ក្បួនដង្ហែញត្តិរបស់ប្រជាពលរដ្ឋខេត្តកោះកុង ដែលស្រែកទាមទាររកដំណោះស្រាយពីលោកហ៊ុន សែនទាក់ទងនឹងជម្លោះដីធ្លីរ៉ាំរ៉ៃជាង១ទសវត្សរ៍កន្លងមកនោះ បានប៉ះទង្គិចនឹងកងកម្លាំងសន្តិសុខ ពេលពួកគេទៅជិតដល់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីក្បែរវិមានឯករាជ្យ។ ប្រជាពលរដ្ឋទទូចសុំដំណោះស្រាយសមស្របមួយក្រោយរងផលប៉ះពាល់ដល់ជីវភាពរបស់ពួកគេក្រោយការបាត់បង់ដីធ្លី និងផ្ទះ ដោយសារគម្រោងសម្បទានដីដាំស្ករអំពៅ។
យ៉ាងហោចណាស់មានស្ត្រីបីនាក់បានរងរបួសស្រាលក្នុងការប៉ះទង្គិចគ្នា ជាមួយនឹងកងកម្លាំងសន្តិសុខ នៅក្បែរវត្តលង្ការ នៅពេលប្រជាពលរដ្ឋខេត្តកោះកុង ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយលោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដើរដង្ហែក្បួនទៅសុំដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដល់គេហដ្ឋានរបស់លោកក្បែរវិមានឯករាជ្យ។
កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ នៅលើមហាវិថីព្រះសីហនុ ដែលមានស្តង់លក់ផ្កាអមសងខាងក្នុងឱកាសថ្ងៃបុណ្យនៃក្តីស្រឡាញ់ ប្រជាពលរដ្ឋប្រមាណ២០០នាក់ដើរដង្ហែក្បួនលើកបដា និងស្រែកតវ៉ាសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា រកដំណោះស្រាយដោយយុត្តិធម៌ចំពោះការបាត់បង់ដីធ្លីតាំងពីជាង១ ទសវត្សរ៍មុន។ វិវាទនេះផ្ដើមចេញពីគម្រោងវិនិយោគផលិតស្ករអំពៅរបស់លោកឧកញ៉ាលី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
លោកយ៉ង់ ជៀវ អាយុ៤២ឆ្នាំ ជាប្រជាពលរដ្ឋឃុំ កណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុង។ លោកជាអ្នកដែលរងផលប៉ះពាល់ ក្នុងចំណោមប្រជាពលរដ្ឋ១៧៥គ្រួសារនៃខេត្តកោះកុង ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន Koh Kong Sugar Industry និង Koh Kong Plantation។
លោកប្រាប់ VOA ថា លោកបាត់បង់ផ្ទះ និងដីធ្លីដែលលោកធ្លាប់តែប្រកបរបរដាំដំណាំស្វាយចន្ទីដើម្បីលក់ដូរចិញ្ចឹមជីវិត។ លោកយ៉ង់ ជៀវ ដែលកំពុងបីកូនប្រុសតូចម្នាក់ បន្តទៀតថា លោកគ្រាន់តែចង់បានដំណោះស្រាយមួយដែលសមស្របទៅតាមអ្វីដែលរាជរដ្ឋាភិបាលធ្លាប់សន្យា។
«(ការ)ចរចាហ្នឹង ក្រសួងដែនដីចុះ៣ដងហើយ អត់មានដោះស្រាយឲ្យ (ឬ)រកការណ៍ពិតជាក់ស្តែងឲ្យប្រជាពលរដ្ឋមានទឹកចិត្តថា ឥឡូវនឹងដោះស្រាយ អញ្ចេះទៅ។ រកការណ៍ពិតអត់ឃើញទេ បានតែកុហកប្រជាជន។ ប្រជាជនអត់ចង់ដើរ អត់ចង់មកវេទនាអីចឹងទេ? មិនចង់ទេ។ យើងមិនចង់ធ្វើអីទេ។ ខ្ញុំមកតែទាមទារ (ព្រោះថា) កាលពីឈូសឆាយ ថា ដោះស្រាយឲ្យ ដល់ឈូសឆាយហើយកុហករហូត»។
កាលពីឆ្នាំ២០០៦ រាជរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចលើវិស័យកសិឧស្សាហកម្មដល់គម្រោងវិនិយោគផលិតស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់។ កន្លងមក លោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បានបដិសេធថា លោកមិនមានជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះទេ។ លោកបានអះអាងថា លោកបានដកខ្លួនចេញពីគម្រោងវិនិយោគផលិតស្ករអំពៅនៅខេត្តកោះកុង ដោយលោកបានបង្វែរជំនួញនេះទៅខេត្តកំពង់ស្ពឺវិញ។
ក្រុមប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្រោយការឈូសឆាយដីធ្លី នៃគម្រោងការអភិវឌ្ឍពាណិជ្ជកម្មស្ករអំពៅនៅខេត្តកោះកុង បានផ្ដើមការតវ៉ា ក្នុងទីក្រុងភ្នំពេញជាង២ខែហើយ តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦រហូតមក។ ពួកគេដាក់ញត្តិជាបន្តបន្ទាប់ទៅតាមក្រសួង រដ្ឋាភិបាល និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ មកដល់បច្ចុប្បន្ន នៅមិនទាន់មានការឆ្លើយតបជាក់លាក់ណាមួយពីរាជរដ្ឋាភិបាលនៅឡើយទេ។
លោកអ៊ិន គង់ជិត មន្ត្រីសម្របសម្រួលនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តកោះកុងបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងឃុំចំនួន៥នៃស្រុកថ្មបាំង ស្រុកបទុមសាគរ និងស្រុកស្រែអំបិល នៅក្នុងខេត្តកោះកុង ជាប់ទាក់ទងនឹងវិវាទនេះ។
លោក អ៊ិន គង់ជិត បានឲ្យដឹងថា លោកពុំឃើញមាននិតិវិធីក្នុងការដោះស្រាយវិវាទដីធ្លីនេះដោយមានប្រសិទ្ធភាពនៅឡើយ បើទោះបីជាមានការបង្កើតគណៈកម្មការអន្តរស្ថាប័នដែលទទួលបន្ទុកដោះស្រាយវិវាទដីធ្លីក្នុងករណីនេះក្តី។
«វាពាក់ព័ន្ធនឹងការនាំចេញស្ករអំពៅទៅកាន់សហគមន៍អឺរ៉ុប យើងឃើញថា ការបង្កើតក្រុមអន្តរស្ថាប័ននេះ តាំងពីចុងឆ្នាំ២០១៣ មកដល់ពេលនេះយើងឃើញថា មិនមានការជឿនលឿនទៅមុខទេ គឺរហូតមកដល់ពេលនេះ មិនឃើញមានអ្វីជាសញ្ញានៃដំណោះស្រាយលើការរងផលប៉ះពាល់»។
គណៈកម្មការអន្តរស្ថាប័ន ដែលត្រូវបានបង្កើតឡើងដើម្បីរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីដែលរ៉ាំរ៉ៃជាង១ទសវត្សរ៍កន្លងមកនេះ មានតំណាងពីក្រសួងពាណិជ្ជកម្ម សហភាពអឺរ៉ុប ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយនឹងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នរដ្ឋអំណាចដែលពាក់ព័ន្ធដទៃទៀត។
អភិបាលរងខេត្តកោះកុង លោកស៊ុន តារាបានប្រាប់ VOA តាមទូរស័ព្ទថា បច្ចុប្បន្ន គណៈកម្មការអន្តរស្ថាប័នកំពុងដំណើរការបង្កើតយន្តការ។
«ឥឡូវយើងពុំទាន់បានទទួលអ្វីទេ។ គេកំពុងតែ រៀបចំនីតិវិធីដើម្បីមានគោលការណ៍ និងដំណោះស្រាយ។ ការងារហ្នឹងយើងមិនទាន់ច្បាស់ទេ។ អធ្យាស្រ័យទៅ ព្រោះអីការងារហ្នឹងវាមានអ្នកមុន និងអ្នកក្រោយនោះណា៎។ បាទ! គម្រោងនេះគេមិនទៅយកធ្វើអ្វីទេ គេអភិវឌ្ឍដាំអំពៅ ផលិតស្ករនាំចេញបាទ។ ដីគេដាំដុះពេញអស់ហើយ អភិវឌ្ឍអស់ហើយ គេបានធ្វើរោងចក្រកែច្នៃអីអស់ហើយណា៎»។
ក្រុមប្រជាពលរដ្ឋខេត្តកោះកុងដែលរងផលប៉ះពាល់ពីជម្លោះដីធ្លីដែលពុំទាន់ទទួលបានដំណោះស្រាយជាក់លាក់ពីរាជរដ្ឋាភិបាលនៅឡើយ បានឲ្យដឹងថា ពួកគេនៅតែមានសង្ឃឹមក្នុងការតស៊ូទាមទាររកយុត្តិធម៌។ ប្រជាពលរដ្ឋទាំងនោះបានឲ្យដឹងថា ពួកគេមួយចំនួនធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស និងមួយចំនួនធ្វើជាកម្មករក្នុងក្រុមហ៊ុនស្ករអំពៅដែលជាភាគីក្នុងជម្លោះនេះ៕