លោកស្រី Susan Collins និងលោក Joe Manchin សមាជិកព្រឹទ្ធសភាដ៏សំខាន់ចំនួន ២រូបនិយាយថា ពួកគេនឹងបោះឆ្នោតដើម្បីតែងតាំងលោកចៅក្រមBrett Kavanaugh នៅតុលាការកំពូល។
ក្នុងសុន្ទរកថាមួយទៅកាន់ព្រឹទ្ធសភា លោកស្រី Collins សមាជិកព្រឹទ្ធសភាខាងគណ បក្សសាធារណរដ្ឋ បានលើកឡើងពីការខ្វះភស្តុតាងចំពោះការអះអាងប្រឆាំងនឹងលោក Kavanaugh ហើយលោកស្រីបាននិយាយទៀតថា ការសម្រេចរបស់លោកស្រីមិនត្រូវគេយល់ថា ជាការបដិសេធពីសារៈសំខាន់នៃការអះអាងការយាយីខាងផ្លូវភេទនោះទេ។
លោកស្រីសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបានមានប្រសាសន៍ថា «បុរសនិងស្រ្តីគ្រប់រូបដែលធ្វើការចោទប្រកាន់ពីការយាយីខាងផ្លូវភេទសាកសម្យត្រូវបានគេស្តាប់និងយកចិត្តទុកដាក់ដោយការគោរព»។
លោក Manchin សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យបាននិយាយនៅក្នុងសារតាមប្រព័ន្ធ Twitter ប៉ុន្មាននាទីក្រោយមកថា លោកនឹងបោះឆ្នោតគាំទ្រការ តែងតាំងនេះដោយផ្អែកលើព័ត៌មានដែលលោកមានគ្រប់គ្រាន់ រួមទាំងរបាយការណ៍ដែលការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានបញ្ចប់ការស៊ើបអង្កេតកាលពីពេលថ្មីៗនេះ។
សមាគមមេធាវីអាមេរិកាំងបានចេញសេចក្តីថ្លែងការណ៍មួយតាមសារអ៊ីម៉ែលកាលពីរសៀលថ្ងៃសុក្រដើម្បីឆ្លើយតបទៅនឹងសមាជិកព្រឹទ្ធសភា Charles Grassley ដែលជាប្រធានគណៈកម្មាធិការតុលាការព្រឹទ្ធសភានិងលោកស្រី Dianne Feinstein សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ។
លិខិតនោះបាននិយាយថា ព័ត៌មានថ្មីបានបណ្តាលឲ្យបើកការវាយតម្លៃឡើងវិញរបស់សមាគមមេធាវីអាមេរិកាំងអំពីលោក Kavanaughដែលត្រូវធ្វើឡើងដោយគណៈ កម្មាធិការអចិន្ត្រៃយ៍របស់សមាគមមេធាវីអាមេរិកាំងដោយផ្អែកលើតុលាការសហ ព័ន្ធ៕