តុលាការខេត្តកោះកុងបានឃុំខ្លួនសកម្មជនការពារបរិស្ថាននៅតំបន់អារ៉ែងមួយរូបកាលពីថ្ងៃពុធទាក់ទងនឹងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់។
លោក វ៉ែន វ៉ន តំណាងសហគមន៍អារ៉ែងនិងជាជនជាតិដើមភាគតិចជងរងការចោទប្រកាន់ថា បាន«ប្រមូលទិញអនុផលព្រៃឈើដោយមិនមានការអនុញ្ញាត» និង «បំផ្លាញវត្ថុតាង»។
លោក វ៉ែន វ៉ន បានទៅបំភ្លឺនៅតុលាការនៅថ្ងៃទី៧ខែតុលាដោយមានសមាជិកសហគមន៍ជាច្រើននាក់ទៅគាំទ្រផងដែរ។
លោក អ៊ីន គង់ជិត មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំនៅខេត្តកោះកុងបានបញ្ជាក់ប្រាប់ VOAបន្ថែមថា៖
«បន្ទាប់ពីគាត់ឆ្លើយបំភ្លឺចៅក្រមស៊ើបសួរត្រូវបានលោក មីន មករា ដែលជាចៅក្រមស៊ើបសួរហ្នឹងបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធនាគារហើយបានដឹកគាត់ចេញពីសាលាដំបូងនៅខេត្តកោះកុងនៅម៉ោង១២គត់»។
សកម្មជននិងក្រុមគ្រួសារបានបញ្ជាក់ថា លោក វ៉ែន វ៉ន មិនបានកាប់ឈើទេ គឺលោកគ្រាន់តែបានទិញឈើដែលគេកាប់រួចស្រេចយកមកធ្វើទីស្នាក់ការសហគមន៍ដើម្បីបម្រើការងារសហគមន៍តែប៉ុណ្ណោះ។
លោកស្រី ម៉ន សុខម៉ុន ភរិយារបស់លោកវ៉ែន វ៉ន បានបញ្ជាក់ប្រាប់ VOA ថា៖
«ទោសហ្នឹងវាមិនសមដាក់ពន្ធនាគារទេ ព្រោះវាបន្តិចបន្តួចហើយគេមួលបង្កាច់ទម្លាក់កំហុសឱ្យគាត់។ ហើយគាត់ការពារប្រជាពលរដ្ឋនៅក្នុងសហគមន៍ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា»។
លោក ភិន សាវៃ នៃបណ្តាញយុវជនកម្ពុជាដែលបានតាមដានដំណើររឿងក្តីនេះបានបញ្ជាក់ថា អ្វីដែលមេសហគមន៍រូបនេះធ្វើ គឺស្ថិតនៅក្នុងដែនកំណត់ដែលច្បាប់អនុញ្ញាត៖
«ដំណើររឿងហ្នឹងខ្ញុំគិតថា វាអយុត្តិធម៌បំផុតសម្រាប់លោក វ៉ែន វ៉ន ដែលជាប្រធានសហគមន៍ជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែង ពីព្រោះហេតុអ្វីបានជាខ្ញុំថា អញ្ចឹងពីព្រោះកន្លងមកនៅតំបន់នោះ មានការកាប់ឈើយ៉ាងគំហុកដូចជាការកាប់ឈើប្រណិតផ្សេងៗក្រញូង ឬធ្នង់សម្រាប់បើប្រៀបធៀបជាមួយគាត់គឺគ្រាន់តែទិញឈើពីគេយកមកធ្វើទីស្នាក់ការសម្រាប់សហគមន៍ក្នុងការសាងសង់រោងសហគមន៍មួយរួមសម្រាប់ពួកគាត់បម្រើសេវាកម្មក្នុងឃុំរបស់គាត់ឱ្យប្រជាពលរដ្ឋទេ»។
ពលរដ្ឋក្នុងសហគមន៍អារ៉ែងធ្លាប់បានចូលរួមយុទ្ធនាការជាច្រើនតវ៉ាប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ទំបន់វារីអគ្គិសនីដោយក្រុមហ៊ុនចិននៅក្នុងតំបន់នេះ។ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានព្រមានមិនឱ្យមានការរារាំងមន្ត្រីរដ្ឋាភិបាលដែលចុះទៅពិនិត្យមើលតំបន់នោះដោយលោកគំរាមថា អ្នកដែលហ៊ានធ្វើអបគមន៍ក្នុងតំបន់នោះនឹងរងការបាញ់កាំជ្រួចហ្វូងជាដើម។ ការតវ៉ានិងយុទ្ធនាការជាអន្តរជាតិរបស់ពួកគេបាននាំឱ្យរដ្ឋាភិបាលសម្រេចផ្អាកគម្រោងនេះរហូតដល់ក្រោយការបោះឆ្នោតឆ្នាំ២០១៨។
លោក អ៊ីន គង់ជិត នៃអង្គការសិទ្ធិមនុស្សលីកាដូបានបន្ថែមទៀតថា នោះអាចជាហេតុផលនៃការប្រើប្រាស់វិធានការតុលាការនៅពេលនេះដោយសារតែលោក វ៉ែន វ៉ន តែងតែដឹកនាំសកម្មភាពតវ៉ាប្រឆាំងជារៀងរហូត៖
«អ្វីដែលយើងសង្កេតឃើញគឺ អាជ្ញាធរតែងតែបញ្ចុះបញ្ចូលគាត់មិនឱ្យដឹកនាំសហគមន៍ចូលរួមតស៊ូមតិឬក៏គាត់មានយុទ្ធនាការផ្សេងៗ។ ចឹងតែងតែបញ្ចុះបញ្ចូលឱ្យគាត់លះបង់ការតស៊ូមតិដឹកនាំសហគមន៍ដើម្បីធ្វើការតវ៉ាផ្សេងៗគឺមិនបានជោគជ័យបានជាមេឃុំដាក់ពាក្យប្តឹងថា គាត់ប្រមូលអនុផលព្រៃឈើទៅតុលាការហើយជាហេតុធ្វើឱ្យតុលាការបានប្រើអំណាចរបស់ខ្លួនចេញដីកាហៅទៅសាកសួរនិងបង្គាប់ឱ្យឃុំខ្លួននៅថ្ងៃនេះ»។
អ្នកជំនាញមួយចំនួនបានលើកឡើងថា ផលិតផលអគ្គិសនីដែលបានពីការអភិវឌ្ឍតំបន់អារ៉ែងគឺមិនស្មើនឹងទំហំខូចខាតព្រៃធម្មជាតិនិងប្រព័ន្ធអេកូឡូស៊ីនៅតំបន់នោះទេ។
ភរិយារបស់លោក វ៉ែន វ៉ន ដែលតាមមកមើលប្តីដល់តុលាការតាំងពីពេលព្រឹកនៅទីរួមខេត្តកោះកុងបញ្ជាក់ថា លោកស្រីនៅរង់ចាំជួបប្តីនៅថ្ងៃព្រហស្បតិ៍នេះសិន មុននឹងវិលត្រឡប់ទៅតំបន់អារ៉ែងវិញ។
«ខ្ញុំកំពុងពិបាកចិត្តខ្លាំងណាស់ពិបាកចិត្តនឹងប្តី ខ្ញុំគេចាប់ទៅដាក់ពន្ធនាគារចឹងហើយខ្ញុំពិបាកចិត្តណាស់។ ណាមួយខ្ញុំមកពីឆ្ងាយមកពីអារ៉ែង ចោលកូនតូចៗបីនាក់»។
កាលពីថ្ងៃទី០៣ ខែមេសា លោក វ៉ែន វ៉ន បានចូលទៅបំភ្លឺនៅចំពោះមុខព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង រួចម្តងហើយ ប៉ុន្តែមិនមានការចោទប្រកាន់អ្វីជាផ្លូវការទេ។ ក្រុមអង្គការសិទ្ធិមនុស្សបានអំពាវនាវឱ្យមានការដោះលែងលោក វ៉ែន វ៉ន វិញដោយយល់ថា វាជាទង្វើមួយដែលបំភិតបំភ័យដល់សមាជិកដទៃទៀតនៅក្នុងសហគមន៍៕
សូមទស្សនាបទសម្ភាសន៍ពីមុនជាមួយលោក Alex Gonzales