អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅព្រឹកថ្ងៃសុក្រនេះ លើកឡើងថា ក្រសួងយុត្តិធម៌នឹងដាក់អ្នកទោស ឬទណ្ឌិត មួយចំនួននៅទូទាំងប្រទេស ឲ្យធ្វើការងារសហគមន៍ ជំនួសឲ្យការជាប់ឃុំក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីក្រសួងបញ្ចប់ការរៀបចំយន្តការ និងក្របខណ្ឌច្បាប់លម្អិត។
គម្រោងនេះត្រូវបានអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គមលើកឡើងថា អាចនឹងទទួលបានជោគជ័យ លុះត្រាតែតុលាការសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ អនុវត្តដោយភាពត្រឹមត្រូវ។
ក្រសួងយុត្តិធម៌កំពុងរៀបចំដាក់ឲ្យទណ្ឌិតដែលកំពុងជាប់ពន្ធនាគារ អនុវត្តទោសដោយធ្វើការងារសហគមន៍ ជំនួសឲ្យការជាប់ឃុំដើម្បីផ្តល់ប្រយោជន៍ដល់សង្គម និងកាត់បន្ថយចំនួនអ្នកទោសដែលកំពុងកើនឡើងច្រើនក្នុងពន្ធនាគារ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ VOA នាព្រឹកថ្ងៃសុក្រនេះថា ការអនុវត្តទោសសហគមន៍ គឺជាការដាក់អ្នកទោសឲ្យធ្វើការងារផ្សេងៗទៅតាមជំនាញរបស់ពួកគេនៅក្នុងសហគមន៍ ជំនួសឲ្យការជាប់ឃុំនៅក្នុងពន្ធនាគារ ដោយស្ថិតក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ច។ លោកបន្ថែមថា ក្រសួងយុត្តិធម៌ គ្រោងនឹងអនុវត្តសាកល្បងការងារនេះក្នុងខេត្តបាត់ដំបងជាមុន មុននឹងឈានទៅដាក់ឲ្យអនុវត្តទូទាំងប្រទេស។
លោក ជិន ម៉ាលីន បញ្ជាក់ថា៖
«នៅពេលដែលយើងដាក់ឲ្យអនុវត្តហើយ យើងនឹងរៀបចំយន្តការក្របខណ្ឌច្បាប់ ក្របខណ្ឌគតិយុត្តគោលនយោបាយលម្អិត ថាតើប្រភេទទោសបែបណាដែលត្រូវអនុវត្ត ហើយប្រភេទទោសបែបណា មានជំនាញបែបណា ដាក់នៅកន្លែងណា ហើយស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉េច យើងនឹងលម្អិត នៅពេលដែលយើងរៀបចំយន្តការជាក់ស្តែងនៅតាមក្រោយ»។
តាមការឲ្យដឹងរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បច្ចុប្បន្នអ្នកទោសនៅក្នុងពន្ធនាគារសរុបទូទាំងប្រទេសមានជាង២ម៉ឺន៦ពាន់នាក់ ខណៈកម្ពុជាមានពន្ធនាគារ និងមណ្ឌលកែប្រែតែចំនួន២៩ប៉ុណ្ណោះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ VOA បន្ថែមថា ការដាក់ឲ្យអនុវត្តទោសសហគមន៍ក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ចនេះ នឹងធ្វើឲ្យសង្គម និងទណ្ឌិតអាចទទួលបានផលប្រយោជន៍ច្រើន ព្រមទាំងអាចកាត់បន្ថយការកកស្ទះចំនួនទណ្ឌិតក្នុងពន្ធនាគារដែលកំពុងកើនឡើងបានទៀតផង។
លោកពន្យល់បន្ថែមថា៖
«វាអាចផ្តល់ឱកាសដល់អ្នកទោស មែនទែនទៅគាត់ប្រព្រឹត្តបទល្មើសមែន ប៉ុន្តែអាចជាកំហុសខុសឆ្គងមួយពេល អញ្ចឹងយើងអាចផ្តល់ឱកាសឲ្យគាត់ក្នុងការប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់គាត់ហ្នឹង ក្នុងការជួយដល់សង្គម និងសហគមន៍ ជាជាងយកគាត់មកទុកចោលវាមិនអាចជួយអីបានសោះដល់សង្គម។ ក៏ប៉ុន្តែមិនមែនព្រលែងគាត់ចោល គាត់ចង់ធ្វើអីបានតាមចិត្ត គាត់អាចនូវបង្កហានិភ័យ ឬក៏គ្រោះថ្នាក់ដល់សង្គមទេ គឺស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត»។
លោក ជិន ម៉ាលីន ថា ទោសសហគមន៍មានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជាជាយូរមកហើយ ប៉ុន្តែមិនអាចអនុវត្តបាន ដោយសារបញ្ហាចំណេះដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតរហូតឈានដល់មានការកាត់ទោសជនល្មើសដោយការវាយ ឬសម្លាប់ ក្រៅប្រព័ន្ធតុលាការជាដើម។ លោកបន្ថែមថា ដើម្បីជៀសវាងការភាន់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ ការដាក់ឲ្យទណ្ឌិតអនុវត្តទោសសហគមន៍ ចាំបាច់ត្រូវមានការផ្សព្វផ្សាយ និងអប់រំឲ្យបានទូលំទូលាយជាមុន។
មាត្រា៧២ នៃក្រមព្រហ្មទណ្ឌកម្ពុជាដែលបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ២០០៩ បានចែងពីនិយមន័យនៃការងារសហគមន៍ថា៖ «កាលណាជនជាប់ចោទទទួលទោសដាក់ពន្ធនាគារ ដែលអតិបរមាតិចជាង ឬស្មើ៣ឆ្នាំ តុលាការអាចប្រកាសទោសការងារសហគមន៍។ ការងារសហគមន៍ គឺជាកាតព្វកិច្ចត្រូវបំពេញក្នុងថេរវេលាចន្លោះពី៣០ម៉ោង ទៅ២០០ម៉ោង នូវការងារគ្មានកម្រៃជាប្រយោជន៍ដល់រដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិ ឬនីតិបុគ្គលនៃនីតិសាធារណៈផ្សេងទៀត ដល់សមាគម ឬដល់អង្គការមិនមែនរដ្ឋាភិបាល»។
លោក ឌុច ពិសិដ្ឋ ប្រធានផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា គម្រោងនៃការអនុវត្តឲ្យអ្នកទោសធ្វើការងារសហគមន៍នេះនឹងទទួលបានប្រសិទ្ធភាព លុះត្រាតែតុលាការពង្រឹងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការអនុវត្តច្បាប់ ជៀសវាងការពាក់ព័ន្ធនឹងអំពើពុករលួយ ជាពិសេសការសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ អនុវត្តដោយភាពត្រឹមត្រូវ។
លោក ឌុច ពិសិដ្ឋ មានប្រសាសន៍ថា៖
«ត្រូវតែមានកិច្ចសហប្រតិបត្តិការខ្ពស់រវាងអាជ្ញាធរដែលពាក់ព័ន្ធហ្នឹងគឺតាមដាន ឬក៏គ្រប់គ្រងទណ្ឌិតករណីអនុវត្តការងារសហគមន៍ហ្នឹងឲ្យបានដិតដល់នៅតាមមូលដ្ឋានរបស់ខ្លួន។ ហើយចំណុចមួយទៀតគឺត្រូវតែព្យាយាមធ្វើម៉េចពន្យល់ឲ្យសាធារណជន ឬក៏សហគមន៍ហ្នឹង គឺយល់ដឹងពីយន្តការហ្នឹង កុំឲ្យគាត់មានអារម្មណ៍ភ័យខ្លាចនៅពេលដែលទណ្ឌិតណាមួយដែលអាចឲ្យធ្វើការងារសហគមន៍ ជាជាងការដាក់ទោសគាត់»។
ក្រៅពីគម្រោងដាក់អ្នកទោសដែលប្រព្រឹត្តបទល្មើសស្រាលឲ្យធ្វើការងារក្នុងសហគមន៍ ក្រសួងយុត្តិធម៌ក៏ធ្លាប់បានប្រកាសឲ្យដឹងថា ខ្លូនកំពុងរៀបចំបង្កើតបណ្ណាល័យអេឡិចត្រូនិក ឬ E-library ដើម្បីចងក្រងឯកសារច្បាប់នានា សម្រាប់ជាជំនួយដល់ចៅក្រម និងព្រះរាជអាជ្ញា ក្នុងការសម្រេចសេចក្តី ក៏ដូចជាការផ្សព្វផ្សាយសាលក្រម សាលដីកា និងសេចក្តីសម្រេចរបស់តុលាការដល់សាធារណជនផងដែរ។
ការប្រកាសពីគម្រោងថ្មីៗរបស់ក្រសួងយុត្តិធម៌កម្ពុជា ធ្វើឡើងចំពេលដំណើរទស្សនកិច្ចរបស់អ្នករាយកាណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត មកកាន់ប្រទេសកម្ពុជា រយៈពេល១០ថ្ងៃ ដែលនឹងបញ្ចប់នៅថ្ងៃសុក្រសប្តាហ៍ខាងមុខ៕