ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង បង្ហាញ​ខ្លួន​នៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ


លោក វ៉ែន វ៉ន សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង ប្រាប់ VOA នៅ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ ២០១៦ ថា លោក​មិន​អាច​ទទួល​យក​ការកាត់​ទោស​ប្រឆាំង​រូប​លោក​របស់​តុលាការ​ខេត្តកោះកុង​ក្នុង​សំណុំរឿង​ព្រៃឈើ​បាន​ទេ។ (ហ៊ុល រស្មី/VOA)
លោក វ៉ែន វ៉ន សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង ប្រាប់ VOA នៅ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ ២០១៦ ថា លោក​មិន​អាច​ទទួល​យក​ការកាត់​ទោស​ប្រឆាំង​រូប​លោក​របស់​តុលាការ​ខេត្តកោះកុង​ក្នុង​សំណុំរឿង​ព្រៃឈើ​បាន​ទេ។ (ហ៊ុល រស្មី/VOA)

ក្នុងពេល​កំពុង​រង់​ចាំ​ ការ​បើក​សវនាការ​ដោយ​សាលា​ឧទ្ធរណ៍​​​នោះ​ លោក​ វ៉ែន​ វ៉ន​ ប្រាប់​ VOA ថា​​លោកមិន​បាន​ប្រព្រឹត្ត​បទល្មើស​ ដូច​ដែល​តុលាការ​ខេត្តកោះ​កុង​ ចោទប្រកាន់​មកលើ​រូបលោក​នោះ ​ទេ​។​

ក្រោយការ​ចាកចេញ​ពី​ពន្ធនាគារ​កាល​ខែមិនា​ ឆ្នាំ​២០១៦​នេះ​ សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង​ នៅ​ខេត្ត​ កោះ​កុង​ បាន​មក​បង្ហាញ​ខ្លួន​នៅ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នាថ្ងៃ​សុក្រ​នេះ​ តាម​បណ្តឹងប្តឹងទាស់ប្រឆាំង​ការ​កាត់​ទោស​រូបលោក​ក្នុង​សំណុំរឿង​ព្រៃឈើ ដែល​ធ្វើ​ឡើង​ដោយ​តុលាការ​ខេត្ត​កោះ​កុង​។​ មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្តកោះកុង​និយាយថា​ សាលា​ឧទ្ធរណ៍​នឹងពិចារណា​ផ្តល់​យុត្តិធម៌​ ដល់​សកម្មជន​បរិស្ថាន​រូបនេះ​។​

សាលាឧទ្ធរណ៍​ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​បើក​ការ​ជំនុំ​ជម្រះ​ បណ្តឹង​ទាស់​របស់​លោក វ៉ែន វ៉ន ប្រឆាំង​នឹង​ការ​សម្រេច​ដោយ​តុលាការ​ខេត្តកោះកុង​ ដែលបាន​កាត់​ទោស​ឲ្យ​លោក​ ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយឆ្នាំ​កាល​ពី​ខែមិនា​កន្លង​ទៅ​ ក្នុង​សំណុំរឿង​ព្រៃឈើ​តែ​ទោស​នេះ​ត្រូវ​ព្យួរ​ គឺ​មិន​អនុវត្ត។​

លោក វ៉ែន វ៉ន តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​ ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​កាត់​ក្តី​នៅ​សាលា​ឧទ្ធរណ៍។ (ហ៊ុល រស្មី/VOA)
លោក វ៉ែន វ៉ន តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​ ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​កាត់​ក្តី​នៅ​សាលា​ឧទ្ធរណ៍។ (ហ៊ុល រស្មី/VOA)

លោក​ វ៉ែន វ៉ន ជាជន​ជាតិ​ដើម​ភាគតិច​ជង​ និង​ជាសកម្ម​ជន​បរិស្ថាន​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះ​កុង​ បាន​មក​បង្ហាញ​ខ្លួន​នៅ​សាលា​ឧទ្ធរណ៍​ នៅម៉ោង​ប្រមាណ​ជាង​៨ព្រឹក​រង់​ចាំ​ការ​បើក​សវនាការ​។​ ប​ន្ទាប់​ពី​ការសួរ​ដេញដោល​អស់រយៈពេល​ ​ជាង​ ៣០​នាទី​ ដោយ​ក្រុម​ប្រឹក្សា​អង្គជំនុំ​ជម្រះដែល​មាន​អ្នក​ស្រី​ កឹម​ ​ដានី​ ជាប្រធាន​ លោក​ វ៉ែន វ៉ន​ ត្រូវ​បាន​ សាលាឧទ្ធរណ៍​ប្រាប់​ឲ្យ​មក​ស្តាប់​ការ​ប្រកាស​សាល​ក្រម​ ​នៅ​ថ្ងៃ​ ទី​ ២១​ ខែ​ កញ្ញា។​

ក្នុងពេល​កំពុង​រង់​ចាំ​ ការ​បើក​សវនាការ​ដោយ​សាលា​ឧទ្ធរណ៍​នោះ​ លោក​ វ៉ែន​ វ៉ន​ ប្រាប់​ VOA ថាលោកមិន​បាន​ប្រព្រឹត្ត​បទល្មើស​ ដូច​ដែល​តុលាការ​ខេត្តកោះ​កុង​ ចោទប្រកាន់​មកលើ​រូបលោក​នោះ ​ទេ​។​

«បាទហ្នឹង​ហើយ​ ព្រោះ​រយៈកាល​កន្លង​មក​ ខ្ញុំ​អត់​បាន​ធ្វើដូច​តាមការ​ចោទប្រកាន់​ហ្នឹង​ទេ​ ព្រោះ​អ្វីដែល​យើង​បាន​ហ្នឹង​ គឺ​យើង​ទិញ​គេ​ មិន​បាន​កាប់​បំផ្លាញ​នោះ​ទេ​បាទ»​។

លោក​ វ៉ែន វ៉ន​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មកពី​គណបក្ស​ប្រជាជនកម្ពុជា ក្នុង​ឃុំ​ ជំនាប់​ ស្រុក​ថ្មបាំង​ ខេត្ត​កោះ​កុង​ បន្ថែមថា​ លោកមិន​ទាន់​អាចនិយាយ​បាន​ថា​ សាលា​ទ្ធរណ៍សម្រេច​យ៉ាងណា​នោះ​ឡើយ។​ ប៉ុន្តែ​លោក​ថា​ លោក​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​បន្តទៀត​ ប្រសិន​បើ​សាលា​ឧទ្ធរណ៍​ ​មិន​អាច​ទម្លាក់​ចោលការទោស​ ​មក​លើ​រូប​លោ​ក​នោះ​។​

VOA​ មិន​ទាន់​អាច​ទាក់​ទង​លោក​ ទូច​ ថាវរិទ្ធ​ អ្នកនាំពាក្យ​តុលាការ​ឧទ្ធរណ៍​បាន​ទេ នា​រសៀល ថ្ងៃ​សុក្រ​នេះ​ ដោយ​ទូរស័ព្ទ​លោករោទិ៍តែ​គ្មាន​អ្នកទទួល​។​

​នៅមុន​ការ​កាត់​ទោស​លោក​ វ៉ែន​ វ៉ន​ ​កាល​ពីខែមិនា​ ​តុលាការ​ខេត្ត​កោះកុង​ នាខែ​កុម្ភៈ​ ​បាន​បើក​សវនា​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក​វ៉ែន វ៉ន​ ​ក្រោមបទ​ចោទ​ ​ប្រមូល​ផល​ ​អនុផល​ព្រៃ​ឈើ ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ និង​ពី​បទ​លុប​បំបាត់​ភស្តុតាង​។

ការ​កាត់​ទោសនៅ​ខែ​មិនា​នោះបាន​លុបចោល​បទចោទ​ដែល​ថា​លោក វ៉ែន វ៉ន​ បាន​លុបបំបាត់​ភស្តុតាង។​ ការកាត់​ទោសដដែលនេះ​ ​បាន​ធ្វើ​ឡើង​ក្រោយ​ ​ពី​តុលាការ​ខេត្ត​កោះ​កុង​ ​សម្រេច​ឃុំខ្លួន​លោក​ កាល​ពីដើម​ខែ​តុលា​ ឆ្នាំ​២០១៥​ ដោយ​ចោទថា​ លោក​បាន​ប្រព្រឹត្ត​បទល្មើសទាំងនោះ កាលពី​ថ្ងៃ​ទី​ ៨​ ខែ​មករា​ ឆ្នាំ​២០១៥​។

លោក​ អ៊ិន​ គង់​ជិត​មន្ត្រី​សិទិ្ធ​មនុស្ស​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ (Licadho)​ ប្រាប់​ VOA​ ថា​ សាលាឧទ្ធរណ៍​ត្រូវវិនិច្ឆ័យ​ក្តីនេះ​ឲ្យ​បាន​ត្រឹមត្រូវ​មួយ​ ដោយសារ​លោក​ វ៉ែន វ៉ន​ គឺជា​អ្នក​អភិរក្ស​បរិស្ថាន​ពិតប្រាកដ​ មិន​មែនជា​អ្នក​បំផ្លិច​បំផ្លាញ​បរិស្ថាន​នោះ​ឡើយ​។

«​បាទ​នេះ​ រឿង​នេះ​យើង​ ​វា​យើង​ពិបាក​នឹងសង្ឃឹមទៅ​លើ​សាលា​ឧទ្ធរណ៍​ណាស់​ ប៉ុន្តែ​ទោះបី​យ៉ាង​ណា​ ក៏​យើង​មាន​ការ​សង្ឃឹម​ ​ទៅ​លើ​ការ​ពិចារណា​របស់​ ចៅ​ក្រម​សាលា​ឧទ្ធរណ៍​ ​ដែល​អាច​នឹង​ផ្តល់​ភាព​យុត្តិធម៌​ ដល់​លោក​ វ៉ែន​ វ៉ន​ នៅពេល​ខាង​មុខ​បាទ»។

លោក វ៉ែន​ វ៉ន​ រង​កា​រយាយី​តាម​ផ្លូវ​ច្បាប់​ពីអាជ្ញាធរ​ស្រុក​ថ្មបាំង​ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មួយ​ចំនួន​ក្នុង​ខេត្ត​កោះកុង​ ដោយសារ​លោក​មាន​ភាព​សកម្ម​ក្នុងការការពារផល​ប្រយោជន៍​សហគមន៍​ជន​ជាតិ ដើម​ភាគ​តិច​ ជង​ និង​ការ​ចូលរួមការពារ​បរិស្ថាន​តំបន់​អារ៉ែង ​ជា​មួយ​ ​ស្ថាប​និក​ និង​ជា​នាយក​អង្គការ​«មាតា​ធម្មជាតិ‍»​ លោកAlejandro Gonzalez-Davdison​ ដែល ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​ ដោយ​សារ​ស្នាក់​នៅ​ហួស​ទិដ្ឋាការ​។​ នេះ​បើយោង​តាម​បញ្ជាក់​ពី​លោក​ អ៊ិន គង់​ជិត​ អ្នក​សម្រប​សម្រួល​សិទ្ធិមនុស្សនៃអង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូប្រចាំ​ខេត្តកោះ​កុង​៕​

XS
SM
MD
LG