ប៉ូលីសម៉ាឡេស៊ីបានបាញ់គ្រាប់បែកផ្សែងនិងកាណុងទឹកទៅលើបាតុកររាប់ម៉ឺននាក់ដែលបានសម្រុកចូលក្នុងកណ្តាលរដ្ឋធានី គូឡាឡាំពួ (Kuala Lumpur) នៅថ្ងៃសៅរ៍នេះដើម្បីទាមទារឲ្យមានការធ្វើកំណែទម្រង់ការបោះឆ្នោត។
បាតុករយ៉ាងហោចណាស់ក៏២ម៉ឺន៥ពាន់នាក់ដែរ ដែលបានដើរកាត់របាំងលួសនៅពេលដែលពួកគេសម្រុកចូលក្នុងទីលានឯករាជ្យដែលមានការយាមកាមដ៏តឹងរ៉ឹងដោយបំពានការហាមឃាត់ការប្រជុំមហាជន នៅកណ្តាលរដ្ឋធានីនេះ។
ប៉ូលីសបានរារាំងទីកន្លែងផ្សេងៗទៀតនៅក្នុងរដ្ឋធានី ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងលោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយកាលពីដំបូងថាបាតុករ មានគោលបំណងដើរជាក្បួនទៅកាន់ទៅកាន់ទីលាន។
ពួកសកម្មជនបានអះអាងថាគណៈកម្មការរៀបចំការបោះឆ្នោតមានភាពលម្អៀង ហើយនោះគឺជាអ្វីដែល គណបក្សចម្រុះរបស់នាយករដ្ឋមន្រ្តីលោក ណាជីប រ៉ាហ្សាក (Najib Razak) ដែលបានកាន់អំណាចជាង៥០ឆ្នាំមកហើយ ដែលនឹងកេងយកប្រយោជន៍ពីការបោះឆ្នោតមិនត្រឹមត្រូវដែលអាចអំពាវនាវឲ្យមានការបោះឆ្នោតមុនពេលកំណត់នៅខែមិថុនា។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ភូមា៖ លោកស្រី ខាធឺរីន អាស្តុន(Catherine Ashton) ប្រធានផ្នែកនយោបាយការបរទេសនៃសហភាពអឺរ៉ុបបានជួបជាមួយលោកស្រី អ៊ុង សាន ស៊ូ ជី មេដឹកនាំគណបក្សប្រឆាំងភូមានៅក្នុងទីក្រុងរង់ហ្គូន (Rangoon) កាលពីថ្ងៃសៅរ៍។អាហ្វហ្គានីស្ថាន៖ ពួកមន្រ្តីក្នុងតំបន់ខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាននិយាយថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បានសម្លាប់ពួកអ្នកវាយប្រហារអត្តឃាត២នាក់។
ប៉ាគីស្ថាន៖ កាសែតដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថាការចរចាកម្រិតខ្ពស់ដែលរៀបចំឡើងដើម្បីបញ្ចប់ភាពទាល់ច្រកខាងការទូតរវាងសហរដ្ឋអាមេរិកនិងប៉ាគីស្ថានបានបញ្ចប់ដោយភាពបរាជ័យពីព្រោះប៉ាគីស្ថានទាមទារឲ្យមានការសុំអភ័យទោសដោយគ្មានលក្ខខណ្ឌពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន (Washington) ចំពោះការវាយប្រហារតាមអាកាស។
ស៊ីរី៖ អង្គការសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានប្រាប់ឲ្យដឹងថាកងទ័ពស៊ីរីបានសម្លាប់ពួកឧទ្ទាមយ៉ាងហោចណាស់ក៏១០នាក់ដែរ នៅថ្ងៃសៅរ៍នេះនៅក្នុងការប្រយុទ្ធគ្នាមួយនៅក្នុងទីក្រុងដាម៉ាស។
លីប៊ី៖ អង្គការសិទ្ធិមនុស្ស Human Rights Watch ប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍នេះថាប្រទេសលីប៊ីត្រូវតែបញ្ជាក់ឲ្យច្បាស់ពីច្បាប់អ្វីដែលខ្លួនមិនអនុញ្ញាតិឲ្យអ្នកដែលជាប់ពាក់ព័ន្ធនឹងរបបរបស់មេដឹកនាំ លោក ម៉ូអាមែរ កាដាហ្វី (Moamer Kadhafi) ធ្វើការងារនោះ។
អ៊ុយក្រែន៖ តុលាការអ៊ុយក្រែនបានផ្អាកការកាត់ទោសអតីតនាយករដ្ឋមន្រ្តីលោកស្រី យូលា ទីម៉ូសេនកូ (Yulia Tymoshenko) ដែលជាប់ពន្ធនាគារពីបទលួចបន្លំពន្ធដាររហូតដល់ថ្ងៃទី២១ ខែឧសភាដោយសារលោកស្រីធ្វើកូដកម្មបង្អត់អាហារនិងបញ្ហាសុខភាពរបស់លោកស្រី។
រ៉ូម៉ានី៖ លោក វីកទ័រ ផនតា (Victor Ponta) នាយករដ្ឋមន្រ្តីតែងតាំងឆ្វេងនិយមនៃប្រទេស រ៉ូម៉ានី បាននិយាយនៅថ្ងៃសៅរ៍នេះថាលោកនឹងបញ្ជាក់ប្រាប់អង្គការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ពីការបន្តធ្វើកំណែទម្រង់របស់លោកដែលបានព្រមព្រៀងគ្នាជាមួយអង្គការនោះ។