ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្តិសុខ​អ៊ីនធឺណិត​ក្លាយ​ជា​ កង្វល់​ដ៏​ធំ​សម្រាប់​វិស័យ​អាជីវកម្ម​វៀតណាម


រូបឯកសារ៖ លទ្ធផលនៃការ​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សន្តិសុខ​អ៊ីនធឺណិត​នៅ​វៀតណាម
រូបឯកសារ៖ លទ្ធផលនៃការ​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សន្តិសុខ​អ៊ីនធឺណិត​នៅ​វៀតណាម

សហគ្រាស​ធុន​តូច​និង​មធ្យម គួរ​យក​ចិត្ត​ទុក​ដាក់ ជា​ពិសេស​ពិចារណា​លើ​កត្តា​ដែល​ជំរុញ​ឲ្យ​មាន​គ្រោះថ្នាក់​ផ្នែក​សន្តិសុខ​អ៊ីនធឺណិត កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​វៀតណាម។

នៅ​ឯ​ការងារ​ចាស់​របស់​អ្នកស្រី An Nguyen ក្នុង​ទីក្រុង​ហាណូយ អ្នកស្រី​មាន​ទម្លាប់ ប្រចាំ​ថ្ងៃ​មួយ​គឺ នៅ​ពេល​អ្នកស្រី​ចង់​ចូល​ប្រើ​កុំព្យូទ័រ អ្នកស្រី​ត្រូវ​ឆ្លើយ​សំនួរ​សន្តិសុខ​អ៊ីនធឺណិត​ដូចជា «អ្វី​ទៅ​លួច​បន្លំ​ទាញ​យក​លេខ​កូដ?‍» ឬ «តើ​មេរោគ​កុំព្យូទ័រ​ដំណើរ​ការ​យ៉ាង​ដូចម្ដេច?‍»

អ្នកស្រី Nguyen មិន​បាន​ធ្វើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទេ ក៏​ប៉ុន្តែ​នេះ​ជា​វិធីសាស្ត្រ​របស់​ម្ចាស់​ក្រុមហ៊ុន​ក្នុង​ការ​ធានា​ឲ្យ​បាន​ថា បុគ្គលិក​ទាំងអស់​យ៉ាង​ហោច​ណាស់​មាន​ចំណេះដឹង​មូលដ្ឋាន​អំពី​ប្រព័ន្ធ​អ៊ីនធឺណិត​ល្អ។

យោង​តាម​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ ប្រទេស​វៀតណាម​ត្រូវ​ការ​ធនធាន​មនុស្ស​ជាច្រើន​ដូច​អ្នកស្រី Nguyen។ ពួក​អ្នក​ជំនាញ​និយាយ​ថា ជំនួញ​ខ្នាត​តូច​របស់​ប្រទេស​វៀតណាម​ជា​ពិសេស​មិន​ដឹង​ថា​ ខ្លួន​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​ពួក​លួច​ចូល​កុំព្យូទ័រ Hacker ឬ​ពី​ប្រភព​នៃ​ការ​លួច​ទិន្នន័យ​នានា។ ហើយ​ពួកគេ​ក៏​មិន​បាន​ដឹង​ថា ការ​គំរាមកំហែង​នេះ មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ។

​អ្នកស្រី Nguyen ដែល​បាន​ឈប់​ពី​ការងារ​ហើយ​បាន​ចាប់​ផ្តើម​បើក​អាជីវកម្ម​ខ្លួនឯង​បាន​បក​ស្រាយ​អំពី​ការ​យល់​ដឹង​របស់​ជនជាតិ​វៀតណាម​អំពី​សន្តិសុខ​ប្រព័ន្ធ​កុំព្យូទ័រ​ថា៖

«​បើ​និយាយ​ពី​សន្តិសុខ​អ៊ីនធឺណិត​សម្រាប់​យើង ជួនកាល​យើង​មាន​ទំនុក​ចិត្ត​ពេក​ ឬ​ប្រហែល​ជា​យើង​មិន​ដឹង​អំពី​បញ្ហា​នេះ​។ ដូច្នេះ យើង​មិន​សូវ​ខ្វល់​ពី​រឿង​នេះ​ទេ»។

ប៉ុន្តែ សហគ្រាស​ធុន​តូច​និង​មធ្យម គួរ​យក​ចិត្ត​ទុក​ដាក់ ជា​ពិសេស​ពិចារណា​លើ​កត្តា​ដែល​ជំរុញ​ឲ្យ​មាន​គ្រោះថ្នាក់​ផ្នែក​សន្តិសុខ​អ៊ីនធឺណិត កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​វៀតណាម។ កត្តា​ទាំង​នេះ​រួម​មាន​ការ​ប្រើប្រាស់​កម្មវិធី​ដែល​ត្រូវ​បាន​លួច​ដោនឡូត​មក​ប្រើ​ខុស​ច្បាប់​នៅ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍ អត្រា​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ខ្ពស់ សង្គម​ដែល​ចូល​ចិត្ត​បច្ចេកវិទ្យា​ ខណៈ​ដែល​មិន​ទាន់​មាន​ការ​គាំទ្រ​វិស័យ​ព័ត៌មាន​វិទ្យា​គ្រប់គ្រាន់ ហើយ​និង​កត្តា​ទំនាក់​ទំនង​ស្អប់​ផង​ស្រលាញ់​ផង​ជាមួយ​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ខាង​អ៊ីនធឺណិត។

លោក Vu Minh Tri អនុប្រធាន​ផ្នែក​សេវាកម្ម​ផ្ទុក​ទិន្នន័យ​អនឡាញ​នៅ​ឯ​ក្រុមហ៊ុន​ហ្គេម VNG ថ្លែង​ថា មាន​មនុស្ស​ពីរ​ប្រភេទ​គឺ អ្នក​ដែល​ត្រូវ​បាន​គេ​លួច​ចូល​ឬ​ Hack និង​អ្នក​ដែល​មិន​ដឹង​ខ្លួន​ថា​ត្រូវ​បាន​គេ hack ។

លោក Vu Minh Tri បាន​និយាយ​ថា៖

«មាន​ការ​និយាយ​យ៉ាង​ពិត​ប្រាកដ​មួយ​ថា មិន​មាន​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ឬ​កុំព្យូទ័រ​ណា ដែល​មិន​រងគ្រោះ​ដោយ​សារ​មេរោគ​កុំព្យូទ័រ​ទេ។ គឺ​មាន​តែ​ស្ថាប័ន កុំព្យូទ័រ ឬ​អ្នក​ប្រើប្រាស់​ដែល​មិន​ដឹង​ថា កុំព្យូទ័រ​ត្រូវ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​មេរោគ​កុំព្យូទ័រ។ ដូច្នេះ គ្រប់​គ្នា​ត្រូវ​បាន​ប៉ះពាល់។ វា​គ្រាន់​តែ​ជា​បញ្ហា​ថា​តើ​អ្នក​ដឹង​ពី​រឿង​នេះ​ឬ​ក៏អត់‍»។

មាន​ករណី​លួច​ចូល​កុំព្យូទ័រ​ថ្មីៗ​ពី​ប្រទេស​ចិន​ដែល​នៅ​ជិត​ខាង ដោយ​មាន​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​មួយ​ចំនួន​ ត្រូវ​បាន​គេ​ជឿ​ថា ទាក់ទង​ទៅ​នឹង​គម្រោង​ផ្លូវ​ក្រវ៉ាត់​ឬ Belt and Road Initiative របស់​ចិន ដែល​មាន​គោល​បំណង​ត​ភ្ជាប់​ប្រទេស​ជា​ច្រើន​ពី​ទ្វីប​អាស៊ី​ទៅ​កាន់​ទ្វីប​អឺរ៉ុប​តាមរយៈ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន។ ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត Fireeye បាន​បង្ហាញ​ថា​ ពួក Hackers ជនជាតិ​ចិន អាច​ត្រូវ​បាន​គេ​ជួល​ឲ្យ​ការពារ​ដៃគូ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​គម្រោង​ផ្លូវ​ក្រវ៉ាត់​ ដូចជា​នៅ​កម្ពុជា ឬ​ក៏​ត្រូវ​បាន​ជួល​ឲ្យ​វាយ​ប្រហារ​ប្រទេស​ដែល​មិន​សហការ​ដូចជា​ប្រទេស​ម៉ាឡេស៊ី​ជា​ដើម។

ប្រទេស​វៀតណាម​បាន​ចាត់​វិធាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គម្រោង​ផ្លូវ​ក្រវ៉ាត់នេះ ដោយ​មាន​ក្រុម​បញ្ញាវ័ន​ខ្លះ​បង្ហាញ​ការ​ព្រួយ​បារម្ភ អំពី​ហានិភ័យ​ដូចជា​ប្រាក់​កម្ចី​ដែល​មាន​បន្ទុក​ធ្ងន់ និង​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ប្រទេស​ចិន។ ប្រទេស​វៀតណាម​ក៏​មាន​ហេតុផល​ដែល​ត្រូវ​ព្រួយ​បារម្ភ​អំពី​ជម្លោះ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាមួយ​ប្រទេស​ចិន​ផង​ដែរ។ ក្នុង​ករណី​នៃ​ការ​លូច​ចូល Hack ព្រលានយន្តហោះ​វៀតណាម​នៅ​ឆ្នាំ​២០១៦ដ៏​ល្បីល្បាញ​មួយ គេ​សង្ស័យ​ថា ការ​លួច​ចូល​ Hack គឺ​ចេញ​ពី​ប្រទេស​ចិន​ បើ​យោង​តាម​លេខ​អត្តសញ្ញាណ​កុំព្យូទ័រ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត ឬ IP Addresses។​

លោក Jason Kao នាយកមជ្ឈមណ្ឌល​គ្រប់គ្រង​វិបត្តិ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​សហ​ប្រតិបត្ដិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ចូល​រួម​សិក្ខាសាលា​ក្នុង​ទីក្រុង Ho Chi Minh មួយ​ ដែល​ការិយាល័យ​របស់​លោក​បាន​ឧបត្ថម្ភ​កាល​ពី​សប្ដាហ៍​មុន​។ លោក Kao បាន​ថ្លែង​ប្រាប់​ក្រុមហ៊ុន​តូចៗ​នៅ​ទីក្រុង​ហូជីមិញ​ថា៖

«នៅ​ក្នុង​យុគសម័យ​ឌីជីថល តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ក្លាយ​ជា​ទីផ្សារ​ឌីជីថល​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក ហើយ​បាន​បង្កើត​ឱកាស​អាជីវកម្ម​យ៉ាង​ច្រើន​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម»។

លោក Kao បាន​ព្រមាន​ថា ​សហគ្រាស​ធុន​តូច​និង​មធ្យម​ជា​ច្រើន​មិន​បាន ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ។

លោក Kao ​មាន​ប្រសាសន៍​ថា៖

«ដោយ​សារ​តែ​អាជីវកម្ម​កាន់​តែ​ច្រើន ប្រើ​កុំព្យូទ័រ​ដើម្បី​ភ្ជាប់​អតិថិជន​របស់​ខ្លួន​និង​រក្សា​ទុក​ទិន្នន័យ ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​និង​ការ​លេច​ធ្លាយ​ទិន្នន័យ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ‍»។

លោក Kao បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទុក​ចំណាយ​ខ្ពស់​គឺ​ជា​ហេតុផល​សមរម្យ​មួយ ដែល​សហគ្រាស​ទាំង​នោះ​ព្រងើយ​កន្តើយ​លើ​ការ​ការពារ​សន្តិសុខ​អ៊ីនធឺណិត​នេះ។

ម្យ៉ាង ជំនួញ​ខ្នាត​តូច​អាច​មាន​ទំហំ​តូច​ពេក ហើយ​មិន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ពួក Hackers។ ម្យ៉ាង​វិញ​ទៀត​ ជំនួញ​ខ្នាត​តូច​ទាំង​នេះ អាច​មាន​ទំហំ​តូច​ពេក​ក្នុង​ការ​រ៉ាប់រង​ចំណាយ​សម្រាប់​ការ​ធានា​ឬ​ការ​ការពារ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

អ្នកស្រី Nguyen បាន​និយាយ​ថា៖

«នៅ​ពេល​យើង​និយាយ​អំពី​ការ​ចំណាយ​និង​ផល​ប្រយោជន៍ យើង​ដឹង​ថា​យើង​ត្រូវ​តែ​ទិញ​កិច្ច​សន្យា​ធានា​រ៉ាប់រង យើង​ដឹង​ថា​ យើង​ត្រូវ​ការពារ​ខ្លួន​យើង។ ប៉ុន្តែ​យើង​មិន​មាន​ធនធាន​គ្រប់គ្រាន់​ទេ‍»។

នោះ​ហើយ​ជា​មូលហេតុ​ដែល​កម្មវិធី​ដែល​ត្រូវ​បាន​លួច​ដោនឡូត​មក​ប្រើ​ខុស​ច្បាប់ នៅ​តែ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​ត្រូវ​តាម​ដាន ក្នុង​របាយការណ៍​របស់​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ស្ដី​ពី​កម្មសិទ្ធិ​បញ្ញា។ ដោយ​សារ​តែ​បានកម្មវិធី​ដែល​ត្រូវ​បាន​លួច​ដោនឡូត​មក​ប្រើ​ខុស​ច្បាប់​ទាំង​នេះ​ហើយ ពួក Hackers ក្រៅ​ប្រទេស​អាច​លួច​ចូល​ក្នុង​កុំព្យូទ័រ​ក្នុង​ប្រទេស​វៀតណាម​បាន។

ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​វៀតណាម​ខ្វះ​អ្នក​ឯកទេស​ព័ត៌មានវិទ្យា ​ដែល​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ទាំង​នោះ​មួយ​ចំនួន។ តាម​ការ​ប៉ាន់​ប្រមាណ​មួយ ប្រទេស​វៀតណាម​អាច​នឹង​ប្រឈម​មុខ​នឹង​កង្វះ​បុគ្គលិក​ផ្នែកព័ត៌មានវិទ្យា​ចំនួន ១លាន​នាក់​នៅ​ត្រឹម​ឆ្នាំ២០២០។

ក្នុង​ពេល​នេះ ទីប្រឹក្សា​សន្តិសុខ​ផ្ដល់​នូវ​ការ​រំលឹក​ជា​មូលដ្ឋាន​មួយ​ចំនួន​ដើម្បី​បង្កើន​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ កុំ​ចុច​លើ​តំណ ឬ Links ដែល​គួរ​ឲ្យ​សង្ស័យ​ក្នុង​អ៊ីម៉ែល។ ប្រើ​លេខ​សម្ងាត់​រឹងមាំ ហើយ​កុំ​ប្រើ​លេខ​សម្ងាត់​ដូច​គ្នា​សម្រាប់​គណនី​ផ្សេងៗ​ទាំង​អស់​ដែល​អ្នក​ប្រើ។ ហើយ​ជា​ការ​ពិត​ណាស់ ជៀសវាង​កម្មវិធី​ដែល​ត្រូវ​បាន​លួច​ដោនឡូត​មក​ប្រើ​ខុស​ច្បាប់៕

XS
SM
MD
LG