផលិត​បណ្តុំ​គ្រឿង​បច្ចេកវិទ្យា​ព័ត៌មាន​ណា​មួយ​ទេ លើក​លែង​តែ​បណ្តុំ​ខ្សែកាប។ អ្នក​ខ្លះ​គួរ​តែ​រិះគន់​ខ្លួន​ឯង​លើ​រឿង​នេះ។

អ្នក​រៀបរៀង​ម្នាក់​នៃសេចក្តី​ព្រាង​ច្បាប់​នេះ គឺ​លោក Andrei Lugovoi ដែល​ជា​អតីត​មន្ត្រី​ស៊ើបការ​សម្ងាត់​រុស្ស៊ី ឬ KGB និង​ជា​ជន​សង្ស័យ​ចម្បង​ម្នាក់​នៅ​ក្នុង​ករណី​សម្លាប់​លោក Alexander Litvinenko អ្នក​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី នៅ​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ​២០០៦។ លោក Lugovoi បាន​ច្រានចោល​ការ​លើកឡើង​របស់​ក្រុម​អ្នក​រិះគន់ ដោយ​សង្កត់​ធ្ងន់​ថា ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត​ដ៏​ធំ ​គឺ​កើតចេញ​ពី​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖ លោក Andrei Lugovoi កាន់បង្ហាញ​ឯកសារ​មួយ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ថ្នាំ​បំពុល​លោក Alexander Litvinenko អ្នក​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី នៅក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ នៅទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣។
រូបឯកសារ៖ លោក Andrei Lugovoi កាន់បង្ហាញ​ឯកសារ​មួយ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ថ្នាំ​បំពុល​លោក Alexander Litvinenko អ្នក​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី នៅក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ នៅទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣។

លោក Lugovoi បាន​ស្រែក​នៅ​ក្នុង​អំឡុង​ពេល​អាន​សេចក្តី​ព្រាងច្បាប់​នេះ​ថា៖ «‍នេះ​មិនមែន​ជា​កិច្ចការ​សម្រាប់​សិស្ស​ថ្នាក់​មត្តេយ្យ​ទេ! សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​បិទ​សេវា​អ៊ីនធឺណិត​ទាំង​អស់​នៅ​ប្រទេស​ស៊ីរី​ពីមុន»។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ទស្សនាវដ្តី Wired កាលពី​ឆ្នាំ​២០១៤ លោក Edward Snowden អ្នក​ទម្លាយ​ឯកសារ​សម្ងាត់​របស់​អាមេរិក បាន​ចោទ​ប្រកាន់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក ថា​បាន​កាត់ផ្តាច់​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ប្រទេស​ស៊ីរី ដោយ​អចេតនា ខណៈ​ដែល​សហរដ្ឋ​អាមេរិក​មាន​ចេតនា​លប​ចូល​មើល​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ស៊ីរី​នៅ​ក្នុង​ឆ្នាំ​២០១២។

ការ​ព្រួយបារម្ភ​ពី​ការ​ឈ្លានពាន​របស់​អាមេរិក​តាម​អ៊ីនធឺណិត

លោក Andrei Soldatov សហ​អ្នក​និពន្ធ​សៀវភៅ​ The Red Web ដែល​ជា​សៀវភៅ​ប្រវត្តិសាស្ត្រ​មួយ​ស្តី​ពី​ការ​តាមដាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​រុស្ស៊ី បាន​លើក​ឡើង​ថា ការ​ព្រួយ​បារម្ភ​ពីការ​ឈ្លានពាន​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត គឺ​គ្រាន់តែ​ជា​លេស​ដោះសារ​មួយរបស់​រដ្ឋាភិបាល​រុស្ស៊ី ក្នុង​ការ​ធ្វើ​យុទ្ធនាការ​រឹតត្បិត​ប្រព័ន្ធ​អ៊ីនធឺណិត ដែលធ្លាប់​កើត​ឡើង​ពី​មុន​ តាំង​ពី​សម័យ​សហភាព​សូវៀត​មក​ម្ល៉េះ។

លោក Soldatov បាន​បញ្ជាក់​ថា៖ «‍បើ​ពិនិត្យ​មើល​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​នេះ យើង​ឃើញ​ថា ការ​រឹតត្បិត និង​កំណត់​ព័ត៌មាន​តាម​អ៊ីនធឺណិត គឺជា​ផ្នែក​ស្នូល​នៃ​សេចក្តី​ព្រាងច្បាប់​នេះ។ វា​ស្នើ​ឲ្យ​មាន​ការ​បំពាក់​សម្ភារៈ​ថ្មី​ទៅ​លើ​បណ្តាញ​ផ្តល់​សេវា​អ៊ីនធឺណិត​ទាំង​អស់ ដែល​អាច​ផ្លាស់ប្តូរ ឬ​រារាំង​ដំណើរការ​អ៊ីនធឺណិត និង​កំណត់​ព័ត៌មាន​តាម​អ៊ីនធឺណិត។ វា​មិន​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ខ្លួន​ពី​សហរដ្ឋ​អាមេរិក​ទេ។ ខ្ញុំ​មិន​គាំទ្រ​ការ​បកស្រាយ​ដែល​ថា សេចក្តី​ព្រាងច្បាប់​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​រុស្ស៊ី ឬ​ការពារ​ប្រព័ន្ធ​អ៊ីនធឺណិត​រុស្ស៊ី ពី​ការ​វាយប្រហារ​ដែល​អាច​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​នោះទេ»។

លោក​បាន​បកស្រាយ​បន្ថែម​ទៀត​ថា៖ «‍ឥឡូវ​នេះ រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ព្រួយ​បារម្ភ​តែ​រឿង​មួយ​ទេ គឺ​សមត្ថភាព​ប្រមូលផ្តុំ​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត»។ លោក​បញ្ជាក់​ទៀត​ថា តាំងពី​បាតុកម្ម​តាម​ដងផ្លូវ​ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ២០១២​មក កិច្ច​ខិតខំ​ប្រឹងប្រែង​របស់រដ្ឋាភិបាលលោក Putin ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត បាន​ទទួល​ជោគជ័យ​ខ្លះៗ។

លោក Soldatov បាន​លើក​ឡើង​ថា៖ «‍ដូច្នេះ​រដ្ឋាភិបាល​មាន​គោលបំណង​ផ្តាច់​ចោល​លទ្ធភាព​ដែល​អាច​ឲ្យ​មនុស្ស​ប្រមូល​ផ្តុំ​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន»។ លោក​បាន​បន្ត​ថា ក្នុងសម័យ​សហភាព​សូវៀត វិធានការ​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​បិទបាំង​ព័ត៌មាន​ទាំង​ស្រុង​ក្នុង​ប្រទេស​ដើម្បី​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ត្រូវបាន​រឹតត្បិត។

លោក​បាន​បន្ត​ទៀត​ថា៖ «‍ប៉ុន្តែ​សព្វថ្ងៃនេះ បើ​ទោះបី​ជាមាន​ការ​កំណត់​ព័ត៌មាន​ក្តី ក៏​អ្នក​អាច​នឹង​ទទួល​បាន​ព័ត៌មាន​រស៊ើប​ខ្លះ​នៅ​តាម​អ៊ីនធឺណិត​ដោយ​ងាយ​ស្រួល​ដែរ។ ដូច្នេះ គោល​បំណង​នៃ​សេចក្តី​ព្រាងច្បាប់​នេះ គឺ​ដើម្បី​រារាំង​កុំ​ឲ្យ​សកម្មជន​នយោបាយ​ប្រើប្រាស់​បណ្តាញ​សង្គម និង​អ៊ីនធឺណិត​ដើម្បី​បង្ក​ភាព​ចលាចល»។

លោក Soldatov លើក​ឡើង​ថា បើ​ទោះ​បីជា​ការ​បង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត​រុស្ស៊ី​ដាច់​ដោយ​ឡែក អាច​នឹង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឌីជីថល​អន្តរជាតិ​ក្តី ក៏​សមាជិក​រដ្ឋសភា​រុស្ស៊ី​ហាក់​ដូច​ជា​មិន​ព្រួយ​បារម្ភ​ពី​បញ្ហា​នេះ​ទេ ដោយសារ​តែ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់រុស្ស៊ី​ដែល​មាន​ស្ថានភាព​មិន​នឹងនរ​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្ស​មក​នេះ បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​រុស្ស៊ី​ជាច្រើន​ចាក​ចេញ​ពី​ប្រទេស​នេះ​រួច​ទៅ​ហើយ។

លោក Soldatov បាន​លើក​ឡើង​ថា ជាយូរ​មក​ហើយ មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​បាន​សម្រេច​ឲ្យ​អាទិភាព​ខ្ពស់​លើ​សន្តិសុខ ជាង​ពាណិជ្ជកម្ម។

លោក​ថ្លែង​ថា៖ «‍ពីរឆ្នាំ​មុន លោក Putin បាន​ចុះ​ហត្ថលេខា​លើ​គោលនយោបាយ​ស្តីពី​សន្តិសុខ​ព័ត៌មាន។ ហើយ​បើ​យើង​ពិនិត្យ​មើល​ខ្លឹមសារ​វិញ យើង​ឃើញ​ថា គោលបំណង​ចម្បង​គឺថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​រុស្ស៊ី គួរ​តែ​ប្រឹក្សា​ជាមួយ​ទីភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី​ មុន​នឹង​ក្រុមហ៊ុន​ទាំង​នេះ​ស្នើឡើង​នូវ​បច្ចេកវិទ្យា​ថ្មីៗ។ ដូច្នេះ វា​ច្បាស់​ណាស់​ថា បញ្ហា​សន្តិសុខ​គឺ​ជា​អាទិភាព​ចម្បង ជាង​ការ​វិវត្តន៍​ទៅ​មុខ​នៃ​វិស័យ​បច្ចេកវិទ្យា ហើយ​វា​មិន​ល្អ​សម្រាប់​ការ​ធ្វើ​ជំនួញ​នោះ​ទេ។ វា​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ប្រឹក្សា​ជាមួយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​រុស្ស៊ី ហើយ​សួរ​ពួកគេ​ថា តើ​ពួកគេ​រីករាយ​នឹង​ទទួល​យក​បច្ចេកវិទ្យា​ថ្មី​នេះ​ដែរ​ឬ​ទេ‍»។

រូបឯកសារ៖ ពលរដ្ឋ​រុស្ស៊ី​បាន​ស្រែក​ទាមទារ​ឲ្យ​មាន​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត នៅក្នុង​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​មួយ នៅទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។
រូបឯកសារ៖ ពលរដ្ឋ​រុស្ស៊ី​បាន​ស្រែក​ទាមទារ​ឲ្យ​មាន​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត នៅក្នុង​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​មួយ នៅទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។

សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត

ទោះបីជា​មាន​ការ​រឹតត្បិត​យ៉ាងណា​ក៏ដោយ ក៏​លោក Soldatov នៅតែ​មាន​សុទុដ្ឋិនិយម​ចំពោះ​សកម្មភាព​គាំពារមតិ​របស់​សកម្មជន ក្នុងការ​ការពារ​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​បាន​លើក​ឡើង​ថា៖ «‍យើង​ឃើញ​ច្បាស់​ហើយ​ថា ប្រព័ន្ធ​អ៊ីនធឺណិត​ថ្មី​នេះ​ អាច​មាន​ចន្លោះ​ប្រហោង។ វា​អាច​មាន​វិធី​ច្រើន​ក្នុង​ការ​រក​ច្រក​ចេញ ដោយសារតែ​យើង​និយាយ​តែ​ពី​អ៊ីនធឺណិត តែ​តាម​ពិត​គឺ​បច្ចេកវិទ្យា​ទេ ដែល​ត្រូវបាន​បង្កើត​ឡើង ដើម្បី​ស្វែង​រក​វិធី​ឲ្យ​មាន​ដំណើរការ​អ៊ីនធឺណិត»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «‍ករណី​នេះ​បាន​កើត​ឡើង​ក្នុង​ប្រទេស​ជា​ច្រើន​រួច​ទៅ​ហើយ ដូចជា​ប្រទេស​ចិន​ជាដើម ដែល​សហគមន៍​សកម្មជន​អាច​រក​វិធី​ធ្វើ​កិច្ចការ​របស់​ពួកគេ​បាន​តាម​អ៊ីនធឺណិត។ អ្វី​ជា​បញ្ហា គឺ​សាធារណជន។ ឧទាហរណ៍ ដូចថា ៧០​ទៅ​៨០ភាគរយ​នៃ​ប្រជាជន​ យល់​ព្រម​ទទួល​យក​ស្ថានភាព​រឹតត្បិត​តាម​អ៊ីនធឺណិត ​ដែល​ពួកគេ​កំពុងជួប​ប្រទះ តែ​យើង​ឃើញ​សកម្មជន​ខ្លះ​ស្វែងរក​វិធី​ដោះស្រាយ​ស្ថានភាព​នោះ។ ហើយ​ខ្ញុំ​គិតថា វា​អាច​កើតឡើង​បែប​នេះ​នៅ​[រុស្ស៊ី]»។

នៅក្នុង​បទសម្ភាន៍​មួយ​ជាមួយ​នឹង​សារព័ត៌មាន Meduza ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង Riga ប្រទេស Latvia លោក Stanislav Shakirov នៃ​អង្គការ​ឃ្លាំមើល​ការ​រឹតត្បិត​ប្រព័ន្ធ​ឌីជីថល Roskomsvoboda បាន​លើក​ឡើង​ថា ខុស​ពី​ចិន រុស្ស៊ី​ខ្វះខាត​ប្រព័ន្ធ​វិនិយោគ​ក្នុង​ប្រទេស​ដើម្បី​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ខ្លួន។ ការណ៍​នេះ​អាច​នឹង​រារាំង​មិន​ឲ្យ​មាន​ការ​វិនិយោគ​ទុន​ខាង​ពាណិជ្ជកម្ម​សម្រាប់​ការ​បង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត​ឯករាជ្យ​របស់​រុស្ស៊ី។

លោក​ Shakirov បាន​ថ្លែង​ថា៖ «‍អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​រុស្ស៊ី បាន​សុំា​នឹងសេវា​អ៊ីនធឺណិត​របស់​បស្ចិម​ប្រទេសរួច​ទៅ​ហើយ។ លើស​ពី​នេះ​ទៀត ទីផ្សារ​ក្នុង​ស្រុក​របស់​រុស្ស៊ី មិន​មាន​ទំហំ​ធំ​ល្មម​ដើម្បី​ធានា​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដាច់​តែ​ឯង​បាន​ទេ ហើយ​ម្យ៉ាង​ទៀត បរិយាកាស​ធ្វើ​ជំនួញ​ដែល​មិន​អំណោយ​ផល​របស់​រុស្ស៊ី ក៏​នៅតែ​ជា​បញ្ហា​ចម្បង»។

ក៏ប៉ុន្តែ លោក Alexander Plushev ពិធីករ​ប្រចាំ​វិទ្យុ Ekho Moskvy នៅ​ទីក្រុង​មូស្គូ ដែល​បាន​រាយការណ៍​ពី​បញ្ហា​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ច្រើន​ឆ្នាំ​មក​ហើយ បាន​ឲ្យ​ដឹង​ថា អ្នក​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះ មិន​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ ពាណិជ្ជកម្ម ឬ​ការ​រឹតត្បិត​នោះ​ទេ។

លោក​ថ្លែង​ថា៖ «‍ខ្ញុំ​យល់​ថា នេះ​គឺជា​បញ្ហា​អំពើពុក​រលួយ ដើម្បី​[ឲ្យ​ពួកគេ]​រក​លុយ​បាន ហើយ​ដើម្បី​បង្កើត​បណ្តាញ​អ៊ីនធឺណិត​ឯករាជ្យ​សម្រាប់​ពួកគេ​តែ​ប៉ុណ្ណោះ»។ លោក​បកស្រាយ​ថា ក្រុមហ៊ុន​ជាប់​កុងត្រា​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី គឺជា​អ្នក​ទទួល​ផល​ចំណេញ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ឯកជន​រុស្ស៊ី​មួយ​នេះ។

លោក​ថា៖ «នេះ​ហើយ​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះ​ឡើង‍»៕

(ព័ត៌មាន​ខ្លះ​ត្រូវបាន​ដកស្រង់​ពី AFP)

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG