ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានទាក់ទងស្រ្តីទី២ដែលបានចោទប្រកាន់លោក Brett Kavanaugh ពីការបៀតបៀនខាងផ្លូវភេទដែលជាផ្នែកមួយនៃការស៊ើបអង្កេតថ្មីនៅក្នុងការតែងតាំងបេក្ខជនតុលាការកំពូលសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Washington Post កាលពីថ្ងៃសៅរ៍ដែលបានដកស្រង់សម្តីមនុស្សដែលបានដឹងអំពីបញ្ហានេះមកចុះផ្សាយ។
គេមិនទាន់ដឹងច្បាស់នៅឡើយថា តើការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានសម្ភាសន៍លោកស្រី Deborah Ramirez ដែលបានចោទប្រកាន់នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញាដោយទស្សនាវដ្តី The New Yorker ថា លោកស្រីបាននឹកឃើញថា លោក Kavanaugh បានបញ្ចេញប្រដាប់ភេទរបស់ខ្លួននៅកន្លែងស៊ីផឹកស្រវឹងក្នុងអន្តេវេសិកដ្ឋាន ហើយលោកស្រីបានរុញលោក Kavanaugh ឲ្យចេញទៅឆ្ងាយ។ លោកស្រី Ramirez បាននិយាយទៀតថា ការចាប់រំលោភនេះបានកើតមានឡើងនៅឆ្នាំសិក្សា១៩៨៣ និងនិង១៩៨៤ នៅឯសាកលវិទ្យាល័យ Yale ដែលនៅទីនោះអ្នកទាំង២ជានិស្សិត។
កាសែត Washington Post បានរាយការណ៍ថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ក៏បានស៊ើបអង្កេតការចោទប្រកាន់ដោយលោកស្រី Christine Blasey Ford ជាស្រ្តីទី១ដែលបានចោទប្រកាន់លោកពីការបៀតបៀនផ្លូវភេទនៅពេលដែលពួកគេជាក្មេងជំទង់នៅឆ្នាំ១៩៨២។ អ្នកទាំង២បានប្រាប់រឿងរ៉ាវរបស់ខ្លួនទៅកាន់គណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភាដាច់ដោយឡែកពីគ្នាកាលពីថ្ងៃព្រហស្បត៍ នៅក្នុងសវនាការដែលមានរយៈពេលមួយសប្តាហ៍។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឲ្យមានការស៊ើបអង្កេតកាលពីថ្ងៃសុក្រទៅតាមសំណើររបស់គណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភា៕