ការវាយប្រហារតាមអ៊ីនធឺណិតជាសាកលមួយនៅថ្ងៃពុធនេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រតិបត្តិការនៅកំពង់ផែកុងតឺន័រដ៏ធំជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា ដោយបន្ថែមបញ្ហាបន្ថែមទៀតដល់រដ្ឋាភិបាល និងអាជីវកម្មនានា ដែលរងគ្រោះដោយសារកូដរបស់មេរោគជំរិតទារប្រាក់តាមអ៊ីនធឺណិត (ransomware) ដែលលួចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតជាចំណាប់ខ្មាំង រហូតដល់ជនរងគ្រោះយល់ព្រមបង់ប្រាក់ដើម្បីបញ្ឈប់បញ្ហានេះកើតឡើង។
បញ្ហាដែលកើតឡើងនៅឯកំពង់ផែ Jawaharlal Nehru ក្នុងទីក្រុង Mumbai ទាក់ទិននឹងចំណតកប៉ាល់កុងតឺន័រមួយដែលគ្រប់គ្រងដោយក្រុមហ៊ុនដឹកទំនិញប្រទេសដាណឺម៉ាកដ៏ធំមហិមាមួយឈ្មោះ A.P. Moller-Maersk។ ក្រុមហ៊ុននេះបានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញ ពេលដែលការវាយប្រហារបានរីកសាយភាយភាគច្រើននៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលលេខកូដព្យាបាទនេះ បានប៉ះពាល់ដល់ចំណតកប៉ាល់កុងតឺន័រនៅតាមកំពង់ផែជាច្រើន។
រដ្ឋមន្ត្រីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសអូស្ត្រាលី លោក Dan Tehan បានប្រាប់អ្នកសារព័ត៌មាននានានៅថ្ងៃពុធនេះថា មន្ត្រីនានាមិនទាន់បានបញ្ជាក់ថាតើមេរោគកុំព្យូទ័រដូចគ្នានេះបានវាយប្រហារលើក្រុមហ៊ុនអូស្ត្រាលីពីរ ឬក៏យ៉ាងណានោះទេ ប៉ុន្តែសញ្ញាណនានាអាចបញ្ជាក់ថា មេរោគនោះអាចជាអ្នកបង្កបញ្ហានេះឲ្យកើតឡើង។
ធនាគារ ការិយាល័យរដ្ឋាភិបាល និងព្រលានយន្តហោះនានា នៅក្នុងប្រទេសអ៊ុយក្រែន ស្ថិតក្នុងចំណោមអ្នកបញ្ជាក់ដំបូងអំពីការវាយប្រហារតាមអ៊ីនធឺណិតនេះ។
ក្រុមហ៊ុនអន្តរជាតិដទៃទៀត ដែលរងគ្រោះមានដូចជា ក្រុមហ៊ុនឱសថ Merck របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនប្រេង Rosneft របស់រុស្ស៊ី ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម WPP របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុនផលិតកម្ម Saint-Gobain របស់បារាំង៕