ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​និង​ម្ចាស់ដី​នៅលើ​កោះមាស​​ស្នើឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការជួលដី​ឲ្យ​ក្រុម​ហ៊ុន ​ឃុន សៀ​ និង​ចេញបណ្ណកម្មសិទ្ធិ​ដល់​ពលរដ្ឋ


ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំគ្នានៅ​កោះមាស​ ដើម្បី​តវ៉ា​ទាមទារ​ប័ណ្ណកម្មសិទ្ធិដីធ្លី​ពីរដ្ឋាភិបាល​។ (ហ៊ុល រស្មី/វីអូអេ)
ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំគ្នានៅ​កោះមាស​ ដើម្បី​តវ៉ា​ទាមទារ​ប័ណ្ណកម្មសិទ្ធិដីធ្លី​ពីរដ្ឋាភិបាល​។ (ហ៊ុល រស្មី/វីអូអេ)

ប្រជាពលរដ្ឋរស់នៅ​លើ​កោះ​មាសនិង​ម្ចាស់​ដីលើ​កោះ​ដែល​សម្បូរ​ដោយ​ការ​ដាំដុះ​ បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​លើ​កោះដែល​មាន​ភូមិ​សាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្តាល​ ដើម្បីទាមទារ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​រដ្ឋាភិបាល។

ពលរដ្ឋ​និង​ម្ចាស់​ដី​ដែល​កំពុង​ទាមទារ​ប័ណ្ណកម្មសិទ្ធិ​ ឬ​ប្លង់​កាន់​កាប់​ដី​នោះ​ មាន​ចំនួន​ ១៦៨ ​គ្រួសារ​។​ ភាព​ជា​កម្ម​សិទ្ធិ​ដីធ្លី​របស់​ពួកគេកំពុង​ស្ថិត​ក្នុងស្ថានភាព​មិនច្បាស់លាស់​ ក្រោយ​រដ្ឋា​ភិបាល​ចេញ​លិខិត​ ស.ជ.ណ មួយ​ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ ឃុន​ សៀ​ អ៊ីមផត អិចផត ជួលដីកោះ​មាស​ទំហំ​ប្រមាណ​ ៣៥០ ហិកតា​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ។

លោក ជុំ សំអឿន​ អាយុ​ ៧២​ ឆ្នាំ​ ប្រាប់វីអូអេ​ថា​ បើតាម​ ស.ជ.ណ នោះ ដីដែលប្រជាពលរដ្ឋ​ធ្លាប់​កាន់​កាប់នឹង​ក្លាយ​ជា​ដីសាធារណៈរបស់​រដ្ឋ​ ដែលអាច​ត្រូវបាន​ជួល​ដោយក្រុមហ៊ុន ​ឃុន​ សៀ។ លោក​បន្ថែម​ថា ប្រជាពល​រដ្ឋ​មាន​ឯកសារ​កាន់កាប់ដីធ្លី​គ្រប់គ្រាន់ដែលត្រូវបាន​ប្រើសម្រាប់វាស់វែង​ដីដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាលពីឆ្នាំ​ ២០២០។ ប៉ុន្តែ​ចាប់តាំងពីពេលនោះមក​ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​កោះមាស​និងម្ចាស់​ដី​នៅ​លើ​កោះ​នោះមិន​ទទួលបាន​បណ្ណកម្មសិទ្ធិ​ ហើយ​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ និងស្រុក​កៀន​ស្វាយ​បាន​ត្រឹម​ឆ្លើយ​ដាក់​គ្នាទៅវិញទៅមក​ តែ​មិនអាច​ជួយពលរដ្ឋ​បាន​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ប័ណ្ណកម្ម​សិទ្ធិកាន់​កាប់​ដីធ្លីនេះ។

លោកថ្លែងថា៖ «អ៊ីចឹង​ បាន​ថា​ ប្រជាជន​ដូច​ជា​អស់​ជំនឿ អស់​ជំនឿ​លើ​រដ្ឋអំណាច។ ដល់អីចឹង​ហើយ​ក៏មាន​តែ​ ក៏មាន​តែ​អ៊ីចេះ​ មាន​តែ​ខំ ឥឡូវ​ហ្នឹ​ខំធ្វើ​សារព័ត៌មាន​ដើម្បី​ឲ្យសារព័ត៌មាន​ហ្នឹង​ផ្សព្វផ្សាយ​ ជួយ​ដើម្បីសំណូមពរ​ទៅ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ ឲ្យថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ហ្នឹង​ជួយ​ ធ្វើម៉េច​ដោះស្រាយ​ ប្លង់​កម្មសិទ្ធិ​ដីធ្លី​ហ្នឹង​ឲ្យ​ ឲ្យមក​ប្រជាពលរដ្ឋ​ បាន​កាន់​កាប់​ផង​ ពីព្រោះ​យើង​បាន​មានលិខិត​ជូនដំណឹង​វាស់​វែង​ កាលពី​ឆ្នាំ ​២០២០​ ក្នុង​ខែកញ្ញា​ហ្នឹង​ថា​ នឹង​វាស់វែង​ជូន​ឲ្យ​មក​ប្រជា​ពលដ្ឋ តែក្រោយ​ពី​វាស់​វែង​ហើយ ស្រាប់តែ​បាត់​ដំណឹង​ ហើយ​បិទ​មិន​ឲ្យមានការ​លក់​ដូរ។ អ៊ីចឹង​ហើយ​យើង​ខ្ញុំមាន​ការ​ភិត​ភ័យ​ និងព្រួយបារម្ភ​ជាខ្លាំង។ ហេតុនេះក៏ខ្ញុំ​សុំសំណូមពរ​ដល់​ឯកឧត្តម​ អស់​លោក​ទាំង​អស់​ដែល​មាន​មុខ​តួនាទី​នៅ​កន្លែង​ទីស្រុក​នេះ​ ហើយ​និង​ក៏សូមស្នើ​ទៅ​ដល់​សម្តេច​នាយក​រដ្ឋមន្ត្រី​ធិបតី ​ហ៊ុន​ ម៉ាណែត​ និង​សម្តេច​តេជោ ​ហ៊ុន សែន​ មេត្តា​ជួយ​សម្រួល​ធ្វើ​ម៉េច​ឲ្យខ្ញុំបាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លីនេះ ​ឲ្យ​ស្រប​ដូច​ប្រជាជនទូទៅ​នៅ​ទូទាំង​ប្រទេស​ដែរ»។

បើតាម​លោក ​ជុំ​ សំអឿន មុនពេល​មានការ​វាស់វែង​ដីកាលពីឆ្នាំ​ ២០២០ លោក​កាន់​កាប់​ដីប្រមាណ ​៤ ទៅ ​៥ ហិកតានៅលើ​កោះមាស។ ប៉ុន្តែក្រោយការ​វាស់វែង​ដីរួច​ លោកមិន​អាច​វាយតម្លៃ​បាន​ថា​ ទំហំដីរបស់លោក​នៅដដែល​ ឬ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ណា​នោះទេ​ ដោយសារ​អាជ្ញាធរពាក់​ព័ន្ធ មិន​ព្រម​ផ្តល់​ទិន្នន័យដែល​ប្រមូលបាន​ពី​ការវាស់​វែង​ដីកាលពីឆ្នាំ​ ២០២០ កន្លងទៅនោះ។

លោកថ្លែងថា៖ «​បើនិយាយ​កាន់កាប់តាំង​ពីឆ្នាំ ​៧៩ មក​ ក្រោយ​ពីថ្ងៃ​រំដោះមក ​គឺ​ថា​ ដីនេះ​ជាដី​ក្រុម​សាមគ្គី​គេ​ចែក​ឲ្យ​ ហើយ​ខ្លះ​ចែក​ឲ្យកូន​បន្ត​មក​ ខ្លះ​ក៏លក់​បន្តទៅ​ទៀត​បួន​ ប្រាំ​ជំនាន់ហើយ»។

លោក ជុំ សំអឿន ចូលរួម​ក្នុងការតវ៉ា​ទាមទារ​ប័ណ្ណកម្មសិទ្ធិដីធ្លីនៅកោះមាស ថ្ងៃអាទិត្យ​ ទី​១៦ ខែកុម្ភៈ​ ឆ្នាំ​២០២៥។​ (ហ៊ុល រស្មី/វីអូអេ)
លោក ជុំ សំអឿន ចូលរួម​ក្នុងការតវ៉ា​ទាមទារ​ប័ណ្ណកម្មសិទ្ធិដីធ្លីនៅកោះមាស ថ្ងៃអាទិត្យ​ ទី​១៦ ខែកុម្ភៈ​ ឆ្នាំ​២០២៥។​ (ហ៊ុល រស្មី/វីអូអេ)

លោក ជុំ សំអឿន ​ដែល​បាន​ទិញ​ដីពីប្រជាពលរដ្ឋ​នៅលើ​កោះមាស​តាំងពីឆ្នាំ​ ២០០៥ ​បាន​ឲ្យដឹង​ទៀតថា ដីរបស់​លោក​ និងពលរដ្ឋ​ឯទៀត​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការដាំដុះបន្លែ​ជា​ច្រើន​មុខ។

លោក​បន្ថែមថា​៖ «​អានេះ​ ដាំដំណាំក្នុងស្រុកយើង​មាន​ពោត មានត្រប់​ មានល្ហុង​ ប៉េងប៉ោះ​អីហ្នឹង​ ជាពិសេស​បន្លែក្នុង​ស្រុក​យើង​ មានគ្រប់​សព្វ​ទាំង​អស់»។

ពលរដ្ឋ​ដែល​ចូលរួម​តវ៉ា​កាលពី​ថ្ងៃ​អាទិត្យ​ បាន​លើក​ឡើង​ស្រដៀងគ្នានឹង​លោក​ ជុំ សំអឿន​ អំពីការ​ទទួល​បាន​សិទ្ធិ​កាន់​កាប់ដីធ្លីឡើង​វិញ​និង​បណ្ណកម្មសិទ្ធិដីធ្លី​ ហើយ​លុបចោល​ ស.ជ.ណ ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពីថ្ងៃ​ទី ​២០ ខែធ្នូ​ ឆ្នាំ​ ២០២០។

បើតាម​ ស.ជ.ណ នោះ​ ក្រុមហ៊ុន​ ឃុន សៀ អ៊ីមផត អិចផត អាច​ជួល​ដីលើ​កោះមាស​ក្នុងទំហំ​ប្រមាណ​ ៣៥០ ​ហិកតា​ជាអចិន្ត្រៃយ៍រយៈ​ពេល ​៥ ០ឆ្នាំ​ ហើយអាច​ជួល​បន្តជាថ្មី​សម្រាប់​ការ​វិនិយោគ​អភិវឌ្ឍ​លើ​កោះ​នោះ។ ស.ជ.ណ ​ដដែល​ឲ្យដឹងទៀតថា​ ក្រុមហ៊ុន​ ឃុន សៀ អ៊ីមផត អិចផត «ត្រូវ​ដោះស្រាយ​គោល​នយោបាយ​ជាមួយប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅលើ​ទីតាំង​កោះមាស ​ក្នុង​តម្លៃ​ចន្លោះ​ពី ​៥ (ប្រាំ) ទៅ​ ៨ (ប្រាំបី) ដុល្លារ ​ក្នុង​មួយម៉ែត្រ​ក្រឡា»។

ទោះជា​យ៉ាង​ណាក្តី​ គោល​នយោបាយ​ដោះស្រាយ​តម្លៃដី​នេះត្រូវ​បាន​ពលរដ្ឋ​បដិសេធមិនទទួល​យក​ ហើយអ្វីដែល​ពួក​គេ​ចង់​បាន​នៅ​ពេល​នេះ​ គឺ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដី។

លោក​ ឈឹម រី​ អាយុ​ ៧៦​ ឆ្នាំ​ អ្នក​រស់នៅក្នុង​ភូមិ​ជ្រោយអំពិល​ ១​ សង្កាត់​ក្បាល​កោះ​ ​ខណ្ឌច្បារ​អំពៅ​រាជធានី​ភ្នំពេញ​ ថ្លែងថា​ ​ស.ជ.ណ ដែល​ចេញដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី ៥ ឆ្នាំមុន​ បាន​កាត់​ផ្តាច់​សិទ្ធិ​លក់​ដូរ​ ឬផ្ទេរ​កម្មសិទ្ធិ​ដីរបស់​ពលរដ្ឋ​ដែល​បាន​គ្រប់គ្រង​តាំងពីឆ្នាំ ​១៩៧៩។

លោក​ចង់​បាន​ដីរបស់​លោកដែល​មានក្បាល​ដីជាង ​២៥ ម៉ែត្រ និង​បណ្តោយ​ជាង​ ១.០០០ ម៉ែត្រត្រឡប់​មក​វិញ។

លោកថ្លែង​ថា​៖ «ទី ១​ ខ្ញុំសុំ​លុបស.ជ.ណ​ របស់​រាជរដ្ឋាភិបាល​ ហើយ​ទី ២​ គឺ​សុំ​កម្មសិទ្ធិ​ស្រប​ច្បាប់​ដូច​គេ​ដូច​ឯង​ នៅដូច​ទូទាំង​ប្រទេស​ដែរ។ បាទ!​ សុំ​មាន​សិទ្ធិ​ទាំង​រស់​នៅ​សិទ្ធិ​ ទាំង​គ្រប់​គ្រង​ដីធ្លី​នៅក្នុង​ស្រុកយើង​នេះបាន»។

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយពី​អ្នកនាំ​ពាក្យ​សាលារាជធានី​ភ្នំពេញលោក ​ម៉េត មាសភក្តី​ តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ តែគ្មាន​ការ​ឆ្លើយ​តប។​ វីអូអេព្យាយាម​សុំការ​អត្ថាធិប្បាយពី​អភិបាល​ខេត្ត​កណ្តាល​លោក ​គួច ចំរើន​ តែមិន​ទាន់​អាច​ទាក់​ទង​បាន​តាម​ប្រព័ន្ធទូរស័ព្ទ។ វីអូអេ​ក៏មិន​អាច​ទាក់ទង​តំណាងក្រុមហ៊ុន ​ឃុន សៀ​ អ៊ីមផត អិចផតបាន​ផងដែ​រ​តាមលេខ​ទូរស័ព្ទ​ ដែល​មាននៅ​លើ​ឯកសារ​ចុះ​បញ្ជីពាណិជ្ជកម្ម​នៅក្នុង​គេ​ហទំព័រក្រសួង​ពាណិជ្ជកម្ម ។

យ៉ាងណាមិញ​ អ្នកស្រី​ យី​ ធី​ អាយុ​ ៦៣​ ឆ្នាំ ប្រាប់វីអូអេថា ពលរដ្ឋ​នឹង​មិន​បញ្ឈប់ការតវ៉ាទេ បើ​រដ្ឋាភិបាល​មិន​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​បញ្ជាក់​ពីការ​កាន់​កាប់​ដីដែល​ពួកគេ​បាន​កាន់​កាប់​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​លើ​កោះ​មាស។

អ្នកស្រីថ្លែងថា៖ «សំណូមពរ​ឲ្យ​សម្តេច​ជួយ​សម្តេច ​ហ៊ុន​ សែន ​ជួយ​ដោះស្រាយ​ឲ្យខ្ញុំផង។ ខ្ញុំ​ប្រជា​ជន​ល្ងិតល្ងង់​ណាស់​ រស់​ហ្នឹង​អី​ហ្នឹង​ ដាំ​បន្លែ​អីហ្នឹង​ កូនរៀន​ អត់​ឲ្យ​រដ្ឋពិបាក។ សុំប្លង់​វាស់​វែង ... ចង់​បាន​កម្មសិទ្ធិសិន​ ព្រោះ​អី​រស់នៅ​ទីនេះ​ស្រួល​ណាស់»។

អ្នកស្រី​ ហ៊ុល​ ដាឡា អាយុ ​៤៥​ ឆ្នាំ​ ជាអ្នកដែលបាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋនៅលើ​កោះមាស ដើម្បី​បង្កបង្កើន​ផល​ជិត​ ២០ ឆ្នាំ​មកនោះ​ ក៏ស្នើ​យ៉ាង​ទទូចឲ្យរដ្ឋាភិបាល​ចេញបណ្ណកម្មសិទ្ធិ​សម្រាប់​ដីអ្នកស្រី​ដែល​មាន​ក្បាល​ ៩ ម៉ែត្រ និង​បណ្តោយ​ជាង​ ៩០០ ម៉ែត្រ និង​ដីរបស់​ពលរដ្ឋ​ឯ​ទៀត​នៅលើ​កោះមាស​នេះ។

អ្នកស្រីថ្លែង​ថា​៖ «ចង់​បាន​ឲ្យ​ ចង់​បាន​ចេញប្លង់​កម្មសិទ្ធិ​ឲ្យ​ខ្ញុំ​ចឹង​។ ច៎ា​ ឲ្យកូនចៅ​ទាំងអស់​គ្នា​ដែល​រស់​នៅ​ដីកោះ​ហ្នឹង»។

លោក​ សឿង សារ៉ន​ នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាងត្នោត​ យល់​ថា ស្ថាប័ន​រដ្ឋ​ពាក់​ព័ន្ធ​គួរ​បើក​ឲ្យ​មានការ​ពិគ្រោះយោបល់​រវាង​ពលរដ្ឋ​ និង​ភាគី​ក្រុមហ៊ុន​ និង​ផ្តល់​ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធនឹង​ការ​វិនិ​យោគ​នៅ​លើ​កោះមាស ដើម្បី​ឈាន​ដល់​ដំណោះស្រាយ​សមស្របមួយ​ ដូចករណី​ដោះស្រាយ​វិវាទ​នៅ​អគារ​ សឬ ហៅ​ថា​ ប៊ូឌិញ។

លោក​ថ្លែង​ថា​៖ «អ៊ីចឹង នីតិវិធី​គួរ​តែ​មាន​ការ​ជជែក​ ឲ្យមាន​ ឲ្យ​បាន​ស៊ី​ជម្រៅ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​ហ្នឹង​ ហើយ​ទាក់​ទងនឹងការ​ដោះដូរ​ ។ល។ និង ។ល។ ហើយ​ក្រសួង​ពាក់​ព័ន្ធ​អី​ខ្ញុំគិត​ថា ជូន​ដំណឹង​ឲ្យវាល្អិតជាង​ហ្នឹង​ទៀត​ ដូចករណីយើង​អាច​មើល​ឃើញ​ដូច​ករណីនៅ​អគារ​ ស​ ប៊ូឌិញ​ ឃើញ​នីតិវិធី​ទេ ដែល​ក្រសួងលោក​ដោះស្រាយ​បានទទួល​ មិន​មានការ​តវ៉ា​ ឬក៏មាន​ការ​តវ៉ា​ដែរ​ តែ​មាន​តិចតួច​អីចឹង​ទៅ»។

ក្នុងការ​តវ៉ា​កាល​ពីថ្ងៃអាទិត្យ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​កោះមាស និងម្ចាស់​ដីនៅ​កោះ​នោះ​ បាន​ដើរ​ក្បួន​ដោយថ្មើជើង និងលើក​បដាស្នើ​សុំឲ្យ​រដ្ឋាភិបាល​ផ្តល់បណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគេ​ ដើម្បី​ជម្រះ​មន្ទិលជុំវិញ​ភាពជាកម្មសិទ្ធិលើ​ដីដែល​ពួកគេបាន​កាន់​កាប់ច្រើនឆ្នាំមកហើយ​ និង​ដើម្បី​ទុក​ជាមរតក​បន្សល់​ទុកឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ​ផងដែរ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG