ក្រុមអង្គការសង្គមស៊ីវិលបានជំរុញឲ្យតុលាការអនុញ្ញាតឲ្យសមាជិកទាំង ៥ នាក់របស់ក្រុមចលនាមាតាធម្មជាតិ បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន ខណៈសវនាការលើសំណើសុំនៅក្រៅឃុំរបស់ពួកគេបានចាប់ផ្តើមនារសៀលថ្ងៃចន្ទ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា ប្រាប់វីអេថា រាល់ជនជាប់ចោទទាំងអស់មានសិទ្ធិសុំនៅក្រៅឃុំបណ្តោះអាសន្ន មុនពេលតុលាការជំនុំជម្រះអង្គសេចក្តី ពាក់ព័ន្ធនឹងការចោទប្រកាន់។ ទោះជាយ៉ាងណាក្តី ក្នុងស្ថានភាពនយោបាយមិនមានការប្រែប្រួលច្រើននោះ លោកមិនមានជំនឿថា សកម្មជននៃចលនាមាតាធម្មជាតិទាំងនោះនឹងត្រូវបានតុលាការនៃសាលាឧទ្ធរណ៍ភ្នំពេញ អនុញ្ញាតឲ្យបានស្ថិតនៅក្រៅឃុំនោះទេ។
លោកថ្លែងថា៖ «ប៉ុន្តែទោះយ៉ាងណាក៏ដោយ ពួកយើងមានការទទូចស្នើឲ្យតុលាការលោកមេត្តាពិចារណាដោះស្រាយនូវបញ្ហាហ្នឹង អាចឲ្យពួកគាត់នៅក្រៅឃុំបណ្តោះអាសន្នដើម្បីរង់ចាំដំណើរការនីតិវិធីតទៀតទៅ។ រឿងនេះក៏វាអាចជាការសម្រួលមួយទៅដល់បរិយាកាស ដែលយើងគិតថា បញ្ហាសិទ្ធិមនុស្ស បញ្ហាសេរីភាពកំពុងតែរួមតូច ហើយនឹងក៏អាចជួយស្តារឡើងវិញនូវស្ថានភាពកុំឲ្យមានការរិះគន់មកលើកម្ពុជាហ្នឹងថា កម្ពុជាកំពុងតែរឹតត្បិតលម្ហសេរីភាពកាន់តែតូចទៅៗ»។
កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez Davidson) សហស្ថាបនិកអង្គការចលនាមាតាធម្មជាតិ និងសកម្មជននៃចលនានេះ រួមមានលោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រនិងរួមគំនិតក្បត់។ ចំណកសកម្មជនឯទៀតដូចជា លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងប្រាំនាក់ផ្សេងទៀត ដែលមិនបង្ហាញខ្លួន ត្រូវបានផ្តន្ទាទោសម្នាក់ៗឲ្យជាប់ពន្ធនាគារចំនួន ៦ ឆ្នាំ ពីបទរួមគំនិតក្បត់។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា ការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់សកម្មជនបរិស្ថានដែលកំពុងជាប់ក្នុងពន្ធនាគារ អាចធ្វើទៅបាន ព្រោះពួកគេបានផ្តល់លក្ខខណ្ឌមួយចំនួន ក្នុងនោះគឺទីលំនៅអចិន្ត្រៃយ៍ ដែលគ្រប់គ្រាន់សម្រាប់តុលាការយកទៅធ្វើការពិចារណា។
លោកក៏បានទទូចឲ្យតុលាការបើកសវនាលើអង្គសេចក្តីនេះឲ្យបានឆាប់ បន្ទាប់ពីសវនាការសុំនៅក្រៅឃុំបណ្តោះអាសន្ន និងថារឿងក្តីនេះកន្លងទៅ មានការរិះគន់ច្រើន។
លោកថ្លែងថា៖ «ហើយគេថា ករណីនេះវាជាការធ្វើទុក្ខបុកម្នេញទៅដល់សកម្មជនបរិស្ថាន ជាពិសេសលើយុវជនដែលសកម្មកិច្ចការពារធនធានធម្មជាតិ ព្រៃឈើ ដែលការណ៍នេះគឺជាការណ៍មួយដែលបំភិតបំភ័យ ឬក៏ធ្វើឲ្យយុវជនហ្នឹងមានការរារែកក្នុងចិត្តក្នុងការការពារធនធានធម្មជាតិ»។
ម្តាយរបស់កញ្ញា ភួន កែវរស្មី គឺអ្នកស្រី គង់ ម៉ានិត ស្នើឲ្យតុលាការសម្រេចឲ្យកូនស្រីនៅក្រៅឃុំ និងថា កូនរបស់អ្នកស្រីមិនបានធ្វើអ្វីខុសឡើយ។ អ្នកស្រីក៏ទទូចឲ្យតុលាការទម្លាក់បទចោទប្រកាន់មកលើកូនស្រីរបស់ខ្លួនផងដែរ។
ភស្តុតាងដាក់បន្ទុកលើពួកគេដែលត្រូវបានលើកឡើងក្នុងសវនាការនាពេលកន្លងមក រួមមានឃ្លីបវីដេអូដែលជាការសន្ទនាគ្នារវាងសកម្មជនចលនាមាតាធម្មជាតិ ជាមួយលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន តាមប្រព័ន្ធវីដេអូខល Zoom អំឡុងឆ្នាំ ២០២១ ការផ្តល់បទសម្ភាសន៍របស់លោក អាឡិចហ្សង់ដ្រូ ជាមួយសារព័ត៌មានអាស៊ីសេរី និងសារព័ត៌មាន ឌឹខេមបូឌាដេលី និងការទទួលបានលុយ ឬប្រាក់ខែក្នុងការធ្វើសកម្មភាពជាដើម។
សកម្មជនចលនាមាតាធម្មជាតិទាំងនោះបានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយអះអាងថា សកម្មភាពរបស់ពួកគេគឺដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិតែប៉ុណ្ណោះ ពោលគឺមិនបានបម្រើដល់សកម្មភាពរួមគំនិតក្បត់ ជេរប្រមាថ ឬរបៀបវីរៈនយោបាយណាមួយនោះទេ។
គួររំឭកថា កាលពីឆ្នាំ ២០២០ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា បានជាប់ពន្ធនាគារជាង ១ ឆ្នាំ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តុលាការបានបន្ថែមបទចោទ «រួមគំនិតក្បត់» ពេលពួកគេកំពុងស្ថិតក្នុងពន្ធនាគារ។
រីឯកញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារអស់រយៈពេល ៥ ខែ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។ តុលាការបានដោះលែងពួកគេឲ្យនៅក្រៅឃុំបណ្ដោះអាសន្នមួយលើករួចមកហើយ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ក៏ប៉ុន្តែពួកគេត្រូវបានចាប់ឃុំខ្លួនម្តងទៀត មកទល់នឹងពេលនេះ។
លោក ថុន រដ្ឋា កញ្ញាភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ក៏ធ្លាប់ជួបស្ថានភាពដូចគ្នា គឺពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ តែក៏ត្រូវបានដោះលែងមកវិញ ហើយក៏ត្រូវចាប់ខ្លួនឃុំសាជាថ្មីទៀត៕
វេទិកាបញ្ចេញមតិ