ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរ​ក្រហម​បញ្ចប់​កិច្ច​ស៊ើប​សួរ​លើ​លោក​​យឹម ទិត្យ​ក្នុង​សំណុំរឿង​០០៤


រូបឯកសារ៖ យឹម ទិត្យ ឬ ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ តា​ទិត្យ និង​ភរិយា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១១។ (វ៉ាន់ថាន់​ ពៅតារា/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam))
រូបឯកសារ៖ យឹម ទិត្យ ឬ ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ តា​ទិត្យ និង​ភរិយា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១១។ (វ៉ាន់ថាន់​ ពៅតារា/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam))

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ខ្មែរ​ក្រហម​ចុះថ្ងៃ​ទី​១៣​ ខែ​មិថុនា​នេះ​ បាន​ឲ្យដឹង​ថា​ តុលាការ​បាន​ធ្វើការ​ស៊ើបសួរ​លើ​លោក​យឹម ទិត្យ​អស់​រយៈ​ពេល​៨ឆ្នាំ​ ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ប្រព្រឹត្ត​ឡើង​រវាង​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥​​ដល់​ថ្ងៃ​ទី​៦​ ខែ​មករា​ ​ឆ្នាំ​១៩៧៩។

សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ឬ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​បញ្ចប់​កិច្ច​ស៊ើប​សួរ​លើ​លោក​យឹម ទិត្យ​ក្នុង​សំណុំ​រឿង​០០៤។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរ​ក្រហម​ចេញផ្សាយ​ជាសាធារណៈ​នាថ្ងៃ​អង្គារនេះ​ និង​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​របស់​សាលាក្តី។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ខ្មែរ​ក្រហម​ចុះថ្ងៃ​ទី​១៣​ ខែ​មិថុនា​នេះ​ បាន​ឲ្យដឹង​ថា​ តុលាការ​បាន​ធ្វើការ​ស៊ើបសួរ​លើ​លោក​យឹម ទិត្យ​អស់​រយៈ​ពេល​៨ឆ្នាំ​ ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ប្រព្រឹត្ត​ឡើង​រវាង​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥ដល់​ថ្ងៃ​ទី​៦​ ខែ​មករា​ ​ឆ្នាំ​១៩៧៩។​

​លោក​នេត្រ ភក្រ្តា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សហ​ចៅ​ក្រម​ស៊ើប​អង្កេត​បាន​ធ្វើ​ការ​ទៅ​តាម​នីតិវិធី​របស់​តុលាការ​ក្នុង​ការ​បិទ​កិច្ច​ស៊ើបសួរ​ ដែល​មាន​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​សង្ស័យ​ចូលរួម។ ​លោក​ថា​ គិត​ពីថ្ងៃ​ប្រកាស​នៃ​ការ​បិទកិច្ច​ស៊ើប​សួរ​នេះ​ ​ ភាគីពាក់ព័ន្ធ​មាន​ពេល​១៥​ថ្ងៃ​ដើម្បី​ប្តឹង​តវ៉ា​សុំឲ្យ​មាន​កិច្ច​ស៊ើប​សួរ​បន្ថែម។​

«យោង​តាម​វិធាន​ផ្ទៃ​ក្នុង​គឺ​គេ​ទុក​ពេល​វេលា​១៥​ថ្ងៃ​ដើម្បី​ឲ្យ​ភាគី​ពាក់​ព័ន្ធ​នានា​ហ្នឹង​ គឺ​គាត់​អាចដាក់​ប្តឹង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ស្នើ​សុំឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ ឬ​មួយ​ក៏យ៉ាង​ម៉េច​ អីចឹង​ទៅ​ណា៎»។​

អ្នក​នាំពាក្យ​ឲ្យសាលាក្តី​កូន​កាត់​មួយ​នេះលើក​ឡើង​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​គោរព​សិទ្ធិ​ជន​សង្ស័យ​ ព្រោះ​បាន​ខិត​ខំ​ពន្លឿន​កិច្ច​ស៊ើប​អង្កេត​ដើម្បី​ទុក​ពេល​គ្រប់​គ្រាន់ឲ្យជន​សង្ស័យ​មាន​សិទ្ធិ​ការពារ​ភាព​គ្មាន​ទោស​របស់​ខ្លួន។​

កាលពី​ខែធ្នូ​ ឆ្នាំ​២០១៥​ សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​បាន​សម្រេច​ដាក់​លោក​យឹម ទិត្យ​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​ឧក្រិដ្ឋ​កម្ម​មួយ​ចំនួន​ដែល​ត្រូវ​ចោទ​ថា ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។​

លោក​យឹម ទិត្យ​ ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ថ្នាក់​កណ្តាល ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ជាច្រើន​ រួម​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រោម​ ​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ដែល​រួម​ទាំង​ការ​ធ្វើ​ទុក្ខ​ម្នេញ​លើ​ខ្មែរ​ក្រោម​ និង​ជនជាតិ​វៀតណាម​ ហើយ​នឹង​អំពី​អមនុស្ស​ធម៌​ជាច្រើន​ទៀត​ដូច​ជា​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​ជាដើម។​

លោក ឡុង បញ្ញាវុធ​ ​ទីប្រឹក្សា​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា​ ​បាន​ស្តីបន្ទោស​ដល់​កង្វះ​ថវិកា​ក្នុង​សាលាក្តី​ខ្មែរក្រហម​ និង​កង្វះឆន្ទៈ​នយោបាយ​ដែល​បាន​ធ្វើ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​ខកខាន​មិន​បាន​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ឲ្យ​បាន​ឆាប់​នោះ។

«វាទៅ​ដល់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិប្រកាស​ថា ដោយសារ​តែ​កង្វះ​ថវិកា​ អីចឹង​សំណុំ​រឿង​ ០០៣​ និង​០០៤​ គាត់​នឹង​ប្រកាស​ចំហ​រហូត។ ​អានេះ​ វាជា​រឿង​មួយ​ដែល​ប៉ះពាល់​មែន​ទែន​ទៅ​លើ​ដំណើរ​ការ​យុត្តិធម៌​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ ជាពិសេស​គឺ​អ្វី​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​ប្រកាស​ហ្នឹង​ វា​មួយ​ផ្នែក​ដែល​ប្រកាស​ថា​ ដោយសារ​តែ​កង្វះ​ថវិកា​ ប៉ុន្តែ​បញ្ហា​ដែល​សំខាន់​គឺ​រឿង​ឆន្ទៈ​នយោបាយ​ច្រើន​ជាង»។​

លោក ឡុង បញ្ញាវុធ ​បន្ត​ថា​ យុត្តិធម៌​នឹង​មិន​អាច​មាន​សម្រាប់ជនរងគ្រោះ​ ដើមបណ្តឹង​រដ្ឋប្បវេណី​ ក៏​ដូច​ជា​ជនជាប់​ចោទ​ ប្រសិន​បើ​តុលាការ​រក្សា​ទុក​ឲ្យសំណុំ​រឿង​០០៣​ និង​០០៤​នៅ​ចំហបន្ត​ទៀត​ បន្ទាប់ពី​កិច្ច​ស៊ើប​អង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​មក​នោះ។​

«ម្យ៉ាង​ទៀត​សម្រាប់​ជន​ជាប់​ចោទ​ ក៏​អយុត្តិធម៌ដែរ​ ពី​ព្រោះអី​សំណុំ​រឿង​នៅ​បើក​ចំហ​រហូត​ ហើយ​ឈ្មោះ​គាត់​នៅតែ​ជា​ឈ្មោះជន​ជាប់​ចោទ​ ហើយ​បញ្ហា​ដែល​សំខាន់​ ​សាក្សី​ទាំង​ឡាយ​ ដែល​បាន​ចូល​រួម​នៅក្នុង​ហ្នឹង​ តើ​គេចាត់​វិធានការ​ការ​ពារ​ដូច​ម្តេច?​ ហើយ​ការ​ស៊ើប​អង្កេត​កន្លង​មក​រយៈ​ពេល​៧​ ឬ​៨​ឆ្នាំ​នេះ​ ទីបំផុត​វា​ទៅ​ជា​អាសារ​បង់។​ អា​នេះ​វា​ជា​រឿង​មួយ​គួរ​ឲ្យ​សោក​ស្តាយ​មែន​ទែន»។​

រី​ឯ​លោកឡាត់ គី​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ ​បាន​ប្រាប់ ​VOA​ ថា​ ​កាល​ដើម​ឡើយ​មាន​ប្រតិកម្ម​ខាង​នយោបាយ​ខ្លាំង​ក្លា​ចំពោះ​ការ​កសាង​សំណុំ​រឿង​០០៣​ ​និង​០០៤​ តែ​សម្ពាធ​នោះ​ចុះ​ថមថយ​មក​វិញ ដោយ​សារ​តុលាការ​បាន​ធ្វើ​ការ​ដោយ​ឈរ​លើ​វិជ្ជាជីវៈ​អព្យាក្រឹត្យរបស់​ខ្លួន។ លោក​មាន​ការភ្ញាក់​ផ្អើល​សម្រាប់​ការ​ប្រកាស​បិទ​កិច្ច​ស៊ើប​សួរ​ទាំង​តក់​ក្រហល់​បែបនេះ​ ក្រោយ​កិច្ច​ស៊ើប​អង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​អស់​ពេល​៨​ឆ្នាំ។​

យ៉ាងណា​ក៏​ដោយ​ ​លោក​ឡាត់ គីងឿង​ឆ្ងល់​ថា​ តើ​សហ​មេធាវី​នាំមុខ​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ អាចមាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ជូន​ដំណឹង​កូនក្តី​ចំពោះការ​បញ្ចប់​កិច្ច​ស៊ើប​សួរ​នេះ​ឬយ៉ាងណា។​ លោក​បាន​ឲ្យដឹង​ថា​ ជនរងគ្រោះ​ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​តែង​តែ​ចង់​ឃើញ​ជន​សង្ស័យ​ត្រូវបាន​នាំយក​មក​កាត់​ទោស។​ ក៏ប៉ុន្តែ​ ការ​កាត់​ទោស​ជន​សង្ស័យ​បាន​ឬ​យ៉ាង​ណានោះ​គឺ​អាស្រ័យ​លើ​ការ​យល់​ឃើញ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត។

«អ្នក​ណាមួយ​ក៏​ដឹង​ដែរ​អំពី​បញ្ហា​ជន​សង្ស័យ​ទាំងអស់​ ​សុទ្ធ​[ជា] ​អ្នក​ដែល​ទទួល​ខុសត្រូវ ​ប៉ុន្តែ​គ្រាន់​តែ​ថា​ នេះ​វា​ជា​វិជ្ជាជីវៈ​ឯករាជ្យ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត។ ​អីចឹងបើ​កាលណាសហចៅក្រម​ស៊ើប​អង្កេត​យល់​ឃើញ​បែប​ម៉េច​ អាហ្នឹង​វា​ជា​វិជ្ជាជីវៈ​ឯករាជ្យ​របស់​ពួកគាត់ អីចឹង​ហើយ​បាទ។​ ប៉ុន្តែ​គ្រាន់​ថា​ ជាការ​កត់​សម្គាល់​ ទឹក​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​គឺ​តែង​តែ​ចង់​ផ្តន្ទាទោស​ដើម្បីផ្តល់​យុត្តិធម៌​ជូន​ពួកគាត់។​ អានេះ​ជា​ទស្សនៈ​របស់​ជន​រងគ្រោះ​បាទ»។​

សំណុំរឿង​០០៤​នេះ​ មាន​ជន​សង្ស័យ​ពីរ​រូប​ផ្សេង​ទៀត​គឺ​ ​អ្នកស្រី​អ៊ឹម ចែម​ ​និង​លោកអោ អាន។ ​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​ ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​សាលាក្ដីខ្មែរ​ក្រហម​បាន​សម្រេច​ទម្លាក់​ការ​ចោទ ប្រកាន់​ប្រឆាំង​អ្នកស្រី​អ៊ឹម ចែម​ ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ថ្នាក់​ស្រុក​ម្នាក់​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។​ អ្នកស្រី​អ៊ឹម ចែម​ត្រូវ​បាន​ចាត់​ទុក​ថា​ ​មិនមែន​ជា​មេ​ដឹកនាំ​ជាន់​ខ្ពស់​ ​ឬក៏​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ។​

ចំណែកតាអាន​ ឬ​ ​អោ អាន​ ​សាលាក្តីខ្មែរ​ក្រហម​ក៏បាន​បញ្ចប់​កិច្ច​ស៊ើបសួរ​ផង​ដែរ។ ​ការ​ប្រកាស​បញ្ចប់​កិច្ច​ស៊ើបសួរ​លើ​លោកអោ អាននេះ​ធ្វើឡើង​ពីរ​លើក​ គឺ​នៅខែ​ធ្នូ ​ឆ្នាំ​២០១៦​ និង​ខែ​មីនា ​ឆ្នាំ​ ២០១៧​ ហើយ​ឥឡូវ​នេះ​កំពុង​រង់ចាំ​សេចក្តី​សម្រេច​នៅ​ចំពោះ​មុខ​អង្គបុរេ​ជំនុំ​ជម្រះ។​

ដោយ​ឡែក​សំណុំ​រឿង​០០៣​មាន​ជន​ជាប់ចោទ​ម្នាក់​គឺលោកមាស មុត​ ដែល​ជា​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរក្រហម។​

លោកនេត្រ​ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ ​បាន​ឲ្យដឹង​ថា​ ​សំណុំ​រឿង​០០៤​មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ប្រមាណ​២០០៧​នាក់​ ហើយ​មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជាង​៦៤០​នាក់​ផ្សេង​ទៀត​ ​ស្ថិត​ក្នុង​សំណុំ​រឿង​០០៣។​

អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរ​ក្រហម​ស្ទាក់​ស្ទើរ​ចិត្ត​ដើម្បី​កំណត់​ថា​ សាលាក្តី​ខ្មែរ​ក្រហម​អាច​ជា​សាលាក្តី​គំរូ​ដល់​សាលាក្តីជាតិ​ និង​សាលាក្តី​ផ្សេង​ទៀត​ ព្រោះ​ថា សាលា​ក្តី​នៅ​បន្ត​រង​សម្ពាធ​នយោបាយ​ក្នុង​កិច្ច​ស៊ើប​អង្កេត​របស់​ខ្លួន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG