ជនសង្ស័យក្នុងសំណុំរឿងបន្ថែម០០៣ និង ០០៤ និងអតីតទាហានខ្មែរក្រហមបានទទូចថា តុលាការខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ គួរទម្លាក់បទចោទ ដូចជា សំណុំរឿងអ្នកស្រី អ៊ឹម ចែម ដែរ ដោយយោងថា ពួកគេមិនមែនជាមេដឹកនាំជាន់ខ្ពស់ឬជាអ្នកទទួលខុសត្រូវខ្ពស់បំផុត។
ក្នុងកិច្ចសម្ភាសន៍ជាមួយ VOA នៅផ្ទះរបស់លោកកាលពីដើមសប្តាហ៍នេះ លោក អោ អាន អាយុ៧៩ឆ្នាំ បានអំពាវនាវឲ្យមានការទម្លាក់បទចោទប្រឆាំងនឹងលោក៖
«សូមឲ្យអស់លោកហ្នឹងពិចារណាឲ្យបានច្បាស់ ហើយដាមសំណូមពរ របស់ខ្ញុំ សូមឲ្យបញ្ចប់រឿងរ៉ាវទៅ ដូចជាយាយចែមអញ្ចឹងដែរ»។
លោក អោ អាន អំពាវនាវដូច្នេះដោយសារលោកមិនមែនជាអ្នកទទួលខុសត្រូវខ្ពស់បំផុត និងអ្នកដឹកនាំជាន់ខ្ពស់ ដែលលោកថា គួរត្រូវបានទម្លាក់បទចោទដូចជាអ្នកស្រី អ៊ឹម ចែម អតីតចៅហ្វាយស្រុកព្រះនេត្រព្រះ ដែរដែលត្រូវសហចៅក្រមស៊ើបអង្កេតទម្លាក់បទចោទកាលពីដើមឆ្នាំ។
លោក អោ អាន ជាជនសង្ស័យក្នុងសំណុំរឿង ០០៤ ដូចលោក យឹម ទិត និងអ្នកស្រី អ៊ឹម ចែម ត្រូវតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ មនុស្សឃាត ធ្វើឲ្យមានទាសភាព ការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយនិងឧក្រិដ្ឋកម្មផ្សេងទៀត ដែលមានមនុស្សជាច្រើនម៉ឺននាក់បានស្លាប់បាត់បង់ជីវិត។
ប៉ុន្តែជនសង្ស័យទាំង៤រូបក្នុងសំណុំរឿង បន្ថែមនៅតែស្ថិតក្រោមការអនុវត្តនីតិវិធីតុលាការដដែលទោះជា ចៅក្រមស៊ើបអង្កេតទម្លាក់បទចោទប្រឆាំងនឹងអ្នកស្រី អ៊ឹម ចែម ជាអតីតចៅហ្វាយស្រុកព្រះនេត្រព្រះក្តី។ ប៉ុន្តែលោក អោ អាន ដែលជាអនុប្រធានតំបន់មជ្ឈិមបានបដិសេធថា លោកមិនបានដឹងរឿងឃាតកម្មដូចការ ចោទប្រកាន់របស់តុលាការទេ។
«ខ្ញុំមិនមែនជាអ្នកដឹកនាំជាន់ខ្ពស់ ជាអ្នករងគ្រោះដូចតែគេអញ្ចឹង»។
ថ្លែងប្រាប់ VOA យ៉ាងខ្លីនៅផ្ទះរបស់លោកក្នុងស្រុកសំឡូត លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹក ហើយជាជនសង្ស័យក្នុងសំណុំ រឿង០០៣ បានអះអាងថា សំណុំរឿងលោកគឺស្រេចតែលើតុលាការធ្វើ តាមនីតិវិធី។
លោក មាស មុត បញ្ជាក់ថា៖
«រឿងសាលាក្តីគិតយ៉ាងម៉េចទៅអញ្ចឹង? អត់អីទេទុកឲ្យតុលាការគេដំណើរការចុះ»។
លោកមិនផ្តល់ការអត្ថាធិប្បាយច្រើនទេ ទោះជាអ្នកស្រី អ៊ឹម ចែម ត្រូវ បានសហចៅក្រមទម្លាក់បទចោទប្រកាន់ក្តី។ ប៉ុន្តែលោកបានបង្ហាញពីភាពក្លាហានរបស់លោកដោយបានបង្ហាញប្រាប់ VOA ឲ្យដឹងពីការរៀបចំក្តារម្ឈូសនិងគ្រឿងសក្ការៈតាមទំនៀមទម្លាប់ខ្មែរសម្រាប់ការចែកឋាន(មរណភាព)របស់លោកនៅថ្ងៃអនាគតទៅវិញ។
«ឥឡូវរឿងដែលខ្វល់ធំជាងគេព្រះវិហារ(ពុទ្ធសាសនា)វាអត់ទាន់ហើយ។ បើថាព្រះវិហារហើយ ងាប់ធូរហើយ (ញញឹម)»។
លោក មាស មុត អាយុ៧៩ឆ្នាំជាជនសង្ស័យក្នុងសំណុំរឿង ០០៣ ដែល សហព្រះរាជអាជ្ញាបានចោទប្រកាន់ពីបទឧក្រិដ្ឋនានាក្នុងសម័យខ្មែរក្រហម តែលោកបដិសេធថាគ្មានការពាក់ព័ន្ធនោះទេ។
សំណុំរឿង ០០៣ និង ០០៤ ត្រូវគេចាត់ទុកថា ជាសំណុំរឿងចម្រូងចម្រាស ហើយមានការជ្រៀតជ្រែកផ្នែកនយោបាយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ជាច្រើនលើកជាសាធារណៈពីការជំទាស់មិន ឲ្យមានការកាត់ទោសបន្តដល់សំណុំរឿងបន្ថែម០០៣និង០០៤នេះ ដោយឈរលើសន្តិភាពនិងការបង្រួមបង្រួមជាតិ ហើយគំរាមទៀតថា លោកសុខចិត្តឲ្យតុលាការរលាយជាជាងកាត់ទោសបន្ថែម។ ការណ៍នេះ ផ្ទុយពីការចង់បានរបស់អន្តរជាតិដែលថាយុត្តិធម៌ ត្រូវតែកើតមាន ហើយ វប្បធម៌គ្មានទោសពៃរ៍មិនអាចបន្តកើតមានទេ។
ក៏ប៉ុន្តែចំពោះពលរដ្ឋខ្មែរដែលជាអតីតទាហ៊ានខ្មែរក្រហមមួយចំនួនដែល រស់នៅក្នុងភូមិភាគពាយ័ព្យដែលជាអតីតតំបន់ខ្មែរក្រហមបានអះអាងថាការបញ្ចប់ការកាត់ទោសសំណុំរឿងខ្មែរក្រហមត្រឹម ០០២ ជាការល្អដោយ សារថាការកាត់ទោសយ៉ាងណាក៏មិនឃើញមានអ្វីរីកចម្រើនដល់ប្រទេសដែរ។
អតីតយោធាខ្មែរក្រហមមួយរូបក្នុងវ័យ៦០ឆ្នាំដែលពិការជើងឆ្វេងដោយសារគ្រាប់មីនក្នុងសមរភូមិគឺលោក ព្រាប យឿម បានថ្លែងថា តាមយោបល់របស់លោកគេគួរបញ្ចប់ការកាត់ទោសត្រឹមសំណុំរឿង០០២ ព្រោះជន សង្ស័យក្នុងសំណុំរឿង ០០៣ និង ០០៤ មានវ័យចំណាស់ៗអស់ហើយ។
អតីតទាហានខ្មែរក្រហមរូបនេះពន្យល់ប្រាប់ VOA ថា៖
«បើកាត់តែមេៗក៏ចប់សព្វគ្រប់ដែរព្រោះសំខាន់មេហ្នឹងហើយ ព្រោះកាល ហ្នឹងការដឹកនាំមិនមានប្រជាធិបតេយ្យឯណា គឺកុំម្មុយនីស។ ដូច្នេះការជ្រុលការជ្រួស ការលើសការលួសក៏វាមាន។ ខាងក្រៅលូកដៃមកមិនមែន គាត់ធ្វើតែឯងកើតទេ នេះខ្ញុំយល់ទេណាស់»។
អតីតខ្មែរក្រហមម្នាក់ទៀតគឺលោក ម៉ែន ជឹម អាយុ៧២ឆ្នាំ បានថ្លែងថា ការបញ្ចប់ការកាត់ទោសត្រឹមសំណុំរឿង០០២ ជារឿងដែលលោកចង់ឃើញព្រោះជនសង្ស័យដទៃទៀតមិនមែនជាមេដឹកនាំដែរ។
លោក ម៉ែន ជឹម ថ្លែងថា៖
«ការកាត់ទោសតែមេវាអត់បញ្ហាទេ បើចេះតែកាត់បន្តទៅទៀតក្រែងលោ វាឆ្លងគ្នា។ ដល់វាឆ្លងក្រែងលោអស់មួយជំនាន់ វាចូលមួយជំនាន់ទៅ រឿងហ្នឹងជាបញ្ហា»។
លោក សែម សារិន អាយុ៥១ឆ្នាំ ជាជាងម៉ៅការសំណង់ក្នុងតំបន់ផ្តាច់ខ្លួន បានយល់ស្រដៀងគ្នាដែរថា ជារឿងល្អសម្រាប់សន្តិភាពនិងការអភិវឌ្ឍ បើអាចបញ្ចប់ត្រឹមសំណុំរឿង០០២។
«ការកាប់សម្លាប់ហ្នឹង វាមិនត្រឹមត្រូវទេ។ តែការកាត់ទោសហ្នឹងជារឿងត្រឹមត្រូវហើយ។ ប៉ុន្តែគ្រាន់តែថា ឥឡូវនេះ អ្នកដែលពាក់ព័ន្ធហ្នឹងគាត់ស្លាប់ចង់អស់ហើយហ្នឹង នៅសល់តែតិចតួចហ្នឹង ឲ្យគាត់រស់ទៅ។ មិន យូរប៉ុន្មានទេអាយុ៧០និង៨០ឆ្នាំស្លាប់បាត់អស់ដដែលហ្នឹង»។
លោក ឡុង បញ្ញាវុឌ្ឍ មន្ត្រីកម្មវិធីនៃគម្រោងយុត្តិធម៌នៅកម្ពុជាបានចោទ សួរថា តើអ.ស.ប.និងរដ្ឋាភិបាលកម្ពុជាដល់ពេលត្រូវចរចាគ្នាតាមបែបនយោបាយដោយតម្លាភាពដើម្បីបញ្ចប់សំណុំរឿង០០៣ និង០០៤នេះ ឬក៏ទុកឲ្យមានការខ្វែងគំនិតគ្នាដែលលោកថា ពិបាករកច្រកចេញ?
អ្នកឃ្លាំមើលដំណើរការសាលាក្តីខ្មែរក្រហមរូបនេះបញ្ជាក់ប្រាប់ VOA ថា៖
«អញ្ចឹងបើអត់មានការចរចាទេ យើងទុកឲ្យចៅក្រមជាតិនិងអន្តរជាតិដោះស្រាយរឿងនេះដោយខ្លួនឯងនោះ ខ្ញុំជឿថាស្ថានភាពសំណុំរឿង០០៣ និង០០៤ វាហាក់ដូចជាស្ថិតនៅក្នុងស្ថានភាពមួយដូចយើងអាំងដំរីអញ្ចឹង គឺយើងអត់ដឹងចប់ដោយមធ្យោបាយណា ហើយអាំងហ្នឹង អាំងឆ្អិនដែរ ឬអត់។ នេះហើយដែលជាកង្វល់មួយរបស់ជនរងគ្រោះនិងអ្នកតាមដានសាលាក្តីទូទៅដែរ»។
លោកបានបន្ថែមថា តុលាការនេះហាក់ដូចជាពិបាកធ្វើឲ្យមានការទទួល បានមកវិញនូវការជឿជាក់ដែលថា ជាតុលាការគំរូ ស្តង់ដាអន្តរជាតិដែលមានការស៊ើបអង្កេតឯករាជ្យ និងចោទប្រកាន់ដោយឯករាជ្យ។
លោកបានលើកឡើងពីសេនារីយោ(ស្ថានភាពដែលអាចកើតឡើង) ខ្លះក្នុងពេលដែលកម្ពុជា គ្មានឆន្ទៈនយោបាយក្នុងការបន្តសំណុំរឿង០០៣និង០០៤។ សេនារិយោទាំងនោះមានដូចជា៖ ការធ្វើដីកាដំណោះស្រាយ ហើយផ្ទេរឲ្យតុលាការជាតិកាត់បន្ត ការជំនុំជម្រះដោយតុលាការជាតិតែភាគីអន្តរជាតិធ្វើជាទីប្រឹក្សា ការបង្កើតអង្គជំនុំជម្រះតូចមួយសម្រាប់កាត់ទោសសំណុំរឿង០០៣ និង០០៤ ហើយនិងការពិចារណា លើការធ្វើដីកាដំណោះស្រាយរួចហើយដាក់តម្កល់នៅកន្លែងណាមួយទុកឲ្យមានការស្រាវជ្រាវ។
«តែចំពោះខ្ញុំ សេនារីយោទាំងអស់ហ្នឹងវាសុទ្ធតែមានចំណុចវិជ្ជមាននិងអវិជ្ជមានដូចគ្នា»។
លោកបានបន្ថែមថា មានការទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងអ្នកស្រី អ៊ឹម ចែម ហាក់ដូចជាមានភាពរលូនរវាងសហចៅក្រមជាតិនិងអន្តរជាតិ។ ប៉ុន្តែលោកបានសួរថា ចុះតើក្នុងដំណាក់កាលចោទប្រកាន់វិញ តើនឹងមានភាព រលូនដែរឬយ៉ាងណា?
ដោយឡែកអ្នកស្រី អ៊ឹម ចែម អាយុ៧៥ឆ្នាំបានទទួចថា តុលាការគួរ ពិចារណាឲ្យបានច្បាស់មុនការចោទប្រកាន់ដល់ជនសង្ស័យដទៃទៀត ហើយទទូចឲ្យមានការទម្លាក់បទចោទដូចជាសំណុំរឿងអ្នកស្រីដែរ ប្រសិនជាការចោទប្រកាន់ខុស។
អតីតកម្មាភិបាលខ្មែរក្រហមរូបនេះដែលរួចផុតពីការចោទប្រកាន់ថ្លែងប្រាប់ VOA ថា៖
«បើតុលាការដែលសម្រាប់កាត់ទោសចេះតែជឿ រឿងហ្នឹងខុសហើយ»។
សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសសំណុំរឿង០០២វគ្គ២ជាវគ្គបញ្ចប់។ មេដឹកនាំជាន់ខ្ពស់ពីរនាក់គឺលោក ខៀវ សំផន ប្រមុខរដ្ឋនិងលោក នួន ជា បងធំទី២នៃរបបខ្មែរក្រហមត្រូវតុលាការបន្តកាត់ទោសពីបទទាក់ទងនឹង ការកាប់សម្លាប់ពលរដ្ឋខ្មែរជាង១.៧លាននាក់ក្នុងទសវត្សរ៍១៩៧០។ សាលាក្តីនេះទំនងជាបញ្ចប់សំណុំរឿង០០២ វគ្គបញ្ចប់នៅក្នុងឆ្នាំ២០១៨ ខាងមុខ មុនពេលដំណើរការសំណុំរឿងបន្ថែម ដែលមានការទាមទារឲ្យ បញ្ចប់ពីជនសង្ស័យនិងអតីតទាហានខ្មែរក្រហមមួយចំនួននោះ៕