ជនសង្ស័យដែលត្រូវតុលាការខ្មែរក្រហមបានចោទប្រកាន់ពីបទពាក់ព័ន្ធ នឹងឧក្រិដ្ឋកម្មនានាក្នុងរបបខ្មែរក្រហមគឺអ្នកស្រី អ៊ឹម ចែម បង្ហាញពីភាពធូរស្រាលក្នុងចិត្ត ក្រោយពេលសហចៅក្រមស៊ើបអង្កេតនៃតុលាការខ្មែរក្រហម រកមិនឃើញពីទោសកំហុសរបស់អ្នកស្រី ហើយបានសម្រេចទម្លាក់ចោលបទចោទទាំងស្រុងថ្មីៗនេះ។
«អញ្ចឹងពេលនេះខ្ញុំធូរស្រាលនៅពេលដែលតុលាការលែងហៅអីទម្លាក់ទោសតាមគេចោទខ្ញុំរួចមក ខ្ញុំមានចិត្តជ្រះថ្លា ហើយផ្តាំផ្ញើបងប្អូនទាំងអស់ ប្រជាពលរដ្ឋទាំងមូលថាខ្ញុំជាមនុស្សត្រឹមត្រូវល្អទេ មិនដូចការចោទប្រកាន់កុំឆ្ងល់តទៅទៀតហើយកុំថាខ្ញុំនេះមានរឿងដូចគេចោទ»។
តុលាការខ្មែរក្រហម បានចោទប្រកាន់អ្នកស្រី អ៊ឹម ចែម អាយុ៧៥ឆ្នាំ អតីត ចៅហ្វាយស្រុកព្រះនេត្រព្រះកាលពីជាង១២ឆ្នាំមុន ហើយក្រោយមក ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យជំនួសឲ្យការចាប់ខ្លួនដូចសំណុំ រឿងមុនៗ។
អ្នកស្រី បានក្លាយជាជនជាប់សង្ស័យចំពោះឧក្រិដ្ឋកម្មនានាក្នុងសំណុំរឿង០០៤ ដូចជនជាប់ចោទ២នាក់គឺ លោក អោ អាន និង លោក យឹម ទិត។
ឧក្រិដ្ឋកម្មទាំងនោះមានដូចជាមនុស្សឃាតដែលជាការរំលោភបំពានក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ ១៩៥៦ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបាន ប្រព្រឹត្តនៅមន្ទីរសន្តិសុខភ្នំទ្រយោង និងការដ្ឋានស្ពានស្រែង ដែលមានការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងអំពើអមនុស្សធម៌ ដែលមានមនុស្សជាច្រើនម៉ឺននាក់បានស្លាប់ក្នុងតំបន់អ្នកស្រីគ្រប់គ្រង។
ថ្លែងប្រាប់VOAបន្ថែមក្នុងគេហដ្ឋានរបស់អ្នកស្រីក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អ្នកស្រី បានបដិសេធដូចពេលមុនៗដែរថា អ្នកស្រីមិនបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដែលបានចោទប្រកាន់ទេ ហើយបន្តថា ពេលអ្នកស្រីទៅកាន់កាប់គឺអ្នកស្រុកអ្នកភូមិស្ងាត់អស់ហើយ។
តែអ្នកស្រីថា អ្នកស្រីក៏ឈប់គិតហើយអំពីរឿងនេះ ដោយសារតុលាការកាត់ទោស ខ្មែរក្រហមហៅថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលចូលរូមដោយអង្គការសហប្រជាជាតិ បានបញ្ចប់រឿងក្តីអ្នកស្រីកាលពីថ្ងៃទី ២២ខែ កុម្ភៈ ឆ្នាំ២០១៧ទៅហើយនោះ។
អ្នកស្រីបានទទូចថាតុលាការ គួរស៊ើបអង្កេតឲ្យបានច្បាស់ជាមុន មុនចាត់ការនីតិវិធីដើម្បីកុំឲ្យគេយល់ច្រឡំដូចសំណុំរឿងអ្នកស្រីទៀត។
«ព្រោះខ្ញុំពីមុនមកមានការគិតអំពីរឿងការចោទប្រកាន់នេះ តែឥឡូវនេះ ខ្ញុំមានគិតផ្សេងទៀតទី១ ខ្ញុំជាប់ខាងការចោទប្រកាន់ដោយសារតុលាការ គាត់រកយុត្តិធម៌ ហើយក៏ទម្លាក់ការចោទប្រកាន់ខ្ញុំចេញ ពីព្រោះនេះហើយដែលមិនពិត។ អញ្ចឹងរកការពិតវាអត់ឃើញត្រូវទម្លាក់ចេញ។ អញ្ចឹងពេល ក្រោយទៀតជាសំណូមពរនឹងផ្តាំផ្ញើររបស់ខ្ញុំថាតុលាការគឺត្រូវរកជាក់ស្តែងនិងការពិតដូចដែលទម្លាក់រឿងខ្ញុំនេះឲ្យច្បាស់។អញ្ចឹង ទោះបីជាគេចោទយ៉ាងណាក៏ដោយ បើអត់ពិតត្រូវតែទម្លាក់ចេញ។ អញ្ចឹងកុំចេះតែយក ដោយមិនពិត»។
កូនស្រីរបស់អ្នកស្រី អ៊ឹម ចែម គឺអ្នកស្រី កាំង រិន អាយុ៥២ឆ្នាំ បង្ហាញពីភាពរីករាយដែរ នៅពេលដែលបានទទួលព័ត៌មានពីមេធាវីការពាររឿងក្តីរបស់អ្នកស្រី អ៊ឹម ចែមថា ករណីរបស់អ្នកម្តាយអ្នកស្រី ត្រួវតុលាការបញ្ចប់ ដោយទម្លាក់បទចោទនោះ។
«គាត់ទូរស័ព្ទមកប្រាប់ថា គេចោទប្រកាន់ម៉ែហ្នឹង បានធូរស្រាលហើយ»។
អតីតយោធាខ្មែរក្រហមមួយរូបក្នុងវ័យ៦០ឆ្នាំដែលពិការជើងឆ្វេងដោយសារគ្រាប់មីនក្នុងសមរភូមិសង្គ្រាម ហើយរស់នៅក្នុងតំបន់ខ្មែរក្រហមផ្តាច់ ខ្លួននៅភាគពាយព្យគឺលោក ព្រាប យឿម បានថ្លែងគាំទ្រការបញ្ចប់ការ កាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបន្ថែមដូចជាអ្នកស្រី អ៊ឹម ចែម ដោយ សំអាងថា ជនសង្ស័យក្នុងសំណុំរឿងបន្ថែមមិនមែនជាមេដឹកនាំជាន់ខ្ពស់។
«បើកាត់តទៅទៀត បើវាចំណេញចេះតែកាត់ទៅ។ បើកាត់ទៅវាប៉ះពាល់គួរ ឲ្យយើងឈប់ទៅ ក៏វាល្អប្រសើរដែរ ព្រោះខ្មែរយើងទាំងអស់គ្នារស់នៅ ដើម្បីសុខសាន្តទាំងអស់គ្នា។ មកដល់ថ្ងៃនេះ អភិវឌ្ឍប្រទេសប៉ុណ្ណេះ ហើយ យើងចេះតែនាំគ្នាកាត់ទៀតទៅ ក៏វាមិនរីកចំរើនប៉ុន្មានដែរតាមខ្ញុំយល់»។
ទោះជាមានការទម្លាក់ចោលការចោទប្រកាន់ពីសហចៅក្រមស៊ើបអង្កេតចំពោះអ្នកស្រីអ៊ឹម ចែម ក៏ពិតមែន តែដំណើរការនីតិវិធី នៅបន្តទៅមុខទៀត ប្រសិន បើមានការជំទាស់នឹងដីកាទម្លាក់បទចោទរបស់សហចៅក្រមស៊ើបអង្កេត ជាតិនិងអន្តរជាតិនេះ។
អ្នកស្រី អ៊ឹម ចែម បានអះអាងថា អ្នកស្រីពេលនេះគិតតែពីការកសាងបុណ្យកុសល តាមផ្លូវព្រះពុទ្ធសាសនា ដោយការចូលបច្ច័យកសាងវត្តអារាម សាលារៀន បន្ទប់ទឹក របងវត្តនិងគំនូរ ហើយក្រៅពីនេះ អ្នកស្រី បានបន្តថា អ្នកស្រីគិតតែពីខិតខំធ្វើការងារ ប្រកបមុខរបរចញ្ចឹមជីវិតជាមួយនឹងការដាំដុះ និងធ្វើចំការនៅក្រោយផ្ទះ។
តែអ្នកស្រី បដិសេធការចោទប្រកាន់ថាការកសាងផលបុណ្យនេះ មិនមែនជាការលាងបាបពីការប្រព្រឹត្តក្នុងរបបខ្មែរក្រហមដែលអ្នកស្រីបានអះអាងថាគ្មានជាប់ពាក់ព័ន្ធនោះទេ។
អ្នកស្រី អ៊ឹម ចែម បានបន្ថែមថា នឹងមានការភ័យខ្លាចនិងភ្ញាក់ផ្អើលពីអតីតកម្មាភិបាលខ្មែរក្រហមផ្សេងទៀត បើតុលាការ ចេះតែដើរចោទប្រកាន់បន្ថែមលើអតីតកមា្មភិបាលខ្មែរក្រហមនោះ។
សំណុំរឿង ០០៤ នៅមានជនជាប់សង្ស័យពីរនាក់ផ្សេងទៀតគឺលោក អោ អាន ហៅតា អាន លោក យឹម ទិត ហៅតាទិត ហើយសំណុំរឿង០០៣ មានជនសង្ស័យមួយរូបទៀតគឺ លោក មាស មុត ដែលតុលាការ កំពុងបន្តចាត់ការតាមនីតិវិធី ដំណាលគ្នាដែលតុលាការ កំពុងកាត់ទោសបន្តសំណុំរឿង០០២ វគ្គ២ជាវគ្គបញ្ចប់។
មេដឹកនាំជាន់ខ្ពស់ពីរនាក់គឺ ខៀវ សំផន អតីតប្រមុខរដ្ឋ និង នួន ជា អតីតបងធំទី២ នៃរបបខ្មែរក្រហម ត្រូវតុលាការបន្តកាត់ទោសពីបទទាក់ទងនឹងការកាប់សម្លាប់និងស្លាប់ពលរដ្ឋខ្មែរជាង១លាន៧ សែន នាក់ក្នុងទសវត្សរ៍ ១៩៧០៕