ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់​ទោស​លោក​វ៉ែន វ៉ន​ឱ្យ​ជាប់​គុក​១ឆ្នាំ​ប៉ុន្តែ​ព្យួរទោស​


រូបថត​ឯកសារ៖ អ្នក​គាំទ្រ​​លោក វ៉ែន វ៉ន តំណាង​សហគមន៍​អារ៉ែង ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ដំបូង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ (រូបថត​ផ្តល់​ឲ្យ)
រូបថត​ឯកសារ៖ អ្នក​គាំទ្រ​​លោក វ៉ែន វ៉ន តំណាង​សហគមន៍​អារ៉ែង ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ដំបូង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ (រូបថត​ផ្តល់​ឲ្យ)

​​​​​​​លោក ​វ៉ែន វ៉ន​ បាន​ប្រាប់​ VOA ​ថា ​លោក​មិនទាន់​សម្រេច​ថា ​តើ​នឹង​ប្តឹង​ឧទ្ធរណ៍​ ឬ​យ៉ាង​ណា​ទេ។

តុលាការ​ខេត្ត​កោះកុង​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ប្រកាស​សាលក្រម​សម្រេច​ឲ្យ​សកម្មជន​បរិស្ថាន​ម្នាក់​ ​នៅ​ក្រៅ​ឃុំ​ ដោយ​មាន​ចំណង​ច្បាប់​ គឺការ​ព្យួរទោស។​

ចៅក្រម​តុលាការ​ខេត្ត​កោះកុង​ អាំង​ ចិន្តា ​បាន​ប្រកាស​សាលក្រម​ លុប​ចោលបទចោទ​ប្រកាន់​មួយ​ដែល​ថា ​លោក​វ៉ែន វ៉ន​បាន​បំបាត់​ភស្តុតាង​ ​តែ​តុលាការ​បាន​សម្រេច​ថា ​សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ​មានទោស​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​ព្យួរ​គឺ​មិន​អនុវត្ត​ទេ។ ​នេះ​បើ​តាម​លោក​ អ៊ិន គង់​ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្ត​កោះកុង​ ដែល​បាន​ចូលរួម​ស្តាប់​ការ​ប្រកាស​សាលក្រមនៅ​ព្រឹក​នេះ។​

ថ្វីបើ​លោក​វ៉ែន វ៉ន​មាន​សេរីភាព​ឡើងវិញ​ក្តី​ មន្ត្រី​សិទ្ធិ​មនុស្ស​នេះនិយាយ​ថា​ ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​នេះ​គឺជា​រឿង​អយុត្តិធម៌​តាំងពី​ដំបូង។

«យើង​មើល​ប្រវត្តិ​គាត់ ​តាម​ពិត​រឿងនេះ ​វា​តិចតួច​ទេ។​ ប៉ុន្តែ​ដោយសារ​គាត់​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​លោក​អាឡិច​ ធ្វើ​យុទ្ធនាការ​មួយ​ទប់​ស្កាត់ ​ឬក៏​រារាំង​មិន​ឲ្យ​មាន​គម្រោងទំនប់​វារីអគ្គិសនី​ជាយ​អារ៉ែង​ហ្នឹង​កើត​ឡើង»។

​លោក ​វ៉ែន វ៉ន​ បាន​ប្រាប់​ VOA ​ថា ​លោក​មិនទាន់​សម្រេច​ថា ​តើ​នឹង​ប្តឹង​ឧទ្ធរណ៍​ ឬ​យ៉ាង​ណា​ទេ។ ​លោកនិយាយ​ថា​ លោក​ត្រូវ​ពិភាក្សា​ជាមួយ​មេធាវី​របស់​លោក​ដើម្បីថ្លឹងថ្លែង ​ព្រោះ​លោក​បាន​ជាប់​ពន្ធនាគារ​ជិត​ពាក់​កណ្តាល​នៃ​ទោស​អយុត្តិធម៌​នេះ​រួច​ទៅ​ហើយ។ ​

«មក​ដល់​ពេល​នេះ​ ខ្ញុំ​ទើបតែ​ចេញ​មក​អម្បាញ់មិញ​ហ្នឹង អត់ទាន់​បាន​១០​នាទី​ផង។ ​ប៉ុន្តែ​ទាក់ទង​នឹង​ការ​ប្តឹង​ឧទ្ធរណ៍​ ខ្ញុំក៏​មិន​ទាន់​ដឹង​ថា ​ប្តឹង​ឧទ្ធរណ៍​ ឬ​មិន​ប្តឹង ​យ៉ាង​ម៉េច​។ ខ្ញុំ​អត់​ទាន់​បាន​សម្រេច។​ ឥឡូវ​កំពុង​ឋិត​នៅ​ក្នុង​ការ​ពិចារណា»។

​អ្នកស្រី​ ម៉ន សាម៉ុន​ ជា​ភរិយា​របស់​លោក​វ៉ែន វ៉ន។​

«ខ្ញុំ​សប្បាយ​ចិត្ត​ម៉្យាង​ ក៏​ពិត​មែន​ ប៉ុន្តែ​វា​អត់​មាន​យុត្តិធម៌​សម្រាប់​យើង​ទេ។ ​គេ​ដោះ​យើង​ចេញ​ហើយ​ តែ​ឈ្មោះ​យើង​នៅ​ជាប់​ពន្ធនាគារ​ដដែល។​ គ្រាន់​តែថា ​គេ​ដោះលែង​ឲ្យ​យើង​នៅ​ក្រៅ​ឃុំ​ប៉ុណ្ណឹង»។

លោក​វ៉ែន វ៉ននិយាយ​ថា ​ការ​ព្យួរ​ទោស​ដែល​ជាចំណង​ច្បាប់​នេះ​ មិន​អាច​រារាំង​មិន​ឲ្យលោកបន្ត​សកម្មភាព​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់ ជួយ​ប្រជាជន​ ទាក់ទង​នឹង​ការ​អភិវឌ្ឍ​មូលដ្ឋាន ​ រក​ប្រភព​ចំណូល​សម្រាប់​ពលរដ្ឋ​តាម​រយៈ​ទេសចរណ៍​ធម្មជាតិ​នៅ​តំបន់​នេះ​ទេ។ ​តែ​លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ដែរ។

​អ្នកស្រីអ៊ិត មករា ​មេធាវី​នៃ​ក្លឹប​មេធាវី​សម្រិតដែល​ការពារ​ក្តី​ជន​ក្រីក្រីដោយមិន​យកកម្រៃ​ បានប្រាប់ ​VOA​ ថា​ លោក​វ៉ែន វ៉ន​ កូនក្តី​របស់​អ្នកស្រីមិន​ទាន់​បាន​សម្រេច​ចិត្ត​ថា ​នឹង​ប្តឹងឧទ្ធរណ៍​យ៉ាងណា​ទេ។​

ទាក់ទង​នឹង​ស្ថានភាព​ក្នុង​ពន្ធនាគារ​ លោក​វ៉ែន វ៉ន​ថ្លែង​ប្រាប់ ​VOA​ ថា ​ពេល​នៅ​ក្នុង​ពន្ធនាគារ​ លោក​មិន​រង​ការ​ធ្វើបាប​ទេ​ តែ​លោក​និយាយ​ថា៖​

«ជា​ធម្មតា ​ហៅថា ​ពន្ធនាគារ​ គឺ​វា​មិន​មែន​ជា​រឿង​មួយស្រួល​ប៉ុន្មាន​ទេ។​ ប៉ុន្តែ​សម្រាប់ខ្ញុំ ​វា​ក៏​មិន​ពិបាក​ហួស​ហេតុ​ពេកដែរ»។

​ថ្វី​បើ​សាល​ក្រម​នេះត្រូវ​បាន​ប្រកាស​តាំងពី​ព្រឹក​ម៉ោង​៨​កន្លះ​ក៏ដោយ​ ​ក៏​ប៉ុន្តែ​លោក​វ៉ែន វ៉ន​ ទើប​បាន​ទទួល​លិខិត​ព្រះរាជ​អាជ្ញា​ ​ហើយ​បាន​ចេញ​ពី​ពន្ធនាគារ​នៅ​ម៉ោង​ជាង​៤​ល្ងាច។​ ​

VOA​ បាន​ព្យាយាម​ទាក់ទង​លោក​អ៊ីវ ត្រាយ​ ព្រះរាជ​អាជ្ញារង​ខេត្ត​កោះកុង​ ​ដើម្បី​សុំ​ការ​ពន្យល់​តែ​មិន​អាច​ទាក់ទង​បាន​ទេ​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

តុលាការ​ខេត្ត​កោះកុង​ កាលពី​ថ្ងៃ​ទី១៧​ខែ​កុម្ភៈ​ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក​វ៉ែន វ៉ន​ សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង​ ដែល​ជាប់​ចោទ​ពី​បទ​ប្រមូល​ផល​ អនុផល​ព្រៃ​ឈើ ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ និង​ពី​បទ​លុប​បំបាត់​ភស្តុតាង។​

​តុលាការ​បាន​ឃុំ​ខ្លួន​លោក​វ៉ែន វ៉ន ​ដែល​ជា​តំណាង​សហគមន៍​អារ៉ែង​ និង​ជា​ជនជាតិ​ដើម​ភាគតិច​ កាល​ពីដើម​ខែ​តុលា​ ឆ្នាំ​២០១៥ ​ដោយ​ចោទ​ថា ​លោក​បាន​ប្រព្រឹត្ត​បទល្មើស​នេះ ​កាល​ពី​ថ្ងៃ​ទី៨​ខែ​មករា​ ឆ្នាំ​២០១៥។​

​ក្រៅពី​លោក​ វ៉ែន វ៉ន ​ តុលាការ​ខេត្ត​កោះកុង​ក៏​បាន​ឃុំឃាំង​សកម្ម​ជន​មាតា​ធម្មជាតិ​ចំនួន​៣នាក់​កាលពី​ថ្ងៃ​ទី​១៧​ខែ​សីហា​ឆ្នាំ​ទៅ។​ ការ​សម្រច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សកម្មជន​បរិស្ថាន​ទាំង៣​បើក​យុទ្ធនាការ​កាល​ពី​ខែ​កក្កដា​បណេ្តញ​សាឡង់​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន​ពីរ​ ​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​ និយាយ​ថា​ ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ​នៅ​ក្នុង​តំបន់​ជីផាត់ ​និង​ព្រែក​អណ្តូង​ទឹក​ ស្ថិត​នៅ​ក្នុង​ស្រុក​បទុម​សាគរ​ខេត្ត​កោះកុង។ កាលពី​ដើម​ខែ​តុលា​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​បរិស្ថាន​បី​នាក់​នៃ​ចលនា​មាតា​ធម្ម​ជាតិ​នេះ​ស្ថិត​នៅ​ក្រៅ​ឃុំ​ទេ ​ដោយ​បាន​តម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង។

ការ​ឃុំខ្លួន​សកម្មជន​បរិស្ថាន​នេះ​បាន​ប្រឈម​នឹង​បាតុកម្ម​និង​ការ​តវ៉ា​របស់​ប្រជា​សហគមន៍​ជាច្រើន​លើក៕

XS
SM
MD
LG