នៅថ្ងៃចន្ទនេះ ក្រុមប្រជាពលរដ្ឋប្រមាណ ជាង ៤០នាក់ ដែលបានធ្វើដំណើរមកពីខេត្តកោះកុងមកទីក្រុងភ្នំពេញដើម្បីតវ៉ាទាមទារ ឲ្យអាជ្ញាធរ រកដំណោះស្រាយក្នុងទំនាស់ដីធ្លី បានងាកទៅរកការធ្វើពិធីសាសនា នៅព្រះអង្គដងកើ ដែលជាកន្លែងប្រជាជននៅរាជធានីនិងតាមបណ្តាខេត្តនានា មានជំនឿថា មានបុណ្យបារមី និងជួយរកដំណោះស្រាយក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលពួកគេកំពុងជួបប្រទះ។
ការបន់ស្រន់នេះ កើតមានឡើង ក្រោយពីប្រជាពលរដ្ឋទាំងនេះចាប់ផ្តើមយុទ្ធនាការតវ៉ា តាំងពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ ដោយពួកគេបានដាក់សំណើទៅខុទ្ទកាល័យ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានទៅជួបមន្ត្រីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីទាមទារឲ្យជួយរកដំណោះស្រាយចំពោះបញ្ហាដីធ្លីនោះ។
ពួកគេក៏បានព្យាយាម ទាក់ទងទៅសា្ថនទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជាផងដែរ តែទោះជាយ៉ាងណា រហូតមកទល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅមិនទាន់បានទទួលផ្លៃផ្កានៅឡើយ។
អ្នកស្រី ផាវ ញ៉ឺង តំណាងប្រជាពលរដ្ឋមកពីឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកស្រីនិង ប្រជាពលរដ្ឋទាំងនេះមកបន់ស្រន់នៅព្រះអង្គដងកើ ដោយសារតែប្រជាពលរដ្ឋមិនទាន់ទទួលបានយុត្តិធម៌ ពីការបាត់បង់ដីធ្លីរបស់ពួកគេនៅឯខេត្តកោះកុង។
«អីចឹង ពួកយើងមកទីនេះ មកកន្លែងព្រះដងកើនេះ គឺមកកន្លែងជាទីសក្ការៈ សម្រាប់សម្បថ មន្ត្រីទាំងឡាយណា ដែលលោកបានស្បថស្បែថា បំពេញកាតព្វកិច្ច និងតួនាទីរបស់បើសិនជាអត់លោក នឹងរលាយហិនហោច ទៅតាមសម្បថដែលខ្លួនបានធ្វើហើយ។ ច៎ាពួកយើងមកនេះ គឺពួកយើងមកធ្វើអីចឹង»។
អ្នកស្រី ផាវ ញ៉ឺង ឲ្យដឹងថា ប្រជាពលរដ្ឋចំនួន១៧៤គ្រួសារ កំពុងបន្តទាមទារដោះស្រាយចំពោះទំនាស់ដីធ្លីដែលមានចំនួនសរុបជាង៧៨២ហិកតា។ ទំនាស់នេះផ្ដើមចេញពីគម្រោងវិនិយោគផលិតស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
អ្នកស្រីបន្ថែមថា ក្រុមប្រជាពលរដ្ឋចំនួន១៥គ្រួសារផ្សេងទៀត ក៏កំពុងមានទំនាស់លើផ្ទៃដីទំហំជាង៥៩ហិកតា ជាមួយលោកឧកញ៉ា ហេង ហ៊ុយ ជាអ្នកជំនួញម្នាក់នៅក្នុងខេត្តកោះកុង។
លោក ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បានបដិសេធកាលពីពេលកន្លងមកថា លោកមិនមានជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនេះទេ។លោកបានអះអាងថា លោកបានដកខ្លួនចេញពីគម្រោងវិនិយោគផលិតស្ករអំពៅនៅខេត្តកោះកុង ដោយលោកបានបង្វែរជំនួញនេះទៅខេត្តកំពង់ស្ពឺវិញ។
លោកបានចោទក្រុមប្រជាពលរដ្ឋកាលពីសប្តាហ៍មុនថា ពួកគេកំពុងធ្វើសកម្មភាពប្រឆាំងរូបលោក ហើយថាគណបក្សប្រឆាំងជាអ្នកនៅពីក្រោយការតវ៉ានេះ។
«ខ្ញុំនិយាយទៅ មិនស្តាប់ ដោយសារអី? ដោយសារនយោបាយ វាយខ្ញុំ ដឹងខ្ញុំសមាជិកគណបក្សប្រជាជន ហើយសួរថា ខ្ញុំសមាជិកគណបក្សប្រជាជនទេ? ១០.០០០ភាគរយ មិនមែន ១០០ ទេ ១០.០០ភាគរយ មនុស្សរបស់គណបក្សប្រជាជនកម្ពុជា អាហ្នឹង ខ្ញុំប្រកាសអញ្ចឹង»។
កាលពីសប្តាហ៍មុន លោក ហេង ហុយ ក៏បានបដិសេធថា លោកមិនមានជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លី ជាមួយក្រុមប្រជាពលរដ្ឋមកពីខេត្តកោះកុងដែលកំពុងបើកយុទ្ធនាការតវ៉ានៅរាជធានីភ្នំពេញនេះដែរ។
អ្នកស្រីផាវ ញ៉ឺង បានច្រានចោលការចោទប្រកាន់របស់លោកឧកញ៉ា លី យ៉ុងផាត់ នៅក្នុងពេលធ្វើពិធីបន់ស្រន់នៅព្រះអង្គដងកើនារសៀលថ្ងៃចន្ទនេះ។
អ្នកស្រីនិយាយថា៖
«គាត់ចេះតែនិយាយផ្តេសផ្តាសអីចឹង អីចឹងមានន័យថា គាត់ដើរតែទៅយករបស់គេអញ្ចឹងចុះ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប្រាប់ VOAថា គណបក្សប្រឆាំងមិនបានស្ថិតនៅពីក្រោយការតវ៉ាពាក់ព័ន្ធនឹងទំនាស់ដីធ្លីណាមួយនោះឡើយ។ លោកបន្ថែមថា ប្រជាពលរដ្ឋ តវ៉ាចំពោះបញ្ហាដីធ្លីនេះ ក្រោយពីដីធ្លីរបស់ពួកគេត្រូវបានគេរំលោភបំពាន។
«ករណីនៅខេត្តកោះកុង ក៏ដូចជាខេត្តដទៃទៀតហ្នឹងគឺ រឿងទាំងអស់នេះ គឺជារឿងដែលគាត់ក្រោកឡើងតវ៉ា ដោយសារតែគេរឹបអូសដីធ្លីរបស់គាត់ ហើយគ្មានសំណងសមរម្យ ប៉ះពាល់ទៅដល់ផលប្រយោជន៍របស់គាត់ហ្នឹង គឺគាត់ធ្វើដោយខ្លួនឯងទេ មិនមានអ្នកណាទៅញុះញុងអីនៅពេលនេះទេបាទ»។
ក្នុងពេលធ្វើពិធីបន់ស្រន់នៅព្រះអង្គដងកើនារសៀលថ្ងៃចន្ទនេះ អាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌដូនពេញ បានអនុញ្ញាត ឲ្យក្រុមប្រជាពលរដ្ឋធ្វើពិធីបន់ស្រន់ តែរយៈពេលជាង ១៥ នាទីប៉ុណ្ណោះ។
លោកគឹម វុត្ថា ប្រធាន ផ្នែកសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ប្រាប់ក្រុមអ្នកតវ៉ាថាពួកគេមិនអាចធ្វើពិធីនេះ បានយូរនោះឡើយ ដោយហេតុថា ព្រះបរមរាជវាំង មានការរៀបចំទទួលស្វាគមន៍លោក Tony Tan Keng Yam ប្រធានាធិបតីសឹង្ហបុរី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
«បើសិនជាចង់ធ្វើ អាហ្នឹងខុសពីថ្ងៃហ្នឹងអត់អីទេ ប៉ុន្តែថ្ងៃនេះ ថ្ងៃចំពិធី»។
កងសន្តិសុខខណ្ឌដូនពេញ ក្រោយមកបានបំបែកក្រុមប្រជាពលរដ្ឋ ដោយបានគំរាមចាប់ខ្លួនមេដឹកនាំក្រុមអ្នកតវ៉ាផងដែរ។ កងសន្តិសុខព្យាយាមយករថយន្តមកដឹកនាំ ក្រុមអ្នកតវ៉ាទាំងនោះចេញពីព្រះអង្គដងកើ តែប្រជាពលរដ្ឋមិនព្រម។ពួកគេបានសម្រេចធ្វើដំណើតាមម៉ូតូកង់បី ទៅកាន់វត្តមួយស្ថិតក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងស្នាក់នៅរបស់ពួកគេ។
យ៉ាងណាក៏ដោយ អ្នកស្រី ផាវ ញ៉ឺង និយាយថា ក្រុមប្រជាពលរដ្ឋនឹងមិនចាកចេញ ពីរាជធានីភ្នំពេញនោះឡើយ ប្រសិនបើមន្ត្រីរដ្ឋាភិបាលមិនអាចរកដំណោះស្រាយ ដើម្បីបញ្ចប់វិវាទដីធ្លីដែលបានអូសបន្លាយពេលជាច្រើនឆ្នាំមកនេះ៕